តំណាងគណបក្សទាំងពីរ នឹងជួបគ្នាដើម្បីចរចាបន្តទៀត ដើម្បីទម្លុះភាពទាល់ច្រកនយោបាយ ក្រោយពីការបោះឆ្នោតនីតិកាលទី៥ រហូតមកទល់ពេលនេះ អស់រយៈពេលជាងបីខែមកហើយនោះ។
ការជួបគ្នាចរចាបន្តរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានពន្យារពេលរហូតដល់សប្ដាហ៍ក្រោយ នឹងជួបគ្នាពិភាក្សាបន្តជាថ្មីទៀត ដើម្បីរកដំណោះស្រាយនយោបាយរួម រវាងគណបក្សទាំងពីរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាប្រធានក្រុមដឹកនាំការចរចាតំណាងឲ្យគណបក្សប្រជាជនកម្ពុជា នោះ បានឲ្យដឹងនៅថ្ងៃទី៦ វិច្ឆិកា ថា ការចរចានឹងពន្យារពេលដល់សប្ដាហ៍ក្រោយ ដោយសារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាប់រវល់ក្នុងភារកិច្ចរបស់ខ្លួននៅក្នុងស្ថាប័នរដ្ឋាភិបាល។ តែការកំណត់ថ្ងៃណាមួយពិតប្រាកដនោះ លោកបញ្ជាក់ថា គណបក្សទាំងពីរមិនទាន់ជួបគ្នាកំណត់កាលបរិច្ឆេទនៅឡើយ៖ «គណបក្សប្រជាជនកម្ពុជា នៅតែខិតខំខិតខំឲ្យមានការចរចា និងធ្វើជាជំនួយឲ្យមានជំនួបកំពូលនៃគណបក្សទាំងពីរ»។
លោក ព្រំ សុខា បញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យមានការជួបគ្នាចរចាបន្តទៀត ដើម្បីឲ្យរកដំណោះស្រាយនយោបាយសមស្របនៅពេលខាងមុខ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លទ្ធផលនៃការចរចាកាលពីថ្ងៃទី៥ វិច្ឆិកា នោះ ខាងក្រុមបច្ចេកទេសចរចាបានបញ្ជូនទៅថ្នាក់លើរួចហើយ។ លោកបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សនឹងធ្វើការសម្រេចចិត្តអំពីបញ្ហានេះនៅពេលក្រោយ៖ «តាមធម្មតា ត្រូវតែជួបគ្នា ត្រូវតែដោះស្រាយ ដើម្បីរកដំណោះស្រាយ មិនត្រូវជាប់គាំងយូរអ៊ីចឹងទេ ប៉ុន្តែ លទ្ធផលយ៉ាងណានោះ ចាំមើលបន្តទៀត»។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី៥ វិច្ឆិកា បន្ទាប់ពីការចរចាភ្លាមៗថា ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បានបរាជ័យ ដោយសារភាគីគណបក្សប្រជាជនកម្ពុជា នៅតែបដិសេធមិនទទួលយកនូវការស្រាវជ្រាវស្វែងរកការពិតភាពមិនប្រក្រតី ដែលកើតមានក្នុងការបោះឆ្នោតនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។
គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ស្មារតីទទួលខុសត្រូវលើបញ្ហាជាអាយុជីវិតជាតិ។ ដូច្នេះ ការស្រាវជ្រាវរកការពិតពីការបោះឆ្នោត ជាករណីចាំបាច់ដែលខានពុំបាន មុននឹងមានកិច្ចព្រមព្រៀងរកដំណោះស្រាយនយោបាយណាមួយ ដែលអាចចេញជារូបរាងបាន ដោយស្នើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់នូវភាពចាំបាច់នេះ។
ទោះបីជាមិនទាន់ទទួលលទ្ធផលជាវិជ្ជមានក្ដី ក៏គណបក្សសង្គ្រោះជាតិ ស្នើឲ្យបន្តជួបចរចាគ្នាតទៅទៀត តាមគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហារបស់ជាតិឲ្យបានជោគជ័យ។
គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបចរចារកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ភាពជាប់គាំងនេះចំនួនបីលើកមកហើយ ប៉ុន្តែបញ្ហាសំខាន់ដែលនៅតែមិនទាន់រកចំណុចរួមឃើញនោះ ដោយសារតែគណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យស៊ើបអង្កេតភាពមិនប្រក្រតីធ្ងន់ធ្ងរនៃការបោះឆ្នោត កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៣ និងករណីមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។