លោក ហ៊ុន សែន ចាត់​ទុក​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត

ដោយ ទីន ហ្សាការីយ៉ា
2015-01-14
Share
ហ៊ុន សែន ៦២០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុង​ពិធី​សម្ពោធ​ស្ពាន​អ្នក​លឿង នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។
Photo Provided

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អ្នក​លឿង នៅ​ថ្ងៃ​ទី​១៤ មករា ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជាង ៧០​ទំព័រ រិះគន់​ពី​ការ​ដឹក​នាំ​របស់​លោក​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​មក​នោះ។

លោក ហ៊ុន សែន អះអាង​ថា បើ​លោក​ដឹក​នាំ​មិន​ល្អ មិន​មែន​ដឹក​នាំ​មាគ៌ា​កម្ពុជា ដល់​សព្វថ្ងៃ​នេះ​ទេ។ ទន្ទឹម​នេះ លោក ហ៊ុន សែន ក៏​សារភាព​ថា ការ​ដឹក​នាំ​របស់​លោក​កន្លង​មក​ក៏​មាន​ការ​ខុស​ឆ្គង​ខ្លះ​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ជា​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត អំពី​ការ​ដឹក​នាំ​របស់​លោក​ក្នុង​រយៈពេល ៣០​ឆ្នាំ​មក​នេះ។

លោក ហ៊ុន សែន អះអាង​ថា ការ​ដឹក​នាំ​រយៈពេល​យូរ​មក​នេះ ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ជូន​លោក។ លោក​បាន​រំឭក​ពី​នយោបាយ​ឈ្នះៗ​របស់​លោក​ដែល​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា បាន ហើយ​អ៊ុនតាក់ (UNTAC) ប្រើ​ថវិកា​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក មិន​អាច​បញ្ចប់​សង្គ្រាម​បាន​ទេ តែ​លោក​ជា​អ្នក​បង្រួប​បង្រួម​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ យ៉ាង​នេះ​ក្ដី លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដឹក​នាំ​របស់​លោក​កន្លង​មក ក៏​មាន​កំហុស​ខ្លះ​ដែរ៖ «បើ​សិន​ជា​ខ្ញុំ​ដឹក​នាំ​ខុស ស្មាន​ថា​ជប៉ុន អនុម័ត​ថវិកា​ឲ្យ​ធ្វើ​ស្ពាន? តាម​ពិត​ខ្ញុំ​ដឹក​នាំ​ក៏​មាន​ការ​ខុស​ឆ្គង​ដែរ មិន​មែន​ថា​អត់​ទេ តែ​ត្រូវ​ការ​មើល​ពី​ការ​ការ​ដឹក​នាំ​ត្រូវ​ច្រើន​ជាង។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ខ្ញុំ​ដឹក​នាំ​ខុស​ទាំងអស់ គឺ​លោក ប្រែត អាដាម (Brads Adam)»

ការ​ថ្លែង​របស់ លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បញ្ចេញ​របាយការណ៍​ជាង ៧០​ទំព័រ​កាល​ពី​ថ្ងៃ​ទី​១៣ មករា សរសេរ​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​របាយការណ៍​នោះ​បញ្ជាក់​ថា រដ្ឋាភិបាល​រដ្ឋ​កម្ពុជា ដែល​បន្ត​ការងារ​ពី​សាធារណរដ្ឋ​កម្ពុជា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប៉ុនប៉ង​សម្លាប់​ក្រុម​នយោបាយ​ប្រឆាំង​ចំនួន​ជិត ៤០​ករណី និង​ពលរដ្ឋ​ជា​ជន​ស៊ីវិល​ជាង ២០​ករណី​ទៀត នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​១។ របាយការណ៍​បន្ត​ទៀត​ថា ការ​រំលោភ​បំពាន​ទាំង​នោះ ប្រព្រឹត្ត​ដោយ​កង​កម្លាំង​នគរបាល និង​យោធា ដែល​អនុវត្ត​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នេះ គេ​បាន​បង្កើត​ក្រុម​កង​កម្លាំង​ជាច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់។ ក្រុម​ប្រភេទ​នេះ​មាន​ទាំង​នៅ​ថ្នាក់​ក្រសួង បណ្ដា​ក្រុង និង​ខេត្ត។

អ្នក​ធ្វើ​ការ​តាម​ក្រុម​ទាំង​នោះ អាច​នឹង​ត្រូវ​គេ​ជ្រើស​រើស​ចេញ​ពី​កង​កម្លាំង​រក្សា​សន្តិសុខ។ ភាគ​ច្រើន​នៃ​ក្រុម​ទាំង​នោះ ត្រូវ​បង្កើត​ក្នុង​គោលដៅ​វាយ​ប្រហារ​ក្រុម​ប្រឆាំង។ ក្នុង​ចំណោម​ក្រុម​ទាំង​នោះ មាន​ក្រុម​មួយ​ដែល​ទំនង​ជា​ក្រុម​ដែល​ក្រោយ​មក បាន​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ ក្នុង​ឆ្នាំ​១៩៩៧ និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត ហើយ​ក្រោយ​មក ក្រុម​នេះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី គឺ​កង​ពល​តូច ង​៧០ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កង​កម្លាំង​ផ្ទាល់​របស់ លោក ហ៊ុន សែន។

នៅ​ក្រោយ​ហេតុការណ៍​គប់​គ្រាប់​បែក​នោះ លោក ហ៊ុន សែន បាន​បន្ត​ប្រើ​យុទ្ធសាស្ត្រ​បំបែក ដើម្បី​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា ដោយ​ផ្ដល់​សំណូក និង​គំរាម​កំហែង​ប្រឆាំង​សមាជិក​ហ៊្វុនស៊ិនប៉ិច។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បង្កើត​អោយ​មាន​ព្រឹត្តិការណ៍​មួយ​ដែល​អង្គការ​សហប្រជាជាតិ ហៅ​ថា​ជា​រដ្ឋ​ប្រហារ​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​ទី​១ ទ្រង់ នរោត្តម រណឫទ្ធិ។

កង​កម្លាំង និង​ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន លោក ជា ស៊ីម លោក ស ខេង និង​លោក កែ គឹមយ៉ាន ជាដើម បាន​ប្រឆាំង​នឹង​ផែនការ​រដ្ឋ​ប្រហារ​នោះ ប៉ុន្តែ លោក ហ៊ុន សែន បាន​ប្រើ​កម្លាំង​ផ្ទាល់​ខ្លួន។ រដ្ឋ​ប្រហារ​នោះ ត្រូវ​បន្ត​ដោយ​ការ​សម្លាប់​ក្រៅ​ច្បាប់ ការ​បូជាសព​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​លាក់​កំបាំង ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​ដោយ​កង​កម្លាំង​របស់ លោក ហ៊ុន សែន។ អ្នក​រងគ្រោះ​ភាគ​ច្រើន​ជា​កង​កម្លាំង​ហ៊្វុនស៊ិនប៉ិច។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ថា ពេល​នោះ​មាន​មន្ត្រី​បក្ស​នយោបាយ​ប្រមាណ​ពី ៤០ ទៅ ៦០​នាក់ ត្រូវ​សម្លាប់​ក្រៅ​ច្បាប់។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​តែ​ទទួល​ស្គាល់​របាយការណ៍​នេះ ហើយ លោក ហ៊ុន សែន ត្រូវ​វិភាគ​មើល​ពី​ការ​ប្រើ​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ៖ «បើ​សិន​ជា លោក ហ៊ុន សែន យល់​ថា មាន​ស្នាដៃ​ប៉ុណ្ណឹង លោក​ត្រូវ​តែ​លា​លែង​ត្រឹម​ប៉ុណ្ណឹង លោក​នឹង​មាន​កិត្តិយស។ ហើយ​បើ​សិន​ជា​លោក​នៅ​តែ​បដិសេធ​របាយការណ៍​ដែល​គេ​រក​ឃើញ​យ៉ាង​ច្បាស់​លាស់​បែប​នេះ លោក​នឹង​ធ្លាក់​ចូល​ក្នុង​មេ​ដឹក​នាំ​កុម្មុយនីស្ត​ដែល​បរាជ័យ»

យ៉ាង​នេះ​ក្ដី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​ដឹក​នាំ​ប្រទេស​ដល់​ចប់​អាណត្តិ​របស់​លោក​នៅ​ឆ្នាំ​២០១៨។ លោក​បញ្ជាក់​ថា អាយុ​របស់​លោក​ក៏​មិន​ទាន់​ចាស់​អ្វី​ដែរ។

ទោះ​ជា​បែប​ណា​ក៏ដោយ លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា លោក ហ៊ុន សែន ត្រូវ​តែ​ពិចារណា​ពី​សកម្មភាព​ដឹក​នាំ​របស់​ខ្លួន​ឡើង​វិញ ពិសេស​ពិចារណា​ទៅ​លើ​អ្វី​ដែល​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ ព្រោះ​របាយការណ៍​នេះ​គេ​បាន​កត់ត្រា​ច្បាស់​លាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នូវ​អ្វី​ដែល​កើត​ឡើង​នៅ​កម្ពុជា ហើយ​មហាជន​ជាទូទៅ​ក៏​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល