បន្ទប់ស្ថានការណ៍បោះឆ្នោតនៃសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន ២១ស្ថាប័ន ទាមទារឲ្យមានការផ្លាស់ប្តូរ និងកែលំអបន្ថែមទៀតចំពោះនីតិវិធីច្បាប់ គោលនយោបាយ និងយន្តការទាក់ទិននឹងការបោះឆ្នោតនៅកម្ពុជា។
ការទាមទារនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី៦ ខែកញ្ញា គឺពីរថ្ងៃមុននឹងការប្រកាសលទ្ធផលបោះឆ្នោត ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ក្នុងសេចក្តីថ្លែងការណ៍រួមរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិល រកឃើញថា ការចាត់ចែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទាំងមូលលើកនេះ មិនទាន់សេរី និងយុត្តិធម៌នៅឡើយទេ បើទោះបីជាមានការថយចុះករណីហិង្សាធ្ងន់ធ្ងរ និងគ្មានការសម្លាប់សកម្មជនអ្នកនយោបាយ និងការចូលរួមយ៉ាងសកម្មពីយុវជនក្នុងយុទ្ធនាការបោះឆ្នោត។
សេចក្តីថ្លែងការណ៍រួមនោះសង្កត់ធ្ងន់ថា យុត្តិធម៌ និងសុចរិតភាពក្នុងការបោះឆ្នោតមានការធ្លាក់ចុះ ហើយបញ្ហាសំខាន់ៗមិនត្រូវបានកែលំអ រួមមានប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ និងវិទ្យុជាច្រើន បានផ្សាយលម្អៀងយ៉ាងខ្លាំងទៅរកគណបក្សកាន់អំណាច បញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត ឈ្មោះស្ទួនប្រមាណជាង ៣០ម៉ឺនឈ្មោះ ពិសេសការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត មានរហូតដល់ជាង ១លានលិខិត ភាពមិនប្រក្រតីប្រមាណជាង ១ម៉ឺនករណីនៅថ្ងៃបោះឆ្នោត រួមទាំងការដឹកជញ្ជូនអ្នកបោះឆ្នោតពីខេត្តមួយឲ្យទៅបោះឆ្នោតនៅខេត្តមួយផ្សេងទៀត។ ការបាត់សិទ្ធិឈរឈ្មោះរបស់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ជាបេក្ខជនឲ្យគេបោះឆ្នោត។ ការកើនឡើងនៃការប្រើប្រាស់ធនធានរដ្ឋមិនបានត្រឹមត្រូវ ការកើនឡើងនៃការទិញសន្លឹកឆ្នោតដោយគណបក្សកាន់អំណាច ពិសេសកំឡុងពេលមុនឃោសនារកសំឡេងបោះឆ្នោត។ ការបំភិតបំភ័យ ការគំរាមកំហែងដល់ម្ចាស់ឆ្នោត និងសកម្មជនគណបក្សនយោបាយ។ ការដាក់ពង្រាយកងទ័ពប្រដាប់អាវុធយុទ្ធភណ្ឌយោធានៅក្នុងកំឡុងពេលដោះស្រាយវិវាទបោះឆ្នោត។
ជុំវិញភាពមិនប្រក្រតីនេះដែរ ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្សកម្ពុជា លោកមេធាវី សុក សំអឿន ចង់ឲ្យមានការពិនិត្យច្បាប់បោះឆ្នោតឡើងវិញ ហើយត្រូវតែមានតុលាការបោះឆ្នោតមួយដាច់ដោយឡែក ដើម្បីធានាយុត្តិធម៌នៅក្នុងការបោះឆ្នោត៖ «កាលពីមុន ខ្ញុំគិតថា ក្រុមប្រឹក្សាធម្មនុញ្ញជាតុលាការកំពូលដែលសម្រាប់ដោះស្រាយវិវាទបោះឆ្នោត ក៏ប៉ុន្តែតាមមើលទៅ ច្បាប់បោះឆ្នោតកែរដ្ឋធម្មនុញ្ញហ្នឹងមានន័យថា កម្រិតព្រំដែនបន្តិចដូច្នេះ វាទៅជា គ.ជ.ប តុលាការកំពូល វិញ ប្រសិនបើវាអត់មានស្អីពីលើហ្នឹង»។
ប្រធានសមាគមយុវជនខ្មែរ លោក ម៉ាក ចំរើន យល់ឃើញថា សិទ្ធិអ្នកបោះឆ្នោតត្រូវបានបាត់បង់ ដែលជះឥទ្ធិពលខ្លាំងដល់ដំណើរការនៃការបោះឆ្នោត ដូចករណីការបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត ការរកឈ្មោះនៅការិយាល័យបោះឆ្នោតមិនឃើញ ដែលនេះចាត់ទុកថាជាដំណើរការធាក់ថយក្រោយមួយនៃការធានាសិទ្ធិអ្នកបោះឆ្នោត៖ «បញ្ហានេះជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់យុវជនជំនាន់ក្រោយ ជាពិសេសធ្វើឲ្យគាត់បាត់បង់នូវការតាំងចិត្តឲ្យការចូលរួម ធ្វើយ៉ាងណាឲ្យមានការប្រើប្រាស់នូវសិទ្ធិក្នុងការចូលរួមសកម្មភាពនយោបាយ ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ»។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែងថា ការរិះគន់ណាមួយចំពោះដំណើរការនៃការបោះឆ្នោត ជាសិទ្ធិរបស់អង្គការសង្គមស៊ីវិល។ ប៉ុន្តែ គ.ជ.ប បានធ្វើតាមច្បាប់៖ «ខ្ញុំអត់មានយោបល់អីទៅលើការថ្លែងរបស់គាត់ទេ ព្រោះនេះជាការយល់ឃើញរបស់គាត់ ហើយមិនមែនទាំងអស់គ្នាយល់ឃើញដូចគាត់ទេ។ គ.ជ.ប គ្រាន់តែត្រូវបានបង្កើតឡើងដោយសារច្បាប់ និងអនុវត្តតាមច្បាប់តែប៉ុណ្ណោះ»។
បន្ទប់ស្ថានការណ៍នៃសម្ព័ន្ធអង្គការសង្គមស៊ីវិល បានផ្តល់អនុសាសន៍ឲ្យមានការកែលំអទម្រង់បោះឆ្នោតសំខាន់សម្រាប់ធានាការបោះឆ្នោតនៅពេលខាងមុខ ប្រកបដោយសេរី និងយុត្តិធម៌ រួមមាន ទី១ កំណែទម្រង់ គ.ជ.ប គ្រប់លំដាប់ថ្នាក់ និងក្រុមប្រឹក្សាធម្មនុញ្ញ។ ទី២ កែលំអប្រព័ន្ធផ្សព្វផ្សាយ ពិសេសទូរទស្សន៍ និងវិទ្យុ ដោយមានគោលនយោបាយ និងគោលការណ៍សមធម៌ តុល្យភាព និងសេរីសម្រាប់ការទទួលបានការប្រើប្រាស់ និងការផ្សព្វផ្សាយ។ ទី៣ កំណែទម្រង់យន្តការដោះស្រាយទំនាស់វិវាទ និងបណ្ដឹងបោះឆ្នោតឲ្យឯករាជ្យ រួមមានការបង្កើតយន្តការប្រសិទ្ធភាពមួយ សម្រាប់ការអង្កេតពីភាពមិនប្រក្រតី។ ទី៤ មានច្បាប់ដើម្បីតម្លាភាពហិរញ្ញវត្ថុ និងកំណត់ការចំណាយរបស់គណបក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោត។ ទី៥ ផ្លាស់ប្ដូរប្រព័ន្ធចុះឈ្មោះ និងការបង្កើតបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលអាចកំណត់បានអត្តសញ្ញាណអ្នកបោះឆ្នោតច្បាស់លាស់ និងមានប័ណ្ណបោះឆ្នោត។ ទី៦ ពង្រឹងការអនុវត្តច្បាប់ និងទី៧ មានច្បាប់ ឬគោលនយោបាយដើម្បីកំណត់កូតាស្ត្រីជាតំណាងជាប់ឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
