ក្រសួង​មហាផ្ទៃ​ព្រមាន​បក្ស​ប្រឆាំង​ដើរ​ហែ​ក្បួន​ទាមទារ​កែទម្រង់​គ.ជ.ប

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា បក្ស​ខ្លួន​បាន​រក្សា​ជំហរ​ប្រមូល​ផ្តុំ​សមាជិក​គាំទ្រ និង​ដើរ​ហែ​ក្បួន​ធ្វើ​មហា​បាតុកម្ម​អហិង្សា​មួយ នៅ​ទីក្រុង​ភ្នំពេញ ទាមទារ​កែទម្រង់​ស្ថាប័ន​បោះឆ្នោត (គ.ជ.ប) តាម​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​មេសា។ សំណើ​ដើរ​ហែ​ក្បួន​នេះ ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រឹង​ទទឹង​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​នេះ​ទៀត ក្រសួង​មហាផ្ទៃ នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ថា ក្បួន​ដង្ហែ​ធ្វើ​បាតុកម្ម​នេះ នឹង​មាន​មនុស្ស​ប្រមាណ ៤​ពាន់​នាក់​ចូលរួម។ លោក​ថា ជា​កិច្ច​ចាប់​ផ្ដើម អ្នក​ចូលរួម​ត្រូវ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី២៤ មេសា មុន​នឹង​បន្ត​ដើរ​ហែ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង និង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​រួច​ហើយ ចំពោះ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ តែ​សាលា​ក្រុង​បាន​សុំ​ឲ្យ​លើក​សំណើ​នេះ​ទៅ​ក្រសួង​មហាផ្ទៃ តែ​ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ទេ តែ​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​តែ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ក្បែរ​ផ្សារ​ចាស់​តែ​ប៉ុណ្ណោះ។

អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួន ស្រេង បាន​ឲ្យ​ដឹង​ក្នុង​កំណត់​ហេតុ​ប្រជុំ​ថា សំណើ​ជួបជុំ ឬ​ដើរ​ហែ​ក្បួន​ទៅ​ស្ថាប័ន គ.ជ.ប របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​មេសា ទាល់​តែ​ក្រសួង​មហាផ្ទៃ ទើប​មាន​សិទ្ធិ​សម្រេច។

លោក គួយ ប៊ុនរឿន ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ផង​នោះ បាន​បញ្ជាក់​ពី​គោល​បំណង​នៃ​មហា​បាតុកម្ម​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យ គ.ជ.ប ទទួល​យក​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ជុំវិញ​កំណែ​ទម្រង់​បោះឆ្នោត៖ «សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ហ្នឹង ត្រូវ​តែ​មាន​គោល​ជំហរ​អព្យាក្រិត​ពិត​ប្រាកដ។ ទី១ ត្រូវ​រៀបចំ​ធានា​អំពី​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ឲ្យ​មាន​ឈ្មោះ ហើយ​ទទួល​បាន​សិទ្ធិ​បោះឆ្នោត។ ទី៣ ធ្វើ​ម៉េច​ត្រូវ​ធានា​ឲ្យ​មាន​ការ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​គោលដៅ​ស្មើ​ភាព​គ្នា​ទៅ​លើ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ ចំពោះ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ ហើយ​ដោយ​ឡែក​មួយ​ទៀត យើង​ស្នើសុំ​ឲ្យ​មាន​វត្តមាន​ប្រធាន​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង ពិនិត្យ​ឡើង​វិញ ដើម្បី​កែសម្រួល​នីតិវិធី​របស់​ខ្លួន»

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រសួង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ទេ ព្រោះ​បារម្ភ​ពី​ការ​កក​ស្ទះ​ចរាចរណ៍ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ៖ «ក្រសួង​មហាផ្ទៃ បាន​ឯកភាព​តាម​យោបល់​របស់​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ គឺ​អនុញ្ញាត​ឲ្យ​ធ្វើ​ចុះ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដើរ​ហែ​ក្បួន​ទេ មូលហេតុ​គឺ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។ វា​ជា​សិទ្ធិ​សេរីភាព​របស់​គាត់​ក្នុង​ការ​បញ្ចេញ​មតិ»

កាល​ពី​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូន​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ស្ដីពី​គម្រោង​ប្រមូល​ផ្តុំ​សមាជិក​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​ទៅ​កាន់​ទីស្ដីការ គ.ជ.ប ដោយ​សន្តិវិធី។

សេចក្តី​ជូន​ដំណឹង​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ការ​ធ្វើ​មហា​បាតុកម្ម គឺ​ចង់​ទាមទារ​ឲ្យ​ស្ថាប័ន គ.ជ.ប កែ​ទម្រង់​បោះឆ្នោត​នា​ខែ​កក្កដា ឲ្យ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ ដែល​អាច​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទទួល​យក​បាន​ទាំងអស់​គ្នា។

គ.ជ.ប មិន​បារម្ភ​ពី​ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៣ មេសា ថា ការ​ត្រៀម​ធ្វើ​បាតុកម្ម​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២៤ មេសា ទាក់ទង​ការ​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់ គ.ជ.ប នោះ មិន​មាន​ជា​បញ្ហា​អ្វី​ថ្មី​ឡើយ ពីព្រោះ គ.ជ.ប ធ្លាប់​លើក​យក​បញ្ហា​ទាំងអស់​នោះ​ពិភាក្សា​គ្នា​ជាមួយ​តំណាង​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​រួច​អស់​ទៅ​ហើយ។

លោក ទេព នីថា៖ «ជា​រឿង​ធម្មតា​ទេ ទី​១ ដោយសារ​ថា​គណបក្ស​នេះ​ទើប​នឹង​បង្កើត​ថ្មី អ៊ីចឹង​ទេ ប្រហែល​ជា​គាត់​ចង់​ឲ្យ​គេ​ស្គាល់​គាត់។ ហើយ​ទី២ អនុសាសន៍​នេះ​គាត់​លើក​មក គ.ជ.ប មិន​មែន​ជា​រឿង​ថ្មី​ទេ ព្រោះ​ថា​អនុសាសន៍​ទាំងអស់​ហ្នឹង​ត្រូវ​បាន​យក​មក​ជជែក​គ្នា​ម្ដង​ហើយ តាំង​ពី​រង្វង់​ខែ​មករា រវាង គ.ជ.ប ជាមួយ​គណបក្ស​នយោបាយ​ទាំងអស់​ហ្នឹង និង​ជាមួយ​អង្គការ​មួយ​ចំនួន​ទៀត ដែល​បាន​ផ្ដល់​អនុសាសន៍​សម្រាប់​ការ​ធ្វើ​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ នេះ ហើយ គ.ជ.ប បាន​បញ្ជាក់​ច្បាស់​ណាស់ ចំណុច​ណា​ដែល​អាច​ទទួល​យក​បាន ហើយ​ចំណុច​ណា​ដែល​មិន​អាច​ទទួល​យក​បាន​ដោយ​មូលហេតុ​អី ចំណុច​ណា​ត្រូវ​កែលំអ​របៀប​ម៉េច»

អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា
អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា

លោក ទេព នីថា បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ហើយ គ.ជ.ប ក៏​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​កំណត់ និង​អនុញ្ញាត​ឲ្យ​ធ្វើ​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ផង​នោះ បាន​បញ្ជាក់​ពី​គោល​បំណង​នៃ​មហា​បាតុកម្ម​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យ គ.ជ.ប ទទួល​យក​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ជុំវិញ​កំណែ​ទម្រង់​បោះឆ្នោត ដូច​ជា សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ហ្នឹង ត្រូវ​តែ​មាន​គោល​ជំហរ​អព្យាក្រឹត​ពិត​ប្រាកដ ត្រូវ​រៀបចំ​ធានា​អំពី​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ឲ្យ​មាន​ឈ្មោះ ហើយ​ទទួល​បាន​សិទ្ធិ​បោះឆ្នោត ធ្វើ​ម៉េច​ត្រូវ​ធានា​ឲ្យ​មាន​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​គោលដៅ​ស្មើ​ភាព​គ្នា​ទៅ​លើ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ ចំពោះ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ ហើយ​ដោយ​ឡែក​មួយ​ទៀត ស្នើសុំ​ឲ្យ​មាន​វត្តមាន​ប្រធាន​គណបក្ស​ប្រឆាំង និង​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង ពិនិត្យ​ឡើង​វិញ ដើម្បី​កែ​សម្រួល​នីតិវិធី​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។