អ្នកវិភាគ​នយោបាយ ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ពង្រឹង​ស្មារតី​បង្រួបបង្រួម​ជាតិ​ដើម្បី​បង្កើត​សម្ពន្ធភាព​ថ្មី

ដោយ ម៉ៅ សុធានី
2020-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក គឹម សុខ អ្នក​វិភាគ​នយោបាយ និង​បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម។
(ឆ្វេង) លោក គឹម សុខ អ្នក​វិភាគ​នយោបាយ និង​បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម។
RFA

អ្នកវិភាគ​នយោបាយ​និង​សង្គម​លើកឡើង​ដូចគ្នា ថា នេះ​ជា​ពេលវេលា​សមស្រប​មួយ​ដែល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ រួម​ទាំង​គណបក្ស​សង្គ្រោះជាត​ផង ត្រូវតែ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដោយ​បញ្ឈប់​ការ​ឈ្លោះប្រកែក​គ្នា និង​វាយប្រហារ​គ្នា​ជា​សាធារណៈ។

ការ​លើកឡើង​របស់​អ្នកវិភាគ​នយោបាយ​ទាំង​នេះ បន្ទាប់​ពី​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​ផ្ដួចផ្ដើម​គំនិត បង្កើត​រណសិរ្ស​រួបរួម ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយ​ដែល​គ្មាន​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​រស់​ឡើងវិញ និង​អាច​ចូលរួម​ការបោះឆ្នោត​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មាន​ប្រសាសន៍ ថា លោក​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន។ អ្នកវិភាគ​នយោបាយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រូប​នេះ ដែល​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ លើក​ហេតុផល​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រស់​ឡើង​បាន​វិញ​ទេ ដូចនេះ អ្នក​ប្រជាធិបតេយ្យ ត្រូវតែ​រួបរួម​កម្លាំង​ធំ រវាង​ក្រុម​លោក សម រង្ស៊ី និង​លោក កឹម សុខា នា​កាលៈទេសៈ​នេះ៖ «គណបក្ស​ប្រជាជន​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ មកវិញ​ទេ ដូចនេះ ត្រូវតែ​មាន​កម្លាំង​រួបរួម​នយោបាយ​ធំ ដែល លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​បង្គោល។ កម្លាំង​នយោបាយ​នេះ មិន​ចាំបាច់​មាន លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹកនាំ​ផ្ទាល់​ទេ គឺ​គេ​មិន​ឱ្យ​ដឹកនាំ​ទេ​។ ដូចនេះ​ត្រូវ​ផលិត​កម្លាំង​នយោបាយ​ដែល​ចេញពី​សម រង្ស៊ី និង​កឹម សុខា ដែល​មាន​សក្ដានុពល​នយោបាយ​ទៅ​ប្រកួតប្រជែង​។ ទោះបី​ថា​មិន​ឈ្នះ​បោះឆ្នោត​លើក​ក្រោយ​ក៏ដោយ តែ​កម្លាំង​វា​កើន»

ទោះបីជា​យល់ស្រប ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ​ក៏ដោយ ទាំង​លោក គឹម សុខ និង​លោក​បណ្ឌិត មាស នី មានប្រសាសន៍ ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី៨ ខែ​ឧសភា ពួក​លោក មិន​ពេញចិត្ត​ចំពោះ​ឈ្មោះ រណសិរ្ស​រួបរួម ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ ដោយសារតែ​ឈ្មោះ រណសិរ្ស ជា​ឈ្មោះ​រសើប និង​ហាក់​មាន​បង្កប់​អត្ថន័យ​ថា ជា​ការ​ប្រើ​កម្លាំង​ក្នុង​ចលនា​អ្វីមួយ​ដើម្បី​ផ្ដួល​រំលំ​របប​លោក ហ៊ុន សែន។ អ្នកវិភាគ​នយោបាយ​ទាំងពីរ​រូប​នេះ ពេញចិត្ត​ការ​ដាក់​ឈ្មោះថា សម្ព័ន្ធ​កម្លាំង​ចលក​ប្រជាធិបតេយ្យ​កម្ពុជា​ទៅវិញ​។ ទោះជា​យ៉ាងណា​លោក​ទាំងពីរ​ថា គឺអាស្រ័យ​ទៅ​លើ​ការព្រមព្រៀង​គ្នា​រវាង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ និង​ត្រូវ​យក​ពេលវេលា​ជជែក​ពិភាក្សា​គ្នា និង​ត្រូវ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ការ​គាំទ្រ ពី​ប្រជាពលរដ្ឋ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ព្រមទាំង​សហគមន៍​អន្តរជាតិ​ផង​ដែរ។

បន្ថែម​ពី​ការ​លើកឡើង​នេះ អ្នកវិភាគ​នយោបាយ​និង​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍​ផង​ដែរ​ថា ក្រុម​អ្នក​ប្រជាធិបតេយ្យ ត្រូវតែ​រិះរក​មធ្យោបាយ ពង្រឹងកម្លាំង​របស់​ខ្លួន​ឱ្យ​បាន​ខ្លាំង​រឹងមាំ ដើម្បី​ទប់ទល់​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ដែល​កំពុង​ពង្រឹងកម្លាំង​របស់​ខ្លួន​គ្រប់​បែប​យ៉ាង ក្នុង​ការ​អាច​បន្ត​ការដឹកនាំ​ប្រទេស​តទៅ​មុខ​ទៀត ទោះបីជា​មានការ​រិះគន់ ពី​ការដឹកនាំ​បែប​ឯក​បក្ស​ក៏ដោយ។

លោក​បណ្ឌិត មាស នី សង្កត់ធ្ងន់​ថា ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​ភាព​រកាំរកូស​មិន​ត្រូវ​គ្នា​ដែរ ប៉ុន្តែ​គេ​មិន​ឈ្លោះ​គ្នា ឬ​វាយប្រហារ​គ្នា ជា​សាធារណៈ​នោះ​ទេ​។ អាស្រ័យហេតុនេះ លោក បណ្ឌិត ផ្តល់​ដំបូន្មាន​ថា ក្រុម​អ្នក​ប្រជាធិបតេយ្យ មុន​សម្រេច​រួមគ្នា​ចូល​សង្វៀន​ប្រយុទ្ធ ត្រូវ​ពង្រឹង​គោលនយោបាយ​រួបរួម​គ្នា​ឱ្យ​បាន​ច្បាស់លាស់ និង​បញ្ឈប់​នូវ​ការ​ប្រឆាំង​គ្នា ទៅវិញទៅមក ទោះបី​ទស្សនៈ​នយោបាយ​ខុសគ្នា​ក៏ដោយ៖ «ការ​ចង​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​នេះ គឺជា​រឿង​សំខាន់​មួយ តែ​រឿង​សំខាន់​ជាង​នេះ ពី​របៀប​ដែល​ត្រូវ​ធ្វើ ។ ទី​១ គឺ​ចាប់ផ្ដើម​ព្យាបាល​ជំងឺ​មិន​ទុកចិត្ត​គ្នា ធ្វើ​ម៉េច​ឱ្យ​ទុកចិត្ត​គ្នា ហើយ​ទី​២ គឺ​ជំងឺ​អត់​វិន័យ វា​សំខាន់​ណាស់​។ បើ​ពួកគាត់​គិត​ថា ធ្វើការ​ប្រឆាំង​របប​ផ្ដាច់ការ និង​គ្មាន​វិន័យ​ខ្លួនឯង មាន​ប៉ុន្មាន​ចេញមក​ទាំងអស់ ហ្មឹង​វា​បង្ហាញ​ពី​ចំណុច​ទន់ខ្សោយ»

ទាំង​លោក បណ្ឌិត មាស នី និង​លោក គឹម សុខ ប្រៀបធៀប​ការ​បង្កើត​សម្ព័ន្ធ​ក្រុម​អ្នក​ប្រជាធិបតេយ្យ ដូចជា​ការ​សង់​ផ្ទះ​។ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​នៃ​របប​លោក ហ៊ុន សែន រំលាយ​ហើយ ហើយ​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​សង្ឃឹមថា គណបក្ស​ខ្លួន​អាច​រស់​ឡើងវិញ គឺ​ពិតជា​ទៅ​មិន​រួច​ទេ។

លោក គឹម សុខ ពន្យល់​អំពី​ភាព​ខុសគ្នា​នៃ​ការ​សង់​ផ្ទះ និង​ការ​បង្កើន​ពង្រឹង​ប្រព័ន្ធ​ដឹកនាំ​ក្នុង​គណបក្ស​នយោបាយ​យ៉ាង​ដូចនេះ​៖ «ផ្ទះ​សង់​ពី​ឈើ​គឺ​គ្មាន​វិញ្ញាណ​ទេ តែ​ចលនា​នយោបាយ​សង់​មនុស្ស ស្ថាបនា​មនុស្ស និង​បណ្ដុះ​មនុស្ស មនុស្ស​មាន​មនសិការ ដូចនេះ​មិន​ងាយ​ដួល​ទេ​។ បើ​ប្រៀបធៀប​ផ្ទះ គេ​យក​ផ្ទះ​យើង យើង​ទារ​មកវិញ ហើយ​គេ​មិន​ឱ្យ​វិញ​ទេ។ ដូចនេះ​រឿង​នយោបាយ​វា​ខុសគ្នា​។ តែ​កម្លាំង​នយោបាយ​អាច​ខ្លាំង​ជាង​មុន ឱ្យ​តែ​លោក សម រង្ស៊ី លោក កឹម សុខា ចេញមុខ ខ្ញុំ​ហ៊ាន​ធានា​ថា ខ្លាំង​ជាង​មុន»

ចំណែក​លោក បណ្ឌិត មាស នី វិញ មាន​ប្រសាសន៍ ថា មុន​ការ​បង្កើត​គណបក្ស​ថ្មី​ណាមួយ ក្រុម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង ឱ្យ​បាន​ល្អ​ទាំង នៅ​ថ្នាក់លើ និង​នៅ​តាម​មូលដ្ឋាន ពីព្រោះ​យ៉ាង​ហោច​ណាស់ ក៏​គេ​ត្រូវ​ការ​ប្រើ​ពេលវេលា យ៉ាងតិច​ក៏​ពីរ​ឆ្នាំ​ដែរ​។ លោក​មាន​ប្រសាសន៍​ប្រៀបធៀប​ទៅ​នឹង​គម្រោង​ការ​សង់ផ្ទះ​យ៉ាង​ដូច្នេះ៖ «ធម្មតា ការ​សង់​ផ្ទះ មុននឹង​រៀប​គម្រោង យើង​ត្រូវការ​ឈើ​ដឹក​ស័ង្កសី ប្រមូល​ដែកគោល​អីចឹង​។ បើ​យើង​រង់ចាំ​ច្បាប់ គេ​ថា ធ្វើ​មិន​បានទេ ដោយសារ​ច្បាប់​អញ្ចេះ អញ្ចោះ គឺ​ធ្វើ​អត់​បានទេ បាន​ន័យ​ថា យើង​អត់​បាន​តស៊ូ​មតិ​ទេ។ យើង​ដឹង​ហើយ​ថា នៅ​ក្រោម​ច្បាប់​សព្វថ្ងៃ គឺ​អត់​ធ្វើ​អី​បានទេ មានតែ​រង់ចាំ​ដើមឈើ​ដួល​រំលំ ទើប​នាំគ្នា​ទៅ​អារ​ឈើ​នោះ​តែម្ដង»

ទោះជា​ជា​ក្នុង​ហេតុផល​ណា​ក៏​ដោយ លោក បណ្ឌិត មាស នី និង​លោក គឹម សុខ លើកឡើង​ដូចគ្នា​ថា ដើម្បី​ឱ្យ​ក្រុម​អ្នក​ប្រជាធិបតេយ្យ ទទួល​បាន​ជោគជ័យ និង​មានការ​គាំទ្រ​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ ដូចជា​គណបក្ស​សង្គ្រោះជាតិ ទាំង​លោក សម រង្សី និង​លោក លោក កឹម សុខា ត្រូវតែ​ប្រមែប្រមូល​កម្លាំង​ចលក​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់ ឱ្យ​រួបរួម​គ្នា​ឡើងវិញ បំភ្លេច​ពី​ទស្សនៈ​យល់ឃើញ​ខុសគ្នា ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល