នៅមុន និងក្នុងពេលតុលាការកំពុងបើកសវនាការ ជុំវិញករណី លោក កឹម សុខា ក្រោមបទចោទថា ក្បត់ជាតិនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបញ្ចេញទស្សនៈ ឬ Comments ផ្សេងៗគ្នា។
ភាគច្រើននៃComments ទាំងនោះ ពួកគេមិនជឿថា តុលាការឯករាជ្យ និងឈរលើគោលការណ៍យុត្តិធម៌ និងអព្យាក្រឹត្យឡើយ ហើយថា ការកាត់ក្តី លោក កឹម សុខា គឺជារឿងនយោបាយ។
នៅពេលដែលតុលាការកំពុងដំណើរការបើកសវនាការជុំវិញករណី លោក កឹម សុខា នោះ អ្នកខ្លះចាប់អារម្មណ៍ អ្នកខ្លះទៀតមិនចាប់អារម្មណ៍ឡើយ ដោយចាត់ទុកថាសវនាការនោះគឺជាឆាកសម្ដែងល្បែងអ្នកនយោបាយ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ម្នាក់ ឈ្មោះ ទីនីកូ សេង (Tinekor Seng) សរសេរថា៖ សវនាការនេះ ខាតលុយ ខាតពេលវេលា ខាតកម្លាំងមនុស្ស គឺប្រៀបដូចជាល្បែងបាយឡុកបាយឡរបស់កូនក្មេងអ៊ីចឹង។ គួរឱ្យអស់សំណើចណាស់! វ៉ល់អស់ហើយសង្គមកម្ពុជា។
ជាមួយគ្នានេះដែរ ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ ក៏បានសរសេរជាពាក្យកាព្យឌឺដងដែរថា៖ យុត្តិធម៌ ឆាក ល្ខោន ឥតបានការ មុខក្រាសអស្ចារ្យ តុលាការតេឡេ ឃើញច្បាស់ក្រឡែត ប្រឹងហែកកេរ្តិ៍ ឥតអ្នកណាជឿទេ ល្បិចរាក់កំភែល។
អ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ សូផាត ផេង (Sophath Pheng) សរសេរយ៉ាងខ្លីថា៖ លោក កឹម សុខា អត់មានទោសផង តើគេយកច្បាប់អ្វីទៅមកកាត់ទោសគាត់?។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ Boffa Son ៖ សរសេរបញ្ជាក់ដែរថា តុលាការស្រុកខ្មែរឡប់ឡែធ្វើការដើម្បីលុយកាក់អូសបន្លាយបម្រើជនក្បត់ជាតិ ដូចជារឿងក្ដីក្ដាំរបស់លោក កឹម សុខា គឺច្បាស់ហើយ ជាគោលការណ៍របស់ ហ៊ុន សែន នៅពីក្រោយខ្នងធ្វើយ៉ាងណាឱ្យរំលាយបក្សប្រឆាំង។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ Jame Johnson ៖ សរសេរថា៖ តាមខ្ញុំទាយទុក លោក កឹម សុខា នឹងត្រូវបានកាត់ឱ្យមានទោស។ រួចនឹងត្រូវបានលើកលែងទោស ដោយមានលក្ខខណ្ឌទៅបង្កើតបក្សថ្មី ឬទៅដំណើរការបក្សសិទ្ធិមនុស្សវិញ។
អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតសូមឱ្យ លោក ហ៊ុន សែន កោះហៅស្ថានទូតអាមេរិក មកបកស្រាយពីរឿងពាក់ព័ន្ធជាមួយលោក កឹម សុខា ផង។
អ្នកខ្លះទៀតសរសេរចោទសួរថា៖ តើអាចជាឆាកល្ខោន ដើម្បីរៀបចំដើម្បីបំបែកបំបាក់ សម រង្សី និង កឹម សុខាដែរ?
ចំណែក ទីប្រឹក្សាអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ នៅក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី នៅថ្ងៃអង្គារ ទី១៤ មករា គឺមុនពេលចាប់ផ្ដើមបើកសវនាការមួយថ្ងៃថា ការចោទប្រកាន់លោក កឹម សុខា ឬ អ្នកនយោបាយ ពីរឿងក្បត់ជាតិដោយមានទំនាក់ទងជាមួយ រដ្ឋបរទេសនោះជារឿងហួសសម័យហើយ៖ «រឿងក្បត់ជាតិនេះខ្ញុំចង់និយាយថា គេឈប់ប្រើហើយនៅសតវត្សទី២១នេះ សម្រាប់ចោទគណបក្ស មេដឹកនាំគណបក្សនយោបាយ កាលណាយើងប្រើករណីនេះនៅកម្ពុជា គឺថាយើងបង្កើតនូវករណីដ៏អាក្រក់មួយរាលដាលដល់ប្រទេសប្រជាធិបតេយ្យនានា ពីព្រោះគណបក្សនយោបាយនានា គេត្រូវមានទំនាក់ទំនងគ្នារវាងបក្សនិងបក្ស សូម្បីតែគណបក្សប្រជាជនហ្នឹង ក៏មានសមាគមគណបក្សអន្តរជាតិមួយដែលគេហៅថា គណបក្សសេរីនិយមកណ្ដាល…!!
ចំណែក យុវជន លោក មួង សូនី វិញ សរសេរថា៖ ដោះ លែង លោក កឹម សុខា ដើម្បីប្រយោជន៍ជាតិទាំងមូល សូមថ្នាក់ដឹកនាំទាំងអស់មេត្តា ពិចារណា!
ដោយឡែកអ្នកប្រើបណ្ដាញ សង្គមហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ សម្រស់ ត្បូងឃ្មុំ សរសេរថា៖ ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជា ខ្ញុំចង់ឃើញថ្នាក់ដឹកនាំទាំងអស់ឈរលើគោលការណ៍ឯកភាពជាតិ ការបង្រួបបង្រួមជាតិ ឈរលើការវែកញែកស្វែងរកដំដោះស្រាយនយោបាយឱ្យបានល្អបំផុត ដោយបញ្ឈប់ការលាបពណ៌គ្នាទៅវិញទៅមកទៅ ដើម្បីឱ្យប្រជាជនខ្មែរមានស្នាមញញឹមពោរពេញ ដោយក្ដីស្រលាញ់ ប្រជាជនទាំងអស់ចង់ឃើញថ្នាក់ដឹកនាំទាំងអស់ចាប់ដៃគ្នាកសាងសេដ្ឋកិច្ចឱ្យមានល្បឿនលឿនគ្រប់វិស័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។