សហគមន៍ខ្មែរនៅប្រទេសបារាំង និងពលរដ្ឋខ្មែរក្នុងស្រុករួមគ្នាប្រារព្ធទិវានំបញ្ចុកខ្មែរសាមគ្គីជាផ្លូវការនៅថ្ងៃទី៩ មិថុនា ដែលជាខួបលើកទី៣ នៅឆ្នាំ២០១៩នេះ។ តំណាងអ្នករៀបចំកម្មវិធីនំបញ្ចុក ទាំងក្នុង និងក្រៅប្រទេសបញ្ជាក់ថា ពិធីនេះមិនមានបំណងអ្វីវែងឆ្ងាយ ក្រៅពីដើម្បីលើកតម្កើងអាហារខ្មែរ ដែលជាទំនៀមទម្លាប់ ប្រពៃណីដូនតាបន្សល់ទុកតាំងពីបុរាណកាលមក និងជាការផ្ដល់ឱកាសឱ្យពលរដ្ឋនៅតាមសហគមន៍នានា បានជួបជុំពិភាក្សា សួរសុខទុក្ខគ្នាទៅវិញទៅមក ដែលតំណាងឱ្យវប្បធម៌សាមគ្គី និងបង្រួបបង្រួមជាតិ។
ការប្រារព្ធទិវានំបញ្ចុកខ្មែរសាមគ្គី ខួបលើកទី៣ ឆ្នាំ២០១៩នេះ ធ្វើឡើងដោយភាពចម្រូងចម្រាស និងលំបាកលំបិនជាអនេកសម្រាប់ពលរដ្ឋក្នុងស្រុក។
ហេតុការណ៍នេះកើតឡើងក្រោយពីរបបក្រុងភ្នំពេញរម្លាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយ។ អាជ្ញាធរបានចងភ្ជាប់ការទទួលទាននំបញ្ចុករួមគ្នានៅតាមសហគមន៍ ទៅនឹងបញ្ហានយោបាយ ដោយសារកម្មវិធីនេះ មានពលរដ្ឋដែលនៅមានភក្ដីភាព គាំទ្របក្សសង្គ្រោះជាតិចូលរួមច្រើន។
ទំនងជាខ្លាចបក្សប្រឆាំងរស់ឡើងវិញ អាជ្ញាធរ នៃរបបក្រុងភ្នំពេញ ចាប់ផ្ដើមធ្វើទុក្ខបុកម្នេញដល់អ្នកពិសានំបញ្ចុកជុំគ្នាស្ទើរគ្រប់ទីកន្លែងទាំងអស់ រហូតដល់មន្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សា ឃុំ សង្កាត់ខ្លះ មកពីបក្សពីប្រឆាំង ជាប់សង្ស័យថា បានរំលោភសាលដីកាតុលាការកំពូលដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិកន្លងមកនោះថែមទៀតផង។
សកម្មភាពទាំងនេះបានញាំងឱ្យកម្មវិធីនំបញ្ចុក ល្បីល្បាញគ្រប់ទីតំបន់ ជាពិសេសនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។
ចាប់តាំងពីមុនពិធីផ្លូវការមកដល់ប្រមាណជាង ៣ខែ ពលរដ្ឋខ្មែរចាប់ផ្ដើមផុលផុសរៀបចំពិធីទទួលទាននំបញ្ចុកជុំគ្នាជាបន្តបន្ទាប់តាមមធ្យោបាយរៀងៗខ្លួន។ អ្នកខ្លះជួបជុំគ្នានៅតាមទីសាធារណៈមិនបាន ក៏ជួបជុំគ្នាតាមផ្ទះ ហើយផ្ទះខ្លះ បានញាំនំបញ្ចុកដោយបិទទ្វារក៏មាន ប៉ុន្តែពួកគេនាំគ្នាថតរូប ថតវីដេអូ ឃ្លីប បង្ហោះតាមហ្វេសប៊ុក ដោយបង្ហាញពីអត្ថន័យ នៃការហូបនំបញ្ចុកជុំគ្នា ហើយថានេះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋទូទៅ មិនគួរមានការឃាត់ឃាំង ធ្វើទុក្ខបុកម្នេញឡើយ។
ម្ចាស់គណនីហ្វេសប៊ុកមួយចំនួន បានឱ្យឈ្មោះ ការជួបជុំញាំនំបញ្ចុកនោះតាមអំពើចិត្ត។ អ្នកខ្លះថា៖ «នំបញ្ចុកប្រជាធិបតេយ្យ «នំបញ្ចុកសាមគ្គីជាតិខ្មែរ «នំបញ្ចុកសាមគ្គីសង្គ្រោះជាតិ» ការហូបនំបញ្ចុកជុំគ្នា គឺជានិមិត្តរូបសាមគ្គីគ្នា តស៊ូដើម្បីសេរីភាពជាដើម»។
អ្នកខ្លះទៀត ក៏បានបង្ហោះវីដេអូ អំពីរបៀបធ្វើនំបញ្ចុកដោយខ្លួនឯង ការចម្អិនទឹកសម្លនំបញ្ចុក និងការផ្សំអន្លក់ បន្លែខ្មែរស្រស់ៗទៀតផង។
នំបញ្ចុកជាអាហារពេញនិយមមួយរបស់ខ្មែរជាច្រើនជំនាន់មកហើយ។ នំបញ្ចុកក្រៅពីគេធ្វើលក់នៅទីផ្សារ ក៏គេនិយមធ្វើទទួលទាននៅក្នុងពិធីបុណ្យដារលាន ក្រោយរដូវច្រូតកាត់ ពិធីបុណ្យដាក់ទាន និងពិធីបុណ្យផ្សេងៗទៀត នៅតាមតំបន់ជនបទ។
រសជាតិពិសេស របស់នំបញ្ចុក គឺសរសៃម្សៅធ្វើពីអង្ករ ផ្សំជាមួយទឹកសម្លដែលមានក្លិនឆ្ងុយប្រហុក ស្លឹកក្រៃ និងបន្លែធម្មជាតិស្រស់ៗ រួមមានត្រយូងចេក ផ្កាស្នោ សណ្ដែកកួរ ស្លឹកល្ងៀង ត្រួយរាំង ព្រលឹត លំចង់ និងស្លឹកកន្ធំថេតជាដើម។
អ្នកនិពន្ធជាន់ដើម ក៏បាននិពន្ធនូវបទចម្រៀងដែលរៀបរាប់អំពីភាពវិសេសវិសាល នៃល្បោយនំបញ្ចុកនេះ។ ៚ចម្រៀង «ត្រយូងចេកក្ដឹប ខ្សឹបនាងព្រលឹត ត្រួយរាំងស្នេហ៍ស្និទ្ធ នាងលំចង់ ផ្កាស្នោរីកខ្ញង់ចង់នាងកន្ធុំថេត ..!!»៚
ដោយមានការចាប់អារម្មណ៍ខ្លាំងពីបញ្ហាជន និងមានការរារាំងពីអាជ្ញាធរនៃរបបក្រុងភ្នំពេញ បានធ្វើឱ្យសមាគមនំបញ្ចុកខ្មែរនៅប្រទេសបារាំង ហៅថា PSN- France ដែលជាអ្នកផ្ដើមគំនិតធ្វើកម្មវិធីនេះមុនគេតាំងពី៣ឆ្នាំមុនមកនោះ មានក្តីកង្វល់ខ្លាំង ប៉ុន្តែពួកគាត់នៅតែមានមហិច្ឆតាចង់ពង្រីកកម្មវិធីនេះ ឱ្យមានភាពអធិកអធម្មជាងឆ្នាំមុនៗ និងឆ្នាំទៅមុខទៀតទៅតាមការគ្រោងទុកដដែល។
ដើម្បីសម្រេចបាននូវក្តីបំណងនេះ គណៈកម្មការអចិន្ត្រៃយ៍ នៃសមាគម PSN- France បានកោះប្រជុំ និងសម្រេចសរសេរលិខិតផ្លូវការពីរច្បាប់ដាច់ដោយឡែកពីគ្នា ដោយផ្ញើទៅប្រមុខដឹកនាំរបបក្រុងភ្នំពេញ។
លិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយប្រធានសមាគម លោក វេជ្ជបណ្ឌិត សុក សុផាត នៅថ្ងៃទី២៩ ឧសភា បានផ្ញើជូនទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលិខិតមួយច្បាប់ទៀត ដែលចុះហត្ថលេខាដោយ អគ្គលេខាធិការសមាគម គឺលោក ព្រហ្ម រដ្ឋ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក លោក ស ខេង នៅថ្ងៃជាមួយគ្នានោះ ដោយបានជម្រាបអំពីថ្ងៃធ្វើពិធីផ្លូវការ និងបានអញ្ជើញថ្នាក់ដឹកនាំកំពូលៗនៃគណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់នៅប្រទេសកម្ពុជា ចូលរួមពិសានំបញ្ចុករួមគ្នាជាមួយប្រជាពលរដ្ឋនៅគ្រប់ទីតាំងប្រារព្ធពិធី ព្រមទាំងសូមជួយសម្របសម្រួលដល់កម្មវិធីនេះ ដំណើរការទៅដោយរលូន គ្មានការរារាំង និងគំរាមកំហែង។
លិខិតទាំងពីរច្បាប់នោះ ក៏បានបញ្ជាក់ពីជំហរ និងខ្លឹមសារច្បាស់លាស់នៃការធ្វើទិវានំបញ្ចុកជាតិ សាមគ្គីគ្នារវាងខ្មែរ និងខ្មែរ។
លោក ស ខេង រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបយ៉ាងណាទេ ចំណែក លោក ហ៊ុន សែន ក៏មិនមានលិខិត ឆ្លើយតបផ្លូវការណាមួយដែរ ប៉ុន្តែលោកបានប្រតិកម្មជាសាធារណៈកាលពីព្រឹកថ្ងៃទី០៣ មិថុនា ដោយចាត់ទុកទិវានំបញ្ចុក ឬការហូបនំបញ្ចុកសាមគ្គី សេ្នហាជាតិនោះ ជាល្បិចនយោបាយ។ តែទោះយ៉ាងណា លោកមិនបានចេញបម្រាម ចំពោះការជួបជុំហូបនំបញ្ចុកនោះឡើយ ផ្ទុយទៅវិញលោកបានជំរុញឱ្យមន្ត្រីរដ្ឋាភិបាលរបស់លោក អាជ្ញាធរមូលដ្ឋាន អ្នកគាំទ្រគណបក្សកាន់អំណាចទាំងអស់រៀបចំកម្មវិធីជួបជុំហូបនំបញ្ចុកឱ្យបានគ្រប់ទីកន្លែងដូចគ្នានឹងភាគីម្ខាងទៀតដែលលោកចាត់ទុកថាជាក្រុមបក្សប្រឆាំង។ «»
ភ្លាមៗនោះ រដ្ឋមន្ត្រីតាមក្រសួងនីមួយៗ ប្រធានមន្ទីរ និងស្ថាប័នផ្សេងៗទៀត នៃរដ្ឋាភិបាល បានចេញលិខិតផ្លូវការជាបន្តបន្ទាប់ បញ្ជាឱ្យរៀបចំពិធីហូបនំបញ្ចុកនេះ ថ្ងៃទី០៩ មិថុនា ហើយអ្នកទទួលបទបញ្ជាបានអនុវត្តមុន ដោយមិនចាំបាច់ដល់ថ្ងៃទី០៩ មិថុនា មកដល់ឡើយ។
ក៏ប៉ុន្តែកាលពីថ្ងៃទី៦ មិថុនា អាជ្ញាធរឃុំព្រះភ្នោះ ស្រុកកោះសុទិន ខេត្តកំពង់ចាម នាំគ្នាចុះមកហាមឃាត់ ពលរដ្ឋដែលមិនមែនជាសកម្មជនបក្សកាន់អំណាច មិនឱ្យជួបជុំគ្នាទទួលទាននំបញ្ចុកឡើយ ដោយហេតុថាគ្មានច្បាប់អនុញ្ញាត។
ក៏ប៉ុន្តែទោះយ៉ាងណាក្តី អគ្គលេខាធិការ សមាគមនំបញ្ចុកខ្មែរនៅប្រទេសបារាំង លោក ព្រហ្ម រដ្ឋ មានប្រសាសន៍ថា ប្រតិកម្មរបស់លោក ហ៊ុន សែន ជាការឆ្លើយតបជាវិជ្ជមាន និងបង្ហាញពីការចាប់ផ្តើមនូវវប្បធម៌រួបរួមគ្នារវាងខ្មែរ និងខ្មែរឡើងវិញ ហើយលោកសង្ឃឹមថា ខ្មែរនឹងលែងចងចិញ្ចើម ពាក់មុខយក្សដាក់គ្នា លែងចង្អុលមុខដាក់គ្នាដោយកំហឹងនោះទៀតហើយ បើទោះបីជាមានការរៀបចំពិធីប្រណាំងប្រជែងគ្នាដោយភាគីពីរផ្សេងគ្នាក៏ដោយ ក៏ពួកគាត់នៅតែជាខ្មែរតែមួយដូចគ្នា។ «»
លោកបន្តថា មិនចង់ឱ្យទិវានំបញ្ចុកនេះ ដំណើរការទៅដោយចម្រូងចម្រាស ដែលនាំឱ្យទឹកសម្លនំបញ្ចុកមានរសជាតិល្វីងនោះទេ តែលោកចង់ឱ្យពិធីនេះដំណើរការទៅដោយមានន័យ ខ្លឹមសារល្អ មានការចូលរួមពីគ្រប់ភាគី ទាំងថ្នាក់ដឹកនាំនយោបាយ ទាំងប្រជាពលរដ្ឋគ្រប់និន្នាការគណបក្ស នោះទើបសរសៃនំបញ្ចុក ទឹកសម្លនំបញ្ចុក មានរសជាតិឆ្ងាញ់ពិសាពិតៗ។ «»
ជាងនេះទៅទៀត លោកចង់ឱ្យកម្មវិធីនេះមានន័យលើសពីការអភិរក្ស និងលើកតម្កើងអាហារខ្មែរទៅទៀត គឺឈានទៅដល់ការពង្រឹងនូវវប្បធម៌រួបរួមសាមគ្គីគ្នា ចេះស្រឡាញ់គ្នា ចេះជួយគ្នា ទោះបីខ្មែរក្នុងស្រុកក្តី ក្រៅស្រុកក្តី ហើយចេះរួមគ្នារក្សាតម្លៃជាតិរបស់ខ្លួនឱ្យរស់រវើក និងមានភាពថ្លៃថ្នូរជាអមតៈ។
អំពីការរៀបចំកម្មវិធីផ្លូវការនៅថ្ងៃទី៩ មិថុនាវិញ នៅប្រទេសបារាំង ប្រារព្ធធ្វើនៅវត្ត ខ្មែរពោធិវង្ស ដោយមានអ្នកចូលរួមប្រមាណ៥០០នាក់ រួមទាំងព្រះសង្ឃផង នៅម៉ោងប្រមាណ១០ព្រឹក ម៉ោងនៅប្រទេសបារាំង។
លោកថា កម្មវិធីនេះក៏នឹងមានប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចូលរួម ព្រមទាំងមានតំណាងរាស្ត្រ និងមន្ត្រីរដ្ឋាភិបាលបារាំងមួយចំនួនចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ «»
ចំណែកនៅស្រុកខ្មែរ មានជាង១០ខេត្ត ដែលរៀបចំពិធីជាផ្លូវការ និងមានទ្រង់ទ្រាយធំ។
ក្នុងនោះមានខេត្តបាត់ដំបង មានប្រមាណ ៤០កន្លែង ខេត្តកំពង់ធំ ប្រមាណជាង ២០កន្លែង ស្វាយរៀងជាង ២០កន្លែង នៅខេត្តកំពង់ស្ពឺ កំពត សៀមរាប កំពង់ឆ្នាំង តាកែវ បន្ទាយមានជ័យ ប្រមាណជាង ១០កន្លែង និងនៅភ្នំពេញមានពី ៣០ ទៅ ៤០កន្លែង។
លោក ព្រហ្ម រដ្ឋ មិនទាន់បញ្ជាក់ថា កម្មវិធីនេះ នឹងចំណាយអស់ទឹកប្រាក់ប៉ុន្មាន ហើយបានប្រាក់ពីណាមកនោះទេ។
ចំណែក នៅខេត្តកំពង់ធំ ដូចជានៅស្រុកបារាយណ៍ បានរៀបចំមុនគេមួយថ្ងៃ គឺនៅថ្ងៃសៅរិ៍ ទី៨ មិថុនា។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក សុន ធន់ ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីបានឱ្យដឹងថា ការដែលលោករៀបចំមុនមួយថ្ងៃនេះ គឺដើម្បីកុំឱ្យជាន់គ្នាច្រើនពេក ហើយលោកចង់ឱ្យមានអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។
នៅក្នុងពិធីនោះដែរ ក៏មាននិមន្តព្រះសង្ឃចូលរួម ធ្វើពិធីសាសនា ដើម្បីឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុទាមសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងផលប្រយោជន៍ជូនពលរដ្ឋ និងកម្មករ កសិករជាដើម។ «»
ក្រៅពីនេះ ក៏មានពិធីបួងសួងសូមឱ្យប្រទេសជាតិមានសុខសន្តិភាព និងសូមឱ្យអ្នកនយោបាយ ត្រូវរ៉ូវគ្នាឱ្យបានឆាប់ ដើម្បីរួមគ្នាកសាងជាតិទៅមុខ។ «»
ការប្រារព្ធទិវានំបញ្ចុកលើកនេះ គឺជាលើកទី៣ហើយ ដែលកាលពីលើកទីមួយធ្វើឡើងនៅឆ្នាំ២០១៧ លើកទីពីរ ឆ្នាំ២០១៨។ បំណងរបស់សហគមន៍ គឺចង់ពង្រីកទិវានេះឱ្យធំទូលំទូលាយនៅឆ្នាំខាងមុខៗទៀត និងសូមអំពាវនាវឱ្យមានការចូលរួមឱ្យបានច្រើនកុះករ ដើម្បីកសាងវប្បធម៌សាមគ្គីគ្នា លើកស្ទួយតម្លៃអាហារដែលជាទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
