មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​បង្ក​បរិយាកាស​ល្អ​ដល់​គ្រប់​បក្ស​នយោបាយ​​ឃោសនា​រក​សំឡេងឆ្នោត​ពេល​ខាង​មុខ

ដោយ សេក បណ្ឌិត
2022.05.13
Share on WhatsApp
Share on WhatsApp
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​បង្ក​បរិយាកាស​ល្អ​ដល់​គ្រប់​បក្ស​នយោបាយ​​ឃោសនា​រក​សំឡេងឆ្នោត​ពេល​ខាង​មុខ ប្រធាន​គ.ជ.ប​ លោក ប្រាជ្ញ ចន្ទ។
Photo Courtesy

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (..) និង​អាជ្ញាធរ​បង្ក​បរិយាកាស​ល្អ​ដល់​គ្រប់​គណបក្ស​នយោបាយ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ខាងមុខ​នេះ​។ ឆ្លើយតប​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​ គ..ប អះអាង​ថា គ..ប​បាន​រៀបចំ​រួច​ហើយ ដើម្បី​ឲ្យ​ឃោសនា​នេះ​ដំណើរ​បាន​ល្អ និង​គ្មាន​ជម្លោះ។

អ្នកឃ្លាំមើល​ការបោះឆ្នោត​លើកឡើង​ថា ការ​ឃោសនា​រក​សំឡេងឆ្នោត​គឺជា​ផ្នែក​សំខាន់​មួយ​ដែល​អាច​គណបក្ស​នយោបាយ​កើន​ប្រជាប្រិយភាព ប៉ុន្តែ​ពួកគេ​ជំរុញ​ឲ្យ​ការ​ធ្វើ​សកម្មភាព​នេះ​គោរព​ច្បាប់ ហើយ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ឃោសនា​ក៏​ត្រូវ​មានការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើង​ថា តួអង្គ​សំខាន់​ពីរ​ក្នុង​ការជំរុញ​ឲ្យ​ការឃោសនា​រក​សំឡេងឆ្នោត​មាន​បរិយាកាស​ល្អ គឺ​អាជ្ញាធរ​មូលដ្ឋាន និង គ..ប។ លោក​ក៏​មិន​ចង់​ឃើញ​មន្ត្រីរាជការ​លួច​ពេលវេលា និង​ធនធាន​របស់​រដ្ឋ​ទៅ​បម្រើ​ការឃោសនា​ដែរ។ អ្នកឃ្លាំមើល​ការបោះឆ្នោត​រូប​នេះ​ជំរុញ​ទៅ​សកម្មជន​នយោបាយ​ដែល​ចូលរួម​ឃោសនា គួរ​ព្យាយាម​លើក​ពី​គោលការណ៍​នយោបាយ​នៃ​បក្ស​របស់​ខ្លួន នឹង​ត្រូវ​ជៀសវាង​ការវាយប្រហារ​លើ​បុគ្គល ព្រោះ​បញ្ហា​នេះ​បង្ក​ឲ្យ​មាន​ជម្លោះ​កើតឡើង​៖ «អ៊ីចឹង​ការ​សម្របសម្រួល ការពិនិត្យ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ក្នុង​ចូលរួម​នេះ​ គឺ​ជា​រឿង​មួយ​ដ៏​សំខាន់ សម្រាប់​ស្ថាប័ន​គ..ប ដើម្បី​ពង្រឹង​ការ​ជឿទុកចិត្ត​គ្រប់​គណបក្ស​នយោបាយ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ចង់​ឃើញ​មន្ត្រីរាជការ​ជាពិសេស​កម្លាំងប្រដាប់អាវុធ រក្សា​មានការ​រក្សា​អព្យាក្រឹត្យ។ លោក ស៊ឹង សែនករុណា ក៏​ចង់​ឃើញ​មានការ​កំណត់​ធនធាន​ថវិកា​នៃ​ឃោសនា​នេះ​កុំ​ឲ្យ​មាន​ការ​ចាយ​លុយ​លើ​យុទ្ធនាការ​នេះ​ខុសគ្នា​ឆ្ងាយ​ពេក៖ «ជា​រឿង​ធម្មតា​ទេ យើង​មាន​វិសាលភាព​ធំ យើង​ប្រើប្រាស់​លុយ​ធំ​ហើយ ក៏​ប៉ុន្តែ ក្នុង​ពេល​យើង​ឃើញ​មាន​ការ​ប្រើប្រាស់​ធនធាន​ថវិកា​ទីតាំង​ប្រកួត​ប្រកួតប្រជែង​ហាក់បីដូច​លុប​ទៅ​លើ​អ្នក​ដែល​គាត់​អត់​មាន​ធនធាន ហើយ​មិន​មានឱកាស​ក្នុង​ការ​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន​ឲ្យ​គ្រប់គ្រាន់ និង​ស្មើភាព​គ្នា»

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​បែបនេះ​ខណៈ​មួយ​សប្ដាហ៍​ទៀត នឹង​ឈាន​ដល់​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​។ ទន្ទឹមគ្នា​នោះ​ដែរ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លើកឡើង​ថា មាន​គណបក្ស​នយោបាយ​ខ្លះ​បំប៉ោង​ស្ថានភាព​ពិត​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធផល​បោះឆ្នោត។

អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ចោទ​ប្រកាន់​ថា នា​រដូវ​កាល​យុទ្ធនាការ​បោះឆ្នោត​នេះ គណបក្ស​នយោបាយ​ដែល​តាំងខ្លួន​ជា​អ្នកប្រឆាំង តែង​ប្រឌិត​ព័ត៌មាន​ថា មាន​បរិយាកាស​ចង្អៀត​ចង្អល់ ការ​រឹតត្បិត​សេរីភាព​និង​សកម្មភាព​នយោបាយ​ដើម្បី​ត្រៀម​ដាក់​ទម្ងន់ លើ​ការចោទប្រកាន់ ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាងមុខ។

ទោះ​យ៉ាង​មន្ត្រី​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា លើកឡើង​ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​ខាងមុខ មានការ​ទទួលស្គាល់​ថា ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ទាមទារ​ឲ្យ បើក​លំហ​សេរីភាព​នយោបាយ ការគោរព​សិទ្ធិមនុស្ស ការ​កែប្រែ​ច្បាប់បោះឆ្នោត និង​ក្បាលម៉ាស៊ីន គ..ប​ ជាដើម។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ពេល​នេះ គ..ប​បាន​បណ្ដុះបណ្ដាល​មន្ត្រី​បោះឆ្នោត និង​ផ្សព្វផ្សាយ​ពី​ក្រម​សិលធម៌​ដល់​សាធារណជន ដើម្បី​ឲ្យ​ការឃោសនា​នោះ​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ភាព​ចាស់​ទុំ។

លោក ហង្ស ពុទ្ធា អំពាវនាវ​អាជ្ញាធរ​មូលដ្ឋាន បង្ក​ភាព​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​ដែល​គ្រោង​ធ្វើ​ឃោសនា​នា​ពេល​ខាងមុខ​។ ដោយឡែក​ចំពោះ​ការ​លើកឡើង​ពី​ការកំណត់​ថវិកា​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ឃោសនា លោក​ថា គ..ប មិន​អាច​បង្គាប់​បញ្ជា​ទៅ​គណបក្ស​នយោបាយ​បាន​ទេ ព្រោះ​គ្មាន​ច្បាប់​ចែង។ លោក​បន្ត​ថា បើសិន អង្គការ​សង្គម​ស៊ីវិល​ចង់ ចង់​ឲ្យ​មាន​ការ​កែប្រែ​ចំណុច​នេះ ពួកគេ​អាច​ដាក់​សំណើ​ជា​លាយលក្ខណ៍អក្សរ​ដើម្បី​ឲ្យ​ គ..ប​ ធ្វើ​ការ​ពិចារណា៖ «បាទ​ខ្ញុំ​លើកឡើង​ពី​ការ​អំពាវនាវ​ជូន​អាជ្ញាធរ​ព្រមទាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ធ្វើ​យ៉ាងណា​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ទៅ​បោះឆ្នោត​ផង ហើយ​បង្ក​ភាព​ងាយស្រួល​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​ផ្លូវ​ការ​ដាក់​បេក្ខភាព​របស់​ខ្លួន​ហើយ​ធ្វើ​សកម្មភាព​ប្រកបដោយ​សុខ​សន្តិភាព និង​មាន​សណ្ដាប់ធ្នាប់​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត»

យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​១៧ ​ដែល​ចូលរួម​ការបោះឆ្នោត​ខាងមុខ មាន​រយៈ​ ១៤​ថ្ងៃ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ​ខែឧសភា ដល់​ថ្ងៃទី​៣ ខែ​មិថុនា​ខាងមុខ។ ច្បាប់​បោះឆ្នោត​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ទាំង​ទ្រង់ទ្រាយ​ធំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ចាប់​ផ្ដើម និង​ថ្ងៃ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល