អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ​​ឱ្យ​​​សកម្មជន​​បក្ស​​ប្រឆាំង​​​ម្នាក់​​សន្យា​​ឈប់​​ថ្លែង​​សារ​​រឿង​​អឺរ៉ុប​​ផ្ដាច់ EBA

ដោយ អាស៊ីសេរី
2019.08.16
ប៊ុន ធឿន ភ្នំស្រុក លោក ប៊ុន ធឿន សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ស្រុក​ភ្នំស្រុក ដែល​អះអាង​ថា អាជ្ញាធរ​ឃុំ​ពន្លៃ​នៃ​គណបក្ស​កាន់​អំណាច នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ បង្ខំ​ឱ្យ​កិច្ច​សន្យា នៅ​រសៀល​ថ្ងៃ​ទី១៦ សីហា ឱ្យ​ឈប់​ប្រមូលផ្ដុំ​គ្នា​ថ្លែង​សារ​បារម្ភ​រឿង​សហភាព​អឺរ៉ុប​ផ្ដាច់​ពន្ធ EBA តទៅ​ទៀត។
រូប៖ ពលរដ្ឋ

អាជ្ញាធរ​ឃុំ​គណបក្ស​កាន់​អំណាច​នៅ​ស្រុក​ភ្នំស្រុក​នៅ​រសៀល​ថ្ងៃ​ទី១៦ សីហា បង្ខំ​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​បន្ទាយមានជ័យ ម្នាក់​ធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់​ប្រមូលផ្ដុំ​គ្នា​ថ្លែង​ព្រួយ​បារម្ភ​រឿង​សហភាព​អឺរ៉ុប​ផ្ដាច់​ពន្ធ EBA បន្ត​ទៀត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​គំរាម​កំហែង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​របស់​ប្រជា​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ភ្នំស្រុក ដែល​ចូល​បំភ្លឺ​លោក​មេឃុំ​ លើក​ឡើង​ថា អាជ្ញាធរ​គណបក្ស​កាន់អំណាច​​បង្ខំ​ឱ្យ​លោក​ធ្វើ​កិច្ចសន្យា​ទាំង​ងងើល​ និង​ដោយ​មិន​ដឹង​ខុស​ត្រូវ។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ស្រុក​ភ្នំស្រុក លោក ប៊ុន ធឿន ប្រាប់​អាស៊ី​សេរី​ក្រោយ​ចេញ​ពី​សាលា​ឃុំ​ពន្លៃ​ថា ដំបូង​ឡើយ​លោក​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក​មេឃុំ​នោះ​ទេ ព្រោះ​លោក​យល់​ថា ខ្លួន​លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់​នោះ​ទេ។ ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​រូប​នេះ​សម្លុត​ស្ដី​ឱ្យ​ខ្លួន​​​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​ធ្វើ​ខុស​ច្បាប់​រដ្ឋ​ ដោយ​ផ្ដល់​ទីតាំង​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ជួប​ប្រជុំ​គ្នា ថ្លែង​សារ​ព្រួយ​បារម្ភ​រឿង​សហភាព​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA ដោយ​ពុំ​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ដែន​ដី​ជា​មុន។ សកម្មជន​រូប​នេះ​បន្ត​ថា ដើម្បី​មិន​ចង់​រឿង​នេះ​វែង​ឆ្ងាយ​ទៅ​មុខ លោក​ក៏​ព្រម​ធ្វើ​កិច្ច​សន្យា​តាម​ការ​គំរាមកំហែង​របស់​លោក​មេឃុំ៖ «ខ្ញុំ​ខុស​កន្លែង​ណា​បើ​ខ្ញុំ​ធ្វើ​នេះ​ជួយ​សម្រាល​ដល់​ប្រជា​ពលរដ្ឋ​តើ​មិន​មាន​ប៉ះ​ពាល់​រឿង​នយោបាយ​អី។ គាត់​ថា ត្រូវ​តែ​ប៉ះ​ពាល់​ហើយ​ ព្រោះ​រដ្ឋាភិបាល​គេ​គិត​គួរ​រឿង​នេះ​ហើយ​ យើង​មិន​បាច់​ទៅ​ក្ដៅក្រហាយ​អី​រឿង​គេ។ ខ្ញុំ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ឈឺឆ្អាល​រឿង​ដក​ពន្ធ EBA នេះ​ បង​ឯង​មិន​ឱ្យ​ខ្ញុំ​គិត​ដល់​ជាតិ​ម៉េច​កើត​ ព្រោះ​អី​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ត្រូវ​តែ​គិត​រឿង​ជាតិ​ខ្លះ​ គេ​ថា​មិន​បាច់​គិត​ទេ​រដ្ឋ​អំណាច​គេ​គិត​ហើយ»

មេឃុំ​ពន្លៃ​លោក​ គ្រីប ឡាំ កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ២​នាក់ គឺ​លោក​ ប៊ុន ធឿន និង​លោក​ សី ភួត ​ចូល​បំភ្លឺ​នៅ​សាលា​ឃុំ​កាលពី​រសៀល​ថ្ងៃ​ទី១៦ សីហា ក្នុង​នោះ​មេឃុំ​បង្ខំ​ឱ្យ​សកម្ម​ជន​ម្នាក់​ធ្វើ​កិច្ចសន្យា និង​ម្នាក់​ទៀត ហៅ​សាកសួរ​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​កិច្ច​សន្យា​នោះ​ទេ។ ការ​កោះ​ហៅ​នេះ​ បន្ទាប់​ពី​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ​ ១៥នាក់​ជួប​ប្រជុំ​គ្នា​ កាល​ពី​ថ្ងៃ​ទី១៤ សីហា​កន្លង​ទៅ នៅ​ផ្ទះ​លោក​ ប៊ុន ធឿន​ ហើយ​ថ្លែង​សារ​ជំរុញ​ដល់​របប​លោក​ហ៊ុន សែន​ ឱ្យ​ប្រញាប់​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​តាម​ការ​ស្នើសុំ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ​EBA

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ មេឃុំ​ពន្លៃ ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​ហៅ​អ្នក​ទាំង​២ ​សាកសួរ​នេះ​ ធ្វើឡើង​តាម​បញ្ជា​របស់​មន្ត្រី​ថ្នាក់​លើ​ទេ៖ «បាទ!​ខាង​ស្រុក​គេ​ឱ្យ​ធ្វើ​អីចឹង​ឯង​ ចៅហ្វាយ​ស្រុក​គេ​ប្រាប់​មក​ក៏​ខ្ញុំ​ធ្វើ​តាម»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក ស៊ុំ ច័ន្ទគា ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​មក​លើ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ និង​សិទ្ធិ​ចូល​រួម​កិច្ចការ​នយោបាយ​ដោយសេរី​ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ យល់​ថា ​អាជ្ញាធរ​ធ្វើ​បែប​នេះ ដោយ​សារ​ព្រួយបារម្ភ​ខ្លាច​សកម្មជន​បក្ស​ប្រឆាំង​ជួប​ប្រជុំ​គ្នា​ធ្វើ​ឱ្យ​គណបក្ស​នេះ​មាន​សាមគ្គីភាព​រឹងមាំ ដែល​ជា​ឆ្អឹង​ទទឹង​ក​របស់​គណបក្ស​កាន់​អំណាច៖ «យើង​ឃើញ​កើត​ដដែលៗ ហើយ​អត់​រាងចាល​ ហាក់​ដូច​ជា​នាំ​គ្នា​អត់​យក​ច្បាប់​មក​អនុវត្ត​បែរ​ទៅ​ជា​យក​តាម​បញ្ជា​តាម​អី​អីចឹង​។ឱ្យ​វា​ស្មើ​គ្នា​ធ្វើ​ទាំង​អស់​គ្នា​ទៅ​កុំ​លាក់​ពុតត្បុត​អី​ ខ្មែរ​គ្នា​ឯង​ទៅ​ជា​សត្រូវ​នេះ​សត្រូវ​នោះ​ ហើយ​លាប​ពណ៌​គ្នា​សុទ្ធតែ​ធ្វើ​បដិវត្ត​ពណ៌​អី​ តើ​បដិវត្ត​ពណ៌​ធ្វើ​ឱ្យ​អ្នក​ណា?​សូម​មើល​ខ្មែរ​គ្នា​យើង​ផង​។ព្រោះ​ថា​ដោយសារ​ការ​សង្ស័យ​ការ​ចង់​ចាញ់​ចង់​ឈ្នះ​នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជាតិ​៣លាន​នាក់​ ដោយសារ​តែ​ពួក​ក្រុម​អ្នក​នយោបាយ​ល្មោភ​អំណាច​អីចឹង​បាទ

មួយ​រយៈ​ចុង​ក្រោយ​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​បាត់ដំបង​ កំពង់ចាម​ កណ្ដាល​ និង​ខេត្ត​បន្ទាយមានជ័យ​ ជា​ដើម​ ចាប់​ផ្ដើម​ផុលផុស ប្រមូល​ផ្ដុំ​គ្នា​ចន្លោះ​ពី ១០ ទៅ ២០នាក់ នៅ​តាម​មូលដ្ឋាន ថ្លែង​សារ​ព្រួយ​បារម្ភ​រឿង​សហភាព​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBA ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ​ ជា​ពិសេស​កម្មករ​រោងចក្រ​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល។ លោក ប៊ុន ធឿន អះអាង​ថា ថ្វីត្បិត​តែ​លោក​ធ្វើ​កិច្ច​សន្យា​ជា​មួយ​អាជ្ញាធរ​ហើយ​ក្ដី ក៏​ពួកគាត់​មិន​ចុះ​ញ៉ម​នឹង​ជា​អាជ្ញាធរ​ឡើយ​ គឺ​គ្រោង​បន្ត​ជួប​ប្រជុំ​គ្នា​ជា​មួយ​សកម្មជន​ថ្លែង​ជំរុញ​ដល់​របប​លោក​ហ៊ុន សែន ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​​ឡើង​វិញ​​នៅ​កន្លែង​ដទៃ​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

(សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ​ ១៥នាក់​ជួប​ប្រជុំ​គ្នា​ នៅ​ផ្ទះ​លោក​ ប៊ុន ធឿន កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា​ ឆ្នាំ២០១៩)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។