គ.ជ.ប លុប​​ឈ្មោះនិង​​បញ្ជី​​ឈ្មោះ​​បេក្ខជន​​ឈរ​​ឈ្មោះ​​បោះឆ្នោត​​​ជាង​២០០​នាក់​​នៅ​ទូទាំង​​ប្រទេស​​សម្រាប់​​ការ​​បោះ​ឆ្នោត​​ឃុំសង្កាត់​​អាណត្តិទី៥​

ដោយ មាន ឫទ្ធិ
2022.04.11
គ.ជ.ប លុប​​ឈ្មោះនិង​​បញ្ជី​​ឈ្មោះ​​បេក្ខជន​​ឈរ​​ឈ្មោះ​​បោះឆ្នោត​​​ជាង​២០០​នាក់​​នៅ​ទូទាំង​​ប្រទេស​​សម្រាប់​​ការ​​បោះ​ឆ្នោត​​ឃុំសង្កាត់​​អាណត្តិទី៥​ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការ គ.ជ.ប។
រូប៖ អ្នកនាំពាក្យ NEC

យ៉ាងហោច​ណាស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៥ សរុប​ជាង ២០០នាក់ នៅ​ទូទាំង​ប្រទេស មកពី​គណបក្ស​នយោបាយ​ចំនួន៣ ត្រូវ​បាន​គណៈកម្មាធិការជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លុបឈ្មោះ​ចោល​មិនឱ្យ​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិនេះ។ អ្នកជំនាញ​កិច្ចការបោះ​ឆ្នោត​​ចង់​ឃើញ​ គ.ជ.ប សម្រេច​តាមបែប​សម្របសម្រួល​ដោយ​អនុញ្ញាត​ឱ្យ​មាន​ការដូរឈ្មោះបេក្ខជន​ជាជាង​ការរឹតបន្តឹង​ដោយ​លុបឈ្មោះ ឬបញ្ជី​ឈ្មោះ​បេក្ខជន​​ទាំង​ស្រុង​​បែបនេះ។

ការលុបឈ្មោះ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​នយោបាយ​រហូតដល់​ទៅជាង ២០០នាក់ ​នៅ​ទូទាំងប្រទេស​បែបនេះ ត្រូវ​អ្នកជំនាញ​កិច្ចការបោះឆ្នោត​មើលឃើញ​ថា ជាការសម្រេច​បែប​ដាច់អហង្ការ​របស់ គ.ជ.ប និង​ជា​ការដាក់​បន្ទុក​មកលើ​គណបក្ស​នយោបាយ​ជាង​កាលពី​អាណត្តិមុនៗ។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និកហ្វិច (NICFEC) លោក សម គន្ធាមី យល់ថា ការសម្រេច​របស់ គ.ជ.ប ក្នុង​ដំណាក់កាល​ពិនិត្យ​បញ្ជីឈ្មោះ​បេក្ខជន​​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នាអាណត្តិនេះ គឺជា​ការ​ដាក់សម្ពាធ​ទៅលើ​គណបក្សនយោបាយ ដែល​អាចប៉ះពាល់​ជា​អវិជ្ជមាន​ទៅដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ទាំងមូល៖ «..ប សម្រេច​ហ្នុង​ដូចវា​មិនអាច​សម្របសម្រួលបាន​ល្មមៗ គឺគាត់​សម្រេច​ដាច់​អហង្ការ​ពេក ដូចជា​ដាក់សម្ពាធ​ទៅលើ​គណបក្ស​នយោបាយ​ច្រើនពេក។ គាត់ធ្វើការ​ហ្នុង វាអត់ដូច គ..ប ពីជំនាន់​អាណត្តិមុនទេ។ អាណត្តិនេះ ការរឹតបន្តឹង​ខ្លាំង​មិនថាតែ គ..ប ទេ គឺតាំងពី​សកម្មភាព​ហ្នុង​កើតឡើង​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើង។ ថ្នាក់មូលដ្ឋាន​ក៏មាន​ច្រើនដែរ​សម្រាប់ គណបក្ស​ថ្មី»

លោក សម គន្ធាមី យល់ថា ជាជាង​ការលុបឈ្មោះ​បេក្ខជន និង​លុបបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំសង្កាត់​មួយចំនួន​ទាំងស្រុង គ.ជ.ប គួរតែ​ជ្រើសរើស​យកវិធីបែប​សម្របសម្រួល​ដោយ​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ដែល​មាន​បញ្ហា​ឆ្គាំឆ្គង​ដូរដាក់​បេក្ខជន​ថ្មី​ជំនួស​វិញ៖ «វិធីដែល​ល្អ គ..ប ត្រូវតែ​ទុកលទ្ធភាព​អ្វីដែល​ខុសឆ្គង​ដោយ​ឱ្យ​គណបក្ស​ហ្នុង​គេកែតម្រូវវិញ។ ដូចថា​មានបញ្ហា​ត្រង់ណា ដូចថា​បេក្ខជន​មិនចេះ​អក្សរ អាច​ដូចបេក្ខជនបាន មិនចេះអក្សរ មិនចេះអាន​អី​សព្វបែបយ៉ាង ឬក៏ថា បេក្ខជន​ហ្នុង​អត់ស្ម័គ្រចិត្ត​ទេ គេយកឈ្មោះ​មកដាក់ អញ្ចឹង ដូរឈ្មោះ ឬរៀបចំ​ដកចេញ គឺមិនបាច់​លុបឈ្មោះ​ទាំងស្រុង​មួយ​សង្កាត់អី​ដូច្នេះទេ»

អ្នកនាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់​ប្រាប់ វិទ្យុអាស៊ីសេរី កាលពី​យប់​ថ្ងៃទី១០ ខែមេសាថា គិតរហូតមក​ទល់​ពេល​នេះ តួលេខ​ចុងក្រោយ​បង្ហាញ​ថា គ.ជ.ប បាន​លុបឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំសង្កាត់​របស់​គណបក្ស​ភ្លើងទៀន​សរុបចំនួន ៨៦នាក់ និង​លុបបញ្ជីឈ្មោះ​បេក្ខជន​របស់​គណបក្ស​នយោបាយ​​សរុបចំនួន ១៣បញ្ជី នៅទូទាំងខេត្តក្រុង៖ «លុបឈ្មោះចោល​សរុប ៨៦នាក់ ហើយ​៨៦នាក់​នេះ មកពី​គណបក្ស​ភ្លើងទៀន។ លុបបញ្ជី​ចំនួន ១៣ គឺក្នុងនោះ​មកពី​គណបក្ស​ភ្លើងទៀន​ចំនួន១១ មកពី​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ចំនួន១ ហើយនឹង​គណបក្ស​ឆន្ទៈខ្មែរ​ចំនួន១...។ មិនមាន​តួលេខ​បូកសរុប​ជាមួយ​បញ្ជីទេ។ បញ្ជី​គឺដឹងតែ១៣ ហើយ​តួលេខ​បេក្ខជន​គឺ៨៦នាក់»

លោក ហង្ស ពុទ្ធា ឱ្យ​ដឹងថា ការសម្រេច​លុបឈ្មោះ និង​លុប​បញ្ជីឈ្មោះ​បេក្ខជន​នេះ ជា​ការសម្រេច​ផ្លូវការ​បិទផ្លូវតវ៉ា។ លោក​បញ្ជាក់ថា គ.ជ.ប បាន​បិទបញ្ចប់​ដំណើរ​ការ​​ពិនិត្យ​មើល​បញ្ជីឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​នេះ ១០០% ហើយ។ លោកថា ផ្អែកលើលទ្ធផល​បណ្តោះ​អាសន្ន​ចុងក្រោយ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ទេ​ដែល​ដាក់បេក្ខជន​នៅទូទាំងប្រទេស​ក្នុង​ឃុំសង្កាត់​សរុប​ចំនួន ១៦៥២ ឃុំសង្កាត់ ខណៈ​គណបក្ស​ភ្លើងទៀន​ឈរ​នៅលំដាប់​ទីពីរ មានបេក្ខជន​​ឈរឈ្មោះ​នៅ​ឃុំសង្កាត់​សរុបចំនួន ១៦២៣ ឃុំសង្កាត់​នៅទូទាំងប្រទេស។ បើតាម​លោក ហង្ស ពុទ្ធា ពន្យល់ថា គ.ជ.ប សម្រេច​លុបឈ្មោះ​បញ្ជី​គណបក្សនេះ គឺដោយសារតែ​ គ.ជ.ប រកឃើញ​មានភាព​មិនប្រក្រតី​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ជីឈ្មោះ​បេក្ខជន​របស់​គណបក្ស​នយោបាយ​ទាំងនោះ៖ «ពាក់ព័ន្ធនឹង​ការលុបបញ្ជី គឺដោយសារ​តែ​បញ្ជីហ្នុង​គ្មាន​គុណភាព​ដោយផ្អែកទៅលើ​គណបក្ស​លោកជ្រោមជ្រែង​អ្នកដែលមិន​ចេះអក្សរ​ឱ្យ​ចូលក្នុង​បញ្ជី​ហ្នុងដែរ។ អញ្ចឹងបើសិនជា​ការខុស​ឆ្គង​តាមបែប​បុគ្គល បុគ្គល​ជាអ្នកដាក់​គឺលុបតែ​ឈ្មោះទេ។ ប៉ុន្តែ ដោយសារ​តែ​គណបក្ស​ជាអ្នកដាក់ គណបក្ស​លោកដឹង​ពី​ច្បាប់​ទម្លាប់​ដែរហើយ អញ្ចឹង​លោកនៅ​តែ​ចាត់ចែង​ដាក់ ហើយ​បញ្ជីមួយ​ចំនួន​គឺ​ដាក់ឈ្មោះ​សាម៉ីខ្លួន​ដែល​គាត់អត់ទាំងដឹងផង ហើយ​សាម៉ីខ្លួន​ក៏ប្តឹងលុប​ប្តឹងអីទៀត។ អញ្ចឹង​វា​ប៉ះពាល់​ដល់​បញ្ជី​គឺ​លុប​ទាំងបញ្ជី»

ក្រៅពី​លុបឈ្មោះ​បេក្ខជន​គណបក្ស​ភ្លើងទៀន​សរុបចំនួន ៨៦នាក់ គ.ជ.ប បាន​លុប​បញ្ជី​បេក្ខជន​សរុប​ចំនួន ១៣បញ្ជី​នៅ​តាម​ឃុំសង្កាត់​មួយចំនួន​ភាគច្រើននៅ​រាជធានីភ្នំពេញ មកពី​របស់​គណបក្ស​នយោបាយ​ចំនួន ៣គណបក្ស គឺគណបក្ស​ភ្លើងទៀន គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ និង​គណបក្សឆន្ទៈខ្មែរ ដែល​ស្មើនឹង​បេក្ខជន​ចំនួន ១១៥រូប។ តួលេខនេះ​ធ្វើឱ្យការលុបឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សរុប​កើនដល់​ជាង ២០០នាក់។ បើតាម​គណបក្ស​ភ្លើងទៀន បញ្ជីទាំង១១​របស់​គណបក្សនេះ​ដែល​ត្រូវ គ.ជ.ប លុបចោល​ទាំងស្រុង​មាននៅ​ភ្នំពេញ​ចំនួន ៨សង្កាត់ រួមមាន​សង្កាត់​ទួលស្វាយព្រៃ១ សង្កាត់​មនោរម្យ សង្កាត់​ផ្សារដើមគ សង្កាត់​ព្រែកលៀប សង្កាត់​ក្បាលកោះ សង្កាត់អូរឬស្សីទី១ អូរឬស្សីទី៣ សង្កាត់ផ្សារដេប៉ូទី១ នៅខេត្តកំពង់ចាម​មាន ២សង្កាត់ គឺសង្កាត់​កំពង់ចាម និង​សង្កាត់បឹងកុក និងនៅខេត្តពោធិ៍សាត់​ចំនួន ១ឃុំ គឺនៅឃុំកណ្តៀង។ ដោយឡែក​សម្រាប់​គណបក្ស​ឆន្ទៈខ្មែរ គឺលុប​បញ្ជី​ចំនួន១​នៅសង្កាត់ផ្សារធំថ្មីទី៣ ខណៈគណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ក៏ត្រូវ គ.ជ.ប លុបបញ្ជីចំនួន១ នៅសង្កាត់​វាលវង់។

គ.ជ.ប អះអាង​ថា ការសម្រេចលុប​ឈ្មោះ និង​លុបបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំងនេះ គឺដោយសារតែ​មាន​ភាពមិនប្រក្រតីមួយចំនួន​ដូចជា ករណី​ក្លែងបន្លំ​លក្ខខណ្ឌ​បេក្ខជន ឯកសារជីវប្រវត្តិ ឬការកែ្លងបន្លំ​ស្នាមមេដៃ ជាដើម។ កាលបរិច្ឆទ​ចុងក្រោយ​ដែល គ.ជ.ប បិទបញ្ចប់​ការបិទផ្សាយ​បញ្ជីបេក្ខជន​ផ្លូវការ​នៅ​តាម​គណៈកម្មការ​ឃុំសង្កាត់​រៀបចំ​ការបោះឆ្នោត គឺនៅថ្ងៃទី២៤ ខែមេសា។ ការឃោសនា​​សម្រាប់​ការបោះឆ្នោតឃុំសង្កាត់​អាណត្តិទី៥នេះ នឹង​ប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ គឺចាប់ពី​ថ្ងៃទី២១ ខែឧសភា រហូតដល់ ថ្ងៃទី៣ ខែមិថុនា។ ការបោះឆ្នោត​នឹងប្រព្រឹត្តទៅ​នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ខាងមុខ។

គ.ជ.ប រងការរិះគន់​ថា ខ្វះឯករាជ្យ ពុំ​អព្យាក្រឹត្យ និង​ជា​ឧបករណ៍​ចាំប្រថាប់ត្រា​ឱ្យ​គណបក្ស​កាន់អំណាច ដោយសារ​តែ​សមាជិក​ជាន់ខ្ពស់ រហូត​ដល់​សមាជិក​ថ្នាក់កណ្តាល​របស់​ស្ថាប័ននេះ ភាគច្រើន​សុទ្ធតែ​ជាមន្ត្រី​តែងតាំង​ដោយ​បក្ស​កាន់អំណាច ខណៈ​ពុំមាន​តំណាងមក​ពី​គណបក្ស​នយោបាយ​ដទៃទៀត ឬ​អង្គការ​សង្គមស៊ីវិលឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មេដឹកនាំ​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិ​មនុស្ស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។