សកម្មជនគណបក្សប្រឆាំងម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរត់ភៀសខ្លួនរកកន្លែងសុវត្ថិភាព។ មន្ត្រីបក្សប្រឆាំងរូបនេះ អះអាងថា មូលហេតុដែលលោករត់គេចខ្លួន ដោយសារ មន្ត្រីប៉ូលិសក្រុងប៉ោយប៉ែតជាច្រើននាក់ បានទៅអុកឡុករំខាននៅមុខផ្ទះរបស់លោកជាច្រើនលើកច្រើនសារដោយមិនដឹងមូលហេតុអ្វីឡើយ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកបញ្ហានេះ ថា ជាការគំរាមកំហែងបំភិតបំភ័យមកលើប្រជាពលរដ្ឋដោយខុសច្បាប់។
សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក ឆាំ សុភាន់ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៨ កញ្ញាថា ប្រមាណ ២សប្ដាហ៍កន្លងមកនេះ មានមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែតជាច្រើននាក់ ស្លៀកពាក់ស៊ីវិលផង និងឯកសណ្ឋានប៉ូលិសផង បានទៅឃ្លាំមើលនៅមុខផ្ទះរបស់លោកជារៀងរាល់ថ្ងៃ ដោយមិនដឹងមូលហេតុអ្វីឡើយ។ លោកបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ មន្ត្រីប៉ូលិសបន្ថែមកម្លាំងកាន់តែច្រើនឡើង ជាពិសេសកាលពីថ្ងៃទី៧ កញ្ញា មានប៉ូលិសប្រហែល ១០នាក់ បានជិះរថយន្ត ២គ្រឿងបើកក្រឡឹងមុខផ្ទះរបស់លោកម្ដងហើយម្ដងទៀត ធ្វើឱ្យក្រុមគ្រួសារមានការភ័យខ្លាច និងមិនហ៊ាននៅក្នុងផ្ទះ៖ «ខ្ញុំផ្ដាំផ្ញើទៅសមត្ថកិច្ចផង ខ្ញុំធ្វើនេះមិនមែនជាទោសក្បត់ជាតិទេ គ្រាន់តែទៅទទួលលោកប្រធាន សម រង្ស៊ី ហ្នឹង គឺយើងស្រលាញ់ប្រជាធិបតេយ្យចង់ផ្ដាំផ្ញើឱ្យគាត់សម្លឹងមើលសង្គមសព្វថ្ងៃថា តើអាក្រក់ឬល្អ ? ហើយសូមកុំឱ្យអស់លោកឈ្លក់នឹងសង្គមសព្វថ្ងៃពេក ព្រោះអីយើងឃើញផ្ទាល់ៗ ភ្នែក អំពើអាក្រក់យើងឃើញភ្នែករាល់ថ្ងៃហើយ » ។
លោក ឆាំ សុភាន់ បានភៀសខ្លួនរកទីសុវត្ថិភាពកាលពីថ្ងៃទី៥ កញ្ញាកន្លងទៅ។ លោកថា ថ្វីដ្បិតតែលោកបានចាកចេញពីផ្ទះហើយក្ដី ក៏ប៉ូលិសនៅតែបន្តដាក់កម្លាំងឃ្លាំមើលមុខផ្ទះរបស់លោកដដែល ហើយលើសពីនេះ ប៉ូលិសតែងតែសាកសួរពលរដ្ឋនៅក្បែរនោះអំពីរូបលោកជាប្រចាំទៀតផង។
ទាក់ទងនឹងបញ្ហានេះ អធិការរងក្រុងប៉ោយប៉ែតទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ព្រហ្ម ពិសិដ្ឋ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ប៉ូលិសក្រុងប៉ោយប៉ែតមិនបានទៅអុកឡុករំខាននៅមុខផ្ទះរបស់សកម្មជនបក្សប្រឆាំងរូបនេះដូចការចោទប្រកាន់ឡើយ៖ «ខ្ញុំអត់ដឹងដែរបង បាទៗ !» ។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា មន្ត្រីប៉ូលិសតាមធ្វើទុក្ខបុកម្នេញមកលើសកម្មជនបក្សប្រឆាំងនេះ ដោយសារតែលោក ឆាំ សុភាន់ ជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដែលតែងដឹកនាំសកម្មជនដទៃទៀត ប្រមូលផ្ដុំគ្នាថ្លែងសារនយោបាយ និងបាននិយាយចាំទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ នៅថ្ងៃទី៩វិច្ឆិកាខាងមុខ។ ទោះជាយ៉ាងនេះក្ដី លោក ស៊ុំ ច័ន្ទគា អះអាងថា ការជួបជុំគ្នារបស់បក្សប្រឆាំងកន្លងមក គឺពុំមែនជាការខុសច្បាប់អ្វីនោះទេ ពីព្រោះសកម្មភាពរបស់ពួកគាត់ គឺជាការជួបប្រជុំឈឺឆ្អាលរឿងនយោបាយ ដែលជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ពលរដ្ឋដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ៖ «អីចឹងការទៅពិនិត្យទៅឆែកជិះឡានមើលជិះថតអីគឺ ជាការបំពារបំពានទៅលើសិទ្ធិរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះពួកគាត់ត្រូវការភាពកក់ក្ដីអំពីរដ្ឋ ត្រូវការការលើកទឹកចិត្តពីរដ្ឋ មិនមែនត្រូវការបំភិតបំភ័យពីរដ្ឋនោះទេ។យើងតែងតែសួរសមត្ថកិច្ចដែរ ប៉ុន្តែសមត្ថកិច្ចថាជារឿងមួយគេចុះល្បាតដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ យើងកំពុងតែឆ្ងល់ថាតើវាចំណេញអីលាបពណ៌លាបអីក្លាយទៅជាឧទ្ទាមក្រៅច្បាប់អីចឹង វាមិនគួរណាកើតឡើងនៅក្នុងសង្គមដែលកាន់របបប្រជាធិបតេយ្យទេ » ។
កន្លងមកមេដឹកនាំរបបក្រុងភ្នំពេញបានព្រមានកម្ចាត់សកម្មជនគណបក្សសង្គ្រោះជាតិណាដែលហ៊ានចេញមុខធ្វើសកម្មភាពឱ្យគណបក្សប្រឆាំង និងក្នុងករណីដែលសហភាពអឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធEBAពីកម្ពុជា។ ក្រោយមានបញ្ជាបែបនេះ អាជ្ញាធរនៅតាមខេត្តមួយចំនួនក៏ចាប់ផ្ដើមធ្វើសកម្មភាពយាយីរំខាន និងចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់។
របាយការណ៍អង្គការលីកាដូ(Licadho)បង្ហាញថា គិតត្រឹមថ្ងៃទី៨កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន២១នាក់ហើយ ដែលរដ្ឋាភិបាលចាប់ខ្លួន និងកំពុងស្ថិតនៅក្នុងពន្ធនាគារ ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយដែលអនុញ្ញាតដោយច្បាប់កម្ពុជា។
លោក ឆាំ សុភាន់ អះអាងថា លោកមិនខ្លាចសមត្ថកិច្ចចាប់ខ្លួនឡើយ ក៏ប៉ុន្តែលោកថា ការរត់គេចខ្លួននេះ គឺដោយសារលោកបារម្ភថា សមត្ថកិច្ចចាប់ខ្លួនលោក ធ្វើឱ្យបាត់បង់ធនធានមនុស្សទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ នៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។