សង្គម​ស៊ីវិល​ថា ៦ខែ​នេះ ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មិន​ប្រសើរ​ឡើង​វិញ​ឡើយ

ដោយ មួង ណារ៉េត
2019-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​​សហភាព​សហជីព​កម្ពុជា និង​​ជា​អតីតមន្ត្រី​​ជាន់ខ្ពស់ គ.ជ.ប លោក រ៉ុង ឈុន
ប្រធាន​​សហភាព​សហជីព​កម្ពុជា និង​​ជា​អតីតមន្ត្រី​​ជាន់ខ្ពស់ គ.ជ.ប លោក រ៉ុង ឈុន
RFA

សង្គម​ស៊ីវិល​បារម្ភ​កាន់​តែ​ខ្លាំង​ ចំពោះ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ទាប់​ពី​​ពិនិត្យ​ឃើញ​ថា រយៈ​ពេល ៦ខែ​នេះ ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មិន​បាន​ផ្លាស់​ប្ដូរ​ទៅ​រក​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។ សហភាព​អឺរ៉ុប​នឹង​បិទ​បញ្ចប់​ដំណាក់​កាល ៦ខែ​ដំបូង នៃ​ការ​ត្រួតពិនិត្យ និង​វាយ​តម្លៃ​ស្ថានភាព​​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​នៅ​ថ្ងៃ​ទី១២ សីហា​ស្អែក​នេះ។

សហជីព និង​អង្គការ​មិន​​មែន​រដ្ឋាភិបាល អំពាវនាវ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ងាក​មក​ស្តារ​ស្ថានការណ៍​​ធ្លាក់​ចុះ​ដុន​ដាប​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ នៅ​គ្រា​ដែល​ឱសានវាទ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ EBA របស់​​សហភាព​អឺរ៉ុប​ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។

ប្រធាន​​សហភាព​សហជីព​កម្ពុជា និង​​ជា​អតីតមន្ត្រី​​ជាន់ខ្ពស់ គ..ប លោក រ៉ុង ឈុន កត់​សម្គាល់​ថា រដ្ឋាភិបាល​មិន​បាន​កែ​ប្រែ​អ្វី​​ជា​ដុំ​កំភួន​​ឡើយ ក្នុង​​រយៈ​ពេល​ ៦ខែ​នៃ​នីតិវិធី​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ស្ថានការណ៍​នៅ​កម្ពុជា​នេះ។ ​ផ្ទុយ​ទៅ​វិញ លោក​ថា រដ្ឋាភិបាល​បាន​បន្ថែម​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​កាន់​តែ​ខ្លាំង​លើ​​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន។ លោក​បន្ត​ថា និន្នាការ​បែប​នេះ​ បង្ក​​ជា​ក្តី​បារម្ភ​​យ៉ាង​ខ្លាំង​សម្រាប់​សហជីព និង​​កម្មករ-កម្មការិនី ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ពួក​លោក​​គ្រោង​ធ្វើ​​បាតុកម្ម​ទាម​​ទារ​ឱ្យ​មាន​ការ​ដោះលែង​ និង​ទម្លាក់​ចោល​​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹត​បន្តឹង ​ហើយ​ការ​ធ្វើ​​ទុក្ខ​បុក​ម្នេញ​ទៅលើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត ដូច្នេះ​ស្ថានភាព​ដែល​កើត​កន្លងមក​ហ្នឹង រដ្ឋាភិបាល​មិន​បាន​កែ​លម្អ​។ យើង​គិត​​ថា បើ​រដ្ឋាភិបាល​មិន​បាន​កែ​លម្អ​ទេ បញ្ហា EBA ហ្នឹង​នឹង​ប្រឈម​ទៅនឹង​ការ​បាត់​បង់ ដោយ​សហភាព​​អឺរ៉ុប​នឹង​ដក ហើយ​នៅ​ពេល​ដែល​ដក ពេល​ហ្នឹងហើយ​ដែល​កម្ពុជា​យើង​មាន​ផល​​ប៉ះពាល់​ធំធេង​ណាស់»

សហភាព​អឺរ៉ុប​នឹង​បិទ​បញ្ចប់​នីតិវិធី​៦ ខែ​​ដំបូង​ ក្នុង​​ការ​ត្រួត​ពិនិត្យ និង​​វាយ​​តម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី១២ សីហា បន្ទាប់​ពី​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​​នីតិវិធី​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ កាល​ពី​​ថ្ងៃ​ទី១២ កុម្ភៈ​កន្លង​ទៅ។ ក្នុង​រយៈពេល ៦ខែ​​នេះ សហភាព​អឺរ៉ុប​បាន​បញ្ជូន​បេសកជន​ស្វែង​រក​ការ​ពិត​មក​កម្ពុជា​ចំនួន​ ២ដង ដើម្បី​ពិនិត្យ​មើល​បន្ថែម​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ដែល​ធ្លាក់​ចុះ​ដុន​ដាប​នៅ​កម្ពុជា។

ក្រោយ​​បញ្ចប់​​ដំណាក់​កាល ៦ខែ​ដំបូង​នេះ សហភាព​​អឺរ៉ុប​នឹង​ចាប់​​ផ្ដើម​​ដំណាក់​កាល​​ទីពីរ ដែល​មាន​រយៈ​ពេល ៣ខែ គឺ​ចាប់​ពី​ខែ​សីហា ដល់​ខែ​តុលា​ខាង​មុខ។ ដំណាក់​កាល​នេះ​ គឺ​ជា​ពេល​វេលា​សរសេរ​របាយការណ៍​ និង​​សរុប​​លទ្ធផល​​នៃ​ដំណាក់​កាល​តាម​​ដាន ៦ខែ​ដំបូង។ បន្ទាប់​មក​ នៅ​ដំណាក់​កាល​ទី​បី ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​មករា ឆ្នាំ២០២០ សហភាព​អឺរ៉ុប​នឹង​បិទ​បញ្ចប់​នីតិវិធី ១២ខែ​នេះ រួច​សម្រេច​ចិត្ត​ជា​ស្ថាពរ​ថា តើ​ត្រូវ​រក្សា​ ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​នេះ។ បើ​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​មែន នោះ​សហភាព​អឺរ៉ុប​ នឹង​ទុក​ពេល​ឱ្យ​របប​ក្រុង​ភ្នំពេញ ៦ខែ​ទៀត ដើម្បី​ត្រៀម​ខ្លួន មុន​នឹង​សេចក្ដី​សម្រេច​នេះ​ចូល​ជា​ធរមាន នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ២០២០ ខាង​មុខ។ នៅ​ពេល​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​មក​ដល់ កម្ពុជា​នឹង​ត្រូវ​បង់​ពន្ធ ចំពោះ​ការ​នាំ​ទំនិញ​ចូល​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។

បើ​ត្រូវ​បង់​ពន្ធ​មែន នោះ​កម្ពុជា​នឹង​ត្រូវ​ខាត​បង់​ថវិកា​ជិត ៧០០លាន​ដុល្លារ​អាមេរិក​ ចំពោះ​ការ​នាំ​ចេញ​ផលិត​​ផល​ទៅ​លក់​នៅ​​ទីផ្សារ​អឺរ៉ុប ហើយ​ពេល​នោះ ក្រុម​ហ៊ុន​មួយ​ចំនួន​អាច​នឹង​ពិចារណា​ដក​ការ​វិនិយោគ​​របស់​ខ្លួន​ទៅ​​ប្រទេស​ដទៃ ដែល​​មាន​លក្ខខណ្ឌ​វិនិយោគ​ល្អ​ជាង​កម្ពុជា។

អនុប្រធាន​​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​យុត្តិធម៌ លោក​​ ជិន ម៉ាលីន ថ្លែង​ថា ការ​​លើក​​ឡើង​ទាំង​ឡាយ​របស់​​ក្រុម​សង្គម​​ស៊ីវិល​ គឺ​​ជា​សិទ្ធិ​សេរីភាព​​របស់​ពួក​គេ។ លោក​បន្ត​ថា រដ្ឋាភិបាល​កំពុង​ដោះ​ស្រាយបញ្ហា EBA ​ដោយ​យក​ចិត្ត​​ទុក​ដាក់​ជាមួយ​ភាគី​​សហភាព​អឺរ៉ុប ដើម្បី​​រក្សា​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ​នេះ។ ក៏​ប៉ុន្តែ​លោក​​ថា រដ្ឋាភិបាល​ក៏​ត្រូវ​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​ដែរ៖ «ចំពោះ​នីតិវិធី EBA នេះ គឺ​ខាង​រដ្ឋាភិបាល​បាន​ធ្វើ​កិច្ច​សហការ និង​ចូល​រួម​យ៉ាង​ពេញលេញ​ដោយ​​យកចិត្ត​ទុក​ដាក់​ រួម​ទាំង​មាន​ការ​ជួប​ពិភាក្សា​ ការ​ដាក់​ជូន​របាយការណ៍ ការ​បក​ស្រាយ​បំភ្លឺ​​​ទិដ្ឋភាព​​ច្បាប់ ទិដ្ឋភាព​សិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គម​កិច្ច វប្បធម៌ នយោបាយ គ្រប់​បែបយ៉ាង​ទាំងអស់ ដើម្បី​បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​ចោទប្រកាន់​ពី​ខាង​សង្គម​ស៊ីវិល ឬក៏​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​នោះ វា​មិន​ត្រឹម​ត្រូវ​ទេ ហើយ​អ្វី​ដែល​យើង​ធ្វើ​ គឺ​ជា​យន្តការ​នៃ​ការ​អនុវត្ត​​ច្បាប់​ក្នុង​ការ​លើក​តម្កើង​សិទ្ធិ​សេរីភាព និង​នីតិរដ្ឋ​របស់​កម្ពុជា»

បន្ថែម​ពី​លើ​នេះ របប​ក្រុង​ភ្នំពេញ​ធ្លាប់​អះអាង​ថា ខ្លួន​បាន​ប្រឹងប្រែង​ពង្រឹង​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ក្នុង​សង្គម​ ដោយ​​អនុវត្ត​តាម​ខ្លឹមសារ​នៃ​​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ចុង​ឆ្នាំ២០១៨ កន្លង​ទៅ។ របប​នេះ​ក៏​បាន​បញ្ជាក់​ទៅ​ប្រតិភូ​អឺរ៉ុប​ថា ​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​បញ្ហា​ដីធ្លី​ជា​ដើម មាន​ការ​វិវឌ្ឍ​វិជ្ជមាន​ទៅ​មុខ​យ៉ាង​ច្រើន ហើយ​​ស្នើ​សុំ​សហភាព​អឺរ៉ុប​ឱ្យ​ទទួល​​ស្គាល់​សមិទ្ធផល​ទាំង​នេះ​ផង។

ទោះ​ជា​យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​អះអាង​ថា ស្ថានការណ៍​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ការ​វិវឌ្ឍ​តិច​តួច​បំផុត នោះ​គឺ​ការ​ទម្លាក់​ចោល​បណ្ដឹង​លើ​ថ្នាក់​ដឹក​នាំ​សហជីព​មួយ​ចំនួន និង​ការ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ ក៏​ប៉ុន្តែ ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប ឱ្យ​ដោះ​លែង​លោក កឹម សុខា អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ ផ្ដល់​អាសនៈ​ក្រុម​ប្រឹក្សា​សង្កាត់​ដល់​មន្ត្រី​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ និង​រៀប​ចំ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ គ្មាន​ដំណើរ​ការ​ទៅ​មុខ​ឡើយ។

មិន​​ត្រឹម​​តែ​មិន​​ស្ដារ​ស្ថានការណ៍​ឡើង​វិញ​នោះ​ទេ របប​នេះ​​បាន​កោះ​ហៅ​មន្ត្រី​​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ប្រមាណ ១៥០នាក់ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល និង​​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ថែម​ទៀត។ ក្រៅ​ពី​នេះ របប​នេះ​​រឹតត្បិត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​​កាន់​តែ​ខ្លាំង ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ប្រជុំ ឬ​ប្រមូល​ផ្តុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី​ឡើយ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា​ប្រឹង​បក​ស្រាយ​យ៉ាង​ណា​ក៏​ដោយ ក៏​សហភាព​អឺរ៉ុប​មិន​ជឿជាក់​ដែរ ពី​ព្រោះ​ស្ថានភាព​ជាក់​ស្ដែង​ កម្ពុជា​កំពុង​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ និង​ប្រជាធិបតេយ្យ​ដើរ​ធាក់​ថយ​ក្រោយ។ លោក​​បន្ត​ថា ប្រសិន​​បើ​រដ្ឋាភិបាល​ពិត​ជា​មាន​​បំណង​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA មែន រដ្ឋាភិបាល​ត្រូវ​តែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ លោក​បន្ថែម​ថា បើ​រដ្ឋាភិបាល​​នៅ​តែ​ធ្វើ​ដូច​សព្វថ្ងៃ កម្ពុជា​នឹង​ចៀស​មិន​ផុត​ពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ៖ «កម្ពុជា​យើង​ហាក់​បី​​ដូច​ជា​មិនទាន់​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​ស្តារ​ឡើង​វិញ​នៃ​លទ្ធិ​​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ទេ ហើយ​ជា​ពិសេស គឺ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់។ ការ​អនុវត្ត​ច្បាប់ ជា​ការ​អនុវត្ត​​មែន​ហើយ ប៉ុន្តែ​បើ​គេ​មើល​មក​​ទិដ្ឋភាព​​នៃ​ការ​អនុវត្ត​ហ្នឹង មើល​ទៅ​ឃើញ​ថា វា​មាន​លក្ខណៈ​ជា​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ អា​ហ្នឹង​គឺ​គេ​នឹង​រិះគន់ ហើយ​ឱ្យ​មាន​ការ​​កែ​លម្អ​ហ្នឹង។ ដូច​ជា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស ឬក៏​អ្នក​កាសែត​កន្លងមក​ អា​ហ្នឹង​គឺ​គេ​មើល​ការ​អនុវត្ត​ជាក់​ស្ដែង អ៊ីចឹង​អ្វី​ដែល​សំខាន់​ មិន​មែន​ការ​ឆ្លើយ​តប​តាម​របាយការណ៍ ឬក៏​តាម​លិខិត​​នោះ​ទេ»

តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ថ្លែង​ប្រាប់​សារព័ត៌មាន​បរទេស​កាល​​ពី​ដើម​ខែ​សីហា​នេះ​ថា សហភាព​អឺរ៉ុប​​មិន​ផ្លាស់​​ប្តូរ​ជំហរ​ឡើយ​ជុំ​វិញ​បញ្ហា EBA នេះ។

អ្នក​ស្រី​​អះអាង​ជា​ថ្មី​ទៀត​ថា កម្ពុជា​អាច​ទទួល​បា​ន​ការ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត លុះ​ត្រាតែ​របប​ក្រុង​ភ្នំពេញ​​គោរព​​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស រួម​ទាំង​សិទ្ធិ​ការងារ​ផង​​ដែរ។ អ្នក​ស្រី​​បន្ថែម​ថា របប​លោក ហ៊ុន សែន ខ្លួន​ឯង​ទេ ដែល​ជា​អ្នក​​រុញ​​​សហភាព​អឺរ៉ុប​ឱ្យ​​អនុវត្ត​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ អ្នក​ស្រី​​បញ្ជាក់​ថា បើ​​របប​ក្រុង​ភ្នំពេញ​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ ទណ្ឌកម្ម​​នេះ​នឹង​អាច​បញ្ចៀស​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល