ក្នុងរយៈពេលចុងក្រោយនេះ មេដឹកនាំនយោបាយកំពូល ២រូប គឺប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ អំពីវោហារសាស្ត្រនយោបាយ «ផ្ការីក»។ មន្ត្រីគណបក្សប្រឆាំង ចង់ឱ្យមានការចរចាណាមួយ ដោយបើកចំហ និង មានសហគមន៍អន្តរជាតិជាសាក្សី ដើម្បីស្ដារប្រជាធិបតេយ្យ ប៉ុន្តែមន្ត្រីគណបក្ស ប្រជាជនកម្ពុជាថា គ្មានការចរចាទេ ពីព្រោះកម្ពុជាកំពុងតែរីកចម្រើន ក្រោមដំបូល សន្តិភាព និងស្ថិរភាពនយោបាយ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បំផុសយុទ្ធនាការ«ផ្ការីក» ក្នុងគោលដៅចង់បានការផ្លាស់ប្ដូរកម្ពុជាទៅកាន់ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម រីឯប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ផ្សព្វផ្សាយពាក្យ «ផ្ការីក» បកវិញ ដោយអួតពីការរីកចម្រើន ក្រោមការដឹកនាំរបស់លោក ជាពិសេស បង្ហាញភាពហ៊ឺហានៃក្រុមគ្រួសារលោកផ្ទាល់ខ្លួន។
អ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំនយោបាយចាស់វស្សាទាំងពីររូប គួរបោះដៃរកគ្នា ដើម្បីស្វែងរកឱកាសចរចាដោះស្រាយបញ្ហាជាតិរួមគ្នា ជាជាងផ្លោងវោហារ សាស្ត្រនយោបាយដាក់គ្នា។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែធ្នូថា កូនសោរនៃដំណោះស្រាយបញ្ហាជាតិ នៅលើដៃ លោក ហ៊ុន សែន ដែលកំពុងកាន់កិច្ចការប្រទេសជាតិ។ ដូច្នេះ លោកថា លោក ហ៊ុន សែន គួរផ្ដល់សញ្ញាបើកឱ្យមានការផ្សះផ្សាជាតិ ដោយមិនគួរពង្រីកយុទ្ធនាការ «ផ្ការីក» ទៅលែបខាយ របៀបខ្វះការទទួលខុសត្រូវ ក្នុងនាមជាមេដឹកនាំកំពូល នៃប្រទេសឡើយ។
លោក វ៉ន ចាន់ឡូត ថា ប្រទេសកម្ពុជាពិតជាកំពុងតែរីកវិសមភាពសង្គមរវាងកូនអ្នកមានអំណាច និងប្រជាពលរដ្ឋក្រីក្រ បក្ខពួកនិយម អំពើពុករលួយជាប្រព័ន្ធ និងបញ្ហាបូរណភាពទឹកដី ដូចការអះអាងរបស់លោក សម រង្ស៊ី មែន។ លោកថា លោក ហ៊ុន សែន គួរតែរៀបក្បួនឱ្យខ្មែរគ្រប់ភាគីអាចចរចាគ្នា ដើម្បីបញ្ចៀសការបន្តបែកបាក់ខ្មែរឱ្យសមនឹងពាក្យ «សន្តិភាព» និងកុំឱ្យខ្មែរចាញ់កលបរទេស មិនហ៊ានការពារទឹកដីជាតិ តាមផ្លូវច្បាប់អន្តរជាតិ ដូចជា ករណីកោះគជ់ជាដើម។
លោក វ៉ន ចាន់ឡូត៖ «គាត់បើកចំហដោយពិតប្រាកដទៅ យើងរៀបចំយន្តការច្បាប់ ឬយន្តការអ្វីផ្សេងៗ ដើម្បីការពារនូវអ្នកកាន់អំណាចដែលអស់ពីតំណែងយើងត្រូវការសុវត្ថិភាព។ ទី២ អ្វីដែលគាត់ប្រមូលបានពីអំពើពុករលួយ កិបកេងទាំងប៉ុន្មានខ្ញុំជឿថា គាត់មានព័ត៌មានហ្នឹងទាំងអស់ ដូច្នេះ ហើយគាត់យកអ្វីទាំងអស់ហ្នឹង យកមកប្រមូលចូលថវិកាជាតិវិញទាំងអស់ ដើម្បីជាការលាងអ្វីដែលគាត់ប្រព្រឹត្តនៅក្នុងទម្រង់អំពើពុករលួយ ក៏ដូចជាការកេងប្រវ័ញ្ចថវិកាជាតិជាដើម។ ដូច្នេះ ខ្ញុំជឿថា រឿងទាំងអស់នឹងត្រូវបញ្ចប់នៅពេលគាត់កំពុងកាន់អំណាច»។
លោក សម រង្ស៊ី បំផុសជារៀងរាល់ថ្ងៃ នូវយុទ្ធនាការ «ផ្ការីក» ក្រោយពីមានការដួលរលំ នៃមេដឹកនាំផ្ដាច់ការតត្រកូល ២រូប គឺលោក អាសាដ (Assad )នៅប្រទេសស៊ីរី (Syria) និងអ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នៅប្រទេសបង់ក្លាដេស្ហ(Bangladesh) ។ លោក សម រង្ស៊ី លើកឡើងពាក្យ «ផ្ការីក» ដោយភ្ជាប់ជាមួយការរីកកាន់តែរាលដាល នៃអំពើអយុត្តិធម៌ក្នុងសង្គម បំណុលវ័ណ្ឌករបស់ពលរដ្ឋ ការរីកដុះដាលនៃល្បែងអនឡាញ រួមទាំងចលនាពលរដ្ឋ ដែលកាន់តែរីកធំ ទាមទារឱ្យរដ្ឋាភិបាលភ្នំពេញ យកសំណុំរឿងកោះគជ់ ទៅប្ដឹងនៅតុលាការអន្តរជាតិ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែធ្នូ ថា យុទ្ធនាការផ្ការីករបស់លោក សម រង្ស៊ី មានគោលដៅបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មើលឃើញឱ្យច្បាស់ពីវិបត្តិជាតិ ក្រោមការដឹកនាំនៃរដ្ឋាភិបាលត្រកូលហ៊ុន ហើយលោក ក៏មិនបដិសេធទេថា យុទ្ធនាការនេះ ក៏នឹងជំរុញឱ្យមានការចរចា និងវប្បធម៌សន្ទនា ដែលខ្មែរមិនចាត់ទុកគ្នាជាសត្រូវ ដើម្បីដោះស្រាយបញ្ហាជាតិ។ យ៉ាងណា លោកបញ្ជាក់ថា ការចរចាណាមួយ ត្រូវបើកចំហ និងមានសហគមន៍អន្តរជាតិជាសាក្សី ដូចរូបមន្តផ្សះផ្សាគ្រប់ភាគីជម្លោះខ្មែរ ក្រោមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ កាលពីឆ្នាំ១៩៩១។
លោក ម៉ែន សុថាវរិន្ទ្រ៖ «អាចថាការចរចាលើកនេះ មានតែពីភាគីទេ គឺភាគីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ហើយជជែកគ្នាទៅពីភាគីហ្នឹង ហើយរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ ដូរគ.ជ.ប ដោះលែងលោក កឹម សុខា ដោះលែងអ្នកទោសនយោបាយទាំងអស់ អ្នកសារព័ត៌មានឯករាជ្យឱ្យចូលទៅកម្ពុជាវិញ ហើយនឹងសង្គមស៊ីវិល។ យើងនឹងមានការពិភាក្សា និងចរចាគ្នា ហើយមានអន្តរជាតិជាសាក្សី»។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែធ្នូ ថា ពុំមានការចរចាជាមួយគណបក្សប្រឆាំងនោះទេ ដោយលោកប្រៀបធៀបលោក សម រង្ស៊ី ជាមេដឹកនាំនយោបាយ «សន្លប់ហើយ» ហើយថា ប្រទេសកម្ពុជាសព្វថ្ងៃ កំពុងតែមានការអភិវឌ្ឍ ក្រោមដំបូលសន្តិភាព និងស្ថិរភាពនយោបាយ។ លោកថា យុទ្ធនាការផ្ការីករបស់លោក ហ៊ុន សែន មានបំណងបង្ហាញពីការរីកចម្រើននៅក្នុងសង្គមលើគ្រប់វិស័យ ដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋទូទៅ ឱ្យមើលឃើញពីការអភិវឌ្ឍ។
លោក សុខ ឥសាន៖ «អត់មានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស៍ទី២ ទេ កិច្ចព្រមព្រៀងប៉ារីស៍មាន ៣០ ឆ្នាំប្លាយហើយ អ៊ីចឹងយើងកំពុងទទួលបានមនុញ្ញផលដែលកើតឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ដូច្នេះ ហើយក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសហ្នឹង កុំសង្ឃឹមថា មានការចរចាអត់មានទេ សម្ងាត់ក៏ដោយ ចំហក៏ដោយ វាអត់មានដាច់ខាតហើយ គឺរហូតដល់ពួកហ្នឹងស្លាប់អស់»។
ក្រោយពីយុទ្ធការផ្ការីករបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្លោងពាក្យ «ផ្ការីក» ចំអកទៅវិញ ថា ផ្ការីករៀងរាល់ថ្ងៃ ព្រោះកិច្ចការរបស់បក្សកាន់អំណាច។ លោក ហ៊ុន សែន ថា សមិទ្ធផលលើគ្រប់វិស័យ តែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់ ដោយការធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន។
លោក ហ៊ុន សែន បានទាំងនិពន្ធបទចំរៀង «ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព» ច្រៀងសប្បាយកម្សាន្តលេង ផុសលើហ្វេសប៊ុកព្រោងព្រាត ដោយភ្ជាប់នឹងកម្រងរូបភាពផ្កាស្រស់ៗ ព្រមទាំងវីដេអូ ដែលលោកវាយកូនហ្កូល និងរូបថតស្អាតៗនៃប្រពន្ធ កូនចៅ ទាំងគ្រួសាររបស់លោក ខណៈមេដឹកនាំប្រឆាំង គឺលោក សម រង្ស៊ី បានផុសវីដេអូ «ផ្ការីក» របស់លោក ដោយមានជនរងគ្រោះច្រើននាក់ ដែលត្រូវបានគេសម្លាប់ កាន់ផ្កាក្នុងគោលដៅរកមុខឃាតករ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី កត់សម្គាល់ថា សព្វថ្ងៃកម្ពុជាមិនទាន់រកឃើញឯកភាពជាតិ តាមស្មារតីនៃរដ្ឋធម្មនុញ្ញនៅឡើយទេ។ លោកថា គណបក្សជាគូជម្លោះនានា គួរស្វះស្វែងរកការផ្សះផ្សាឯកភាពជាតិ ពីព្រោះ ឯកភាពជាតិ គឺជាតម្រូវការចាំបាច់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយចៀសវាងបាននូវការរើសអើងក្នុងនាមខ្មែរដូចគ្នា។
លោកបណ្ឌិត មាស នី៖ «យើងក៏អាចបង្ហាញឱ្យប្រទេសជិតខាងមើលឃើញ អំពីកម្លាំងរួបរួមគ្នារបស់ប្រទេសកម្ពុជាផងដែរ។ យើងដឹងហើយ កាលណាយើងបែកគ្នា គេអ្នកជិតខាងគេមិនដែលឱ្យតម្លៃយើងទេ ក្រៅពីទន្ទឹមហ្នឹង គេច្រើនតែពុះហែកយើងឱ្យបែកគ្នាកាន់តែខ្លាំងបន្ថែមទៀត អានេះ ជារឿងសំខាន់»។
អ្នកឃ្លាំមើលលើកឡើងថា ទោះបីជាលោក សុខ ឥសាន អះអាងអំពីការមិនចរចាក៏ដោយ តែលោក ហ៊ុន សែន តែងតែរំឭកថា ការបញ្ចប់ជម្លោះ និងសន្តិភាព បានមកពីការចរចា មិនមែនបានដោយការប្រទូស្តគ្នាទេ រីឯគណបក្សប្រឆាំងវិញ ក៏តែងតែបង្ហាញចេតនាចង់ឱ្យមានការចរចាបើកចំហ ដើម្បីគណបក្សគូជម្លោះទាំងពីរ អាចរកគន្លឹះចរចាគ្នាបាន ដើម្បីផ្សះផ្សារកឯកភាពជាតិ និងរួមគ្នាដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងវិបត្តិជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
