អ្នកការពារបរិស្ថាន និងសង្គមស៊ីវិល លើកឡើងថាគម្រោងសាងសង់ព្រះលានយន្តហោះតារាសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុនយូឌីជី (UDG) មិនមែនជាគោលដៅលើកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជានោះទេ។ ការឡើងនេះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន កាលពីថ្ងៃទី៣០ តុលា ជំរុញឱ្យក្រុមហ៊ុនវិស្សមកាលតារាសាគរ នៅខេត្តកោះកុងរបស់រដ្ឋចិនជួយពន្លឿនការសាងសង់ព្រះលានតារាសាគរឱ្យបានឆាប់ ដើម្បីបើកជើងហោះហើរក្នុងស្រុក តំបន់ និងអន្តរជាតិនៅដើមឆ្នាំក្រោយ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ស្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ វិច្ឆិកាថា គ្រោងសាងសង់ព្រះលានយន្តហោះតារាសាគរ ខេត្តកោះកុងរបស់ក្រុមហ៊ុនយូឌីជី អាចជារូបភាពបោកបញ្ឆោតពលរដ្ឋខ្មែរ ដែលមិនមែនជាគោលដៅលើកកម្ពស់ជីវភាពពលរដ្ឋ និងអភិវឌ្ឍវិស័យទេសចរណ៍ទេ។ លោកបន្តថាកន្លងមកក្រុមហ៊ុនមួយនេះ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយសារការឃុបឃិតជាមួយអាជ្ញាធរ ដូចជាការប្រើកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការគំរាមកំហែងពលរដ្ឋដេញចេញពីលំនៅឋានដោយបង្ខិតបង្ខំជាដើម។ ទន្ទឹមនឹងនេះផលប៉ះពាល់បរិស្ថានវិញ លោកថាក្រុមហ៊ុនបានកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលដែលធ្វើឱ្យឧទ្យានជាតិបុទុមសាគរបាត់បង់សត្វព្រៃ និងធនធានធម្មជាតិជាច្រើនដែរ។
លោក អាឡិច បន្តថា មានចំណុចជាច្រើនដែលធ្វើឱ្យលោកកាន់តែសង្ស័យថា គម្រោងព្រះលានយន្តហោះតារាសាគររបស់ក្រុមហ៊ុនយូឌីជី (UDG) ជាប់ពាក់ព័ន្ធវត្តមានកងទ័ពចិននៅកម្ពុជា និងផែនការលាងលុយកង្វក់របស់ឈ្មួញ និងអ្នកមានអំណាច ក្រោមស្លាកអភិវឌ្ឍវិស័យទេសចរណ៍ ពីព្រោះក្រុមហ៊ុនបានលាក់បាំងព័ត៌មានដោយពន្លឿនការសាងសង់ព្រះលានយន្តហោះក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ហើយស្ថានភាពភូមិសាស្ត្រខេត្តកោះកុង ដែលមានភ្ញៀវទេសចរណ៍មុនពេលជំងឺកូវីដតិចតួច និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់បែបនេះ តើអាចក្លាយជាគោលដៅទេសចរណ៍ទៅរួចទេ?។ លោកក៏ស្នើឱ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានអំពីគ្រោងវាយតម្លៃផលប៉ះពាល់បរិស្ថានជាសាធារណៈដែរ៖ « មិនដូចគម្រោងផ្សេងៗទេ គឺលួចលាក់ព័ត៌មានសឹងតែទាំងអស់ កុងត្រា កិច្ចសន្យា រដ្ឋាភិបាលបានចំណូលប៉ុន្មានមានលក្ខខណ្ឌអ្វីខ្វះ គឺយើងអត់ដឹងទាំងអស់ ជាក្រុមហ៊ុនគួរឱ្យសង្ស័យណាស់ ហើយបើយើងបូកជាមួយនឹងអ្វីដែលស្រាវជ្រាវឃើញ រដ្ឋាភិបាលបរទេសនិយាយរឹតតែសង្ស័យថា អាចពាក់ព័ន្ធជាមួយវិស័យយោធាច្រើនជាងវិស័យទេសចរណ៍ ពីព្រោះវិស័យទេសចរណ៍អត់មានក្បាលអត់មានកន្ទុយទេ » ។
ប្រតិកម្មនេះធ្វើឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន កាលពីថ្ងៃទី៣០ តុលា បានជួបជាមួយតំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ នៅខេត្តកោះកុង ដើម្បីត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នៅចុងខែវិច្ឆិកាខាងមុខនេះ។ ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីទេសចរណ៍បានជំរុញឱ្យក្រុមហ៊ុនរដ្ឋចិនមួយនេះពន្លឿនសាងសង់ព្រះលានតារាសាគរឱ្យបានឆាប់ ដើម្បីបើកជើងហោះហើរក្នុងស្រុក តំបន់ និងអន្តរជាតិនៅដើមឆ្នាំ២០២២ ខាងមុខ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ដើម្បីបកស្រាយបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២ វិច្ឆិកា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
បើទោះជាមានព័ត៌មានជុំវិញមហិច្ឆតារបស់ចិនប្រើប្រាស់ ក្រុមហ៊ុនវិនិយោគរបស់ខ្លួនឱ្យលួចអនុវត្តគម្រោងការសម្ងាត់នេះ តាមរយៈគម្រោងវិនិយោគនានាក៏ដោយ ក៏លោក ទៀ បាញ់ ធ្លាប់អះអាងប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនបារម្ភ ហើយក៏មិនចាត់វិធានការណ៍ត្រួតពិនិត្យលើក្រុមហ៊ុនចិនណាមួយ ដែលកំពុងវិនិយោគនៅកម្ពុជាឡើយ។
ព្រះលានយន្តហោះតារាសាគរមានផ្លូវយន្តហោះចុះប្រវែង ៣.២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលវែងជាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គ្រោងនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ហើយព្រះលាននេះអាចទទួលយន្តហោះខ្នាតធំ Boeing-777 និង Airbus A-340។ ការស្ថាបនាព្រះលានយន្តហោះដ៏ធំនេះ បានចាប់ផ្ដើមកាលពីចុងឆ្នាំ២០១៨។ ក្រុមហ៊ុន UDG បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន ៤៥.០០០ហិកតារ (បួនម៉ឺនប្រាំពាន់) ក្នុងស្រុកចំនួនពីរក្នុងខេត្តកោះកុងគឺស្រុកបុទុមសាគរ និងគិរីសាគរ តាំងពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍតំបន់មួយនេះ ទៅជាកន្លែងទេសចរដ៏ធំមួយឈ្មោះថា«តារាសាគរ»។ គម្រោងធំៗ ដែលមានកាស៊ីណូ សណ្ឋាគារ កន្លែងវាយកូនហ្គោល តំបន់កម្សាន្តនៅឆ្នេរ ព្រះលានយន្តហោះនិងកំពង់ផែសមុទ្រទឹកជ្រៅ ដែលមានតម្លៃ៣ពាន់៨០០លានដុល្លារអាមេរិកនេះ ក៏បញ្ចូលដែនសមុទ្រខ្មែរចំនួន ២០ភាគរយផងដែរ។
ចំណែកអ្នកគ្រប់គ្រងគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត មានប្រសាសន៍ថាកន្លងមកគម្រោងព្រះលានយន្តហោះរបស់ក្រុមហ៊ុនយូឌីជីបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិលំនៅឋាន និងសិទ្ធិដីធ្លីរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ទើបធ្វើឱ្យកម្ពុជារងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។ លោកយល់ថាគម្រោងអភិវឌ្ឍន៍នេះហាក់ផ្តល់ផលចំណេញទៅឈ្មួញ និងអ្នកមានអំណាច ប៉ុន្តែលោកមិនរំពឹងថាពលរដ្ឋទទួលបានផលប្រយោជន៍ដើម្បីលើកកម្ពស់ជីវភាពនោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះទទូចដល់រដ្ឋាភិបាលគួរប្រកាន់គោលនយោបាយការបរទេសអព្យាក្រិត ដោយមិនត្រូវលម្អៀងទៅប្រទេសមហាអំណាចណាមួយទេ៖ « ឃើញស្រាប់ហើយដូចជានៅខេត្តកោះកុង ក្រុមហ៊ុនយូឌីជី ដែលប៉ះពាល់សិទ្ធិមនុស្ស ពលរដ្ឋរងទឹកភ្នែករហូតដល់បច្ចុប្បន្ន ដូចជាកន្លែងព្រះលានយន្តហោះថ្មីនៅខេត្តកណ្ដាល នៅខេត្តដទៃទៀតហ្នឹង មើលឃើញថា ភាគច្រើនមិនមានការបង្ហាញអំពីភាពពិតប្រាកដនិយមដូចការលើកឡើងរបស់រដ្ឋយើងនោះទេ » ។
គម្រោងខ្នាតយក្សនេះ ចូលរួមបម្រើឲ្យផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ឬ BRI របស់ចិន។ ទន្ទឹមនឹងការដាក់ទណ្ឌកម្មនេះថ្មីៗ នេះ ក្រសួងពាណិជ្ជកម្មអាមេរិក ក៏ទើបតែបានចាត់វិធានការក្ដៅប្រឆាំងក្រុមហ៊ុនចិន សរុបមិនតិចជាង ២០ក្រុមហ៊ុននោះទេ ដែលភាគច្រើនគ្រប់គ្រងដោយរដ្ឋអំណាចចិន ដាក់ឈ្មោះថា CCCC ហើយលួចអនុវត្តគម្រោងការសម្ងាត់ ដើម្បីពង្រីកឥទ្ធិពលយោធាឲ្យមហាយក្សចិននៅលើឆាកអន្តរជាតិ។
កាលពីថ្មីៗ នេះ សមាជិកព្រឹទ្ធសភាអាមេរិក បានដាក់បញ្ចូលបញ្ហាវត្តមានកងទ័ពចិននៅកម្ពុជា ក្នុងសេចក្ដីស្នើច្បាប់ថ្មី ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១ (S.3052)។ ក្រៅពីផ្តល់សិទ្ធិអំណាចឱ្យប្រធានាធិបតីអាមេរិកអាចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការលើមន្ត្រីកម្ពុជា ដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយធ្ងន់ធ្ងរនៅកម្ពុជាជាដើមនោះ។ សេចក្ដីស្នើច្បាប់ថ្មីនេះ ក៏មានចែងផងដែរថា ក្រោយពេលច្បាប់នេះចូលជាធរមានបាន ១៨០ថ្ងៃ ប្រធានាធិបតីអាមេរិក ត្រូវដាក់របាយការណ៍វាយតម្លៃអំពីបញ្ហាយោធាចិននៅកម្ពុជានេះ ទៅឱ្យគណៈកម្មការសភាពិនិត្យ។ បញ្ហាយោធាចិននេះ សំដៅដល់ការពាក់ព័ន្ធរបស់រដ្ឋាភិបាលចិន ឬកងទ័ពរំដោះប្រជាជនចិនក្នុងការកែលំអ ឬសាងសង់ទីតាំង នៅកំពង់ផែកងទ័ពជើងទឹករាម និងព្រះលានយន្តហោះតារាសាគរនៅខេត្តកោះកុង ព្រមទាំងផលប៉ះពាល់អំពីវត្តមានរបស់កងទ័ពរំដោះប្រជាជនចិននៅកម្ពុជា ដែលអាចមានចំពោះផលប្រយោជន៍ និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
