ស្ថានភាពរបួសសកម្មជនគណបក្សប្រឆាំងខេត្តស្វាយរៀង លោក ញ៉ែម វាន អាចនឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារអាការៈរបួសធ្ងន់ធ្ងរ ក្រោយអាជ្ញាធរពន្ធនាគារបណ្ដោយឱ្យអ្នកជាប់ឃុំដូចគ្នាវាយទាត់ធាក់ ក្នុងពន្ធនាគារត្រពាំងផ្លុងកាលពីពេលថ្មីៗ នេះ។ គ្រួសារ និងមេធាវីរបស់ជនរងគ្រោះ រួមទាំងអង្គការសង្គមស៊ីវិលទាមទារអាជ្ញាធរពន្ធនាគារទទួលខុសត្រូវករណីហិង្សាលើសកម្មជននយោបាយទាំងនោះ ដោយត្រូវវែកមុខជនប្រព្រឹត្តយកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់។
គ្រួសារសកម្មជនបក្សប្រឆាំងខេត្តស្វាយរៀង លោក ញ៉ែម វាន ដែលទទួលការវាយដំបណ្ដាលធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ព្រួយបារម្ភពីសុវត្ថិភាព និងស្ថានភាពរបួសប្ដីជាខ្លាំង និងស្នើដល់អាជ្ញាធរពន្ធនាគារបញ្ជូនប្ដីទៅព្យាបាលរបួសនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។
ប្រពន្ធលោក ញ៉ែម វាន ក៏ទទូចសុំឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់ចោលបទចោទ ហើយដោះលែងប្តី និងសកម្មជននយោបាយទាំងអស់ពីពន្ធនាគារឱ្យមានសេរីភាព ដើម្បីឱ្យពួកគាត់បានត្រឡប់មកជួបជុំគ្រួសារឡើងវិញ ពីព្រោះការព្រាត់ប្រាសសមាជិកគ្រួសារជាង ២ឆ្នាំដោយគ្មានកំហុស និងការប្រើអំពើហិង្សាក្នុងពន្ធនាគារនេះ គឺជាបង្កើតភាពឈឺចាប់បន្ថែមទៀត និងមិនអាចទទួលយកបានឡើយ ។
ប្រពន្ធសកម្មជនគណបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក ញ៉ែម វាន គឺលោកស្រី ពៅ សារ៉ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ សីហាថា លោកស្រីមើលប្ដីសឹងមិនស្គាល់ពេលចូលសួរសុខទុក្ខ កាលពីថ្ងៃទី២៩ ខែសីហា ដោយសារថ្មីៗ នេះ ប្តីលោកស្រីត្រូវគេវាយដំនៅក្នុងពន្ធនាការត្រពាំងផ្លុងបណ្ដាលឱ្យរបួសធ្ងន់រហូតដើរកាន់ឈើច្រត់ និងមានស្នាមជាំនៅលើផ្ទៃមុខ ហើម និងឈឺចាប់ពេញខ្លួន ជាពិសេស មានឈាមហូរតាមត្រចៀក។ លោកស្រី ពៅ សារ៉ន ឱ្យដឹងករណីហិង្សានេះប្តីលោកស្រីមិនហ៊ានប្រាប់គ្រួសារឱ្យដឹងពីជនប្រព្រឹត្តនោះទេ ពីព្រោះគាត់ភ័យខ្លាចគេធ្វើបាបសាជាថ្មីទៀត។ ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះថា អ្វីដែលលោកស្រីតក់ស្លុតបំផុត គឺប្ដីពេលប្ដីហាក់ផ្ដាំផ្ញើពាក្យសម្ដីចុងក្រោយឱ្យគ្រួសារបានដឹងមុន ខណៈស្ថានភាពរបួសប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។ ទោះយ៉ាងណាក្ដី លោកស្រីចាត់ទុកអំពើហិង្សានេះថា ជាអំពើព្រៃផ្សៃមិនអាចទទួលយកបានឡើយសម្រាប់សកម្មជននយោបាយ ដែលស្លូតត្រង់ តស៊ូនៅក្នុងសង្គម៖ «ខ្ញុំ យំផង ហើយត្រចៀកគាត់ស្ដាប់បាន តែម្ដងអត់ឮទាំងអស់ តែឥឡូវសុំពេទ្យទៅព្យាបាលមិនដឹងគេអនុញ្ញាតអត់ទេ ខ្ញុំមិននឹកស្មានដល់ថ្នាក់ហ្នឹងសោះ ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ខ្លាំងណាស់ ស្រុកខ្មែររកអ្វីប្រៀបមិនបានទេ»។
ចំណែកមេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំង គឺលោក សំ សុគង់ ប្រាប់វិទ្យុអាស៊ីសេរីថា កូនក្តីរបស់លោកបីនាក់ក្នុងចំណោម ១៤នាក់ ត្រូវបានអ្នកជាប់ឃុំដូចគ្នាវាយធ្វើបាបក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងនោះលោក ញ៉ែម វាន ទទួលរងការវាយដំធ្ងន់ធ្ងរជាងគេ។ លោកលើកឡើងថា ករណីនេះ គឺជាកំហុសរបស់មន្ត្រីពន្ធនាគារ ដែលបណ្ដោយឱ្យកើតមានអំពើហិង្សាលើអ្នកជាប់ឃុំស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងដាក់សម្ពាធលើកកូនក្ដីរបស់លោកបន្ថែមទៀត។ លោក សំ សុគង់ បញ្ជាក់ថា លោកមិនទាន់សម្រេចដាក់ពាក្យប្តឹង ចំពោះជនប្រព្រឹត្តនៅឡើយទេ ពីព្រោះកូនក្ដីរបស់លោកហាក់នៅភ័យខ្លាច ដោយពួកគេយល់ថា នឹងមិនទទួលបានយុត្តិធម៌ និងខ្លាចមានការសងសឹកជាដើម ទោះយ៉ាងណាក្ដី លោកនឹងព្យាយាមពិគ្រោះយោបល់ពីសិទ្ធិ និងផ្លូវច្បាប់ជាមួយកូនក្តីតទៅទៀត៖ «គឺជាទម្រង់មួយនៃការប្រើហិង្សាបន្ថែមទៅលើទម្ងន់ទោសពួកគាត់ថែមទៀត ហើយក៏ជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរទៅលើពួកគាត់ ដែលជាប់ឃុំទទួលរងការឈឺចាប់មួយហើយ ថែមទាំងទទួលរងហិង្សាទៀត»។
កាលពីថ្ងៃទី២១ ខែសីហា អាជ្ញាធរពន្ធនាគារបានផ្ទេរសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១៤នាក់ ពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ ក្នុងចំណោមនោះសកម្មជនបីនាក់ រួមមាន លោក កែវ ថៃ លោក ជុំ ចាន់ និងលោក ញ៉ែម វាន ត្រូវបានអាជ្ញាធរពន្ធនាគារបណ្ដែតបណ្ដោយឱ្យក្រុមបងធំជាប់ឃុំដូចគ្នាវាយទាត់ធាក់ដោយសេរីក្នុងពន្ធនាគារត្រពាំងផ្លុងបណ្ដាលឱ្យរបួសធ្ងន់ធ្ងរ។ ក្រុមគ្រួសារជនជាប់ឃុំចាត់ទុកករណីនេះ គឺជាការដាក់ទណ្ឌកម្ម និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដែលធ្វើឱ្យពួកគេកាន់តែឈឺចាប់ថែមទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣០ ខែសីហា។ រហូតមកដល់ពេលនេះ អាជ្ញាធរពន្ធនាគារមិនទាន់បង្ហាញលទ្ធផលនៃការស្រាវជ្រាវដោយតម្លាភាព ដើម្បីយកជនដៃដល់ និងអ្នកពាក់ព័ន្ធយកមកទទួលខុសត្រូវនៅឡើយទេ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ពន្ធនាគារមិនមែនជាទីកន្លែងសម្រាប់ប្រព្រឹត្តអំពើទារុណកម្មអមនុស្សធម៌លើរូបរាងកាយជនជាប់ឃុំណាម្នាក់នោះទេ។ លោកយល់ថា បើសិនជនរងគ្រោះមិនហ៊ានផ្ដល់ព័ត៌មានឱ្យគ្រួសារ ប៉ុន្តែពួកគេគួរតែពិភាក្សាជាមួយមេធាវីការពារក្ដីដាក់ពាក្យប្ដឹងតាមនីតិច្បាប់។ លោក ស៊ឹង សែនករុណា ថា អាជ្ញាធរពន្ធនាគារត្រូវទទួលខុសត្រូវក្នុងរឿងនេះ ដោយបើកការស៊ើបអង្កេតឱ្យបានត្រឹមត្រូវ ដើម្បីចាត់វិធានការលើជនបង្កហិង្សា និងកុំឱ្យអំពើបែបនេះកើតឡើងក្នុងពន្ធនាគារទៀត៖ «ករណីគឺបន្ថែមទៅលើការរិះគន់កន្លងមកហើយ ពីព្រោះវាជារូបភាពមួយបង្ហាញទៅឆាកអន្តរជាតិកាន់តែអាក្រក់ទៅៗ ហើយយើងកាន់តែមានការព្រួយបារម្ភ ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋមួយរូបយើងមិនចង់ឃើញកម្ពុជាស្ថិតក្នុងស្ថានភាពរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនេះបន្តធ្លាក់ចុះទេ»។
លោក ញ៉ែម វាន អាយុ ៦៨ឆ្នាំ គឺជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង។ ក្រោយពេលគណបក្សប្រឆាំងរំលាយ កាលពីឆ្នាំ២០១៧ លោកក៏ដូចសកម្មជនផ្សេងទៀតដែលរត់ភៀសខ្លួនទៅប្រទេសថៃមួយរយៈ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់មន្ត្រីរបស់គណបក្សកាន់អំណាច។ ទោះបីស្ថានភាពនយោបាយរឹតត្បិតក៏ដោយលោក នៅតែបន្តសកម្មភាពសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងរហូតអាជ្ញាធរខេត្តស្វាយរៀង ចាប់ខ្លួនដាក់ពន្ធនាគារដោយសារលោកគាំទ្រដំណើរវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ តែលោកត្រូវបានដោះលែងវិញ ក្រោយព្រឹត្តិការណ៍ពេលនោះ។ លោក ញ៉ែម វាន ត្រូវបានអាជ្ញាធរចាប់ខ្លួនម្ដងទៀត កាលពីដើមខែមេសា ឆ្នាំ២០២០។ តុលាការរាជធានីភ្នំពេញបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ពីបទរួមគំនិតក្បត់។
គ្រួសារលោក ញ៉ែម វាន ថ្កោលទោសចំពោះអំពើហិង្សាលើប្តី ហើយលោកស្រីគ្រោងជួបជាមួយមេធាវីការពារក្តីពិភាក្សាផ្លូវច្បាប់ ដើម្បីដាក់ពាក្យប្ដឹងស្វែងរកយុត្តិធម៌ជូនប្ដីឆាប់ៗ នេះ ទោះបីលោកស្រីគ្មានជំនឿថា សមត្ថកិច្ចនឹងរកយុត្តិធម៌ឱ្យសកម្មជននយោបាយទាំងនោះបានក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។