គ.ជ.ប ហាម​លោក រ៉ុង ឈុន មិន​ឱ្យ​ចេញ​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធសភា​ជាមួយ​បក្ស​កម្លាំង​ជាតិ

ដោយ ចាន់ ដារ៉ូ
2024.02.20
គ.ជ.ប ហាម​លោក រ៉ុង ឈុន មិន​ឱ្យ​ចេញ​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធសភា​ជាមួយ​បក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ចូលរួមកម្មវិធីឃោសនា សម្រាប់​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ កាល​ពី​ថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកគណបក្សកម្លាំងជាតិ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហាមឃាត់​លោក រ៉ុង ឈុន មិន​ឱ្យ​ចេញ​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធសភា​ជាមួយ​គណបក្ស​កម្លាំង​ជាតិ។ ប៉ុន្តែ​លោក រ៉ុង ឈុន ចាត់​ទុក្ខ​ការ​សម្រេច​របស់​ស្ថាប័ន​បោះ​ឆ្នោត​នេះ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​នយោបាយ​របស់​លោក ដែល​ចូលរួម​សកម្មភាព​ជាមួយ​បក្ស​កម្លាំង​ជាតិ ខណៈ​កន្លង​ទៅ​តុលាការ​ពុំ​បាន​បិទ​សិទ្ធិ​នយោបាយ​របស់​លោក​នោះ​ទេ។

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន រួមមាន​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី១៩ ខែកុម្ភៈ​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ចូលរួម​ក្នុង​សកម្មភាព​ឃោសនា ឬ​កម្មវិធី​ជួបជុំ​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី៥ នោះ​ទេ។ ស្ថាប័ន​បោះឆ្នោត​ថ្នាក់​ខេត្ត​ទាំង​នោះ​អះអាង​ថា លោក រ៉ុង ឈុន ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ហើយ​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ឡើយ។

Banteay_Meanchey_meeting_NPP_FB_021624.jpg
(រូបពាក់អាវពណ៌ពងក្រសាឈរកណ្ដាល) លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ពេលជួបសមាជិក​បក្ស​ នៅ​ខេត្តបន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​​​​​​​​​​​១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបពីហ្វេសប៊ុកគណបក្សកម្លាំងជាតិ

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ​ថា គ..ប មិន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធសភា គឺ​អនុវត្ត​តាម​ច្បាប់​បោះ​ឆ្នោត។ លោក​បន្ថែម​ថា លិខិត​ផ្ញើ​ទៅ​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ក្រើន​រំលឹក ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​អនុវត្ត​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ឱ្យ​ត្រឹមត្រូវ។

លោក ហង្ស ពុទ្ធា៖ «ការ​ធ្វើ​សកម្មភាព​តាម​បែប​ផ្ទៃក្នុង​របស់​គាត់ គឺ​វា​ជា​រឿង​ផ្ទៃក្នុង​របស់​គាត់ ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​ជា​សាធារណៈ​ក្នុង​អំឡុង​ពេល​ឃោសនា នោះ​មាន​ន័យ​ថា ជា​សកម្មភាព​ឃោសនា​បោះ​ឆ្នោត អ៊ីចឹង​បាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​លើក​ឡើង​ចំណុច​នេះ ដើម្បី​ក្រើន​រំលឹក ជា​ពិសេស មិន​ចង់​ឱ្យ​មាន​ភាន់ច្រឡំ ចំពោះ​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​សកម្មភាព​របស់​លោក រ៉ុង ឈុន នោះ​ទេ»

ការ​លើក​ឡើង​របស់​ស្ថាប័ន​បោះ​ឆ្នោត​នេះ បន្ទាប់​ពី​លោក រ៉ុង ឈុន ដែល​ជា​ទីប្រឹក្សា​របស់​គណបក្ស​កម្លាំង​ជាតិ បាន​ចូលរួម​ពីធី​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​រាប់​រយ​នាក់ នៅ​ខេត្តកំពង់ស្ពឺ និង​កំពង់ឆ្នាំង ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធសភា។

ឆ្លើយ​តប​រឿង​នេះ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែង​ថា លោក​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​គ្រប់គ្រាន់ ពីព្រោះ​កន្លង​ទៅ​តុលាការ​មិន​បាន​ដាក់​បម្រាម ចំពោះ​លោក​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ទេ។ លោក​បន្ត​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​របស់​លោក រង​នូវ​ការ​រឹតត្បិត​ខ្លាំង​ក្នុង​ការ​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​សម្រាប់​ការ​ប្រកួតប្រជែង​តាម​រយៈ​ការ​បោះ​ឆ្នោត ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ការ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ និង​ជំរុញ​ឱ្យ​សង្គម​មាន​យុត្តិធម៌​ពិត​ប្រាកដ​ជា​ដើម។ លោក រ៉ុង ឈុន បញ្ជាក់​ថា ទាក់ទង​ករណី គ..ប រារាំង​លោក​មិន​ឱ្យ​ចេញ​ឃោសនា​បោះ​ឆ្នោត​នេះ​លោក​រង់ចាំ​អនុវត្ត​តាម​ការ​សម្រេច​របស់​គណបក្ស​ក្នុង​កិច្ចប្រជុំ​នៅ​ពេល​ខាង​មុខ​នេះ។

លោក រ៉ុង ឈុន៖ «ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ឡើង​វិញ រដ្ឋាភិបាល​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ ចំពោះ​អ្នក​នយោបាយ ប្រជាពលរដ្ឋ សង្គម​ស៊ីវិល​ក្ដី ត្រូវ​ផ្ដល់​ជូន (សិទ្ធិ​សេរីភាព) ឱ្យ​បាន​ពេញលេញ ដើម្បី​ទទួល​បាន​ការ​ស្វាគមន៍​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ហើយ ហើយ​បើ​សិន​យើង​នៅតែ​យក​វិធានការ​រឹតត្បិត ឬ​រឹត​បន្តឹង​លើ​សេរីភាព​របស់​ពលរដ្ឋ ក៏​ដូច​ជា អ្នក​នយោបាយ​នឹង​ត្រូវ​ទទួល​ការ​ថ្កោលទោស​ពី​អន្តរជាតិ ហើយ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​គឺ​កម្មករ និង​ប្រជាពលរដ្ឋ​ខ្មែរ»

គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាល​ពី​ខែឧសភា ឆ្នាំ២០២៣ ធ្លាប់​បាន​ចេញ​លិខិត​ជូន​ដំណឹង​ដោយ​មិន​អនុញ្ញាត​លោក រ៉ុង ឈុន ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ខេត្តកណ្តាល​ក្រោម​ហេតុផល​ថា លោក រ៉ុង ឈុន ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទមជ្ឈិម ហើយ​មិនទាន់​មាន​នីតិសម្បទា​ឡើង​វិញ។

ក្រោយ​ពេល​គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​បាន លោក រ៉ុង ឈុន បាន​លាលែង​តំណែង​ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ដើម្បី​ទៅ​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​វិញ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ រួម​ទាំង​ក្រសួង​យុត្តិធម៌​ផង គំរាមកំហែង​ជា​បន្តបន្ទាប់​ក្រោម​ហេតុផល​ថា លោក​មិន​ទាន់​មាន​នីតិសម្បទា​ដដែល។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ២០១៧ សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​បាន​រួម​តូច​គួរ​ឱ្យ​ព្រួយ​បារម្ភ។

លោក កន សាវាង្ស៖ «សិទ្ធិ​នយោបាយ ឬ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ដំណើរ​ការ​ដោយ​សេរី យុត្តិធម៌​ហ្នឹង គឺ​ថា សិទ្ធិ​នយោបាយ​ក៏​មាន​រឹត​បន្តឹង​ដែរ សំខាន់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ហ្នឹង ជាពិសេស រដ្ឋាភិបាល​ដែល​ទទួល​ខុស​ពិនិត្យ​មើល​លើ​ការ​វិសោធនកម្ម​ច្បាប់ គួរតែ​វិសោធនកម្ម​ច្បាប់​នេះ​ឡើង​វិញ ជាពិសេសមាត្រា៦ថ្មី២ហ្នឹង ដែលចំណុចនេះនិយាយពាក់ព័ន្ធទណ្ឌិត ឬ​អ្នក​ដែល​មិន​ទាន់​ស្តារ​នីតិសម្បទា​ឡើង​វិញ​នេះ ជា​រឿង​មួយ​សំខាន់»

លោក រ៉ុង ឈុន ធ្លាប់​ធ្វើ​ជា​សមាជិក គ..ប និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ហើយ​បាន​ចេញ​មុខ​ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា។ លោក​ត្រូវ​បាន​តុលាការ ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​ដង ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម។ កាល​ពី​ខែកក្កដា ឆ្នាំ២០២០ តុលាការ​បាន​ផ្ដន្ទាទោស លោក រ៉ុង ឈុន រយៈ​ពេល ២ឆ្នាំ​ម្ដង​ទៀត ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។ ប៉ុន្តែ​លោក រ៉ុង ឈុន បាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​រយៈ​ពេល ១៥ខែ តុលាការ​ក៏​ដោះលែងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ចំណែក​ទោស​ដែល​នៅ​សល់ ត្រូវ​ព្យួរ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោមការត្រួតពិនិត្យ



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។