សកម្មជនបក្សប្រឆាំង នៅក្រៅប្រទេសព្រួយបារម្ភថា របបក្រុងភ្នំពេញ នឹងបន្តគំរាមពួកគេឲ្យចូលសារភាពកំហុស ឬបរិហារគណបក្សសង្គ្រោះជាតិ នៅពេលពួកគេសម្រេចចិត្តវិលចូលប្រទេសកម្ពុជា តាមការអំពាវនាវរបស់ លោក ហ៊ុន សែនវិញ។ រីឯអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា គ្មានការបង្ខិតបង្ខំ ឬគំរាមឡើយ គឺពួកគេចូលសារភាព ព្រោះចង់សហការជាមួយសមត្ថកិច្ច។
សកម្មជនបក្សប្រឆាំង ដែលមិនទាន់បានវិលត្រលប់ចូលប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ លោក ហ៊ុន សែន នៅតែបារម្ភថា ពួកគេងាយនឹងត្រូវរបបក្រុងភ្នំពេញធ្វើបាបជាថ្មីទៀត នៅពេលវិលត្រឡប់ចូលដល់ប្រទេសកម្ពុជា តាមរយៈការបង្ខំឲ្យចូលសារភាព ឬចាប់ដាក់ពន្ធនាគារជាដើម។ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ លោក លី រតនៈរស្មី យល់ថា របបក្រុងភ្នំពេញនៅតែបន្តធ្វើទុក្ខបុកម្នេញ សកម្មជនបក្សប្រឆាំង តាមរយៈការបង្ខំឲ្យសារភាពកំហុសដដែល ក្រោយពេលសកម្មជនមួយចំនួន បានវិលត្រលប់ចូលប្រទេសកម្ពុជាវិញ។
មន្ត្រីបក្សប្រឆាំង លើកឡើងបែបនេះ គឺក្រោយពេលនៅតែមានករណីសកម្មជនបក្សប្រឆាំងខ្លះ ចូលសារភាពកំហុស តាមការចង់បានរបស់របបក្រុងភ្នំពេញ បើទោះជាមេដឹកនាំរបបនេះ លោក ហ៊ុន សែន បានប្រកាសឈប់ធ្វើទុក្ខបុកម្នេញ លើពួកគេហើយក៏ដោយ។ សកម្មជនបក្សប្រឆាំង លោក តោ និមល និងភរិយា ដែលភៀសខ្លួនទៅប្រទេសថៃ ប្រមាណ ២ឆ្នាំ បានសម្រេចចិត្តវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ និងចូលសារភាពថា ពួកគាត់ចាញ់បោក អនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង នៅកំឡុងពេលពួកគេស្នាក់នៅប្រទេសថៃ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។
ក្រោយពេលឃើញករណីនេះ បន្តកើតមានលើសកម្មជនបក្សប្រឆាំង លោក លី រតនៈរស្មី ហៅការអន្ទងចិត្តហៅសកម្មជនបក្សប្រឆាំងវិលចូលស្រុកវិញ ថាជាល្បិចកៀងបញ្ចូលទ្រុង។ លោកអះអាងថា លោក ហ៊ុន សែន គ្មានចិត្តស្មោះក្នុងការហៅសកម្មជនបក្សប្រឆាំងចូលស្រុកទេ តែជាល្បិចបំបែកបំបាក់បក្សប្រឆាំងទៅវិញ។ លោកមិនទាន់ដឹងថា មានសកម្មជនបក្សប្រឆាំងប៉ុន្មាននាក់នៅឡើយទេ ដែលបានវិលចូលប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់លោក ហ៊ុន សែន។ តែលោកស្នើសុំសកម្មជនបក្សប្រឆាំងទាំងអស់ ឱ្យប្រុងប្រយ័ត្នចំពោះការចាញ់បោកការបញ្ឆោតនេះ៖ « យើងដឹងច្បាស់គ្រប់គ្នាហើយ ហើយយើងក៏បានដឹងលឺហើយ នូវអ្វីដែលជាយុទ្ធសាស្ត្រគណបក្សប្រជាជន ដែលដឹកនាំដោយ លោក ហ៊ុន សែន តែអ៊ីចឹង ហើយយើងបែរជាទៅចូលនៅក្នុងស៊ងរបស់គេ អាហ្នឹងវាពិបាកនៅក្នុងការនិយាយដែរ។ អ៊ីចឹងបានសុំឲ្យបងប្អូនជនរួមជាតិទាំងអស់ យើងប្រុងប្រយ័ត្នឲ្យបានខ្ពស់។ យើងមិនមែនចេះតែជឿទៅតាមអ្វី ដែលជាឃោសនារបស់ជនផ្ដាច់ការ គេរៀបចំយុទ្ធសាស្ត្រ យុទ្ធវិធីរបស់គេ ដូចអ្វី ដែលខ្ញុំនិយាយអ៊ីចឹង គឺគៀងមាន់បញ្ចូលទ្រុង»។
ចំណែកអ្នកនាំពាក្យរបបក្រុងភ្នំពេញវិញ លោក ផៃ ស៊ីផាន បដិសេធចំពោះការចោទថា រដ្ឋាភិបាលគំរាមកំហែង ឬបង្ខំឲ្យសកម្មជនបក្សប្រឆាំងទាំងនោះឱ្យសារភាព។ លោក ផៃ ស៊ីផាន លើកឡើងថា ករណីអ្នកធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ដោយសារលង់ខ្លួនចាញ់បោកគេ គឺសមត្ថកិច្ចអាចនឹងស្នើសុំឲ្យមានការសហការធ្វើកិច្ចសន្យាបែបរដ្ឋបាល។ រីឯអ្នកគ្រាន់តែគេចទៅស្នាក់នៅប្រទេសថៃមួយរយៈ ដើម្បីចង់បន្តទៅរស់នៅប្រទេសទី៣ ហើយមិនបានធ្វើសកម្មភាពអ្វីប្រឆាំងរដ្ឋាភិបាល គឺ អាចវិលត្រលប់ចូលប្រទេសកម្ពុជាវិញ ដោយមិនតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអ្វីឡើយ៖ «ពីព្រោះយើងមក ( កម្ពុជា ) មកក្នុងនាមអ្នកណា ហើយយើងទៅ ( ក្រៅប្រទេស ) ទៅក្នុងនាមអ្នកណា។ មិនមែនក្នុងនាមគណបក្សទេ គឺក្នុងនាមចូលរួមធ្វើរដ្ឋប្រហារ ហើយយើងបកមកវិញ យ៉ាងម្ដេចទៅ ? បកមកវិញ បានន័យថា គាត់ត្រូវសម្ដែងកិច្ចសហការ ហើយខ្ញុំមិនបង្កើតរឿងណា ទៅបង្កើតរឿងណា ធ្វើឲ្យចលាចល នៅក្នុងស្រុក។ ប៉ិនហ្នឹង មិនមានបង្ខំឲ្យគាត់ចូលមកគណបក្សប្រជាជន ឬបង្ខំឲ្យគាត់ទៅណា មិនអ៊ីចឹងទេ។ អាហ្នឹងជាគោលបំណងនៃកិច្ចសារភាពហ្នឹងឯង»។
កាលពីថ្ងៃទី១៤ វិច្ឆិកា លោក ហ៊ុន សែន បានអំពាវនាវឲ្យសកម្មជនបក្សប្រឆាំង នៅក្រៅប្រទេស រួមទាំងអ្នកមានដីកាចាប់ខ្លួន ឬកោះហៅ ពាក់ព័ន្ធនឹងនយោបាយ អាចវិលត្រលប់ទៅប្រទេសកម្ពុជាវិញ ដោយគ្មានការធ្វើទុក្ខបុកម្នេញអ្វីទាំងអស់។ មកដល់ពេលនេះ សកម្មជនបក្សប្រឆាំងមួយចំនួនមិនទាន់ជឿជាក់លើការប្រកាសរបស់លោក ហ៊ុន សែន ឡើយ ខណៈសកម្មជនបក្សប្រឆាំងខ្លះទៀត នៅតែបន្តសកម្មភាពគាំទ្រលោក សម រង្ស៊ី នៅក្រៅប្រទេសដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។