ម្ដាយយុវជន សួង នាគព័ន្ធ និយាយថា ក្រុមសមត្ថកិច្ចបានតាមឃ្លាំមើលផ្ទះអ្នកស្រីខណៈកូនប្រុសដែលនិយមបណ្ឌិត កែម ឡី កំពុងជាប់ឃុំឃាំងដោយអយុត្តិធម៌។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សចាត់ទុកថា ទង្វើរបស់សមត្ថកិច្ចបង្ហាញកាន់តែច្បាស់នូវអំពើអាក្រក់របស់ខ្លួនថែមទៀតពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
អ្នកស្រី ថង លុន ម្ដាយយុវជនសួង នាគព័ន្ធបញ្ជាក់ថា អ្នកស្រីមានការព្រួយបារម្ភពីសុវត្ថិភាពបន្ទាប់ពីក្រុមអាជ្ញាធរមានសមត្ថកិច្ចបានតាមឃ្លាំមើលផ្ទះរបស់អ្នកស្រីដែលធ្វើអោយសមាជិកក្រុមគ្រួសារមិនហ៊ានដើរហើរបានដោយសេរីដូចពីពេលមុនទៀតឡើយ។
អ្នកស្រីបញ្ជាក់ថា ការឃ្លាំមើលនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ ដោយមានក្រុមសមត្ថកិច្ចក្នុងឯកសណ្ឋានស៊ីវិល និង ឯកសណ្ឋានប៉ូលិសចំនួន ៣នាក់ បានដាក់ពង្រាយឃ្លាំមើលផ្ទះរបស់អ្នកស្រីដែលមានទីតាំង នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យខាងជើងក្រុងភ្នំពេញ។អ្នកស្រីទាមទារអោយអង្គការសង្គមស៊ីវិលជួយការពារសុវត្ថិភាពដល់ក្រុមគ្រួសារអ្នកស្រី ខ្លាចក្រែងមានគ្រោះថ្នាក់ដល់សមាជិកក្រុមគ្រួសារខណៈកូនរបស់ស្រី គឺលោក សួង នាគព័ន្ធកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស៖ «ខ្លះមានខោអាវទាហាន ខ្លះខោអាវធម្មតា » ។
យុវជន សួង នាគព័ន្ធត្រូវតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយក្រោយមកត្រូវកងកម្លាំងសមត្ថកិច្ចរបស់របបក្រុងភ្នំពេញយកទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែកក្កដា ជាមួយនឹងយុវជន គង់ រ៉ៃយ៉ា ដោយសារតែលោកបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកលក់អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី និងមានសារនៅលើអាវយឺតថា “បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ”។
របបក្រុងភ្នំពេញបានចាប់ខ្លួនយុវជន សួង នាគព័ន្ធកាលពីថ្ងៃទី១០ កក្កដា ជាមួយនឹងកូនភ្លោះពីនាក់បងប្អូនជុំ ហួត និង ជុំ ហួរ តែក្រោយមកសមត្ថកិច្ចបានដោះលែងបងប្អូនទាំងពីរនាក់នោះមកវិញ។
ការចាប់ខ្លួនយុវជន សួង នាគព័ន្ធនេះដោយសារតែក្រុមសមត្ថកិច្ចចោទប្រកាន់ថា យុវជនរូបនេះបានចែកចាយខិត្តប័ណ្ណក្នុងថ្ងៃគម្រប់ខួប ៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ដោយគ្មានច្បាប់អនុញ្ញាត។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានទេដោយសារតែលោក មិនលើកទូរស័ព្ទ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការ លីកាដូ ចាត់ទុកថា ការដាក់កម្លាំងឃ្លាំមើលរបស់សមត្ថកិច្ចគឺជាការរំលោភច្បាប់ធ្ងន់ធ្ងរបន្ថែមទៀត ហើយជាពិសេស គឺជាការគំរាមកំហែងថ្មីមួយទៀតដល់ការរស់នៅ សន្តិសុខ និង សុវត្ថិភាព របស់គ្រួសាររងគ្រោះ៖ «ទិដ្ឋភាពទាំងអស់នេះធ្វើឱកាន់តែមើលឃើញថា វាជារឿងមួយ ដែលគួរឱ្យហួសចិត្ត និងសោកស្ដាយកាន់តែខ្លាចទៅលើទិដ្ឋភាពខ្លាចទៅលើស្រមោលលោកបណ្ឌិត កែម ឡី តទៅទៀត ហើយបញ្ហាទាំងអស់នេះនឹងអាចឈានទៅរងការរិះគន់បន្ថែមទៀតទាក់ទិនទៅនឹងការបំបិទសិទ្ធិសេរីភាព របស់ក្រុមគ្រួសារលោក កែម ឡី » ។
បណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុង ស្តារ ម៉ាត នៃស្ថានីយប្រេងសាំង កាល់តិច ជិតស្តុបបូកគោ។
ក្រុមអង្គការសង្គមស៊ីវិល និង ក្រុមយុវជនមួយចំនួនដែលនិយមបណ្ឌិត កែម ឡី បាននាំគ្នាយកកម្រងផ្កាទៅគោរពវិញ្ញាណក្ខន្ធទៅទីកន្លែងដែលឃាតកបាញ់សម្លាប់កាលពី៣ឆ្នាំមុនតែសកម្មភាពត្រូវរបបក្រុងភ្នំពេញហាមឃាត់នឹងចាប់ខ្លួន លោក សួង នាគព័ន្ធ និងលោក គង់ រ៉ៃយ៉ា ដែលអ្នកទាំងពីរជាអ្នកនិយមលោកបណ្ឌិត កែម ឡី ដាក់ក្នុងមន្ទីរឃុំឃាំងដើម្បីរង់ចាំជំនុំជម្រះទោស។
ចំណែកឯលោកស្រី សុខ ស្រីនីច ភរិយាគង់ រ៉ៃយ៉ា ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៥ កក្កដាថា ផ្ទះជួលរបស់អ្នកស្រីនៅសង្កាត់អូរបែកក្អម ក៏ត្រូវកងកម្លាំងមានសមត្ថកិច្ចរបបក្រុងភ្នំពេញដាក់កម្លាំងតាមឃ្លាំមើលក្រោយពីស្វាមីបានជាប់ឃុំ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក គង់ រ៉ៃយា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌដូចលោក សួង នាគព័ន្ធ ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
