មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចោទ​​សមត្ថកិច្ច​ថា ​នៅ​តែ​តាមដាន​​ និង​ចង់​យាយី​​​សកម្មជន​របស់​ខ្លួន

ដោយ សុជីវី
2020-01-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង (ខាង​ស្ដាំ) បុរស​ជិះ​ម៉ូតូ​ស្លៀក​ពាក់​ឈុត​ខ្មៅ ត្រូវ​បាន​គេ​អះអាង​ថា កំពុង​យារ​ដំបង​វាយ​បុរស​អាវ​ស​បង្កង់ លោក ខៀវ ឌីន ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។
(ឆ្វេង) លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង (ខាង​ស្ដាំ) បុរស​ជិះ​ម៉ូតូ​ស្លៀក​ពាក់​ឈុត​ខ្មៅ ត្រូវ​បាន​គេ​អះអាង​ថា កំពុង​យារ​ដំបង​វាយ​បុរស​អាវ​ស​បង្កង់ លោក ខៀវ ឌីន ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ​សមត្ថកិច្ច​នៅ​តែ​តាម​ឃ្លាំ​មើល​ពួក​គេ​ក្នុង​បំណង​យាយី​​​លើ​សកម្មជន​​គណបក្ស​បក្ស​ប្រឆាំង​ជាប់​ជាប្រចាំ​ ហើយ​ករណី​នេះ​​ស្ដែង​ឱ្យ​ឃើញ​ច្បាស់​តាម​រយៈ​បទ​បញ្ជា​ថ្មី​​របស់​អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ។ មេ​ប៉ូលិស​កម្ពុជា​បាន​ចេញ​​បញ្ជា​ឱ្យ​នគរបាល​គ្រប់​​ជាន់ថ្នាក់​ក្ដាប់​សភាពការណ៍​នានា ពាក់​ព័ន្ធ​នឹង​ឧបាយកល​ធ្វើឱ្យ​មាន​ចលាចល​​សង្គម​ ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំចិន-វៀតណាម។

ប្រធាន​​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក ម៉ន ផល្លា ជឿ​ថា បទ​បញ្ជា​របស់​ស្ថាប័ន​ប៉ូលិស​នៅ​ពេល​នេះ មិន​មែន​ត្រឹម​ជា​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​នោះ​ទេ ប៉ុន្តែ​អាច​ជា​លេស​មួយ​​ដើម្បី​ធ្វើ​​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក។ លោក​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​តាម​​មូលដ្ឋាន​នៅ​តែ​រង​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​ ហើយ​ពួក​គេ​ងាយ​នឹង​ត្រូវ​ចោទ​ប្រកាន់ ឬ​ចាប់​ខ្លួន នៅ​ពេល​ធ្វើ​សកម្មភាព​ណា​មួយ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ លោក​យល់ថា វិធានការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ អាច​មាន​គោល​ដៅ​ពីរ​ គឺ​បង្ការ​កុំ​ឱ្យ​មាន​ចលនាមហាជន​ដែល​ចង់​ងើបឡើង​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល និង​ទប់​ស្កាត់​មិន​ឱ្យ​មាន​​សកម្មភាព​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ៖ «វិធាន​ការ​នៃ​ការ​ពង្រឹង​សណ្ដាប់​ធ្នាប់​ផ្ទៃក្នុង​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ គឺ​ខ្ញុំ​គិត​ថា មិន​​មែន​ផ្ដោត​លើ​កិច្ច​ការ​សន្តិសុខ​សណ្ដាប់​ធ្នាប់​ពិត​ប្រាកដ​ទេ។ សំខាន់​គឺ វិធានការ​​បំភិត​បំភ័យ​មក​​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​ជាង»

អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បាន​ដាក់​ផែន​ការ​៦ ចំណុច​ ដើម្បី​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​សង្គម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀតណាម ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី២៤ ដល់២៧ មករា។ ក្នុង​នោះ​ផែន​​ការ​ដែល​អាទិភាព​ជាងគេ គឺ​នគរបាល​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ប្រមូល​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សភាពការណ៍​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ ជាពិសេស​ក្ដោប​ឱ្យ​​បាន​នូវ​ឧបាយ​កល​ សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការ​ញុះញង់​នានា​ធ្វើ​ឱ្យ​សង្គម​កើត​ចលាចល។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ លោក ឆាយ គឹមខឿន បកស្រាយ​បន្ថែម​ថា វិធានការ​នេះ​ក្ដោប​ជា​រួម​អំពី​បញ្ហា​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស ដូច​ជា អំពើ​ភេរវកម្ម អំពើ​ប្រដាប់​អាវុធ និង​ការ​អុក​ឡុក​របស់​ពួក​ជន​​ពាល មិន​​មែន​​ជា​វិធានការ​ចំពោះ​មុខ​សញ្ញា​ណាមួយ​នោះ​ទេ។ លោ​ក​​ចាត់​ទុក​​ការ​លើក​ឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ថា ជា​រឿង​កេង​ចំណេញ​នយោបាយ៖ «បើ​គាត់​កុំ​ទៅ​ធ្វើ​អ្វី​ខុស​ច្បាប់ មាន​អ្នក​ណា​ទៅ​ធ្វើ​អ្វី​គាត់? នេះ​គាត់​ចេះ​តែ​លើកដាក់​ខ្លួន ទី​មួយ។ ទីពីរ (គាត់)ឆក់ឱកាស​យក​ការ​ផ្សព្វផ្សាយ​ពង្រឹង​សន្តិសុខ​ជាតិ​ទាំង​មូល យក​មក​កេង​ចំណេញ​។ យក​មក​ដាក់​លើ​ខ្លួន​ឯង ថា​ខ្លួន​ឯង​សំខាន់​ណាស់​អ៊ីចឹង ខ្លួន​ឯង​ធ្វើអ្វី​អត់​បាន គេ​ធ្វើ​បាប។ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​គេ​សប្បាយ ហើយ​ការ​ដាក់​​វិធានការ​ហ្នឹង គឺ​ដើម្បី​រក្សា​ការ​​សប្បាយ​ ភាព​កក់​ក្តៅ​​ប្រជាពលរដ្ឋ»

ទោះ​ជា​យ៉ាង​ណា នាយក​​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ងាយ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អា្ញធរ ដូច្នេះ​ទើប​បាន​ជា​ពួក​គេ​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​វិធានការ​របស់​សមត្ថកិច្ច​បែប​នេះ។ លោក​បារម្ភ​ថា បទបញ្ជា​របស់​សមត្ថកិច្ច​នេះ​អាច​នឹង​មាន​សុពលភាព​អនុវត្ត​ហួស​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​ទៅទៀត ជាពិសេស​ក្នុង​បរិបទ​ដែល​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​តែ​ប្រកាស​ពី​បំណង​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ៖ «ឥលូវ​គឺ​មាន​ការ​រៀប​ចំ​ជា​យុទ្ធសាស្ត្រ​នៃ​ការ​វិល​ត្រឡប់​ជា​លើក​ទី​ពីរ​ឡើង​វិញ អា​ហ្នឹង​ដែល​ធ្វើ​ឱ្យ​មាន​​ការ​បង្កើន​​នៃ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​តាម​​ដាន​បន្ត​​​ទៀត​ទៅ​លើ​អតីត​គណបក្ស​ប្រឆាំង។ នេះ​យើង​បារម្ភ​ថា បើ​គម្រោង​ហ្នឹង​វា​អាច​នឹង​កើត​ចេញ​​ជា​រូប​រាង​ អតីត​គណបក្ស​ប្រឆាំង​នៅ​ខាង​ក្នុង​(ស្រុក)នេះ អា​ច​នឹង​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដូច​មុន​អ៊ីចឹង​ទៀត​ដែរ»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ន ផល្លា ថ្លែង​ថា ប្រសិន​បើ​អាជ្ញាធរ​ពិត​ជា​ចង់​រក្សា​សន្តិសុខ​សង្គម​មែន នោះ​អាជ្ញាធរ​ត្រូវ​តែ​វែក​មុខ​ចាប់​ជន​​ដៃ​ដល់ ដែល​បាន​លួច​វាយ​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០នាក់ នៅ​រាជធានី​ភ្នំពេញ​ យក​​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ បន្ថែម​ពី​លើ​នេះ លោក​ថា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បញ្ឈប់​ការ​តាម​ឃ្លាំមើល​​ប្រជាពលរដ្ឋ និង​ត្រូវ​អនុវត្ត​​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង ជាពិសេស​កុំ​ដាក់​បន្ទុក​លើ​​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ពួក​គេ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល