CDI គួរតែលើកយកបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ «ជជែកជាមួយរដ្ឋាភិបាល»
2024.11.19

អ្នកឃ្លាំមើលលើកឡើងថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) គួរតែលើកយកបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ទៅជជែកជាមួយនឹងរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការនេះ នៅខេត្តសៀមរាប។
អ្នកឃ្លាំមើលលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា នៅខេត្តសៀមរាប នៅមិនទាន់បើកឱកាសឲ្យភាគីពាក់ព័ន្ធបង្ហាញពីបញ្ហាប្រឈមរបស់ពួកគេឡើយ ខណៈប្រទេសកម្ពុជា ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ មើលឃើញថា ជាប្រទេសពោរពេញដោយការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។
ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី (Australia) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ គួរតែផ្ដល់ឱកាសឲ្យតួអង្គគន្លឹះ ក្នុងរបបនៃការដឹកនាំតាមបែបប្រជាធិបតេយ្យផ្សេងទៀត ដូចជា អ្នកនយោបាយមាននិន្នាការផ្ទុយពីរដ្ឋាភិបាល និងសង្គមស៊ីវិលនិយមកណ្ដាលជាដើម បានចូលរួម និងលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេ។
លោក ស៊ឹង សែនករុណា៖ «រឿងលទ្ធិប្រជាធិបតេយ្យ គេមិនដែលនិយាយត្រឹមតែប៉ុន្មានស្ថាប័នហ្នឹងមកបញ្ចប់បានទេ ទាល់តែមានការជជែក មានការស្រុះស្រួលគ្នា រកឲ្យឃើញនូវបញ្ហា ដែលជាវិបត្តិពិតប្រាកដរបស់សង្គម ហើយរកដំណោះស្រាយរួមគ្នា ដែលឆ្លើយតបទៅនឹងអ្វី ដែលបានកើតឡើងហ្នឹង ។ មិនមែនថា ត្រឹមតែនាយករដ្ឋមន្ត្រីធ្វើការបកស្រាយយកតែរួចខ្លួន ហើយមិនរកដំណោះស្រាយអ្វីដែលកំពុងតែជួបវិបត្តិពិតប្រាកដ អាហ្នឹងមិនមែនជាការព្យាបាលឲ្យចំជំងឺទេ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ បានប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន នៅទីក្រុងសៀមរាប នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ដោយមានអ្នកចូលរួមជិត ១រយនាក់ (៨៧) មកពីគណបក្សនយោបាយចំនួន ២៦ និងប្រទេសចំនួន ២៤ រួម ទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ លោក អាន់ដ្រេ ប៉ាស្ត្រាណា (Andre Pastrana) បានលើកឡើងអំពីបញ្ហាប្រឈមរបស់ពលរដ្ឋ បណ្ដាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងបានប្ដេជ្ញាចិត្តដោះស្រាយលើកម្ពស់ការគោរពសិទ្ធិមនុស្សជាដើម។
លោក អាន់ដ្រេ ប៉ាស្ត្រាណា៖ «យើងឃើញថា យើងបានធ្វើការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់នូវសិទ្ធិមនុស្ស ក៏ដូចជា សុខុមាលភាពរបស់មនុស្ស បើកលំហគំនាបនៃការរឹតត្បិតសិទ្ធិសេរីភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ ហើយលោកបានអួតសរសើរពីអ្វីមួយ ដែលគេហៅថា «សន្តិភាព» កសាងឡើងដោយស្នាដៃរបស់ឪពុករបស់លោក ក្នុងការផ្សះផ្សា និងអភិវឌ្ឍប្រទេស ដោយលោកថា ពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ទោះមាននិន្នាការនយោបាយខុសគ្នា ក៏អាចរស់នៅចុះសម្រុងគ្នាដែរ។
លោក ហ៊ុន ម៉ាណែត៖ «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានគោលបំណងក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ព្រមទាំងរួមគ្នានឹងគណបក្សនយោបាយ ដែលមានផ្នត់គំនិតដូចគ្នា គាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ»។
ទោះជាយ៉ាងណា ប្រទេសកម្ពុជាក្រោមការដឹកនាំដោយគ្រួសារត្រកូល «ហ៊ុន» តាំងពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បន្តដល់កូន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា ជាប្រទេសដឹកនាំបែបផ្ដាច់ការ គ្រួសារនិយម និងសំបូរដោយអំពើឧក្រិដ្ឋកម្មដូចជា អំពើឆបោកតាមអនឡាញ គ្រឿងញៀន និងអំពើពុករលួយជាដើម ។ ជាក់ស្ដែង នៅដើមឆ្នាំ២០២៤ អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ហៅកាត់ថា អ៊ី.អាយ.យូ (Economist Intelligence Unit) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) បន្តដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ ១២១ ឬជាប្រទេសមានរបបដឹកនាំតាមបែបផ្ដាច់ការសម្រាប់ឆ្នាំ២០២៣។
គណបក្សប្រជាជនកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិ របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ កាលពីឆ្នាំ២០១៦។ អង្គការនេះ ជាអង្គការមួយ ក្នុងចំណោមអង្គការអន្តរជាតិ ចំនួន៥ ផ្សេងទៀត ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីឆ្នាំ២០២២ ។ គណៈប្រតិភូ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិលោក អាន់ដ្រេ ប៉ាស្ត្រាណា ធ្លាប់ដឹកនាំអង្គការមួយចំនួន ចូលរួមធ្វើជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតនៅកម្ពុជា ចំនួន៣ដងរួចមកហើយ ចាប់តាំងពីឆ្នាំ២០១៧ក្រោយពេល ដែលរដ្ឋាភិបាលត្រកូល ហ៊ុន បានរម្លាយគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ។
អ្នកឃ្លាំមើលលើកឡើងថា ការរៀបចំកិច្ចប្រជុំពិភាក្សាសម្រាប់អ្នកប្រជាធិបតេយ្យ គួរតែមានការចូលរួមទាំងអស់ ពីភាគីពាក់ព័ន្ធដូចជា គណបក្សកាន់អំណាច គណបក្សប្រឆាំង សង្គមស៊ីវិល ពលរដ្ឋ និងរដ្ឋាភិបាលជាដើម ។ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ចាត់ទុកកិច្ចប្រជុំ ដែលតាំងនាមជាអ្នកប្រជាធិបតេយ្យ តែខ្វះការចូលរួមពីតួអង្គគន្លឹះ ក្នុងសង្គមប្រជាធិបតេយ្យ គ្រាន់ជាឆាកល្ខោនបំភាន់ភ្នែកពលរដ្ឋប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។