ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា ឲ្យដឹងថា ការផ្សះផ្សាជាតិមានតែព្រះមហាក្សត្រទេ ដែលព្រះអង្គមានសក្ដានុពលក្នុងការបំពេញព្រះរាជតួនាទីនេះបានជោគជ័យ។
ប្រធានគណៈកម្មាធិការនេះ និងជាប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ស៊ីអិនរ៉ូ (CNRO) លោកបណ្ឌិត ហ៊ាង ឫទ្ធី។ លោកមានប្រសាសន៍នៅថ្ងៃទី៦ ខែមិថុនា ថា ការសម្រុះសម្រួលទៅរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញនោះ គឺមានតែព្រះមហាក្សត្រមួយព្រះអង្គទេ ទើបមានលទ្ធភាព។
លោក ហ៊ាង ឫទ្ធី មានប្រសាសន៍បន្ថែមថា កន្លងមកអតីតព្រះមហាក្សត្រព្រះអង្គបានព្រះរាជទានលះបង់ព្រះកាយពលរបស់ព្រះអង្គធ្វើឲ្យអ្នកនយោបាយឯកភាពចុះសម្រុងធ្វើការងារបម្រើជាតិបានយ៉ាងល្អ។ ដូច្នេះវិបត្តិលើកនេះ លោកជឿថា អ្នកនយោបាយនឹងសម្រួលគ្នាបាន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកលនៅពេលខាងមុខបានយ៉ាងល្អ។
ទោះយ៉ាងណា អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រសុំព្រះអង្គព្រះរាជានុញ្ញាតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឲ្យប្រធានបក្សជំទាស់ លោក សម រង្ស៊ី ចូលស្រុកវិញនោះ វាជារឿងផ្ទុយនឹងច្បាប់។
លោក ផៃ ស៊ីផាន ពន្យល់ថា បើនិយាយតាមប្រព័ន្ធច្បាប់ បើតុលាការកាត់ក្ដីលោក សម រង្ស៊ី ឲ្យជាប់គុក បើសិនការកាត់ក្ដីនេះមិនស្របតាមគតិយុត្តិនោះទេ ស្ថាប័ននេះមានក្រុមប្រឹក្សាវិន័យចាំឃ្លាំមើល ប្រសិនបើតុលាការអនុវត្តមិនត្រឹមត្រូវ ក្រុមប្រឹក្សាវិន័យនេះគេនឹងដាក់ពិន័យចំពោះចៅក្រមមណាដែលធ្វើការធ្វេសប្រហែស។
លោក ផៃ ស៊ីផាន ពន្យល់បន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានសិទ្ធិចូលសម្របសម្រួលក្នុងករណីលោក សម រង្ស៊ី នោះទេ ហើយក្រៅពីស្ថាប័នតុលាការក៏មិនមានស្ថាប័នណាមានសិទ្ធិចូលជ្រៀតជ្រែកក្នុងកិច្ចការតុលាការឡើយ ព្រោះអំណាចទាំងបីគឺនីតិប្បញ្ញត្តិ នីប្រតិបត្តិ និងតុលាការ មានអំណាចឯករាជ្យរៀងៗខ្លួន។
កាលពីអាណត្តិបោះឆ្នោតមុនៗ ប្រធាននៃបក្សជំទាស់ លោក សម រង្ស៊ី ក៏ធ្លាប់មានរឿងរ៉ាវរហូតភៀសខ្លួនចោលស្រុកទៅនៅឯក្រៅប្រទេសដូច្នេះដែរ ប៉ុន្តែលុះពេលរដូវកាលបោះឆ្នោតខិតចូលកាន់តែកៀក ក៏ត្រូវគេសម្របសម្រួលចូលស្រុកវិញ ដើម្បីប្រកួតប្រជែងបោះឆ្នោត ក្រោមកិច្ចព្រះរាជអន្តរាគមន៍ពីអតីតព្រះមហាក្សត្រ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ប៉ុន្តែលើកនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ជម្លោះលោក សម រង្ស៊ី ជាមួយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នឹងត្រូវបានដោះស្រាយបញ្ចប់នៅមុនការបោះឆ្នោត នៅខែកក្កដា នោះ ឬក៏យ៉ាងណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
