នៅស្របពេល លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរ វិលចូលស្រុកកំណើតវិញនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួនបានបញ្ចេញមតិ ឬ Comments ជាបន្តបន្ទាប់ជុំវិញរឿងនេះ។
អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកដែលចាប់អារម្មណ៍បញ្ហានយោបាយរបស់ប្រទេសជាតិទាំងអ្នកនិយមកណ្តាល បក្សប្រឆាំង និងអ្នកគាំទ្របក្សកាន់អំណាច បាន បង្ហាញជំហររៀងៗខ្លួន តាមរយៈទស្សនៈ ឬ Comments ឆ្លើយឆ្លងគ្នា ជុំវិញ ផែនការសកម្មភាព លោក សម រង្ស៊ី វិលទៅស្រុកវិញ និងសកម្មភាពរបស់រដ្ឋាភិបាល បក្សកាន់អំណាច បញ្ចេញសាច់ដុំ ទប់ស្កាត់ចលនារបស់បក្សប្រឆាំង។
ទស្សនៈ និង Comments ភាគច្រើន គឺពួកគេបានលើកឡើងនូវចម្ងល់ជាច្រើន ជុំវិញការព្រមានរបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ចង់ចាប់ខ្លួន លោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំងដាក់ពន្ធនាគារ ពេលវិលត្រឡប់ទៅកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា។
ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធររបបក្រុងភ្នំពេញ បានព្យាយាមគ្រប់មធ្យោបាយទាំងអស់ដើម្បីរារាំងដំណើរវិលត្រឡប់របស់ លោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំងដទៃទៀត មិនឱ្យឆ្លងចូលកម្ពុជាបាននោះទេ។
ដូចជាការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ នៅតាមបណ្ដោយព្រំដែន ចាប់សកម្មជនគណបក្សប្រឆាំងក្នុងស្រុកដាក់ពន្ធនាគារជាបន្តបន្ទាប់ ដើម្បីព្រមានកុំឱ្យពួកគេកេណ្ឌគ្នាទៅទទួលលោក សម រង្ស៊ី ដែលគ្រោងធ្វើដំណើរមកក្នុងប្រទេសដោយឆ្លងកាត់តាមប្រទេសថៃ។
ជាពិសេសជាងនេះទៅទៀតនោះ អាកាសចរណ៍ស៊ីវិលកម្ពុជា បានព្រមានក្រុមហ៊ុនយន្តហោះចំនួន៤៧ មិនឱ្យដឹកលោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំងចូលប្រទេសនោះឡើយ។ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខជាប់ទោសពីបទឧក្រិដ្ឋ។
អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមានគណនីហ្វេសប៊ុក ឈ្មោះថា យានដ្ឋាន ដារ៉ា បានសរសេរ Comments ជុំវិញរឿងនេះថា៖ ចង់ចាប់លោកសម រង្ស៊ី តែដាក់កងទ័ពនិងបិទព្រំដែន។ យានដ្ឋានដារ៉ា សរសេរទៀតថា៖ បើហ៊ានចាប់លោក សម រង្ស៊ី អន្តជាតិរួមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច តែបើឱ្យលោក សម រង្ស៊ី ចូលស្រុក និងឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញដល់ថ្ងៃបោះឆ្នោតប្រាកដជាចាញ់ តែបើសម្លាប់លោក សម រង្ស៊ី និងធ្វើឱ្យប្រជាពលរដ្ឋដែលស្រឡាញ់និងគាំទ្រឈឺចាប់និងងើបឈរ ហើយអន្តជាតិនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដាក់ខ្មែរឱ្យនៅឯកោព្រមទាំងត្រូវតុលាការអន្តជាតិកត់ឈ្មោះទុកទៀត។
ហ្វេសប៊ុក ឈ្មោះ So Limseng សរសេរបែបចំអកថា ចង់ចាប់ទណ្ឌិត ម៉េចមិនបើកផ្លូវឱ្យគេចូល ធ្វើម៉េចចាប់បាន...?
ហ្វេសប៊ុក ឈ្មោះកើតជាខ្មែរ កុំភ្លេចកំណើត សរសេរថា៖ ពួកតិរច្ឆាននាំគ្នាខ្លាចមនុស្ស...អ៊ីចឹងហើយទើបពួកគេនាំគ្នាបិទទ្វារទប់ស្កាត់មិនឱ្យពលរដ្ឋអមដំណើរមាតុភូមិនិវត្តរបស់លោកសម រង្ស៊ី។
ចំណែក ហ្វេស ប៊ុក ឈ្មោះ Jhonathon Cake ថា៖ រលកទឹកភ្នែករបស់ប្រជាពលរដ្ឋនឹងបុកទម្លាយច្រកព្រំដែនទាំងអស់នោះ ទាំងពីខាងក្រៅនិងពីខាងក្នុងប្រទេសគ្រប់ទិសទីទាំងអស់។
ចំណែក Vimean Chan សរសេរដែរថា៖ លោក សម រង្សី គាត់ជាអ្នកនយោបាយជាន់ខ្ពស់ ហើយជាតំណាងឱ្យពលរដ្ឋខ្មែរ ដូច្នេះគាត់ត្រូវប្រកាសនូវកាវិលត្រឡប់ទៅមាតុភូមិរបស់គាត់។
ហ្វេសប៊ុក ឈ្មោះ Chan Pu សរសេរដែរថា៖ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើមាតុភូមិនិវត្តន៍ជាមួយ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហេតុអ្វីបានជាអ្នកបិទផ្លូវ បិទច្រក បិទទ្វាយ៉ាងនេះ។ ពួកយើងអត់មានកាំភ្លើងដូចអ្នកទេ មានតែដបទឹក និងក្រម៉ា ឬ កន្សែង សម្រាប់ជូតមុខតែប៉ុណ្ណោះ។ សូមកុំខ្លាចអី មេត្តាតាំងចិត្តឱ្យក្លាហានទ្បើង យើងជាខ្មែរដូចគ្នាទេ យើងត្រូវចេះស្រទ្បាញ់គ្នា រួបរួមគ្នាកសាងកម្ពុជាថ្មី តាមបែបលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ។
រីឯប្រព័ន្ធផ្សព្វផ្សាយ របស់របបក្រុងភ្នំពេញ និងអ្នកគាំទ្រមួយចំនួន បានហៅ ការវិលត្រឡប់មកកម្ពុជាវិញរបស់ លោក សម រង្ស៊ី ថាជាផែនការធ្វើបដិវត្តពណ៌ ក្រោម ទិសស្លោក«ការផ្លាស់ប្តូរ..»។
ចំណែក កែវភ្នែកព្រះឥន្ទ សរសេរថា ៖ កុំយកឈាមប្រជាពលរដ្ឋខ្មែរស្លូតត្រង់ទៅក្រាលធ្វើជាកម្រាលព្រំពណ៌ក្រហមដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដើម្បីអំណាចឱ្យសោះ។
ហ្វេសប៊ុកឈ្មោះ ស្រី កែវ សរសេរចំអកថា ៖ ឮថាពេលចូលដល់កម្ពុជា អ្វីដែល លោក សម រង្ស៊ី ធ្វើមុនគេនោះ គឺចូលទៅចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តែសូមបញ្ជាក់ចាប់នោះ គឺចូលទៅចាប់ដៃទេ។
ហ្វេសប៊ុក ឈ្មោះ ឆាយ ទិនបតី សរសេរតបថា៖ ចូលមកដើម្បីផ្សះផ្សាអ្នកនយោបាយទាំងអស់ខ្ញុំគាំទ្រ តែបើនិយាយថា មកដើម្បីចាប់អ្នកនេះ ចាប់អ្នកនោះខ្ញុំអត់គាំទ្រទេ។
ដោយឡែក ហ្វេសប៊ុកមួយទៀតឈ្មោះ Tor Nimol ដែលតែងតែបង្ហាញជំហរគាំទ្របក្សប្រឆាំងក៏បានសរសេរ ដោយអមមកជាមួយវីដេអូខ្លីប បង្ហាញពីការប្តេជ្ញាចិត្តរបស់ពលករចំណាកស្រុក នៅក្រៅប្រទេសថា ពួកគាត់នឹងវិលទៅស្រុកវិញជាមួយ លោក សម រង្ស៊ី «ដោយដាក់ចំណងជើង ៩វិច្ឆិកា ស្តារប្រជាធិបតេយ្យ៖ « ៩វិច្ឆិកា ទៅផ្ទះយើងវិញ…… គាំទ្រលោក សម រង្ស៊ី មនុស្សតែមួយ ជ័យយោកម្ពុជា អមតៈ»។
ម្ចាស់គណនី ហ្វេសប៊ុកដដែលនេះសរសេរថា៖ សម្រែកពុះកញ្ជ្រោល ប្រៀបបានដូចជារលកយក្សស៊ូណាមី។ ពលករចំណាកស្រុករាប់ម៉ឺននាក់ ដែលធ្វើការនៅប្រទេសថៃ បានប្ដេជ្ញាចិត្ត ត្រៀមអមដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី នាថ្ងៃទី៩ ខែវិច្ឆិកា។
ចំណែក មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគសង្គមក្នុងស្រុកខ្លះ ក៏បានសរសេរទស្សនៈ នយោបាយនៅលើហ្វេសប៊ុករៀងខ្លួនខ្លះៗដែរ ប៉ុន្តែមានការប្រយ័ត្នប្រយែងបំផុតចំពោះស្ថានការណ៍ផុយស្រួយក្នុងអំឡុងពេលនេះ។ ពួកគាត់ព្យាយាមមិននិយាយចំៗទេ ដោយគ្រាន់តែសរសេរសារបែបបញ្ឆិតបញ្ឆៀងតិចតួចប៉ុណ្ណោះ ប៉ុន្តែអាចឱ្យសាធារណជនយល់បានថា សារនោះពាក់ព័ន្ធនឹងស្ថានការណ៍ លោក សម រង្ស៊ី មានផែនការវិលចូលស្រុកវិញ ប្រឈមជាមួយនឹងការគំរាមកំហែងសព្វបែបយ៉ាងពីរបបក្រុងភ្នំពេញ។
ប្រធានអង្គការសង់ត្រាល់ លោក មឿន តុលា បានសរសេរបែបកំប្លុកកំប្លែងថា៖ នាំគ្នានិយាយរឿងមកតាមលូទឹកស្អុយ តិចគាត់បិទលូទឹកស្អុយទៀត ស្ទះលូលិចទឹកពេញក្រុងឥឡូវហ្នឹង...!!
លោកបានសរសេរទៀតថា នៅពេលគេយកកងកម្លាំងយោធាជាតិ និងចំណាយថវិកាជាតិទៅប្រើដើម្បីប្រយោជន៍បក្ស តើគេបានសួរពលរដ្ឋដែលជាម្ចាស់លុយទេ...?
ចំណែក អ្នកវិភាគសង្គមជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ (Lao Mong Hay) វិញ បានសរសេរថា៖ លោក សម រង្ស៊ី ចង់ចូលតាមថៃ ដូច្នេះអាស្រ័យ ថាតើ ថៃ បានចំណេញអ្វីថែមទៀតពីលើអ្វីដែលថៃ កំពុងចំណេញសន្ធឹកសន្ធាប់ពីខ្មែរសព្វថ្ងៃនេះ បើថៃឱ្យចូល។
លោកបណ្ឌិត បានដាក់ជាសំណួរថា ចង់ដាក់ទោស..ឱ្យគាត់ហោះហើរចូលស្រុកមក..!! កេណ្ឌកម្លាំងមួយនគរ ដើម្បីទប់ទល់កុំឱ្យគាត់ចូលស្រុក អញ្ចឹងមិនធ្វើឱ្យទណ្ឌិត សម រង្ស៊ី ក្លាយជាទៅជាអមត:ទៅហើយ...?
ដោយឡែក លោក បណ្ឌិត មាស នី (Meas Nee) ក៏បានសរសេរ នៅលើហ្វេសប៊ុកដែរថា៖ ម្ខាងជាកម្លាំងប្រដាប់អាវុធខ្មែរដែលត្រៀមអាវុធរួចស្រេចដើម្បី..…(? ? ? ? ?) ត្រង់ពាក្យដើម្បីនេះ លោកមិនអត្ថាធិប្បាយបន្តថា យ៉ាងណាទេ ដោយលោកគ្រាន់តែដាក់ជាសញ្ញាសួរប៉ុណ្ណោះ....។ លោកសរសេរបន្តថា៖ ក្រុមម្ខាងទៀតដែលជាពលរដ្ឋរបស់ខ្លួនឯង !!! លោកបានចោទជាសំនួរចំហថា៖ តើអ្វីទៅដែលជាសោកនាដកម្មចុងក្រោយ..?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។