អ្នកឃ្លាំមើល​ថា ការ​ស្ដារ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ​ទេ

ដោយ មួង ណារ៉េត
2019-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ក្នុង​ពិធី​រំឭក​ខួប​លើក​ទី២០ នៃ​ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក នៅ​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ក្នុង​ពិធី​រំឭក​ខួប​លើក​ទី២០ នៃ​ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក នៅ​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

អ្នកឃ្លាំមើល​សង្គម​ថា ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឯករាជ្យ ឬ​អធិបតេយ្យ​របស់​ខ្លួន ដូច​ការ​លើកឡើង​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​នោះ​ទេ។ ផ្ទុយទៅវិញ ការ​ធ្វើតាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប នឹង​ជួយ​ពង្រឹង​ឯករាជ្យ និង​អធិបតេយ្យ​កម្ពុជា និង​ជួយ​ដល់​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ជាតិ​ទាំងមូល។

អ្នកឃ្លាំមើល​សង្គម និង​ជា​អតីត​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា យល់​ឃើញ​ថា ការ​ខ្លាច មិន​ហ៊ាន​ធ្វើ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដែល​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ គឺជា​ការភ័យខ្លាច​បាត់​ឥទ្ធិពល និង​អំណាច​បុគ្គល​របស់​មេដឹកនាំ និង​បក្សពួក​នៃ​គណបក្ស​កាន់អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ មិនមែន​ជា​ការ​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ជាធំ​នោះ​ទេ៖ «ប្រជាធិបតេយ្យ​ប្រាកដ​ហើយ ជា​ការណ៍​មួយ​ដែល​ធ្វើ​ឱ្យ​ទម្លាក់ ឬ​បន្ថយ​នូវ​អំណាច​បច្ចុប្បន្ន​នេះ​ច្រើន ប្រសិនបើ​យើង​អនុវត្ត​តាម​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ អ៊ីចឹង​ហើយ​ប្រហែលជា​រឿង​ខ្លាច​ការ​ធ្លាក់​ចុះ​អំណាច​អី​ហ្នឹង ប្រហែល​ជា​អាច​ធ្វើ​ឱ្យ មាន​ការ​គិត​ថា អំណាច​របស់​ខ្លួន​ហ្នឹង ស្មើនឹង​អធិបតេយ្យ។ កាលណា​យើង​គិត​អ៊ីចឹង គឺ​ខុស​ហើយ​។ ការ​រក្សា​អំណាច​នៅ​ក្នុង​រដ្ឋាភិបាល​អី​ហ្នឹង គ្រាន់តែ​ជា​ផលប្រយោជន៍​តិចតួច​ណាស់ សម្រាប់​​តែ​បុគ្គល សម្រាប់​តែ​គណបក្ស​មួយ។ តិចតួច​ណាស់​! មិនមែន​ជា​ផលប្រយោជន៍​ជាតិ​ធំ​ទេ។ ផលប្រយោជន៍​ជាតិ​ធំ គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​យើង​បាន​ចំណេញ ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ការ​ងារ​ធ្វើ ហើយ​វិនិយោគិន​គេ​មក»

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​សង្គម​រូប​នេះ ធ្វើឡើង​ក្រោយ​គណៈកម្មការ​អឺរ៉ុប រក​ឃើញ​ថា របប​លោក ហ៊ុន សែន មិនបាន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​អាច​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប តទៅទៀត​នោះ​ទេ​។ គណៈកម្មការ​នេះ បាន​បញ្ជូន​របាយការណ៍​បឋម អំពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ ទៅ​របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដោយ​​ទុក​ពេល​ឱ្យ​របប​នេះ ចំនួន ៣០​ថ្ងៃ ដើម្បី​ឆ្លើយតប។

រយៈពេល​មួយ​ខែ​នោះ គិត​មក​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា​នេះ គឺ​នៅ​សល់​តែ ១៩ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

ស្រប​ពេល​ដែល​ថ្ងៃ​ឱសានវាទ​នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ភាព​ក្រអឺតក្រទម ដោយ​ថ្លែង​សារ ហាក់​ដូច​ជា​សម្ដែង​ឫទ្ធិ​ថា កម្ពុជា​ក្រោម​​ការដឹកនាំ​របស់​លោក មិន​សុខចិត្ត​ចុះចាញ់​សហភាព​អឺរ៉ុប ក្នុង​ការ​ទាមទារ​ឱ្យ​គោរព​តាម​លក្ខខណ្ឌ ដូច​ដែល​បាន​ព្រមព្រៀងគ្នា ពេល​ផ្តល់​ការ​អនុគ្រោះ​ពន្ធ EBA នោះ​ឡើយ ព្រោះ​លោក​ថា បើ​ធ្វើតាម​សហភាព​អឺរ៉ុប​នៅ​ពេល​នេះ គឺ​កម្ពុជា​បាត់​ម្ចាស់ការ​ខ្លួនឯង៖ «បើ​គេ​ដក EBA គេ​ឱ្យ​យើង​បង់ពន្ធ បង់ពន្ធ​ឱ្យ​គេ​ទៅ។ EBA នៅ​ពេល​ណាមួយ វា​គង់តែ​បាត់​ទេ នៅ​ពេល​ដែល​សេដ្ឋកិច្ច​យើង​​កើន​ឡើង​។ អ៊ីចឹង​សម្រាប់​យើង យើង​បាន​ត្រៀមខ្លួន តាំងពី​ខែ​មីនា​ឯណោះ​។ បើ​គាត់​យក​អាហ្នឹង​មក​ដោះដូរ ជាមួយ​នឹង​ច្បាប់ ជាមួយ​នឹង​ឯករាជ្យ​របស់​យើង​ហើយ យើង​ក៏​មិន​អាច​ទទួល​យក​​បាន​ដែរ។ អ៊ីចឹង​បាន​យើង​ប្រាប់​ទៅវិញ​ថា យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើង ទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​ទេ»

បើ​យោង​តាម​លក្ខខណ្ឌ​របស់​គណៈកម្មការ​អឺរ៉ុប ដែល​មាន​នៅ​ក្នុង​របាយ​ការណ៍​កម្រាស់ ៧០ ទំព័រ​ដែល​ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ចំណុច​ណា ចែង​កំណត់​អំពី​ការ​បង្គាប់​ឱ្យ​កម្ពុជា​ដោះដូរ​អធិបតេយ្យ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ការ​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នោះ​ទេ។

សហភាព​អឺរ៉ុប គ្រាន់តែ​រម្លឹក​របប​លោក ហ៊ុន សែន ឱ្យ​ស្ដារ​ស្ថានភាព​អាក្រក់​ឡើងវិញ ព្រោះ​របប​នេះ បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេស​នៅ​ក្រោយ​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​បន្ត​ចោទ​ប្រកាន់​លោក​ពី​បទ​ក្បត់ជាតិ ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ការបោះឆ្នោត​ដោយ​ផាត់​ចោល​គណបក្សប្រឆាំង​ធំ​ជាងគេ​ជាដើម ដែល​ទាំងនេះ​វា​ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ ដែល​កម្ពុជា​បាន​ព្រមព្រៀង​អនុវត្ត​តាម ពេល​ដែល​ចុះហត្ថលេខា​ទទួល​ការ​អនុគ្រោះ​ពន្ធ EBA តាំង​ពី​ដំបូង។

លោក គល់ បញ្ញា ថា អ្វី​ដែល​សហភាព​អឺរ៉ុប ទាមទារ​នេះ គឺ​ដើម្បី​ប្រយោជន៍​កម្ពុជា​ទាំងមូល​ទៅវិញ​ទេ ពោល​គឺ​ឱ្យ​កម្ពុជា​ដើរ​តាម​ស្មារតី​នៃ​ច្បាប់​កំពូល​កម្ពុជា​។ ប្រយោជន៍​ទាំងនោះ រួមមាន​ទាំង​ឱកាស​ការងារ​សម្រាប់​កម្មករ​កម្មការិនី​ខ្មែរ និង​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច ដល់​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត ពី​ការ​អនុគ្រោះ​ពន្ធ​នេះ៖ «បើ​និយាយ​ថា អធិបតេយ្យ​ស្មើនឹង​ច្បាប់ ស្មើនឹង​ឯករាជ្យ​ក៏​អត់​ត្រឹមត្រូវ​ដែរ​។ គេ​គោរព​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​។ អ៊ីចឹង​ហើយ​បានជា​គេ​ទាមទារ​ឱ្យ​ងាក​មក​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា​យើង។ មែនទែន​គេ​ធ្វើ​ឱ្យ​យើង​ទៅវិញ​ទេ បាន​ភាព​រឹងមាំ និង​ឯករាជ្យ។ នៅ​ពេល​ដែល​យើង​បាត់​ការ​អនុគ្រោះ​ពន្ធ យើង​នឹង​បាត់​ឯករាជ្យ​ទៅវិញ​ទេ​។ នៅ​ពេល​ហ្នឹង យើង​នឹង​ទៅ​រក​ចិន ដើម្បី​ជួយ​។ យើង​ទៅ​ខ្ចី​លុយ​ចិន ឬ​ទៅ​រក​ស៊ី​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។ ប៉ុន្តែ​ទាំង​អស់​​ហ្នឹង​យើង ទៅ​ជាប់អន្ទាក់​នៃ​បំណុល»

ក្រោយ​សហគមន៍​អន្តរជាតិ នៃ​ប្រទេស​ប្រជាធិបតេយ្យ​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ជុំទិស​លើ​របប​លោក ហ៊ុន សែន រឿង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ របប​នេះ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ងាក​ទៅ​រក​ចិន​កុម្មុយនិស្ត​យ៉ាង​ខ្លាំង រហូតដល់​សហរដ្ឋអាមេរិក បង្ហាញ​ការ​ព្រួយ​បារម្ភ ពី​ភាព​បាត់​ឯករាជ្យ និង​អធិបតេយ្យ​កម្ពុជា ដោយសារតែ​ការ​សង្ស័យ​ថា កម្ពុជា​បាន​យល់ព្រម​ផ្ដល់​ទឹកដី​ខ្លួន ឱ្យ​យោធា​ចិន​បង្កើត​មូលដ្ឋាន​ទ័ព។

ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) បាន​ផ្ញើ​លិខិត​ទៅ​លោក ហ៊ុន សែន ដោយ​ផ្ទាល់ ដោយ​ក្រើន​រម្លឹក​របប​នេះ ឱ្យ​រក្សា​ឯករាជ្យ និង​អធិបតេយ្យ​របស់​ខ្លួន និង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ទើប​អាច​រក្សា​ទំនាក់ទំនង​ល្អ​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ។

លោក គល់ បញ្ញា យល់​ថា ការ​ឈឺឆ្អាល និង​ការ​ព្រួយ​បារម្ភ​ពី​ប្រទេស​មហាអំណាច និង​ជា​ប្រទេស​ផ្តល់​ជំនួយ និង​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​បែបនេះ មិនមែន​ជា​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ។

លោក​បន្ថែម​ថា ការ​អួតអាង​ថា ខ្លួន​មានលទ្ធភាព​ទប់ទល់​នឹង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដូចជា​អួត​ថា មាន​ប្រាក់ចំណូល​ពន្ធ ដើម្បី​ទប់ទល់​ស្ថានការណ៍ ស្រប​ពេល​ដែល​កម្ពុជា​ជា​ប្រទេស​ក្រីក្រ និង​ត្រូវការ​ជំនួយ​បន្ថែម ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​បែបនេះ គឺជា​ការខុសឆ្គង​ធំ​មួយ៖ «យើង​មិន​អាច​ទៅ​ធ្វើ​របៀប​ទាល់ច្រក យក​លុយ​ដែល​យើង​សន្សំ​បាន ដែល​បាន​ប្រមូល​បាន​ពី​ពន្ធ ពី​ប្រជាពលរដ្ឋ យក​ទៅ​ទូទាត់​ជាមួយ​នឹង​ការ​ខាត​ការ​អនុគ្រោះ​ពន្ធ។ គេ​មិន​ធ្វើ​ដូច្នេះ​ទេ។ នៅ​ប្រទេស​គេ បើ​ការ​ដឹកនាំ​ខ្វះ​ការ​ទទួលខុសត្រូវ​បែបនេះ គឺ​ត្រូវតែ​មាន​បញ្ហា ដូចជា​ត្រូវ​សុំលាលែង​ពី​តំណែង ព្រោះ​យើង​មិន​បាន​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ»

បញ្ហា​បាត់​ប្រឈម​ការ​បាត់​ការ​អនុគ្រោះ​ពន្ធ​នេះ បង្ក​ជា​កង្វល់​យ៉ាង​ច្រើន​ដល់​កម្មករ​រោងចក្រ ដែល​ថ្លែង​ថា រាល់ថ្ងៃ​កម្មករ​ខ្សឹបខ្សៀវ​គ្នា ដោយ​ព្រួយចិត្ត ខ្លាច​បាត់​ការងារ និង​បាត់​មុខរបរ ដែល​នឹង​ធ្វើ​ឱ្យ​ជីវភាព​ដែល​ដុនដាប​ស្រាប់​ហើយ​នោះ នឹង​កាន់តែ​យ៉ាប់​យឺន​ទ្វេ​ដង។

កម្មករ​រោងចក្រ​ម្នាក់​គឺ​លោក ប៊ុន វ៉ាន់ ថា ទំហំ​នៃ​ផល​ប៉ះពាល់ ពេល​អត់ EBA គឺ​មិន​អាច​ថ្លាថ្លែង​បាន​ទេ ហើយ​បើ​បាត់​ការងារ​នេះ គឺ​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​។ ម្យ៉ាង​ទៀត លោក​និង​កម្មករ​ជាច្រើន​នាក់​ផ្សេង​ទៀត មិន​អាច​វិលត្រឡប់​ទៅ​ធ្វើ​ស្រែចម្ការ​វិញ​បាន​ទេ ដោយសារ ទោះបី​ធ្វើស្រែ​ចម្ការ ក៏​មិន​រស់​ដែរ ដោយសារតែ​ខ្វះ​ទីផ្សារ​លក់​កសិផល និង​ខ្វះ​ដី​ធ្វើស្រែ ព្រោះ​ប្លង់ដី​ត្រូវ​យក​ទៅ​បញ្ចាំ​នៅ​ធនាគារ​ជាដើម៖ «រាល់ថ្ងៃ​ហ្នឹង​មាន​ប្រព័ន្ធ EBA ចំណេញ​ការ​នាំទៅ​ប្រទេស​គេ អត់​បង់ពន្ធ​ផង នៅ​អត់​មានការ​ងារ​ធ្វើ​ខ្លះៗ​។ យើង​ខ្វល់​បំផុត គឺ​អត់​ការងារ​ធ្វើ​។ កម្មករ​អត់​មាន​លុយ​សល់​ទេ គាត់​អាង​មានការ​ងារ​ធ្វើ គាត់​ខ្ចី​លុយ​ធនាគារ។ លុយ​ប្រាក់ខែ​ត្រូវ​យក​ទៅ​សង​ធនាគារ​អស់​។ គាត់​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ហូបចុក​ប្រចាំថ្ងៃ​ផង»

កម្មករ​រោងចក្រ​ម្នាក់ទៀត​លោក ង៉ែត សុខុម ថា សារ​របស់​លោក ហ៊ុន សែន រឹតតែ​ធ្វើ​ឱ្យ​កម្មករ​ព្រួយចិត្ត​ខ្លាំង ព្រោះ​កម្មករ​រោងចក្រ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការងារ​រោងចក្រ​នេះ​ទេ។ បើ​អត់​ការងារ​នេះ ពួកគាត់​នឹង​រង​ទុក្ខវេទនា​យ៉ាង​ដំណំ។

តប​ទៅ​នឹង​ក្តីកង្វល់​នេះ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា ជា​ការ​ព្រួយបារម្ភ​គ្មាន​ហេតុផល ព្រោះ​មិន​ដឹង​ដំណើររឿង​។ លោក ផៃ ស៊ីផាន មាន​សុទិដ្ឋិនិយម ក្នុង​ការ​ពន្យល់​របស់​រដ្ឋាភិបាល ទៅ​សហភាព​អឺរ៉ុប ជុំវិញ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ៖ «យក EBA ជា​បញ្ហា​ធំ ដោយ​អត់​ដឹង​សាច់រឿង​ហ្នឹង គឺជា​ការ​ស្រមើល​ស្រមៃ ជា​ប្រតិកម្ម​ទៅ​នឹង​ខ្យល់ ឬ​ពពក​ប៉ុណ្ណោះ។ អ្វីៗ​គឺ​យើង​កំពុងតែ​ជជែក​គ្នា​។ នៅ​ក្នុង​ការ​ពន្យល់​គ្នា​ទៅវិញទៅមក​ហ្នឹង គឺ​មាន​ផែនការ​សកម្មភាព ហើយ​មាន​ពេល​វេលា​ដែល​ត្រូវ​ជជែក​គ្នា។ ដូច្នេះ កុំ​បារម្ភ​ច្រើន​ជាង​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​នេះ ជា​​អ្នក​​ទទួលខុសត្រូវ​ជាមួយ​នឹង​កម្មករ និង​ពាណិជ្ជករ​ដែរ»

ចំណែក​ឯ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ឯណោះ ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ ជុំវិញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​។ លោក​សរសេរ​សារ​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ថា ជម្រើស​ទី​មួយ គឺ​ចោល​ការងារ​កម្មករ ដោយ​ចោល EBA និង ជម្រើស​ទី​២ ចោល​លោក ហ៊ុន សែន ដោយ​រក្សា EBA។ លោក​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ត្រូវតែ​ការពារ​ឆ្នាំងបាយ​របស់​កម្មករ ដោយ​ត្រូវ​ចាប់​យក​ជម្រើស​ទី​២ ដែល​នឹង​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី លោក ង៉ែត សុខុម បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​លោក​ចាត់​ទុក​ស្មើនឹង​ឪពុកម្ដាយ ឱ្យ​យកចិត្តទុកដាក់​យ៉ាងណា​ពិចារណា​ឡើង​វិញ ឱ្យ​បាន​ល្អិតល្អន់​ឡើង​វិញ ដើម្បី​ការពារ​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្លួនឯង ដោយ​រិះរក​វិធី​យ៉ាងណា ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ កុំ​ឱ្យ​គេ​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល