សង្គម​ស៊ីវិល​នឹង​ធ្វើ​ការ​រួម​គ្នា​ពិនិត្យ​ដំណើរ​ការ​បោះឆ្នោត

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) បាន​បង្កើត​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ឆ្នាំ​២០១៣ ដែល​សហការ​នឹង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ដើម្បី​ធ្វើ​ការ​រួម​គ្នា​អំពី​ដំណើរ​ការ​បោះឆ្នោត ចាប់​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី២៩ កក្កដា នេះ។

0:00 / 0:00

គណៈកម្មាធិការ ខុមហ្វ្រែល រួម​នឹង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត នឹង​ធ្វើ​ការ​រួម​គ្នា​ចាប់​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី២៩ កក្កដា ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​នៃ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត និង​ភាព​មិន​ប្រក្រតី​នានា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។

មន្ត្រី​ព័ត៌មាន ខុមហ្វ្រែល លោក ស្រី សុភ័គ្រ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៥ កក្កដា ថា អង្គការ ខុមហ្វ្រែល បាន​បង្កើត​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ឆ្នាំ​២០១៣ សម្រាប់​ផ្សព្វផ្សាយ​រួម​គ្នា អន្តរាគមន៍​រួម​គ្នា និង​វាយ​តម្លៃ​រួម​គ្នា អំពី​ភាព​មិន​ប្រក្រតី​នានា​នៅ​មុន​ថ្ងៃ​បោះឆ្នោត ថ្ងៃ​បោះឆ្នោត ឬ​ស្ថានភាព​បោះឆ្នោត​ទាំង​មូល។ លោក ស្រី សុភ័គ្រ បញ្ជាក់​ថា គិត​ដល់​ថ្ងៃ​ទី២៥ កក្កដា នេះ មាន​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០ ហើយ​ដែល​ចុះ​ឈ្មោះ​សហការ​ធ្វើ​កិច្ចការ​នេះ​ជាមួយ​អង្គការ ខុមហ្វ្រែល។

បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ឆ្នាំ​២០១៣ នេះ ជា​លើក​ទី​១​ហើយ​ដែល​អង្គការ ខុមហ្វ្រែល បាន​បង្កើត​ឡើង ដើម្បី​បញ្ជូន​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះឆ្នោត​ឲ្យ​បាន​ឆាប់​រហ័ស ទៅ​ដល់​ប្រជាពលរដ្ឋ​បាន​ដឹង។ បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ឆ្នាំ​២០១៣ នេះ មាន​គណៈកម្មការ​សំខាន់ៗ​ចំនួន​៣ រួម​មាន ក្រុម​ការងារ​តាម​ដាន​អំពី​ភាព​មិន​ប្រក្រតី ក្រុម​ការងារ​តាម​ដាន​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​មាន​ការ​កើន​ឡើង ឬ​ថយ​ចុះ​ជាង​ពី​ពេល​មុន និង​ក្រុម​អ្នក​ប្រមូល​លទ្ធផល​បោះឆ្នោត​ជាដើម។

ក្រៅ​ពី​នេះ​ទៀត សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត មាន​មេធាវី អ្នក​វិភាគ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ធ្វើ​ការ​បោះឆ្នោត។

នៅ​ថ្ងៃ​ទី២៥ កក្កដា នេះ​ដែរ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម (CRAC) ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ជា​សមាជិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ បាន​សរសេរ​ពី​ករណី​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ពេល​ឃោសនា​រយៈពេល ២៨​ថ្ងៃ​កន្លង​មក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​បញ្ហា​មួយ​ចំនួន​បាន​កើត​មាន​ឡើង ដូចជា​អំពើ​ហិង្សា ការ​ចាប់​ខ្លួន ការ​គំរាម​កំហែង​បំភិតបំភ័យ​ទៅ​លើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ការ​រារាំង​មិន​ឲ្យ​ចូលរួម​ដង្ហែ​ក្បួន​គណបក្ស ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ថា​នឹង​មាន​សង្គ្រាម ឬ​រដ្ឋ​ប្រហារ​ដោយ​កង​យោធពល​ខេមរភូមិន្ទ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត។ ការ​ទិញ​ទឹក​ចិត្ត​តាម​រយៈ​ការ​ផ្តល់​ថវិកា និង​សម្ភារៈ ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ឃោសនា ការ​ជេរ​ប្រមាថ និង​ឌឺដង​ពាក្យ​សម្ដី​ដាក់​គ្នា​ធ្ងន់ៗ ការ​បំផ្លាញ​ស្លាក​គណបក្ស ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ស្មើ​ភាព​គ្នា ការ​មិន​ទាន់​ផ្តល់​សិទ្ធិ​ឲ្យ លោក សម រង្ស៊ី បោះឆ្នោត និង​ឈរ​ឈ្មោះ​បោះឆ្នោត​ដូចជា​មេ​បក្ស​ដទៃ​ទៀត​ជាដើម។

បន្ថែម​ពី​លើ​នេះ​ទៀត គណៈកម្មាធិការ ខុមហ្វ្រែល នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​សរុប​លទ្ធផល​ភាព​មិន​ប្រក្រតី​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​នៅ​រសៀល​ថ្ងៃ​ទី២៦ កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។