គណបក្ស​កម្លាំង​ជាតិ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ទាមទារ​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិមនុស្ស ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP

ដោយ សេក បណ្ឌិត
2024.12.12
គណបក្ស​កម្លាំង​ជាតិ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ទាមទារ​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិមនុស្ស ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ​នៅលើ​វេទិកា​​ប្រារព្ធ​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ធ្នូ នៅ​ខេត្តកំពង់ធំ ​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ទី១២ ធ្នូ បាន​ប្រារព្ធ​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ធ្នូ នៅ​ខេត្តកំពង់ធំ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស និង​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព អឺរ៉ុប និងGSP ពី​សហរដ្ឋ​អាមេរិក។ ពួកគេ​ទទូច​ឱ្យ​រដ្ឋាភិបាល​បន្ទន់​ឥរិយាបថ​​ឯកភាព​ជាតិ​ឡើង​វិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ និង​យុត្តិធម៌​សង្គម។

សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ប្រមាណ ២០០នាក់ មក​ពី​ស្រុក​/ក្រុង​ចំនួន៧ ក្នុង​ខេត្តកំពង់ធំ និង​ខេត្តកំពង់​ចាម បាន​ថ្លែង​សារ​នយោបាយ​បើក​ចំហ​ក្នុង​ទិវា​នេះ ដោយ​បង្ហាញ​ពី​ភាព​ឈឺ​ចាប់​ដក់​ត្រាំ​ក្នុង​ចិត្ត រឿង​អយុត្តិធម៌​សង្គម​កាន់​តែ​ច្រើន​ឡើង ដោយសារ​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ការ​ធ្វើ​បាប​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ឥត​ស្រាកស្រាន្ត។

មេ​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិ​នៅតែ​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះ​ស្រាយ​ជា​វិជ្ជមាន​ផ្នែក​នយោបាយ ដោយ​ត្រូវ​សាមគ្គី​ជាតិ​ឡើង​វិញ និង​ផ្តល់​តម្លៃ​​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ស្រេក​ឃ្លាន។

ភរិយា​អតីត​ប្រ​ធាន​គណបក្ស​កម្លាំង​​ជាតិ (NPP)លោក ស៊ុន ចន្ធី ដែល​កំពុង​ជាប់​ពន្ធនាគារ​គឺ​លោកស្រី យាន ស្រីយ៉ាន ថ្លែង​ក្នុង​ពិធី​នោះ​ថា ​ការ​រំលោភ​សិទ្ធិ​មនុស្ស​គឺ​ជា​ឧបសគ្គ​​រាំង​ខ្ទប់​សង្គមជាតិ​មិន​ឱ្យ​រីក​ចម្រើន ​​ហើយ​រារាំង​អ្នក​វិនិយោគ​បរទេស មិន​ឱ្យ​​វិនិយោគ​នៅ​កម្ពុជា​។ 

លោក​ស្រី​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅតែ​ធ្វើ​ទុក្ខ​​បុក​ម្នេញ លើ​សកម្មជន​បរិស្ថាន​ សកម្មជន​នយោបាយ សហជីព អ្នក​សារព័ត៌មាន​ឯករាជ្យ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង។

លោកស្រី យាន ស្រីយ៉ាន៖ «ត្រូវ​គោរព​សិទ្ធិ​បាន​ត្រឹមត្រូវ​ ឱ្យ​បាន​ស្មើៗ គ្នា​ដូច​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ក្នុង​រាជាណាចក្រ​កម្ពុជា និង​សូម​បើក​លំហ​ដោះលែង​អ្នក​ជាប់ទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ​ប្រទេស​របស់​យើង​នឹង​គ្មាន​ភាព​រីក​ចម្រើន ហើយ​ក៏​គ្មាន​បរទេស​ណា​គេ​ហ៊ាន​មក​វិនិយោគ​ដែរ ព្រោះ​និយាយ​អី​មិន​បាន​ចាប់​ដាក់​គុក​រហូត»

តំណាង​ស្ត្រី​នៃ​គណបក្ស​កម្លាំង​ជាតិ គឺ​លោកស្រី ព្រំ ចន្ថា ថ្លែង​ក្នុង​ពិធី​នោះ ដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​ថា ត្រូវ​ប្រឹងប្រែង​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ត្រឡប់​មក​វិញ ​បើ​ពុំ​ដូច្នេះ​ទេ ពលរដ្ឋ​នៅ​តែ​ទទួល​រង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​គ្មាន​ទី​បញ្ចប់ រហូត​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទៀត។

លោក​ស្រី​បារម្ភ​ថា ក្នុង​ពេល​ពលរដ្ឋ​បាត់បង់​សិទ្ធិ​សេរីភាព មិន​ត្រឹមតែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ ​សូម្បី​តែ​ទឹកដី ឬ​អធិបតេយ្យ​ជាតិ ក៏​ប្រឈម​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង​ដែរ។

លោកស្រី ព្រុំ ចន្ថា៖ «ក៏​មិនមែន​ជា​ប្រទេស​របស់​រដ្ឋាភិបាល​ដែរ គឺ​ប្រទេស​យើង​ទាំង​អស់​គ្នា ហើយ​ប្រឹង​ទាំង​អស់​គ្នា ដើម្បី​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ។ ប្រសិន​បើ​យើង​មិន​ប្រឹងប្រែង​ទេ ហើយ​ធ្វើ​ជា​ម្ចាស់ការ ម្ចាស់​ឆ្នោត ម្ចាស់​ប្រទេស ប្រសិន​បើ​មិន​និយាយ​មិន​ប្រឹងប្រែង​ទេ ខាង​លិច​គេ​យក​បន្តិច ខាង​កើត​គេ​យក​បន្តិច អស់​រលីង​តែម្ដង»

ការ​អបអរ​ទិវា​សិទ្ធិ​មនុស្ស​ឆ្នាំ​នេះ​ គណបក្ស​កម្លាំង​ជាតិ​គ្រោង​ប្រារព្ធ​ឡើង​ក្នុង​ថ្ងៃ​ទី១០ ធ្នូ ក៏​ប៉ុន្តែ​ត្រូវ​លើកពេល ដោយសារ​មាន​ជន​មិន​ស្គាល់​មុខ​ទៅ​គំរាម​កំហែង​ម្ចាស់​ផ្ទះ​ជួល​ទីស្នាក់ការ​បក្ស​កម្លាំង​ជាតិ​ដល់​ផ្ទះ។ ដោយសារ​តែ​ភ័យ​ខ្លាច​ការ​គំរាម​នេះ ទើប​ម្ចាស់​ផ្ទះ​ជួល​មិន​អនុញ្ញាត ហើយ​គណបក្ស​កម្លាំង​ជាតិ​ប្តូរមកប្រារព្ធ​ពិធី​នេះ ​ក្នុង​បរិវេណ​ផ្ទះ​លោក ស៊ុន ចន្ធី អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ក្នុង​ខេត្ត​កំពង់​ធំ​ នៅ​ថ្ងៃ​ទី ១២ ធ្នូ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​មក​រំខាន ឬ​រារាំង​នោះ​ឡើយ។

អ្នក​ចូលរួម​ទាំង​អស់​ពាក់​អាវយឺត​ និង​មួក​និមិត្ត​សញ្ញា​គណបក្ស​កម្លាំង​ជាតិ អម​ដោយ​ពាក្យ​ស្លោក​សរសេរ​លើ​បដា​កម្មវិធី​នោះ​ថា «បើក​លំហ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស កម្ពុជា​នឹង​ទទួល​បាន EBA និង GSP មកវិញ» ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ គឺ​ជា​ការ​គោព​សិទ្ធិមនុស្ស» និង«ប្រទេស​ដែល​រីក​ចម្រើន​ទាំង​សេដ្ឋកិច្ច និង​សង្គម​ផ្តើម​ចេញ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស» ជាដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​​សុំ​ការ​ឆ្លើយតប​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​នៅ​ឡើយ​ទេ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បដិសេធ ចំពោះ​ការ​លើក​ឡើង​របស់​សកម្មជន​គណបក្ស​កម្លាំង​ជាតិ ដោយ​លោក​ចាត់​ទុក​ថា បើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំង​ស្រុង គឺ​មិន​ជាប់​ទាក់ទង​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ។ លោក​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​សន្តិភាព ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

លោក សុខ ឥសាន៖ «ឧបមា​ថា ឥឡូវ​នេះ កម្លាំង​ជាតិ​ចង់​ទិញ​ពីរ​បី​រយ​នាក់​ធ្វើ​ទៅ​មាន នរណា​ធ្វើ​អី! អា​ហ្នឹង ឆ្លុះ​បញ្ចាំង​ពី​សិទ្ធិ​សេរីភាព​ពេញលេញ ព្រោះ​យើង​មាន​លំហ​សិទ្ធិ​សេរីភាព​នយោបាយ​ទូលំទូលាយ។ តែ​បើ​មុខ​ចោទ​ថា អត់​មាន​ប្រជាធិបតេយ្យ អត់​គោរព​សិទ្ធិមនុស្ស គឺ​មិន​ដែល​មាន ទោះ​យើង​ធ្វើ​អ្វី​ក៏​ដោយ បើ​គេ​ចង់​កាត់ គេ​នៅ​តែ​តាម​កាត់​អ៊ីចឹង»

ជុំវិញ​រឿង​នេះ​​ អនុ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង បាន​ថ្លែង​ក្នុង​កម្ម​វិធី​នោះ​ថា ​គណបក្ស​កម្លាំង​ជាតិ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គោព​សិទ្ធិ​មនុស្ស និង​ការ​ឯកភាព​ជាតិ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

លោក សុខ គឹមសេង៖ «ដើម្បី​គោរព​សិទ្ធិ​មនុស្ស​បាន​គឺ​យើង​ត្រូវតែ​មាន​យុត្តិធម៌​ទាំង​អ្នក​មាន​និង​អ្នកក្រ មិនមែន​ដូច​បងស្រី​ថា​យុត្តិធម៌​មិន​មាន​សម្រាប់​អ្នកក្រ​ ហើយ​អ្នក​មាន​ទិញ​បាន​នោះ​ទេ យុត្តិធម៌​គឺ​ត្រូវ​ស្មើគ្នា​ទាំង​អ្នក​មាន​និង​អ្នកក្រ»

ចំណែក​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែង​ថា មុន​នឹង​សហភាព​អឺរ៉ុប​​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០ភាគ​រយ គឺ​គេ​ទុក​ពេល​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​ឡើង​វិញ នូវ​លំហ​សេរីភាព និង​ការ​គោរព​សិទ្ធិមនុស្ស​ដែរ ក៏​ប៉ុន្តែ រដ្ឋាភិបាល​មិន​ព្រម​កែ​ប្រែ​នោះ​ទេ។

លោក​បារម្ភ​ថា ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​សល់ ៨០ភាគ​រយ​បាត់បង់​ទៀត នោះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ប៉ុណ្ណោះ​ទេ វិស័យ​ទេសចរណ៍ ក៏​ប៉ះពាល់​ខ្លាំង​ដែរ។

លោក រ៉ុង ឈុន៖ «អញ្ចឹង​គេ​មើល​តើ​កម្ពុជា​យើង​គោរព​ប្រជាធិបតេយ្យ​ឬ​អត់? មាន​ចំណោទ​បញ្ហា​សួរ​ បាត់​ក៏​បាត់​គេ​មិន​ខ្វល់​ទេ ប៉ុន្តែ​កុំ​ភ្លេច​អ្នក​ដែល​រង​គ្រោះ​គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ កម្មករ​ខ្មែរ»

ក្នុង​ចំណោម​អ្នក​ទោស​មនសិការ​ជិត ៨០នាក់ មាន​អ្នកទោស​នយោបាយ​ចំនួន ៣៨នាក់ កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។

ចំណែក​របាយការណ៍​អង្គការ​លីកាដូ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២៤ រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ សហជីព សិស្ស និស្សិត សកម្មជន​បរិស្ថាន អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​ដទៃ​ទៀត​ដោយសារ​តែ​ការ​ប្រើប្រាស់​សិទ្ធិ​សរុប​ចំនួន ១០២នាក់ ក្នុង​នោះ ៤៥នាក់ ត្រូវ​បាន​ដោះលែង ខណៈ​៥៧នាក់​ទៀត​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។