សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​​អំពាវនាវ​​ឲ្យ​​ពលរដ្ឋ​ខ្មែរ​​ក្រោម​​ចូលរួម​​ការ​​បោះ​ឆ្នោត​

ដោយ យន់ សាមៀន
2022.03.20
Share on WhatsApp
Share on WhatsApp
សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​​អំពាវនាវ​​ឲ្យ​​ពលរដ្ឋ​ខ្មែរ​​ក្រោម​​ចូលរួម​​ការ​​បោះ​ឆ្នោត​ លោក សឺន ជុំជួន ប្រធាន​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។
រូប៖ ហ្វេសប៊ុក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍

សមាគម​​ខ្មែរ​កម្ពុជា​​ក្រោម​​អំពាវ​នាវ​​ឲ្យ​​ពលរដ្ឋខ្មែរ​ក្រោម ដែល​​កំពុង​​រស់​​នៅ​​កម្ពុជា​​ចូលរួម​ការ​​បោះ​ឆ្នោត​​ឃុំ​សង្កាត់ ដើម្បី​​ជ្រើសរើស​​​តំណាង​​គណបក្ស​នយោបាយ​ណា​ដែលគិតគូរពីផល​ប្រយោជន៍​របស់ពួកគេ។

ស្របពេល​ដែល​ការ​បោះឆ្នោត​ឃុំសង្កាត់​នឹង​ធ្វើ​ឡើង​នៅ​ខែមិថុនា​ខាង​មុខ​នេះ​​ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ប្រមាណ ១លាននាក់ ដែល​កំពុង​រស់​នៅ​កម្ពុជា​ឲ្យ​ចូលរួម​ដំណើរ​ការ​បោះឆ្នោត

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់​វិទ្យុអាស៊ី​សេរី កាល​ពី​ថ្ងៃទី១២ ខែមីនាថា ​ ខ្មែរ​ក្រោម​អាចជ្រើស​រើស​​តំណាង​របស់ពួកគេ​តាម​រយៈ​ការ​បោះឆ្នោត​ ដើម្បី​ ជួយ​ដោះស្រាយ​​បញ្ហាពួកគេ​ដែលកំ​ពុង​ជួប​ប្រទះ៖ «វា​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ក្នុង​ការ​ជ្រើសរើស​ ពិចារណា​ទៅលើ​តំណាង​របស់​ពួក​គាត់ ពិសេស​បក្ស​ណា​ដែល គាត់​យល់​ថា បំរើ​ពលរដ្ឋ​និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​គាត់»

លោក សឺន ជុំជួន​ បន្តទៀត​ថា​ បច្ចុប្ប​ន្នខ្មែរ​ក្រោម​ប្រមាណ​ពី ២០ និង​៣០​ភាគ​រយ​ ក្នុង​ចំណោម​ ១​លាន​នាក់ គ្មាន​ឯកសារដើម្បីអាច​ចុះ​ឈ្មោះ​បោះឆ្នោត ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ បាន​បង្ក​ការ​លំបាក​មិន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​​និង​ឯកសារ​ផ្សេង​ទៀត។ លោក សឺន ជុំជួន ថា ខ្មែរ​ក្រោម​ត្រូវ​ធ្វើ​ការ​តស៊ូមតិ​ដើម្បី​អាច​ទទួល​បាន​ឯកសារផ្សេងៗ​ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​បាន​។ បច្ចុប្បន្ន ខ្មែរ​ក្រោម​ប្រមាណ​១​លាន​នាក់​កំពុង​រស់​នៅកម្ពុជាពួកគេ​បាន​ចាកចេញ​ពី​ស្រុក​កំណើត ដោយ​សារ​តែ ការ​ធ្វើ​ទុក្ខបុកម្នេញពី​សំណាក់រដ្ឋាភិបាល​វៀតណាម និង​បញ្ហា​សេដ្ឋកិច្ចខ្មែរ​ក្រោម​ប្រមាណ ៧​លាន​នាក់ កំពុង​រស់​នៅ​លើ​ទឹកដី​កំណើត​សព្វថ្ងៃ។  ពលរដ្ឋខ្មែរ​ក្រោម​ដែល​មក​រស់​នៅ​កម្ពុជា មិន​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន ទទួល​ស្គាល់​ជា​ខ្មែរ និង​ផ្តល់​សញ្ជាតិ​ខ្មែរ​ឲ្យ​នោះ​ទេ ដែល​បញ្ហានេះ បណ្តាល​ឲ្យ​ពួកគេ​បាត់​បង់​ផលប្រយោជន៍ផ្សេងៗ​​​ និង​ជួប​បញ្ហា​សេដ្ឋកិ​ច្ច អប់រំ សុខាភិបាល និង​រង​ការ​រើស​អើង​ជា​ដើម។  កន្លង​មក​មន្រ្តី​នាំ​ពាក្យ​រដ្ឋាភិបាល​​ ​លោក ផៃ​​ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ខ្មែរ​ក្រោម ត្រូវ​បំពេញ​លក្ខខណ្ឌ័តាម​ច្បាប់អន្តោរប្រវេសន៍​ដើម្បី​ទទួល​បាន​សិទ្ធិ​រស់​នៅ​កម្ពុជានៅ​ពេល​ដែល​ពួកគេ​មក​ពី​កម្ពុជា​ក្រោម​មក​រស់​នៅ​កម្ពុជា

ពាក់ព័ន្ធ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី១២មីនាថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​មិនជ្រៀត​ជ្រែក​ចូល​កិច្ចការ​ងារ​នយោបាយ​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ព្រះអង្គ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សម្រួលដល់​ពលរដ្ឋខ្មែរ​ក្រោម​ដើម្បីអាច​ឲ្យពួកគេ​ចូលរួម​ការ​បោះឆ្នោត​ឃុំសង្កាត់​ និង​ការ​បោះឆ្នោត​សកលនៅឆ្នាំ២០២៣​ខាងមុខ៖ «ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​កម្ពុជា​បោះ​ឆ្នោត​ជ្រើស​រើស​មេឃុំឬ​ចៅសង្កាត់​របស់​ខ្លួនដើម្បី​បាន​មេឃុំ​ឬ​ចៅសង្កាត់​ល្អ​ក្នុង​ជួយ​សម្រួល​ក្នុង​លិខិត​ស្នាម​ផ្សេង។ ជាពិសេស​យើង​មាន​សិទ្ធិ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ល្អ គិត​ពី​ផលប្រយោជន៍​ជាតិ ​មិន​រណប​បរទេស»

ស្រដៀង​គ្នា​នេះ​ដែរ នាយក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​និង​ជាអ​នុប្រធានគណបក្សភ្លើ​ង​​ទៀន ​លោក​​ ថាច់ សេដ្ឋា​ ក៏​ជំរុញ​ឲ្យ​ខ្មែរ​ក្រោម​ចូល​រួមដំណើរ​ការ​បោះ​ឆ្នោត ហើយ​ជ្រើសរើសគណបក្ស​ណា​ដែល​បំរើ​ផល​ប្រយោជន៍​​ខ្មែរទូទៅ«ខ្មែរ​ក្រោម​ដែល​រស់​នៅ​កម្ពុជា​ភាគ​ច្រើន​ ជា​អ្នក​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​យួនដូច្នោះ​​យើង​ត្រូវ​តែ​ជួយ​ការពារ​ដល់​ពួកគាត់​ឲ្យ​ពួកគាត់​អាច​ចូល​រួម​គណបក្ស​ណា​មួយ​ដែល​ជួយ​ការពារ​ប្រយោជន៍​របស់​ពួកគាត់»

ការ​បោះឆ្នោត​ឃុំសង្កាត់​នឹង​ប្រព្រឹត្ត​ឡើង នៅ​ថ្ងៃទី៥​ ខែមិថុនា​ខាង​មុខ​នេះ។​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត បាន​ចុះ​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ ជាង​៨​ម៉ឺន​នាក់ក្នុង​ចំណោម​​​១៧​​ គណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់។ គណបក្ស ដែល​មាន​បេក្ខជន​ចុះ​ឈ្មោះច្រើន​ជាង​គេ រួម​មាន គណបក្ស​​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ហ៊ុនស៊ិនប៉ិច។ បេក្ខជន ជាង​៨​ម៉ឺន​នាក់​នោះ នឹង​ប្រកួតយក​តំណែងក្រុម​ប្រឹក្សា​ចំនួនមួយ​ម៉ឺន មួយ​ពាន់​ ​​៦រយ ២២ (១១.៦២២) អាសនៈ សម្រាប់១ពាន់​៦រយ ហាសិបពីរ(១.៦៥២) ឃុំ សង្កាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។