ក្រុមពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ កំពុងអន្ទះសា ចង់ឱ្យដល់ថ្ងៃទី៩ វិច្ឆិកាឱ្យឆាប់ៗ ដើម្បីអមដំណើរមេដឹកនាំគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍ ចូលប្រទេសកម្ពុជាវិញ។ របបក្រុងភ្នំពេញ មិនជឿថា មានពលករខ្មែរច្រើន អមដំណើរមេបក្សប្រឆាំង ចូលកម្ពុជាឡើយ។
ពលករសំណង់មួយក្រុម ធ្វើការនៅខេត្តប៉ាធុមឋានី (Phathum Thani) ជាប់ទីក្រុងបាងកក ប្រទេសថៃ ប្រាប់ថា ពួកគាត់ សុខចិត្តបោះបង់ចោលការងារ ហើយត្រលប់ទៅអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ។ ពួកគាត់ ប្រាប់ថា ការស្ម័គ្រចិត្តនេះ ដោយសារពួកគាត់ចង់បានការងារប្រសើរជាងសព្វថ្ងៃ នៅក្នុងប្រទេស ដើម្បីបានជួបជុំក្រុមគ្រួសារ។
ពលករសំណង់ម្នាក់ លោក ឆន សុខឿន លើកឡើងថា មូលហេតុនៃការសុខចិត្តអមដំណើរលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ដោយសារ លោកមើលឃើញ របបលោក ហ៊ុន សែន ធ្វើបាបពលរដ្ឋដឹកនាំតាមបែបផ្ដាច់ការហើយគំរាមមិនរើសមុខ សូម្បីពលករចំណាកស្រុក ក៏លោកថា របបនេះមានបំណងធ្វើបាប ចាប់ពលករណា ហ៊ានបញ្ចេញមតិរិះគន់ដែរ។ លោកថា ទង្វើនេះ ជាហេតុធ្វើឱ្យពលករ ស្អប់របបលោក ហ៊ុន សែន។ លោកថា លោក និងកម្មករសំណង់ផ្សេងទៀត សុខចិត្តលាឈប់ ពីការងារសំណង់ នៅ ខេត្តប៉ាធុមឋានី (Phathum Thani) ហើយអមដំណើរ លោក សម រង្ស៊ី ដោយគ្មានភាពភ័យខ្លាច ឬតក់ស្លុកចំពោះការគំរាមឡើយ។ «»
ពលករសំណង់ម្នាក់ទៀត ជាមិត្តរួមការងាររបស់ លោក ឆន សុខឿន គឺ លោក សា ថៃ លើកឡើង ថា មូលហេតុនៃការសុខចិត្តអមដំណើរ លោក សម រង្ស៊ី ដោយសាររបប លោក ហ៊ុន សែន បង្កើតភាពផ្ដាច់ការខ្លាំងឡើងៗ។ លោកប្រាប់ថា លោកមានអារម្មណ៍ ចង់មានការផ្លាស់ប្ដូរ នៅប្រទេសកម្ពុជាឱ្យបានឆាប់ ព្រោះលោកសង្ឃឹមថា ក្រោយការផ្លាស់ប្ដូរ លោកនឹងអាចរកបានការងារ ដែលមានប្រាក់កម្រៃសមរម្យ ធ្វើនៅក្នុងប្រទេស។
ពលកររូបនេះ ប្រាប់ថា លោកមិនជឿថា កងកម្លាំងហ៊ានវាយធ្វើបាបពលករតោកយ៉ាក ដូចរូបលោក ឡើយ ព្រោះកងកម្លាំងទាំងនោះ ក៏មានបងប្អូន កូនក្មួយ មកធ្វើការជាពលករនៅស្រុកថៃដែរ។ លោកថា បងប្អូនរបស់លោក ដែលធ្វើជាកងទ័ព បានផ្ដាំឱ្យលោកប្រុងប្រយ័ត្នខ្លួន។ លោក ថា កងទ័ពទាំងនោះ លួចប្រាប់ថា ពួកគេមិនចង់វាយធ្វើបាបពលករខ្មែរនោះទេ។ «»
លោកអះអាងទៀតថា ក្នុងការដ្ឋានដែលលោកកំពុងធ្វើការ មានពលករខ្មែរ ប្រមាណ៥០ ទៅ៦០នាក់ ហើយពួកគេទាំងអស់គ្នាបានស្រុះស្រួលគ្នា ថា នឹងអមដំណើរ លោក សម រង្ស៊ី វិលចូលកម្ពុជា ទាំងអស់គ្នា។ ពួកគេថា មូលហេតុនៃការសុខចិត្តអមដំណើរ មេបក្សប្រឆាំងលើកនេះ គឺសុទ្ធតែកើតពីឆន្ទៈ មិនពេញចិត្ត នឹងទង្វើផ្ដាច់ការរបស់របប លោក ហ៊ុន សែន។
ពលករសំណង់ស្រុកថៃម្នាក់ទៀត គឺជាអតីតទាហានឈរជើងនៅប្រាសាទព្រះវិហារ និងតំបន់ភ្នំទ្រព្យ កាលពេលមានសង្គ្រាម ជាមួយប្រទេសថៃ លោក ឆៃ វុទ្ធី និយាយថា លោកមិនខ្លាចកងកម្លាំងប្រដាប់អាវុធ ដែលសម្ញែងតាមព្រំដែនទេ ព្រោះលោកធ្លាប់រត់កាត់គ្រាប់ ក្នុងសង្គ្រាមឆ្អែតឆ្អន់ហើយ។ លោកថា លោកធ្លាក់ខ្លួន ធ្វើជាពលករសំណង់សព្វថ្ងៃនេះ ដោយសារលោកមិនចេះរណបរបប លោក ហ៊ុន សែន និងលោកចង់បានរបបថ្មី ការដឹកនាំបែបថ្មី ដែលគិតគូរសុខទុក្ខកងទ័ពជាងរបបសព្វថ្ងៃ។ លោកក៏ជឿថា កងកម្លាំងនឹងបាញ់ប្រហារ លើពលករ ដែលរងគ្រោះពីរបបក្រុងភ្នំពេញ ដូចគ្នានោះទេ។ «»
ចំណែកពលការិនី ផ្នែកលើកអីវ៉ាន់ដាក់ឃ្លាំង នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តសាមុតប្រាកាន (Samut Prakan) កញ្ញា ដាំ ស្រីធាន ប្រាប់ថា ពលករ ពលការិនី នៅតំបន់កញ្ញាធ្វើការ ក៏នឹងអមដំណើរលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ថ្ងៃទី៩ វិច្ឆិកា ដែរ។ កញ្ញាអះអាងថា ពលករ នៅរោងចក្រកញ្ញាធ្វើការ មានជាង៤ម៉ឺននាក់ បានមូលមតិគ្នាអមដំណើរ លោក សម រង្ស៊ី។ ពលការិនីរូបនេះ លើកឡើងថា អ្វីដែលជាមូលហេតុ ធ្វើឱ្យពលករ នៅខេត្តសាមុតប្រាកាន ចង់អមដំណើរលោក សម រង្ស៊ី គឺ ពួកគេចង់បានលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជាពិតប្រាកដ ដែលមិនមែនជា ប្រជាធិបតេយ្យក្លែងក្លាយដូចសព្វថ្ងៃនេះឡើយ។
ទោះយ៉ាងណា កញ្ញាប្រាប់ថា នាង ក៏មិនខុសពីពលករផ្សេងខ្លះទៀតដែរ គឺត្រូវថៅកែថៃ បញ្ឈប់ពីការងារ ដោយសារជម្នះចង់ដាក់ច្បាប់ឈប់សម្រាក អមដំណើរ លោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជា។ ពលការិនីរូបនេះ ថា នាងសុខចិត្តឈប់ពីការងារ ដើម្បីអមដំណើរ ថ្នាក់ដឹកនាំគណបក្សប្រឆាំង ព្រោះកញ្ញាបានទ្រាំធ្វើការងារបែបនេះច្រើនឆ្នាំហើយ។ កញ្ញា ដាំ ស្រីធាន ថា នាងចង់បានការងារមួយ ដែលមានប្រាក់ខែសមរម្យនៅក្នុងប្រទេស ជាជាងការធ្វើពលករចំណាកស្រុក ដូចសព្វថ្ងៃនេះ។ «»
ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី នៅថ្ងៃទី០៩ វិច្ឆិកានេះ ក្រុមពលករនៅប្រទេសថៃ កាន់តែច្រើន នាំគ្នាបង្ហោះវីដេអូ គាំទ្រដំណើរមាតុភូមិនិវត្តន៍នេះ ខណៈរបបក្រុងភ្នំពេញ ចាត់ទុកគម្រោងមាតុភូមិនិវត្តន៍នេះ ជាសកម្មភាពរដ្ឋប្រហារ ឬជាទង្វើក្បត់ជាតិ។ តែយ៉ាងណា លោក សម រង្ស៊ី អះអាងថា របបក្រុងភ្នំពេញ មិនមែនជារបបស្របច្បាប់ឡើយ ព្រោះកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ ដូច្នេះលោកថា រឿងនេះមិនអាចចាត់ទុកជារដ្ឋប្រហារនោះទេ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនៈរស្មី ប្រាប់ថា តួលេខពិតប្រាកដ គឺនឹងមានពលករ ចំនួនជាង ២សែន ៤ម៉ឺន (២៤៣ ៧៨៦)នាក់។ លោក ថា តួលេខនេះ ជាចំនួនពលករក្នុងប្រទេសថៃ មិនបានរាប់បញ្ចូល ជាមួយក្រុមពលករនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន ឬពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលនឹងមកចូលរួមជាមួយឡើយ។ លោកថាចំនួនអ្នកអមដំណើរសរុបគណបក្សសង្គ្រោះជាតិ នឹងប្រកាសនៅពេលកៀកថ្ងៃទី៩ វិច្ឆិកា។
លោក លី រតនៈរស្មី បន្ថែមថា ក្រុមពលករទាំងជាង ២សែន ៤ម៉ឺននាក់ បានត្រៀមខ្លួនរួចជាស្រេចអស់ហើយ ខណៈរថយន្តតូចធំ សម្រាប់ដឹកពលករ ទៅព្រំដែន ក៏រៀបចំរួចអស់ដែរ។ យ៉ាងណា លោកប្រាប់ថា នៅពេល លោក សម រង្ស៊ី ចូលដល់ប្រទេសថៃ នឹងមានការបញ្ជាក់ថា ពលករទាំងនោះ ត្រូវអមដំណើរលោក សម រង្ស៊ី ចូលកម្ពុជា តាមច្រកព្រំដែនមួយណា។ «»
លោក លី រតនៈរស្មី អះអាងថា ពលករខ្មែរទាំងអស់ គ្មានអាវុធ និងគ្មានបំណងតតាំងជាមួយកងកម្លាំងប្រដាប់អាវុធឡើយ គឺពួកគាត់នឹងដើរចូលទាមទារដោយអហិង្សា។ មេដឹកនាំពលករ និងជាប្រធានក្រុមការងារបក្សប្រឆាំងរូបនេះ អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំវាយបង្ក្រាប ឬ ធ្វើបាបពលករខ្មែរ ចំណាកស្រុកព្រោះពួកគេសុទ្ធតែ ជាមានឈាមជ័រខ្មែរដូចគ្នា។
របបក្រុងភ្នំពេញនៅតែមិនជឿថា មានពលករចំនួនច្រើនម៉ឺននាក់ ស្ម័គ្រចិត្តអម លោក សម រង្ស៊ី នោះទេ។ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហៅការលើកឡើងពីតួលេខពលករ ជាង២៤ម៉ឺននាក់ ជាតួលេខបោកប្រាស់។ «»
បើទោះជា លោក ផៃ ស៊ីផាន មិនជឿថា មានពលករ ច្រើនម៉ឺននាក់ នឹងអមដំណើរលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ក៏ដោយ ក៏របបក្រុងភ្នំពេញ នៅតែបន្តបង្កើនវិធានការពង្រាយកងកម្លាំងប្រដាប់អាវុធបំពាក់ដោយសព្វាវុធទំនើបនៅទូទាំងប្រទេស និងបង្កើនវិធានការបង្ក្រាបអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។