សកម្មជនគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យអះអាងថា អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនេះបង្កើនយុទ្ធនាការគំរាមកំហែងដល់សកម្មជននៅតាមមូលដ្ឋានឱ្យចូលសារភាពឈប់គាំទ្រប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកា។ សកម្មជនខ្លះសុខចិត្តរត់ភៀសខ្លួនទៅរកទីសុវត្ថិភាព ដោយមិនព្រមសារភាពតាមការបង្ខិតបង្ខំរបស់អាជ្ញាធរឡើយ។
សកម្មជនគណបក្សប្រឆាំងខេត្តបន្ទាយមានជ័យលើកឡើងស្រដៀងគ្នាថា ប្រមាណ ១សប្ដាហ៍មកនេះ អាជ្ញាធរ និងប៉ូលិសស្ទើរគ្រប់ស្រុកផ្ដើមបន្ថែមល្បឿនដើរគំរាមកំហែងដល់សកម្មជនកាន់តែខ្លាំងក្លា ជាពិសេស នៅតំបន់ព្រំដែនជាប់ប្រទេសថៃ។
សមាជិកក្រុមប្រឹក្សាស្រុកអូរជ្រៅជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យលោក សៅ ពលក្ខ័ណ៍ ដែលកំពុងភៀសខ្លួននៅប្រទេសថៃប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៤ តុលាថា អាជ្ញាធរស្រុកបានសហការជាមួយប៉ូលិសដើរបង្ខិតបង្ខំដល់សកម្មជនគណបក្សសង្គ្រោះជាតិនៅឃុំកូប ឃុំ អូរបីជាន់ និងឃុំសឹងសង្ហា ឱ្យចូលសារភាពឈប់គាំទ្រលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សនេះធ្វើមាតុភូមិនិវត្តន៍នៅពេលខាងមុខ។ លោកបន្តថា សកម្មជនមួយចំនួនបានរត់ភៀសខ្លួនរកទីសុវត្ថិភាព ដោយពួកគេមិនធ្វើតាមការបង្ខិតបង្ខំរបស់អាជ្ញាធរឡើយ។ លោកបញ្ជាក់ថា អាជ្ញាធរបានគំរាមដល់សកម្មជននៅក្នុងស្រុកដែលមិនព្រមចូលសារភាពនឹងត្រូវចាប់ដាក់គុក៖ «ដូចជាសាហាវហួសហេតុដែលខ្ញុំធ្លាប់តែឮឪពុកម្ដាយខ្ញុំនិយាយប្រាប់ សម័យខ្មែរក្រហមត្រូវបានគេហៅទៅកសាងដោយគ្រាន់តែគាត់ដកដំឡូងនិងបេះពោតដែលគាត់ខំដាំយកទៅហូបគឺត្រូវបានគេចងនឹងខ្សែច្រវាចេកបណ្ដើរយកទៅសម្លាប់ចោល។នយោបាយសព្វថ្ងៃដូចគ្នាគឺគេប្រើគ្រប់រូបភាពទៅគំរាមកំហែងទាំងពួកគាត់ឈប់ធ្វើសកម្មភាពនយោបាយហើយក៏ដោយ»។
រីឯក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យលោក ជាតិ ខេមរា ថ្លែងថា អាជ្ញាធរខេត្តបន្ទាយមានជ័យមិនត្រឹមតែគំរាមកំហែងដល់សកម្មជនប៉ុណ្ណោះទេ គឺថែមទាំងដាក់ឧបករណ៍បំពងសំឡេងតាមភូមិប្រកាសឱ្យពលរដ្ឋមិនឱ្យទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកឡើយ ដោយបានគំរាមពលរដ្ឋថា ប្រសិនបើអ្នកណាហ៊ានទៅចូលរួមអមដំណើរក្រុមបក្សប្រឆាំងនឹងត្រូវប៉ូលិសចាប់ដាក់គុក។ លោកហៅសកម្មភាពរបស់ប៉ូលិស និងអាជ្ញាធរនេះថា ជាការបំភិតបំភ័យប្រជាពលរដ្ឋដោយសារព្រួយបារម្ភខ្លាចកម្លាំងមហាជនទៅទទួលលោក សម រង្ស៊ី ធ្វើឱ្យរង្គោះរង្គើដល់ការដឹកនាំរបបលោក ហ៊ុន សែន៖ «គេចុះទៅមានឈ្លបភូមិ ឈ្លបឃុំ រួមទាហាន និងប៉ូលិសផងហ្នឹងគឺគេទៅជាក្រុមរបស់គេទេម្ដង។ហ្នឹងជាការភ័យខ្លាចដោយហួសហេតុជ្រុលរបស់អាជ្ញាធរហ្នឹងវាមិនខុសពីសម័យប៉ុល ពតទេ។អីចឹងរបបផ្ដាច់ការវាជិតដល់ថ្ងៃដែលត្រូវបញ្ចប់ហើយ ដូច្នេះសកម្មជនមិនព្រួយបារម្ភទេ គឺពួកយើងនឹងទៅអមដំណើរថ្នាក់ដឹកនាំគណបក្សខ្ញុំដដែល » ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៤ តុលា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
រីឯអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងអភិបាលស្រុកអូរជ្រៅ លោក លី សុវណ្ណារិទ្ធ ក៏អាស៊ីសេរីមិនទាន់សុំអត្ថាធិប្បាយអំពីបញ្ហានេះបានដែរ ដោយអ្នកទាំង២ ប្រាប់ថា ជាប់រវល់ប្រជុំ៖ «អូ!ខ្ញុំជាប់ប្រជុំខ្ញុំអត់មានពេលនិយាយជាមួយទេបាទ !» ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសជាម្ដងហើយម្ដងទៀតថា ក្រុមបក្សប្រឆាំងទាំងឡាយដែលទៅចូលអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុក គឺជនក្បត់ជាតិ ហើយសមត្ថកិច្ចនឹងចាប់ពួកគេដាក់គុក។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា កត់សំគាល់ថា ស្ថានការណ៍នយោបាយនៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ទៅ ហើយប៉ះពាល់យ៉ាងខ្លាំងដល់ការសម្ដែងមតិរបស់ពលរដ្ឋ ដោយសារភ័យខ្លាចអាជ្ញាធរចាប់ដាក់គុក។ លោកបន្តថា ការធ្វើទុក្ខបុកម្នេញមកលើអ្នកគាំទ្របក្សប្រឆាំងនេះ ពុំមែនជាដំណោះស្រាយនយោបាយទេ ផ្ទុយទៅវិញ គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋដែលអ្នកគាំទ្រគណបក្សប្រឆាំងជិតកន្លះនគរកាន់តែក្ដៅក្រហាយ ហើយស្អប់ខ្ពើមរដ្ឋាភិបាលទៅវិញទេ៖ «អីចឹងហើយបានយើងឃើញមានការព្រួយបារម្ភណាស់ពីបញ្ហាស្ថានភាពនយោបាយនៅកម្ពុជាកាន់តែមានភាពតានតឹងទៅ ហើយយើងគិតថាអាចនឹងមានការរឹតត្បិតបន្ថែមទៀត។យើងដឹងហើយការធ្វើបែបនេះធ្វើឱ្យសហគមន៍អន្តរជាតិក៏មានការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សកាន់តែរួញតូច » ។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ នៅតែទទូចដល់មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងឱ្យប្រញាប់រកផ្លូវចរចាត្រូវរ៉ូវគ្នាស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនៅព្រំដែនកម្ពុជាថៃ ក្នុងខេត្តបន្ទាយមានជ័យ ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះនឹងសំឡេង ដើម្បីការពារសុវត្ថិភាព ឱ្យដឹងថា ប្រមាណ ៣ថ្ងៃកន្លងមកនេះ របបក្រុងភ្នំពេញបានដាក់ពង្រាយប៉ូលិស និងទាហានជាច្រើននាក់នៅតាមព្រំដែន ជាពិសេសតាមព្រៃដែលជាតំបន់ពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ដើម្បីទប់ស្កាត់ពលករដែលត្រឡប់ទៅកម្ពុជាវិញ។
សកម្មជនបក្សប្រឆាំង ដែលភៀសនៅថៃ នៅតែមានជំនឿថា ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ជាពិសេស អ្នកនៅតំបន់ព្រំដែនកម្ពុជាថៃអះអាងថា នឹងទៅអមដំណើរលោក សម រង្ស៊ី ភ្លូកទឹកភ្លូកដីជាប្រវត្តិសាស្ត្រ ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រឆាំងវិលចូលកម្ពុជាតាមព្រំដែនថៃ ហើយពេលនោះនឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជានឹងបានប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។