ព្រះមហាក្សត្រ​បញ្ចប់​គោរមងារ​ឧកញ៉ា​ក្នុង​ជួរ​នគរបាល ៣៦​នាក់

0:00 / 0:00

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​គោរមងារ​ឧកញ៉ា របស់​មេ​ប៉ូលិស​ចំនួន ៣៦​នាក់ ក្នុង​ជួរ​ក្រសួង​មហាផ្ទៃ តាម​សំណើ​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ។ សកម្មជន​ព្រៃឈើ និង​សង្គម​ស៊ីវិល ស្វាគមន៍​ការ​បញ្ចប់​ងារ​ឧកញ៉ា របស់​កងកម្លាំងប្រដាប់អាវុធ តែ​ស្នើសុំ​ឱ្យ​ពិនិត្យ​សើរើ​មើល​គោរមងារ​ឧកញ៉ា​របស់​ឈ្មួញ​មួយ​ចំនួន​ទៀត ដែល​កំពុង​រកស៊ី​ល្មើសច្បាប់។

ព្រះរាជក្រឹត្យ​បញ្ចប់​ងារ​ឧកញ៉ា លើ​មេ​ប៉ូលិស​ចំនួន ៣៦​នាក់ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ នៅ​ដើមខែ​ធ្នូ​នេះ​។ ក្នុង​ព្រះរាជក្រឹត្យ​នោះ មាន​មេ​ប៉ូលិស ចាប់ពី​ថ្នាក់​នាយ​ឧត្ដមសេនីយ៍ ដល់​ថ្នាក់​អនុសេនីយ៍ឯក ត្រូវ​បាន​បញ្ចប់​គោរមងារ​ឧកញ៉ា​។ មេ​ប៉ូលិស​ទាង ៣៦​នាក់ ដែល​ត្រូវ​បាន​បញ្ចប់​គោរមងារ​ឧកញ៉ា​នេះ មាន​ដូចជា អគ្គ​ស្នងការ​​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ ទទួលបន្ទុក​ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥ ប្រាសាទ​​ព្រះវិហារ លោក ខេង សុមេធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ លោក ឈន សារ៉ាណេ ជាដើម។

ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ក្នុង​ជួរ​កងកម្លាំង​ប៉ូលិស​នេះ ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដូច​ករណី​បញ្ចប់​ងារ​ឧកញ៉ា នៅ​ជួរ​កង​កម្លាំងយោធា​ដែរ​។ កាលពី​ខែ​កញ្ញា ប្រធាន​ព្រឹទ្ធសភា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ បាន​ចេញ​ព្រះរាជក្រឹត្យ បញ្ចប់​គោរមងារ​ឧកញ៉ា លើ​មេ​យោធា ចំនួន ៧៥​នាក់។

ការ​បញ្ចប់​ងារ​ឧកញ៉ា ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​នេះ ធ្វើឡើង​ក្រោយពេល​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពី​ចុងខែ​សីហា បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​មេទាហាន និង​មេ​ប៉ូលិស មាន​​គោរមងារ​ឧកញ៉ា ជ្រើស​យក​តួនាទី​បានតែ​១ គឺ​ធ្វើជា​ឧកញ៉ា ឬ​ធ្វើជា​កងកម្លាំង ព្រោះ​របប​លោក ត្រូវ​ហាមឃាត់​កងកម្លាំង មិន​ឱ្យ​មាន​ងារ ជា​ឧកញ៉ា​តទៅ​ទៀត។ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា មាន​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន បាន​យក​តួនាទី និង​គោរមងារ​ឧកញ៉ា ទៅ​ប្រកបការងារ ឬ​របរ​ខុសច្បាប់​។ ម្យ៉ាងវិញទៀត ការ​ក្រសោប​យក​តួនាទី និង​គោរមងារ​ឧកញ៉ា​នេះ បង្កើត​ឱ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋ។

សកម្មជន​ការពារ​ព្រៃឈើ និង​សង្គម​ស៊ីវិល​ស្វាគមន៍​ការ​បញ្ចប់​ងារ​ឧកញ៉ា លើ​មេ​យោធា និង​មេ​ប៉ូលិស​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ពួកគេ​រក​ឃើញ​ថា ឥទ្ធិពល​រកស៊ី និង​អំណាច​កាង​ឱ្យ​ឈ្មួញ​ទុច្ចរិត របស់​មេទាហាន និង​មេ​ប៉ូលិស​មួយ​ចំនួន នៅ​តែ​មាន ទោះជា​បាន​បញ្ចប់​ងារ​ជា​ឧកញ៉ា​រួចហើយ​ក៏ដោយ។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ ស្នើសុំ​ថា ក្រៅពី​មេទាហាន និង​មេ​ប៉ូលិស​ទាំង​ជាង ​១០០​នាក់ ដែល​បាន​បញ្ចប់​ងារ​ទៅ​ហើយ​នោះ រដ្ឋាភិបាល គួរ​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ពិនិត្យ​សើរើ ចំពោះ​ឧកញ៉ា​មួយ​ចំនួន​ទៀត ដែល​រកស៊ី​ដុះ​ស្នឹម ក្នុង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​រកស៊ី​ឈើ​ខុសច្បាប់។ លោក​ថា ឧកញ៉ា​រកស៊ី​ជួញ​ឈើ​ខុសច្បាប់​ខ្លះ នៅតែ​ទទួល​បានការ​ជ្រោមជ្រែង​ជា​ប្រព័ន្ធ ពី​មេ​យោធា និង​មេ​ប៉ូលិស​ដដែល​។ សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​យល់ថា បើ​​ត្រឹម​​ជម្រុះ​​ងារ​​ឧកញ៉ា តែ​​មិន​​អនុវត្ត​ច្បាប់​តឹងរ៉ឹង នឹង​មិន​អាច​ធ្វើ​ឱ្យ​បទល្មើស​ព្រៃឈើ​ថយ​ចុះ​ទេ៖ «ត្រូវ​តែ​​ពិនិត្យ និង​តាមដាន​អ្នក​ដែល​ព្រះអង្គ​បាន​ឡាយ​ព្រះហស្ត​ឡើង​ងារ​ជា​ឧកញ៉ា ប៉ុន្តែ​បែរ​ជា​យក​ងារ​ជា​ឧកញ៉ា ដែល​ព្រះមហាក្សត្រ​ឱ្យ​ទៅ​សម្លុត​កំហែង​រកស៊ី​ខុសច្បាប់​។​ ជាក់ស្ដែង ដូចជា​ឧកញ៉ា សឹង សំអុល ឧកញ៉ា លឹម ប៊ុណ្ណា ឧកញ៉ា គង់ ក្រឹង សុទ្ធ​តែ​មាន​ងារ​ជា​ឧកញ៉ា ប៉ុន្តែ​លទ្ធផល​បែរជា​គាត់​ទៅ​រក​ស៊ី ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា ទៅវិញ​។ អ៊ីចឹង​ហើយ យើង​ស្នើ​ឱ្យ​ព្រះមហាក្សត្រ ពិនិត្យពិច័យ​ឡើងវិញ​ថា នៅ​មាន​ឧកញ៉ា​ប៉ុន្មាន​រយ​នាក់​ទៀត យក​ងារ​ជា​ឧកញ៉ា​ទៅ​​រក​​ស៊ី​​ខុស​ច្បាប់​​ហ្នឹង»។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា វិធានការ​បញ្ចប់​ងារ​ឧកញ៉ា ពី​ជួរ​កងកម្លាំងប្រដាប់អាវុធ មិន​អាច​កាត់បន្ថយ​ការប្រើប្រាស់​អំណាច ឬ​ឥទ្ធិពល​របស់​មន្ត្រី​ខិលខូច​មួយ​ចំនួន ដែល​មាន​តួនាទី​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​បាន​ឡើយ​។ លោក​ពន្យល់​ថា បើ​ទោះ​ជា​មន្ត្រី​ទាំងនោះ លែង​មាន​ងារ​ជា​ឧកញ៉ា​ក៏ដោយ ក៏​ពួកគេ​នៅតែ​អាច​ប្រើ​អំណាច​ជា​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យោធា ឬ​នគរបាល​ជាតិ ដើម្បី​កាង​មុខ​ជំនួញ​របស់​ខ្លួន ឬ​ប្រព្រឹត្ត​ទង្វើ​ល្មើសច្បាប់​បាន​ដដែល​។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ ជឿ​ថា ដំណោះស្រាយ ដែល​មាន​ប្រសិទ្ធភាព គឺ​ការ​បង្កើត​ច្បាប់ ស្ដីពី​ទំនាស់​ផលប្រយោជន៍ ដែល​កំណត់​ឱ្យ​ច្បាស់​អំពី​មុខងារ ឬ​មុខរបរ​ដែល​ត្រូវ​ហាមឃាត់​សម្រាប់​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​៖ «យើង​នៅតែ​យល់ថា វិធានការ​នេះ​នឹង​មិន​អាច​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ឥទ្ធិពល ឬក៏​ការរំលោភ​អំណាច​ពី​ក្រុម​អ្នក​ដែល​មាន​បុណ្យស័ក្ដិ​ខិលខូច​មួយ​ចំនួន​នោះ​ទេ ដោយសារ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​ទំនាស់​ផលប្រយោជន៍​អ៊ីចឹង​ទៅ​ឃើញ​អ្នកមាន​បុណ្យស័ក្ដិ​មានអំណាច​នៅ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ខ្លះ​ហ្នឹង ជា​ថៅកែ​ក្រុមហ៊ុន​ឯកជន ឬក៏​ជា​ផ្នែក​មួយ​នៃ​អ្នក​ជួយ​សម្រួល​ទៅដល់​ជំនួញ​ធំៗ មួយ​ចំនួន​របស់​ក្រុមហ៊ុន​បរទេស»។

ការប្រើប្រាស់​អំណាច និង​ឥទ្ធិពល​របស់​កងកម្លាំង​ប្រដាប់​អាវុធ ទៅ​ប្រព្រឹត្ត​បទល្មើស ឬ​ប្រកប​ការងារ​ខុសច្បាប់ ឬ​កាង​ឱ្យ​ក្រុម​ឧកញ៉ា​ខិលខូច បាន​កើត​ឡើងជា​ហូរហែ​។ ឧទាហរណ៍ ឧកញ៉ា គង់ ក្រឹង ដែល​ល្បី​ខាង​រកស៊ី​ឈើ​ដុះ​ស្លែ និង​មានទ្រព្យ​សម្បត្តិ​នៅ​ខេត្ត​ភាគ​ឦសាន ក៏​ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ទោ​ក្នុង​ជួរ​ទ័ព​ជើង​គោក​ដែរ។ ចំណែក​ឧកញ៉ា ហូរ ចំរើន ដែល​ជា​អតីត​ឧត្ដមសេនីយ៍​​ក្នុង​ជួរ​កង​អង្គរក្ស លោក ហ៊ុន សែន វិញ ក៏​ធ្លាប់​ប្រើ​ប្រាស់​អំណាច​រកស៊ី​ឆបោក​គេ​ដែរ​។ ឧកញ៉ា​រូប​នេះ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ កាត់ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ ពាក់ព័ន្ធ​ករណី​ឆបោក និង​ការ​ចេញ​សែក​មិន​មាន​ទឹកប្រាក់។

ដោយឡែក នៅ​ក្នុង​ជួរ​នគរបាល​ជាតិ​វិញ អ្នក​ដែល​លេចធ្លោ​ជាងគេ​គឺ លោក​ឧកញ៉ា ហ៊ុន ជា ត្រូវជា​ក្មួយប្រុស​របស់ លោក ហ៊ុន សែន។ លោក ហ៊ុន ជា មាន​ឋានន្តរសក្ដិ​ជា​មន្ត្រី​ប៉ូលិស​ផ្កាយ​៣ ក៏ប៉ុន្តែ​លោក​បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ករណី ហើយ​ករណី​ចុងក្រោយ​គេ គឺ​ការ​បាញ់​បោះ​សេរី។

សកម្មជន​ព្រៃឈើ និង​អ្នកឃ្លាំមើល យល់ថា ការ​ជម្រុះ​ងារ​ឧកញ៉ា ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ត្រូវ​ដើរ​ទន្ទឹមគ្នា​ជាមួយ​ការអនុវត្ត​ច្បាប់​ពិតប្រាកដ បើ​ពុំ​ដូច្នេះ​ទេ មន្ត្រី​យោធា និង​នគរបាល​មួយ​ចំនួន នឹង​មិន​រាងចាល ក្នុង​ការ​រំលោភ​អំណាច និង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ឡើយ។

លើស​ពី​នេះ ក្រុម​អ្នកឃ្លាំមើល ក៏​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ដកហូត​ងារ​ឧកញ៉ា ពី​មន្ត្រី​ក្នុង​ជួរ​ស្ថាប័ន​ស៊ីវិល និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែរ ពីព្រោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​ក្រុងភ្នំពេញ​មួយ​ចំនួន ពិសេស​​ក្រុម​ឧកញ៉ា ជា​សមាជិក​ព្រឹទ្ធសភា រង​ការ​រិះគន់​ថា បាន​រំលោភច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ករណី​វិវាទ​ដីធ្លី និង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។