គណបក្សកាន់អំណាច នឹងប្រារព្ធទិវាជ័យជម្នះលើរបបខ្មែរក្រហម ថ្ងៃទី៧ មករា ខួប ៤១ឆ្នាំ នៅកោះពេជ្រ រាជធានីភ្នំពេញ ដោយនឹងលើកឡើងពីពាក្យស្លោក "អរគុណសន្តិភាព"។ មន្ត្រីបក្សប្រឆាំងរិះគន់ថា គណបក្សកាន់អំណាចចង់ពង្វក់ខ្មែរជំនាន់ក្រោយ ឲ្យដឹងគុណវៀតណាមមិនចេះចប់ តាមបក្ខពួកខ្លួន។
តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តសៀមរាប នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថា ថ្ងៃគុណបំណាច់ ៧ មករា របស់គណបក្សកាន់អំណាច មិនបានផ្ដល់ប្រយោជន៍ដល់ប្រជាជាតិខ្មែរទេ គឺជាថ្ងៃផ្ដល់ប្រយោជន៍ឲ្យប្រទេសវៀតណាម ប្រើឥទ្ធិពលលើកម្ពុជា និងទទួលបានទឹកដី របស់កម្ពុជាបន្ថែមទៀត។
លោក អ៊ុំ សំអាន បន្តថា ថ្ងៃទី៧ មករា ដែលបក្សកាន់អំណាច តែងប្រារព្ធរាល់ឆ្នាំនោះ ជាថ្ងៃវៀតណាមឈ្លានពានប្រទេសកម្ពុជា បង្កើតសន្ធិសញ្ញាខុសច្បាប់ កាត់យកទឹកដីខ្មែរ បញ្ជូនជនជាតិវៀតណាមអន្តោប្រវេសន្តចូលកម្ពុជា និងបង្កើតផែនការ «ក៥» បន្តសម្លាប់ជនជាតិខ្មែរ តពីរបប ប៉ុល ពល។ លោកថា គណបក្សកាន់អំណាចចង់ពង្វក់ខ្មែរជំនាន់ក្រោយ ឲ្យដឹងគុណវៀតណាម តាមពួកខ្លួនដែរ ទើបបានជាខំបន្លប់បំភ័ន្ត ប្រែក្លាយថ្ងៃ ៧ មករា ជាថ្ងៃដឹងគុណវៀតណាម ហើយខំប្រឹងកសាងស្តូបដឹងគុណវៀតណាមគ្រប់ខេត្តក្រុង៖ «ទោះបីគណបក្សប្រជាជន ខំបញ្ជ្រាបថ្ងៃ ៧ មករា ទៅដល់ក្មេងជំនាន់ក្រោយក៏ដោយ គេមិនជឿ ៧ មករា ជាថ្ងៃយើងត្រូវដឹងគុណយួនទេ។ ផ្ទុយទៅវិញ គេថា ថ្ងៃយួនឈ្លានពានកម្ពុជា។ យួនជាអ្នកដុតផ្ទះជាតិខ្មែរយើង សម័យខ្មែរក្រហម ហើយក្រោយមកយួនមកពន្លត់ភ្លើងហ្នឹងវិញ ឲ្យខ្មែរយើងអរគុណថ្ងៃ៧មករា។ ដូច្នេះ ជំនាន់ក្រោយគេដឹងថាអ៊ីចឹង ថា យួនជាអ្នកដុតផ្ទះហើយ យួនធ្វើពន្លត់ភ្លើងហ្នឹង ឲ្យខ្មែរយើងដឹងគុណ។ អាហ្នឹង យើងឃើញថា ដុតផ្ទះហ្នឹងគឺ សម័យប៉ុលពត ដល់ពន្លត់ភ្លើងថ្ងៃ ៧ មករា។ ជំនាន់ឥឡូវគេដឹងអ៊ីចឹងណា។ ដូច្នេះ គេមិនជឿការសាបព្រួស ឬក៏ការបន្សាបមនោគមវិជ្ជា ៧ មករា ឬមនោគមការដឹងគុណមិនចេះចប់របស់គណបក្សប្រជាជននោះទេ»។
ដូចរាល់ឆ្នាំដែរ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងដឹកនាំសមាជិកបក្ស ប្រារព្ធទិវា ៧ មករា ដែលជាខួបជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានិងកងទ័ពវៀតណាមជាង ១២ម៉ឺននាក់ វាយផ្ដួលរំលំរបបខ្មែរក្រហម កាលពីឆ្នាំ១៩៧៩។ ឆ្នាំនេះ ត្រូវជាខួបលើកទី ៤១ឆ្នាំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា អ្នកចូលរួមឆ្នាំនេះ មានចន្លោះពី ៥ម៉ឺន ទៅ ១០ម៉ឺននាក់ ដោយអាស្រ័យលើទំហំទីតាំងប្រារព្ធពិធី នៅកោះពេជ្រ។ លោកបន្តថា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងថ្លែងសារ "អរគុណសន្តិភាព"។ លោកច្រានចោលរាល់ពាក្យពេចន៍ទាំងឡាយ រិះគន់ថ្ងៃ ៧ មករា។ លោក អះអាងថា មានតែអ្នកធ្លាប់ឆ្លងកាត់របប ប៉ុល ពល ដោយផ្ទាល់ ទើបយល់ពីអត្ថន័យ ៧ មករា។ ចំណែកអ្នករិះគន់ ជាមនុស្សមាននិន្នាការប្រឆាំង៖ «មានតែអ្នកដែលធ្លាប់ឆ្លងកាត់ទុកវេទនារកទីបំផុតគ្មាន នៅក្នុងរបបប្រល័យពូជសាសន៍ទេ ទើបដឹងអំពីអត្ថន័យ និងតម្លៃថ្ងៃ ៧ មករា។ តែដោយឡែកសម្រាប់អ្នកដែលមានមតិប្រឆាំងនឹងថ្ងៃ ៧ មករា មួយចំនួននោះ មិនបានឆ្លងកាត់ប្រល័យពូជសាសន៍ មួយចំនួនទៀត វាមាននិន្នាការនយោបាយ តែប៉ុណ្ណោះទេ។ ជាពិសេស ប្រទេសដែលធ្លាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយមកលើប្រទេសវៀតណាម មកលើសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅពេលនេះ គឺអស់បណ្ដាប្រទេសទាំងនោះ គឺក៏បានឯកភាពមកលើសច្ចធម៌ប្រវត្តិសាស្ត្រ ៧ មករានេះដែរ»។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក ហេង ច័ន្ទរស្មី សង្កេតឃើញថា ខួប ៧ មករា មានតម្លៃតែចំពោះយុវជនបក្សងប់ងុលប៉ុណ្ណោះ។ យុវជនរូបនេះសិក្សាថា ខួប ៧ មករា របស់បក្សកាន់អំណាច គឺជាថ្ងៃវៀតណាមបានឈ្លានពានកម្ពុជា ដោយរំលោភច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន។
លោក ហេង ច័ន្ទរស្មី ថា ថ្ងៃទី៧ មករា ជាថ្ងៃចេញពីរបបខ្មៅងងឹត វាលពិឃាដ តែហក់ចូលក្នុងរបបថ្មីមួយទៀត ស្ថិតក្រោមអាណានិគម ឬជារបបថ្មី ដែលស្ថិតក្រោមការរៀបចំរបស់ប្រទេសវៀតណាម។ តែទោះជាយ៉ាងណា លោកថា យុវជនមិនចង់ឲ្យអ្នកនយោបាយរំលឹករឿងចាស់បន្ទោសគ្នាទេ តែចង់ឃើញអ្នកនយោបាយគណបក្សធំៗ ទាំងពីរចូលតុចរចា បង្រួបបង្រួមខ្មែរ កុំឲ្យបែកបាក់គ្នាឡើងវិញ ទើបមិនអាចធ្វើឲ្យប្រវត្តិសាស្ត្រជូរចត់ កើតឡើងច្រំដែល៖ «រឿងកន្លងហួសហើយ វាតែងតែមានទស្សនៈផ្ទុយគ្នាហើយ លើរឿងតែមួយ។ អ៊ីចឹង អ្វីដែលខ្ញុំចង់ គឺទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំងគួរតែចេះប្រើភាសាខ្មែររួមណា។ យើងនិយាយភាសាខ្មែររួមដូចគ្នា យើងអាចជជែករកដំណោះស្រាយរួមបាន។ ទាំងបញ្ហាដែលកើតឡើងនៅពេលបច្ចុប្បន្ន ហើយយើងអាចធ្វើគម្រោងការណាមួយទៅថ្ងៃអនាគត រួមគ្នានៃគណបក្សទាំង២ហ្នឹង។ យើងធ្វើការរួមគ្នា ដើម្បីប្រទេសជាតិយើង ផលប្រយោជន៍ប្រទេសជាតិយើងបានទៅមុខ»។
ទោះជាយ៉ាងណាក្ដី គណបក្សកាន់អំណាច តែងបំផុសពាក្យស្លោកថា មានថ្ងៃទី៧ មករា គឺមានអ្វីៗ ទាំងអស់ រាប់បញ្ចូលទាំងសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស មុនពេលបំផុសពាក្យស្លោកថា "អរគុណសន្តិភាព"។ អ្នកវិភាគនយោបាយ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន និងគណបក្សកាន់អំណាច ជាមនុស្សរារាំងសន្តិភាព និងបង្អាក់ដំណើរការអភិវឌ្ឍន៍ប្រទេស ទើបកម្ពុជា នៅតែអន់ថយគ្រប់វិស័យ មិនអាចដើរទៅមុខរួច និងជឿនលឿន ដូចប្រទេសដទៃបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។