សកម្មជនគណបក្សសង្គ្រោះជាតិនៅស្រុកព្រៃនប់ កញ្ញា សៅ ឧសភា ទាមទារឲ្យសមត្ថកិច្ចខេត្តព្រះសីហនុ និងរបបក្រុងភ្នំពេញ ផ្ដល់ភាពស្អាតស្អំ ជូនប្អូនប្រុស និងគ្រួសារវិញ។ កញ្ញា អះអាងថា ប៉ូលិសខេត្តព្រះសីហនុ បានប្រើហិង្សាច្របាច់ក និងទះកំផ្លៀងកញ្ញា ដើម្បីបង្ខំឲ្យព្រមឡើងឡានទៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកឯប្អូនប្រុសកញ្ញាវិញ ត្រូវបានសមត្ថកិច្ចបាញ់គំរាមជាច្រើនគ្រាប់ ហើយចាប់វាយខ្នោះ បង្ខំយកទៅសួរចម្លើយ នៅប៉ុស្តិ៍នគរបាលឃុំ។
កញ្ញា សៅ ឧសភា ប្រាប់ថា គ្រួសាររបស់កញ្ញាទាំងមូលត្រូវរងការរើសអើង មាក់ងាយពីអ្នកភូមិ និងមិត្តភក្ដិ ដោយសារប៉ូលិសខេត្តព្រះសីហនុ បានបង្ក្រាបទាំងកម្រោលលើគ្រួសាររបស់កញ្ញា។ កញ្ញាបញ្ជាក់ថា អ្នកភូមិមួយចំនួនយល់ថា គ្រួសាររបស់កញ្ញា បានប្រព្រឹត្តិបទល្មើស ឬជួញដូរគ្រឿងញៀន ទើបមានប៉ូលិសមកចាប់ដល់ផ្ទះ និងបាញ់បង្ក្រាបជាច្រើនគ្រាប់បែបនេះ។ កញ្ញា ថា នេះជាទង្វើដ៏សាហាវ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ សកម្មជនបក្សប្រឆាំង និងជាសកម្មជនបរិស្ថានរូបនេះ ទាមទារឱ្យសមត្ថកិច្ចបកស្រាយឱ្យបានច្បាស់លាស់ និងផ្ដល់ភាពស្អាតស្អំដល់ក្រុមគ្រួសាររបស់កញ្ញាវិញ៖ « ចំពោះខ្ញុំផ្ទាល់ ចង់ធ្វើអ្វីក៏បានដែរ។ ខ្ញុំធ្វើខុស ខ្ញុំទទួលទោស ចង់កាប់ ចាក់សម្លាប់ ចង់ចាប់ខ្ញុំដាក់គុក ក៏ខ្ញុំអត់ខ្លាចដែរ។ ខ្ញុំអត់ឈឺចាប់ទេ។ ប៉ុន្តែពេលដែលគាត់ធ្វើបែបហ្នឹង មកដាក់គ្រួសាររបស់ខ្ញុំ ទាំងម្ដាយរបស់ខ្ញុំចាស់ ហើយមានជំងឺប្រចាំកាយ ហើយប្អូនៗ ស្រីប្រុសរបស់ខ្ញុំ ដែលគាត់ក្មេងៗ ហើយគាត់ធ្វើអ៊ីចឹងដាក់ខ្ញុំ ធ្វើឲ្យអ្នកភូមិយល់ច្រឡំ។ គេបានចោទថា ប្អូនប្រុសខ្ញុំជាអ្នកជួញដូរគ្រឿងញៀន ទើបបានជាគេដេញចាប់អ៊ីចឹង » ។
កញ្ញារំលឹកថា សមត្ថកិច្ច បានមកឃ្លាំមើលផ្ទះកញ្ញា តាំងពីយប់ថ្ងៃទី២២ សីហា។ លុះដល់ព្រឹកថ្ងៃទី២៣ សីហា ជនស្លៀកពាក់ស៊ីវិលមួយក្រុម បានជិះឡានកៀរម៉ូតូរបស់កញ្ញា និងប្អូនប្រុសឱ្យឈប់ដើម្បីចាប់ខ្លួន ពេលកញ្ញាកំពុងធ្វើដំណើរទៅធ្វើការនៅរោងចក្រ។ កញ្ញាថា ក្រុមបុរស ៤នាក់ បានចុះពីលើឡានទំនើប បង្ខំឱ្យកញ្ញាឡើងឡាន ដោយគ្មានប្រាប់ហេតុផល និងគ្មានដីកាចាប់ខ្លួនត្រឹមត្រូវឡើយ។ កញ្ញាបដិសេធមិនព្រមឡើងឡានទៅជាមួយរួច ក៏បានប្រវាយប្រតប់គ្នាជាមួយក្រុមបុរសទាំង ៤នាក់នោះ។ កញ្ញា បន្តថា នៅពេលប្រវាយប្រតប់គ្នា កញ្ញាបានស្រែកឲ្យអ្នកធ្វើដំណើរជួយ តែត្រូវក្រុមបុរសទាំង៤នាក់ច្របាច់ក និងទះមួយកំផ្លៀង រួចហើយចាប់បញ្ចូលឡាន ដឹកទៅស្នងការដ្ឋាននគរបាលខេត្ត៖ « ដំបូងខ្ញុំបានប្រតាយប្រតប់គ្នា ហើយក្រោយមកទៀត ខ្ញុំបានព្យាយាមស្រែក ឲ្យអ្នកដែលធ្វើដំណើរស្របទិញជាមួយខ្ញុំហ្នឹង គាត់បានដឹង គាត់បានឮ ហើយព្យាយាមឲ្យគាត់ជួយខ្ញុំ។ ប៉ុន្តែពេលហ្នឹង គឺអាជ្ញាធរគាត់ច្របាច់កខ្ញុំ គាត់ច្របាច់កខ្ញុំហើយ គាត់បានវាយខ្ញុំមួយកំផ្លៀង គាត់វាយខ្ញុំមួយដៃ ចំសៀតផ្កា។ ទង្វើមួយដែលអសីលធម៌មែនទែន គាត់រំលោភសិទ្ធិមនុស្ស ធ្វើបាបរាងកាយស្ត្រីភេទ។ ទង្វើបែបហ្នឹង គឺខ្ញុំមិនគាំទ្រឲ្យមាន » ។
បន្ទាប់មកប្អូនប្រុសរបស់កញ្ញា សៅ ឧសភា ឈ្មោះ សៅ វិច្ឆិកា ក៏បានជិះម៉ូតូត្រលប់មកផ្ទះវិញ ដើម្បីប្រាប់ដំណឹងដល់ម្ដាយ។ នៅពេលលោកមកដល់ផ្ទះភ្លាម សមត្ថកិច្ចមួយក្រុមក៏បានជិះឡានមកដល់មុខផ្ទះដែរ និងបានស្រែកឲ្យចាប់ខ្លួនលោក។
ប្អូនស្រីរបស់កញ្ញា សៅ ឧសភា ឈ្មោះសៅ ពិសី ដែលបានឃើញហេតុការណ៍នេះ រៀបរាប់ថា ម្ដាយរបស់កញ្ញា បានប្រាប់ឲ្យកូនប្រុសរត់ តែសមត្ថកិច្ចបានបាញ់ច្រើនគ្រាប់ និងស្រែកគំរាមថា នឹងបាញ់បំបាក់ជើង បើហ៊ានរត់។ លោក សៅ វិច្ឆិកា ក៏ឈប់រត់ និងយល់ព្រមឲ្យប៉ូលិសចាប់ខ្លួន។ ប៉ូលិសបានដាក់ខ្នោះ លោកចាប់ឡើងឡានដឹកចេញទៅ។ កញ្ញា សៅ ពិសី អះអាងថា ការចាប់ខ្លួន បងប្រុស ក៏ដូចគ្នានឹងករណីបងស្រីកញ្ញាដែរ គឺគ្មានការបង្ហាញដីកា ឬលិខិតកោះអញ្ជើញឡើយ។
កញ្ញា សៅ ពិសី ថា បងប្រុសរបស់កញ្ញា ត្រូវប៉ូលិសមួយក្រុមនោះ ដឹកយកទៅប៉ុស្តិ៍នគរបាលនគរបាលឃុំអូរឧកញ៉ាហេង តែសមត្ថកិច្ចមិនសួរនាំអ្វីទេ បានដោះលែងវិញ ក្រោយពេលដឹកទៅដល់ប៉ុស្តិ៍៖ « គ្រាន់តែគាត់ ( ប៉ូលិស ) ជិះឡានមកដល់ គាត់អត់មានថា ចុះសួរយើង មកអ្វីទេ។ មកដល់ផ្ទះហ្នឹង គាត់លោតពីលើឡានមក គាត់ចង្អុលតែម្ដង ឲ្យចាប់អាមួយហ្នឹងៗ។ ដល់ពេលបងប្រុសខ្ញុំ គាត់ភ័យ ហើយម៉ាក់ខ្ញុំគាត់ឃើញអ៊ីចឹង ក៏គាត់ឲ្យបងប្រុសខ្ញុំរត់។ ដល់ពេលមក គាត់បានបាញ់កាំភ្លើង គាត់បានស្រែកថា បាញ់អាមួយហ្នឹង ឲ្យបាក់ជើង បាញ់ឲ្យបាក់ជើងទៅ បាញ់វាទៅ » ។
កញ្ញា សៅ ឧសភា និងប្អូនប្រុស ឈ្មោះ សៅ វិច្ឆិកា ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ដើម្បីរកភស្តុតាង ព្រោះ សង្ស័យថា កញ្ញា សៅ ឧសភា បានបង្ហោះសារជេរប្រមាថ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។ សមត្ថកិច្ច បានឃាត់ខ្លួន និងសួរចម្លើយ កញ្ញា សៅ ឧសភា ច្រើនម៉ោង គឺតាំងពីពេលចាប់ខ្លួននៅម៉ោងជាង៦ព្រឹក រហូតដល់ម៉ោងជាង១១យប់ថ្ងៃទី២៣ សីហា ទើបដោះលែងវិញ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានទេនៅថ្ងៃទី២៥ សីហា លើករណីថា មានសមត្ថកិច្ចប្រើអំពើហិង្សាលើបងប្អូនរបស់សកម្មជនបក្សប្រឆាំង នៅពេលចាប់ខ្លួន ដោយសារលោកមិនទទួលទូរស័ព្ទ។ ប៉ុន្តែ លោក ធ្លាប់ប្រាប់ប្រាប់អាស៊ីសេរី ថា សមត្ថកិច្ចមិនបានចាប់ ឬឃាត់ខ្លួន កញ្ញា សៅ ឧសភា ទេ តែជាការអញ្ជើញទៅបំភ្លឺ រឿងបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល៖ « ព្រោះយើងសហការជាមួយគាត់ អាពាក្យដោះលែង មានន័យថា ខ្ញុំចាប់អនុវត្តនីតិវិធី ហើយបើថា យើងសហការអញ្ជើញគាត់មកធ្វើការងារតាមគាត់សំណូមពរ ព្រោះឃើញក្នុងឃ្លិបគាត់ បង្ហោះវាយប្រហារប្រមាថកាតទានថ្នាក់ដឹកនាំ របស់រដ្ឋាភិបាល ហើយក៏ឃើញឃ្លិបរបស់គាត់មួយទៀត បង្ហោះថា អាខោន (Account) ក្លែងក្លាយ » ។
កញ្ញា សៅ ឧសភា ថា ការអញ្ជើញរបៀប គ្មានដីកា គ្មានប្រាប់មូលហេតុ និងប្រើហិង្សាបែបនេះ មិនអាចទទួលយកបានទេ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី យល់ថា ការមិនបង្ហាញដីកា និងប្រើហិង្សា ដើម្បីចាប់ខ្លួន ជារឿងមិនគួរកើតឡើងទេ។ អ្នកស្រី ថា មកដល់ពេលនេះ គ្រួសាររបស់ កញ្ញា សៅ ឧសភា រងការរើសអើងពីអ្នកភូមិធ្ងន់ធ្ងរ ដោយសារតែសកម្មភាព រំលោភសិទ្ធិមនុស្ស លើរូបនាង និងប្អូនប្រុស។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា សមត្ថកិច្ចគួរបំភ្លឺ និងផ្ដល់ភាពស្អាតស្អំ ជូនគ្រួសារកញ្ញា សៅ ឧសភាវិញ និងឈប់ប្រើអំពើហិង្សា ចាប់ខ្លួនមនុស្សតទៅទៀត ទើបជារឿងប្រសើរ៖ « ចង់និយាយថា នៅក្នុងភូមិហ្នឹង ហើយកន្លងមកពួក គាត់អត់ដែលបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌអ្វីដែរ ជាប្រជាពលរដ្ឋត្រឹមត្រូវ មិនដែលមានរឿងអ្វីទេ។ អ៊ីចឹងត្រូវបានអ្នកភូមិគេគោរពស្រលាញ់គ្រប់គ្នា។ ដល់អ៊ីចឹងទៅ វាភ្ញាក់ផ្អើលដែរ។ ដល់ពេលឥឡូវហ្នឹង គេខ្លាចក្រុមគ្រួសារគាត់វិញ។ ពួកគាត់ដល់ពេលអ៊ីចឹងទៅ ទទួលបានការរើសអើងក្នុងភូមិ » ។
កញ្ញា សៅ ឧសភា ប្រាប់ថា គ្រួសាររបស់កញ្ញាព្រួយបារម្ភពីសុវត្ថិភាព និងការធ្វើទុក្ខបុកម្នេញបន្ថែមទៀត ដោយសារកញ្ញាហ៊ានបញ្ចេញព័ត៌មានអំពីការប្រើហិង្សានេះជាសាធារណៈ និងមិនព្រមបញ្ឈប់សកម្មភាពរិះគន់សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
