អ្នកឃ្លាំមើលថា គណបក្សកាន់អំណាចនៅមានបញ្ហាផ្ទៃក្នុងនៅឡើយទើបមិនទាន់បង្ហាញបេក្ខភាពប្រធានរដ្ឋសភាថ្មី
2023.08.10
អ្នកឃ្លាំមើលលើកឡើងថា គណបក្សកាន់អំណាចអាចនៅមានបញ្ហាផ្ទៃក្នុងមិនទាន់ដោះស្រាយនៅឡើយ ពីសមាសភាពបេក្ខជនប្រធានរដ្ឋសភា ទើបគណបក្សនេះមិនទាន់បង្ហាញបេក្ខភាពប្រធានរដ្ឋសភាថ្មីនៅឡើយ។ ឆ្លើយតបការលើកឡើងនេះ មន្ត្រីគណបក្សកាន់អំណាចថា គ្មានការបែកបាក់ទេ និងអះអាងថា ប្រធានរដ្ឋសភាថ្មីនឹងបង្ហាញមុខនៅថ្ងៃទី២១ សីហា ខាងមុខនេះ។
ក្រោយពេលបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានលាតត្រដាងដែលលោក ហ៊ុន ម៉ាណែត នឹងស្នងជំនួសឪពុករបស់លោក គឺលោក ហ៊ុន សែន ។ ប៉ុន្តែ តួនាទីសំខាន់មួយទៀត ប្រធានរដ្ឋសភាថ្មី ស្ថិតក្នុងស្ថានភាពអាថ៌កំបាំងនៅឡើយ បើទោះជាជាមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា លោក ហេង សំរិន មិនធ្វើជាប្រធានរដ្ឋសភាបន្តទៀតក្ដី។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា ការមិនទាន់បង្ហាញបេក្ខជនប្រធានរដ្ឋសភាថ្មី អាចមកពីគណបក្សកាន់អំណាចមិនទាន់ឯកភាពមតិគ្នា ថា នឹងត្រូវប្រគល់តំណែងនេះឱ្យមេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា រូបណានៅឡើយ។ លោកបន្តទៀតថា ការរៀបចំរបស់លោក ហ៊ុន សែន ឱ្យមេដឹកនាំជាន់ខ្ពស់គណបក្សកាន់អំណាចមួយចំនួន ទៅធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អាចធ្វើឱ្យអ្នកទាំងនោះមិនសប្បាយចិត្ត។ លោកបន្តទៀតថា បេក្ខភាពប្រធានរដ្ឋសភា អាចជាមនុស្សធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជន ទើបគណបក្សកាន់អំណាចមិនទាន់អាចបង្ហាញនៅពេលនេះ។
លោក រស់ សុដ្ឋា៖ «ពួកគាត់អាចមានអារម្មណ៍បាត់បង់នូវការលើកទឹកចិត្តអីណាមួយលើការកាន់តួនាទីថ្មីហើយធ្វើដំណើរការនៃការតែងតាំងប្រធានសភាថ្មីហ្នឹងនៅជាប់ស្អិតគាំងអ៊ីចឹងណាដោយសារថា មនុស្សការខូចចិត្តខ្លះៗអីអ៊ីចឹងទៅធ្វើឱ្យការចាត់ចែងកិច្ចការហ្នឹងមិនទាន់បានសម្រេច»។
ដោយឡែក ចំពោះបេក្ខភាពប្រធានរដ្ឋសភាថ្មី អ្នកឃ្លាំមើលនយោបាយលោក រស់ សុដ្ឋា យល់ថា ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់គណបក្សកាន់អំណាច ដែលអាចអង្គុយកៅអីប្រធានរដ្ឋសភាជំនួសលោក ហេង សំរិន ទំនងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង។ លោកបន្តទៀតថា លោក ស ខេង ជាមេដឹកនាំមួយរូបមានការយល់ដឹងពីគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស មានមនសិការយុត្តិធម៌ និងយល់ដឹងពីច្បាប់ច្រើន។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថា ការរក្សាភាពសម្ងាត់នៃក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាថ្មី អាចមកពីគណបក្សកាន់អំណាច រៀបចំមិនទាន់រួចរាល់ ឬការបែងចែកប្រយោជន៍គ្នា របស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាមិនទាន់ត្រូវរ៉ូវគ្នា។ លោកកត់សម្គាល់ថា បេក្ខជនប្រធានសភា សម្រាប់អាណត្តិថ្មីនេះអាចជាមនុស្ស ដែលមានទំនាក់ទំនងល្អជាមួយប្រទេសវៀតណាម ព្រោះលោកយល់ថា វៀតណាមនៅតែមានឥទ្ធិពលមកលើគណបក្សប្រជាជនកម្ពុជាដដែល។ លោកយល់ថា ប្រសិនបើគណបក្សកាន់អំណាចជជែកគ្នាមិនត្រូវក្នុងការបែងចែកអំណាច ក្នុងស្ថាប័នសភានេះទេ ទំនងលោក ហេង សំរិន បន្តកាន់តួនាទីប្រធានសភា ដដែល ប៉ុន្តែ បើលោក ហេង សំរិន មិនបន្តតំណែងនេះទេ ថ្នាក់ដឹកនាំចាស់ៗរបស់គណបក្សនេះគឺលោក ស ខេង និងអ្នកស្រី ម៉ែន សំអន គឺជាបេក្ខជនដែលអាចនឹងកាន់តំណែងជាប្រធានរដ្ឋសភា។
លោក វ៉ន ចាន់ឡូត៖ «ត្រូវគិតត្រូវថ្លឹងថ្លែងនៃទំនាក់ទំនងនៃផលប្រយោជន៍កម្ពុជា ជាមួយវៀតណាម ផលប្រយោជន៍កម្ពុជាជាមួយចិន យើងនិយាយពីសមាសភាពនាយករដ្ឋមន្ត្រីថ្មីគឺគាត់អាចថា មានគាត់មានទំនោរទំនាក់ទំនងល្អជាមួយចិនច្រើនជាង ជាមួយវៀតណាមដូច្នេះដើម្បីរក្សាស្ថិរភាពចំណុចនេះតួនាទីប្រធានសភា អាចរកអ្នកណាដែលមានទំនាក់ទំនងល្អអាចនិយាយត្រូវគ្នាច្រើនជាមួយវៀតណាម»។
ទាក់ទងការលើកឡើងរបស់អ្នកឃ្លាំមើលនយោបាយពេលនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី០៩ ខែសីហា។ ទោះយ៉ាងណា ទាក់ទងតួនាទីប្រធានរដ្ឋសភាថ្មីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីបានព្យាយាម សុំការបញ្ជាក់ពីលោក សុខ ឥសាន តែអ្នកនាំពាក្យរូបនេះតែងតែបដិសេធបំភ្លឺ ដោយលោក គ្រាន់តែឆ្លើយតបថា លោកមិនទាន់ដឹង។ ទោះយ៉ាងណា កាលពីថ្ងៃទី០៨ ខែសីហា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា លោក ហេង សំរិន មិនឈរឈ្មោះជាប្រធានរដ្ឋសភាសម្រាប់អាណត្តិថ្មីនេះទេ។ លោកបញ្ជាក់ថា លោក ហេង សំរិន បានប្រកាសដូច្នេះក្នុងសន្និបាតរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ដោយឡែកចំពោះបេក្ខភាពប្រធានរដ្ឋសភាថ្មី លោក សុខ ឥសាន បញ្ជាក់ដដែលៗថា គេនឹងបានឃើញប្រធានរដ្ឋសភាថ្មីនៅថ្ងៃទី២១ ខែសីហា ខាងមុខនេះ។
លោក សុខ ឥសាន៖ «ខ្ញុំអត់ដឹងដែរ ខ្ញុំអត់ដឹងទេ កុំចាក់ឱ្យខ្ញុំចេញ។ យើងមិនទាន់បានដឹងទេ អត់បានដឹងទេ គ្រាន់តែបានលឺល្ហៀងៗ ក៏ប៉ុន្តែអាស្រ័យទៅលើសម្ដេចប្រធានគណបក្សជាអ្នកឧទ្ទេសនាមតាមការឯកភាពពីគណៈកម្មាធិការអចិន្ត្រៃយ៍»។
សភាឯកបក្សសព្វថ្ងៃ ដឹកនាំដោយលោក ហេង សំរិន ជាប្រធាន អនុប្រធានទី១ គឺលោក ជាម យៀប និងអនុប្រធានទី២រដ្ឋសភា គឺអ្នកស្រី ឃួន សុដារី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ប្រកាសថា នៅពេលកូនប្រុសរបស់លោកធ្វើនាយករដ្ឋមន្ត្រីផ្លូវការគឺលោកនឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រម្ដងវិញ ហើយលោកនឹងនាំយកមន្ត្រីជាន់ខ្ពស់គណបក្សនេះ រួមមាន៖ លោក សាយ ឈុំ លោក ហេង សំរិន លោក ស ខេង លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ជាដើមនឹងទៅធ្វើជាសមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។ បើទោះជាលោក ហ៊ុន សែន ប្រកាសបែបនេះក្ដី ប៉ុន្តែ មេដឹកនាំគណបក្សប្រជាជនកម្ពុជា សំខាន់ៗ រួមមាន៖ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន មិនទាន់បង្ហាញការយល់ព្រមនោះទេ ដោយពួកគេរក្សាភាពស្ងៀមស្ងាត់។ ដោយឡែក អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ម្នាក់ប៉ុណ្ណោះ បង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៤ ខែសីហាប្រកាសគាំទ្រ និងទំនុកបំរុង បេក្ខភាពនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ អ្នកឃ្លាំមើលនយោបាយ យល់ថា មុនការប្រជុំសភា ថ្ងៃទី២១ សីហា ខាងមុខនេះ លោក ហ៊ុន សែន អាចនឹងចេញសារនយោបាយថ្មីទៀត ស្ដីពីការកែប្រែការសម្រេចចិត្តរបស់លោកខ្លះកាលពីថ្ងៃទី២៦ ខែកក្កដា ដែលនឹងផ្ដល់តំណែងប្រធាន និងអនុប្រធានរដ្ឋសភា ទៅមេដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាវិញ ដោយលោក ហ៊ុន សែន យកពួកទាំងនោះទៅបញ្ឈរជើងនៅឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។