បក្ស​កម្លាំង​ជាតិ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ជា​លើក​ទី២

ដោយ ច័ន្ទ ដារ៉ូ
2024.06.16
បក្ស​កម្លាំង​ជាតិ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ជា​លើក​ទី២ សកម្មជនណបក្ស​កម្លាំង​ជាតិ​ ​ប្រមូល​ផ្ដុំ​​ឡ្នាធ្វើបាតុកម្ម​ជា​លើក​ទីពីរ​ នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន នៅ​ភ្នំពេញ នា​​​​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ដោះលែង​អ្នក​ទោស​នយោបាយ។
រូបពីពលរដ្ឋ

គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ទី១៦ ខែមិថុនា​ បាន​ប្រមូល​ផ្ដុំ​សកម្មជន​ធ្វើបាតុកម្ម​ជា​លើក​ទីពីរ​ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ដោះលែង​អ្នក​ទោស​នយោបាយ។ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា បច្ចុប្បន្ន ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​កំពុង​ធ្លាក់​ចុះ​គួរ​ឱ្យ​បារម្ភ។

ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ រួម​ជា​មួយ​គ្រួសារ​អ្នក​ជាប់​ឃុំ​ប្រមាណ ៣០០នាក់​មក​ពី​បណ្ដា​ខេត្ត​នានា​ដូចជា​ខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប និង​ខេត្ត​មួយ​ចំនួន​ទៀត បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅមុខ​ទីស្នាក់ការ​បក្ស​ប្រចាំ​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​នៅ​ភូមិ​បឹងសាឡាង ខណ្ឌឫស្សីកែវ។ អ្នកចូលរួម​បាតុកម្ម​បាន​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ​ដៃ​លើក​បដា ហើយ​អ្នក​ខ្លះ​ទៀត​លើក​រូប​ថត​អ្នកជាប់ឃុំ និង​ស្រែក​កងរំពង​នៅ​កន្លែង​ជួប​ជុំ ដោយ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី សមាជិក​បក្ស​លោក គា វិសាល និង​លោក អ៊ំ វីរៈរដ្ឋ ព្រមទាំង​ថ្នាក់ដឹកនាំ សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​មេ​សហជីព​ផ្សេង​ទៀត​រួមមាន​លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​លោក កើត សារ៉ាយ ជាដើម។

«សូម​ដោះលែង​លោក ស៊ុន ចន្ធី និង​អ្នកជាប់ឃុំ​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោះ​លែងៗ»

ជាមួយគ្នា​នេះ​ដែរ ក្រុម​គ្រួសារ​និង​សាច់ញាតិ​របស់​អ្នកជាប់ឃុំ​ក៏​បាន​ឡើង​ឈរ​លើ​វេទិកា ដោយ​ដៃ​កាន់​ក្បាល​មេក្រូ​ក្នុង​ទឹក​មុខ​មុតមាំ លាយឡំ​​អារម្មណ៍​រៀបរាប់​អំពី​រឿង​រ៉ាវ​អយុត្តិធម៌ ការ​ឈឺ​ចាប់ និង​លើក​ឡើង​នូវ​បញ្ហា​ជា​ច្រើន នៅ​ក្នុង​សង្គម ដែល​កើត​ឡើង​ក្រោម​អំណាច​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត មក​ទល់​បច្ចុប្បន្ន។ ពួក​គាត់​ប្ដេជ្ញា​ចិត្ត​តស៊ូ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទៅ​មុខ​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ពេល​ខាងមុខ។

ប្រពន្ធ​លោក ស៊ុន ចន្ធី គឺ​លោកស្រី យាន ស្រីយ៉ាន ថ្លែង​ថា លោកស្រី​ឈឺ​ចាប់​ពេល​ឃើញ​ប្ដី និង​សកម្ម​នយោបាយ​ដទៃ​ទៀត ដែល​ជា​អ្នកតស៊ូ​ស្មោះត្រង់ និយាយ​រឿង​ពិត ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​តែ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ធ្វើ​ឱ្យ​ព្រាត់​ពី​គ្រួសារ​ទាំង​គ្មាន​កំហុស។ លោកស្រី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​យក​ប្រព័ន្ធ​តុលាការ​មក​ចាប់​ចង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ ហើយ​ប្រគល់​សេរីភាព​ដល់​សមាជិក​គ្រួសារ​ឡើង​វិញ។

លោកស្រី យាន ស្រីយ៉ា៖ «រដ្ឋាភិបាល បើសិន​ប្ដី​ខ្ញុំ​លើកឡើង​មតិ​បែប​នេះ ហេតុ​អ្វី​មិន​ចាត់​តំណាង​របស់​ខ្លួន​ទៅ​សួរ​នៅ​ថ្នាក់​មូលដ្ឋាន​ តើ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​បែប​ហ្នឹង​ដែរ ឬ​ទេ អាជ្ញាធរ​មិន​ត្រូវ​ចាប់​គាត់​ដាក់​ពន្ធនាគារ​បែប​នេះ​ទេ​បងប្អូន តើ​វា​យុត្តិធម៌​ដែរ ឬ​ទេ ក្នុង​នាម​ភរិយា​របស់​គាត់ ដោយ​គេ​ចាប់​ប្ដី​ខ្ញុំ​ដាក់​​គុក​ចំនួន ៣៨ថ្ងៃ​ហើយ ខណៈ​ខ្ញុំ​ពរ​ពោះ​បី​ខែ តើ​ខ្ញុំ​មាន​ការឈឺចាប់​ទេ ដូច្នេះ​ខ្ញុំ​ស្នើ​ដល់​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព បើក​លទ្ធិ​ប្រជាធិបតេយ្យ ផ្តល់​សេរីភាព​ឱ្យ​អ្នក​នយោបាយ​ឡើង​វិញ»

Second_protest_in_front_of_PP_NPP_Office_Yean_Srey_Yan_061624_Rasy_០2.jpg
លោកស្រី យាន ស្រីយ៉ាន ប្រពន្ធ​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ ពេល​ធ្វើ​បាតុកម្ម​ជា​លើក​ទីពីរ នៅ​ទីស្នាក់ការ​គណបក្ស ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ

គណបក្ស​កម្លាំង​ជាតិ​ប្រមូលផ្ដុំ​តវ៉ា​នៅ​ទីស្នាក់ការ​បក្ស​រយៈពេល​មួយ​ព្រឹក​នេះ គឺ​ជា​លើក​ទី​ពីរ បន្ទាប់​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​ហាមឃាត់​ពួក​គេ​មិន​ឱ្យ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ មន្ត្រី​បក្ស​កម្លាំង​ជាតិ​អះអាង​ថា​មូលហេតុ ដែល​ពួក​គេ​បង្ខំចិត្ត​រៀបចំ​ការ​ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​បក្ស ដើម្បី​​បញ្ចៀស​ការ​ប៉ះទង្គិច​រវាង​អ្នកគាំទ្រ និង​អាជ្ញាធរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​គេ​នៅតែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ប្រគល់​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​សម្ដែង​មតិ​វិញ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ថា​គណបក្ស​កម្លាំង​ជាតិ​រៀបចំ​ការ​សម្តែង​មតិ​ដោយ​សន្តិវិធី​ឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ជាពិសេស​ដោះលែង​អ្នកទោស​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ លោក រ៉ុង ឈុន បញ្ជាក់​ថា មេដឹកនាំ​បក្ស​នេះ​រក្សា​ជំហរ​ត​ស៊ូ​ជាមួយ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​នានា​នៅ​ក្នុង​សង្គម និង​ចេញ​ទាមទារ​រក​យុត្តិធម៌​រហូត​មាន​ដំណោះស្រាយ។

លោក រ៉ុង ឈុន៖ «គណបក្ស​កម្លាំង​ជាតិ​ចង់​បាន​ការ​គោរព​សិទ្ធិមនុស្ស សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស យើង​ចង់​ឃើញ​អ្នក​ជាប់​ឃុំ​មនសិការ​មាន​សេរីភាព​ឡើង​វិញ ពីព្រោះ​យើង​មើល​ឃើញ​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទាំង​អស់ ហើយ​ការណ៍​ដែល​អាជ្ញាធរ​ចាប់ខ្លួន​មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ទេ»

ការ​ចេញ​តវ៉ា​របស់​គណបក្ស​ប្រឆាំង និង​គ្រួសារ​ជន​ជាប់​ឃុំ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស អ្នក​រិះគន់​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ​សាជាថ្មី​នៅ​រយៈពេល​ចុងក្រោយ​នេះ។ ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​មន្ត្រី​បក្ស​ប្រឆាំង សកម្មជន​សង្គម និង​សហជីព​បាន​កើន​ឡើង​ដល់​ជាង ៥០នាក់​ហើយ។ ប៉ុន្តែ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត រយៈពេល ១០ខែ​មក​នេះ ​មាន​សកម្មជន​នយោបាយ​យ៉ាង​ហោច​ណាស់ ៣០នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ដោយ​មិន​គិត​អ្នក​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ត្រូវ​តុលាការ​ចោទប្រកាន់​ដាក់​ពន្ធនាគារ​ហើយ បង្ខំ​រត់​គេច​ខ្លួន​ទៅ​ជ្រកកោន​នៅ​ប្រទេស​ជិត​ខាង។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែមិថុនា។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត ដែល​តាម​ឃ្លាំមើល​បាតុកម្ម​មាន​ប្រសាសន៍​ថា ការ​ប្រមូលផ្ដុំ​សម្ដែង​មតិ​ទាមទារ​យុត្តិធម៌ នៅ​ក្នុង​សង្គម​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​លោក​កត់សម្គាល់​ថា អាជ្ញាធរ​ហាក់​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ទាំង​នោះ ដូចជា នៅ​អំឡុង​ពេល​ជួបជុំ​មាន​ជន​ស៊ីវិល​តាម​ថតរូប​អ្នក​ចូលរួម ចំណែក​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​ទីកន្លែង​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​សម្ដែង​មតិ​វិញ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​សម្រាប់​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ថែមទៀត។ លោក យី សុខសាន្ត អំពាវនាវ​ដល់​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ ព្រមទាំង​ទទួល​យក​អនុសាសន៍ ឬ​សំណើ​ទាំង​របស់​អ្នក​តវ៉ា​ទៅ​ពិនិត្យ​ដោះ​ស្រាយ ដើម្បី​ផល​ប្រយោជន៍​ជាតិ។

លោក យី សុខសាន្ត៖ «ប្រទេស​មួយ​មាន​ប្រជាធិបតេយ្យ ហើយ​ដើរ​បិទ​គ្រប់​កន្លែង​ថា​សន្តិភាព សន្តិភាព​ហ្នឹង​មិន​គួរ​មាន​ការ​រឹតត្បិត​ចាប់​​ពួកគាត់​ដាក់​ពន្ធនាគារ​អ៊ីចឹង​ទេ យើង​ចាត់​ទុក​ទង្វើ​ធ្វើ​បាប​បែប​នេះ​ជា​ការ​រឹតត្បិត​លើ​សេរីភាព​របស់​ពលរដ្ឋ​ហើយ ហើយ​រដ្ឋាភិបាល​គួរតែ​កែ​លម្អ​ចំណុច​ទាំង​នេះ​ដើម្បី​ស្ដារ​មុខមាត់​ប្រទេស​ជាតិ​ឡើង​វិញ ដើម្បី​ឱ្យ​មតិ​ជាតិ​និង​អន្តរជាតិ​ក៏​ដូច​ជា​អ្នក​រកស៊ី វិនិយោគ​ធំៗ ចូល​មក​ប្រទេស​កម្ពុជា ឱ្យ​គេ​ជឿ​ទុកចិត្ត »

គណបក្ស​កម្លាំង​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ស្នើ​ដល់​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​ការ​ទាក់ទាញ​ផល​ចំណេញ​ធំធេង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ សេដ្ឋកិច្ច​ដែល​កម្ពុជា​អាច​ទទួល​បាន​មក​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) ពី​សហគមន៍​អឺរ៉ុប និង​ជីអេសភី (GSP) ពី​សហរដ្ឋ​អាមេរិក និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ពី​សហគមន៍​អន្តរជាតិ។

ទន្ទឹម​នឹង​នេះ មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ និង​គ្រួសារ​ជន​​ជាប់​ឃុំ​បញ្ជាក់​ជំហរ​ថា ពួក​គេ​មិន​រាថយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ស្វែង​រក​យុត្តិធម៌​ឡើយ។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​មិនព្រម​ស្ដារ​ប្រជាធិបតេយ្យ ជាពិសេស ដោះលែង​អ្នក​ទោស​មនសិការ​ឱ្យ​មាន​សេរីភាព​នោះ​ទេ ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ទូទាំង​ប្រទេស​រហូត​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
អត្ថបទពេញនិយម
នយោបាយ
អ្នក​នយោបាយ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​យល់​ឃើញ​ផ្សេង​គ្នា ចំពោះ​ការ​ដក​ខ្លួន​របស់​លោក ចូ បៃដិន មិន​បន្ត​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។