មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគយល់ឃើញស្រដៀងគ្នាថា វត្តមាន លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នឹងជំរុញឱ្យរបបក្រុងភ្នំពេញបែរមកគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ។ ការលើកឡើងបែបនេះ បន្ទាប់ពីព្រឹទ្ធសភាអាមេរិកទើបតែបានអនុម័តឱ្យ លោក ប៉ាទ្រីក ម័រហ្វី ក្លាយជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងរងការរិះគន់ថា កំពុងរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យ។
មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគ ផ្ដល់ក្តីសង្ឃឹមលើលោក ប៉ាទ្រីក ម័រហ្វី ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជានេះ ព្រោះសង្កេតឃើញថា លោកជាបុគ្គលម្នាក់ ដែលយល់ដឹងជ្រៅជ្រះពីកិច្ចការនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរឿងចាំបាច់មួយទៀតនោះ គឺស្ថានភាពនយោបាយនៅកម្ពុជាសព្វថ្ងៃ ដែលរបបក្រុងភ្នំពេញចង់ជជែកជាមួយតំណាងផ្លូវការរបសសហរដ្ឋអាមេរិក ដែលជាឯកអគ្គរដ្ឋទូតថ្មីនេះឯង។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ព្រោះរងការធ្វើទុក្ខបុកម្នេញពីរបបក្រុងភ្នំពេញនិយាយថា លោកឯកអគ្គរដ្ឋទូតថ្មីរូបនេះ មានការយល់ថា ដឹងច្រើនអំពីកិច្ចការនយោបាយ និងយោធានៅតំបន់អាស៊ីអាគ្នេយ៍។ លោកយល់ថា លោក ប៉ាទ្រីក ម័រហ្វី បានយល់ដឹងពីស្ថានការណ៍កម្ពុជាច្រើនមកហើយ ហើយទំនងជាបានត្រៀមខ្លួនដោះស្រាយបញ្ហាទាំងនេះ ក្នុងនាមជាតំណាងឱ្យប្រទេសមហាអំណាចប្រចាំកម្ពុជា។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ជឿជាក់ថា លោក ប៉ាទ្រីក ម័រហ្វី នឹងជំរុញឱ្យរបបក្រុងភ្នំពេញងាកមកការចរចា ដើម្បីស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ៖ «គាត់មានបទពិសោធន៍កិច្ចការបរទេសជាច្រើននៅអាស៊ីប៉ាស៊ីហ្វិចជាពិសេសអាស៊ីប៉ែកអាគ្នេយ៍យើងតែម្ដងទី២ គាត់មានបទពិសោធន៍ការងារ និងមានការសិក្សាកិច្ចការបរទេសដូច្នេះគាត់មានភាពម៉ត់ចត់នៅក្នុងការទទួលខុសត្រូវក្នុងមុខនាទីជា ឯកអគ្គរដ្ឋតំណាងឱ្យប្រទេសមហាអំណាចមួយ»។
ព្រឹទ្ធសភាអាមេរិកបានអនុម័តយល់ព្រមតែងតាំងលោក ប៉ាទ្រីក ម័រហ្វី ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី១ ខែសីហា។ ការអនុម័តនេះ ក្រោយពីតំណែងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅទំនេរជាងកន្លះឆ្នាំ ក្រោយពីឯកអគ្គរដ្ឋទូតចាស់ លោក វីល្លៀម ហៃដ៍ (William Heidt) បានចប់អាណត្តិ កាលពីចុងឆ្នាំ២០១៨ កន្លងទៅ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (TI Cambodia) លោក ព្រាប កុល សរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកធ្លាប់បានជួបសន្ទនាជាមួយលោក ប៉ាទ្រីក ម័រហ្វី ពីរដងកន្លងមកហើយ ក្នុងពេលមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះ ទទួលបន្ទុកការងារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកកត់សម្គាល់ថា មន្ត្រីការទូតអាមេរិករូបនេះ ជាបុគ្គលនិយាយស្តីម៉ឺងម៉ាត់ និងមានលក្ខណ:ផ្ដោតលើការងារសាច់ការ (serious)។
ការតែងតាំងលោក ប៉ាទ្រីក ម័រហ្វី ជាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកនេះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកំពុងស្ថិតនៅក្នុងភាពល្អក់កករ និងរកាំរកូសខ្លាំង ក្រោយរបបក្រុងភ្នំពេញបានរម្លាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយងាកទៅឱបក្រសោបមហាយក្សចិនកាន់តែខ្លាំង។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា ការតែងតាំងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកនៅកម្ពុជា ក្នុងពេលនេះជាការបង្ហាញថា សហរដ្ឋអាមេរិកមិនបោះបង់ចោលកម្ពុជា និងចង់ធ្វើការងារជាមួយកម្ពុជាដដែល។ លោកយល់ថា ឯកអគ្គរដ្ឋទូតថ្មីរូបនេះ នឹងមានឥទ្ធិពល ទប់ស្កាត់លទ្ធិកុម្មុយនិស្តដែលកំពុងរីករាលដាលក្នុងសង្គមកម្ពុជា ព្រោះការបើកដៃពីរបបក្រុងភ្នំពេញ៖ «អ្វីដែលសហរដ្ឋអាមេរិកចង់បង្ហាញជំហរតាមរយៈឯកអគ្គរដ្ឋទូតថ្មីហ្នឹង គឺការខិតខំប្រឹងប្រែងជួយ ជ្រោមជ្រែងកម្ពុជាតាមបំណងប្រាថ្នាពលរដ្ឋប្រទេសកម្ពុជា»។
មុនពេល ទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត លោក ប៉ាទ្រីក ម័រហ្វី គឺជាឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះ មានការយល់ដឹង ខ្ពស់ពីបញ្ហានយោបាយនៃបណ្ដាប្រទេសក្បែរខាងកម្ពុជា និងនយោបាយនៅកម្ពុជា ជាច្រើនឆ្នាំមកហើយ។ លោកបានបម្រើការងារជាអនុប្រធានបេសកកម្ម និងជាភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ និងប្រចាំប្រទេសប្រទេសឡឺសូតូ (Lesotho) ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។
ក្រៅពីនេះ លោកធ្លាប់បម្រើការងារជាតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសមីយ៉ាន់ម៉ា ឬភូមា ជានាយក ឬនាយករងនៃការិយាល័យអាស៊ីអាគ្នេយ៍ដីគោក ជាទីប្រឹក្សានយោបាយសម្រាប់ក្រុមការងារប្រទេសហៃទី និងជាមន្ត្រីទទួលបន្ទុកកិច្ចការប្រទេសភូមា និងឡាវ។ ចាប់តាំងពីលោកបានចូលបម្រើការងារឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩២ មក លោកបានបំពេញបេសកកម្មការងារការទូតជាច្រើននៅប្រទេសភូមា ចិន អ៊ីរ៉ាក់ ហ្គីណេ និងម៉ាលី។ លោក ប៉ាទ្រីក ម័រហ្វី ក៏ធ្លាប់ចូលរួមបម្រើការងារជាច្រើនស្ថាប័នផ្សេងទៀតរបស់អាមេរិក និងស្ថាប័នអន្តរជាតិមួយចំនួនទៀតដែរ។ ក្រៅពីភាសាអង់គ្លេសដែលជាភាសាកំណើត លោកចេះនិយាយភាសាបារាំង អេស្ប៉ាញ ចិន និងភូមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។