សកម្មជន​បក្ស​ប្រឆាំង​បន្ត​ធ្វើ​ចលនា​កៀរគរ​ពលករ​នៅ​ថៃ ដើម្បី​បន្ត​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

ដោយ ខែ សុណង
2019-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(រូបធំខាង​មុខ) លោក នាង សុឃុន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ពេល​ជួប​ពលករ​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
(រូបធំខាង​មុខ) លោក នាង សុឃុន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ពេល​ជួប​ពលករ​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Neang Sokhun

សកម្មជន​បក្ស​ប្រឆាំង នៅតែ​បន្ត​ធ្វើ​ចលនា​កៀរគរ​ពលករ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​បន្ត​គាំទ្រ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ពួក​គេ​អះអាង​ថា ផែនការ​វិល​ចូល​ស្រុក​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បញ្ចប់​នោះ​ទេ ទោះ​បី​ជា​ថ្ងៃ ៩វិច្ឆិកា មិន​បាន​ជោគជ័យ​ក៏​ដោយ។ ចំណែក​របប​ក្រុង​ភ្នំពេញ​និយាយ​ថា មិន​បារម្ភ​អំពី​ចលនា​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នេះ​ទេ។

ក្រុមសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ​ ប្រកាស​ថា​ ពួកគេ​មិន​រាថយ​ នៅ​តែ​រក្សា​ជំហរ​រឹងមាំ​ ហើយ​នៅ​តែ​បន្ត​ធ្វើ​ចលនា​ចុះ​ជួប​កៀរគរ​ប្រជាពលករ​ខ្មែរ​ស្ទើរ​រាល់ថ្ងៃ ដើម្បី​រង់ចាំ​អម​ដំណើរ​លោក​ សម​ រង្ស៊ី​ វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ដដែល ដើម្បី​បញ្ចប់​អំណាច​ផ្តាច់​ការ​ ស្តារ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ ព្រមទាំង​ជួយស្រោចស្រង់​ប្រទេសជាតិ​ឲ្យ​រីក​ចម្រើន​ត្រឹម​ត្រូវ​។

សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ថៃ ក្រោយ​របប​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ជាង ៣ឆ្នាំ លោក នាង សុឃុន ប្រាប់​អាស៊ី​សេរី​ថា ផែនការ​វិល​ចូល​កម្ពុជា​វិញ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ មិន​ទាន់​បញ្ចប់​នោះ​ទេ ព្រោះថ្ងៃទី៩ វិច្ឆិកា គ្រាន់​តែ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ លោក បន្ត​ថា សកម្មជន​បក្ស​ប្រឆាំង នៅតែ​បែង​ចែក​ក្រុម​ការងារ​ចុះ​ទៅ​ជួប​ប្រជាពលករ​ខ្មែរ​តាម​គោល​ដៅ​រៀងៗ ខ្លួន ដើម្បី​ឲ្យ​ពួក​គេ​ចូលរួម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ពេល​ខាង​មុខ។ អតីត​អ្នក​ទោស​នយោបាយ​រូប​នេះ ពន្យល់​ថា មូលហេតុ​ដែល​បន្ត​អន្ទោកអន្ទោល​ឲ្យ​ពលករ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ព្រោះ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ផង និង​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAដែល​ផ្ដល់​ប្រយោជន៍​ធំធេង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា៖ «លោក​ប្រធាន សម រង្ស៊ី ក៏​ដូច​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ឲ្យ​យុវជន និង​សកម្មជន​ទាំង​អស់​នៅ​តែ​ធ្វើ​សកម្មភាព​ជួប​ជុំ​គ្នា ប្រមូល​កម្លាំង​គ្នា ដើម្បី​ត្រៀម​ចាំ​ដំណើរ​មាតុភូមិ​និវត្តន៍​ដដែល​ក្នុង​ពេល​ឆាប់ៗ នេះ»

សកម្មជនបក្ស​ប្រឆាំង​រូប​នេះ បន្ត​ថា ក្នុង​ពេល​ចុះ​ជួប​ពលករ​មួយ​កន្លែងៗ គឺ​មាន​ពលករ​រាប់​រយ​នាក់ ចូលរួម និង​សុទ្ធតែ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ចូលរួម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ លោក នាង សុឃុន បញ្ជាក់​ថា​ ថ្វីត្បិត​ផែនការ​វិល​ចូល​កម្ពុជា កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា មិនបាន​ជោគជ័យ​ក្តី ប៉ុន្តែ​ក្រុម​សកម្មជន និង​ប្រជាពលករ​មិន​អន់​ចិត្ត​អ្វី​ឡើយ​ ព្រោះ​សុទ្ធ​បាន​ដឹង​ថា​ លោក​ សម​ រង្ស៊ី​ បាន​ព្យាយាម​គ្រប់បែបយ៉ាង​ ដើម្បី​ចូល​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ របប​ក្រុងភ្នំពេញ​ទៅ​វិញ​ទេ ដែល​រារាំង​លោក​ សម​ រង្ស៊ី៖ «ការ​ជួបជុំ​នេះ គឺ​ទឹក​ចិត្ត​របស់​កម្មករ ពលករ និង​យុវជន​របស់​យើង នៅ​តែ​រឹងមាំ និង​មាន​ទឹក​ចិត្ត​មុត​ស្រួច ពុះ​កញ្ជ្រោល​ដដែល ដើម្បី​រង់ចាំ​តែ​ថ្នាក់ ដឹក​នាំ​វិល​ចូល​កម្ពុជា​វិញ ហើយ​ពួក​គាត់​នឹង​អម​ដំណើរ​ទៅ​ជាមួយ»

តំណាង​ពលករ​ប្រចាំ​ប្រទេស​ថៃ​ម្នាក់​ទៀត លោក មករា វីន ថ្លែង​ថា ក្រុម​ពលករ​នៅ​ប្រទេស​ថៃ​ភាគ​ច្រើន មិន​បាក់​ស្មារតី​ និង​មិន​អស់សង្ឃឹម​ទេ​។ ផ្ទុយទៅវិញ ពួកគេ​ត្រៀម​ខ្លួន​ជា​ស្រេច​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ព្រោះ​ពួក​គេ ជឿជាក់​ថា មាន​តែ​វត្តមាន​មេ​បក្ស​ប្រឆាំង​រូប​នេះ ទើប​អាច​ផ្លាស់​ប្តូរ​កម្ពុជា​ឲ្យ​រីក​ចម្រើន​ត្រឹមត្រូវ និង​ស្គាល់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៖ «ពួក​គាត់​នៅ​តែ​ត្រៀម នៅ​តែ​ចាំ​ស្ដាប់​ថ្នាក់​ដឹក​នាំ បើ​ថ្នាក់​ដឹក​នាំ​ចុះ​ទៅ​ថ្ងៃ​ណា ពួក​គាត់​នឹង​ចុះ​ទៅ​ថ្ងៃ​នោះ​ដែរ។ពួក​គាត់​មិន​បោះ​បង់​ចោល​ទេ ។ពួក​គាត់​នៅ​តែ គាំទ្រ​លោក​ប្រធាន សម រង្ស៊ី និង​លោក​ប្រធាន កឹម សុខា ជា​មនុស្ស​តែ​មួយ។ ពលករ​ទាំង​អស់ ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ចង់​ឃើញ​ប្រទេស​របស់​ខ្លួន​រីក​ចម្រើន មិន​ចង់​ឃើញ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ចេះ​តែ​មាន​ភាព​អយុត្តិធម៌​មួយ​កន្លែង​ហើយ មួយ​កន្លែង​ទៀត​នោះ​ទេ»

ប្រធានអង្គភាពអ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក មិន​ព្រួយ​បារម្ភ​ ចំពោះ​ចលនា​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​នេះ​ទេ។ លោក​ចោទ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​ថា ជា​ក្រុម​អត់​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ ហើយ​ការ​ធ្វើ​សកម្មភាព នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ក្នុង​បំណង​ចង់​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេសទី៣៖ «ជា​សិទ្ធិ​របស់​គាត់ តែ​គាត់​អាច​ប្រឈម​ផ្លូវ​ច្បាប់​នៅ​កន្លែង ដែល​គាត់​រស់នៅ និង​ផ្លូវ​ច្បាប់​របស់​កម្ពុជា តែ​ក្រែង​គោល​បំណង​របស់​គាត់​មិន​មែន​នយោបាយ​ទេ គឺ​គោល​បំណង​ចង់​បាន​ប្រទេស​ទី៣ ដែល​គាត់​ត្រូវ​ទៅ»

ទោះយ៉ាងណាក្តី សកម្មជន​ដែល​រត់​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ សុទ្ធតែ​អះអាង​ថា មូលហេតុ​ដែល​បង្ខំ ចិត្ត​ភៀស​ខ្លួន​រស់​នៅ​ក្រៅ​ប្រទេស ដោយសារ​តែ​របប​ក្រុង​ភ្នំពេញ​ប្លន់​តួនាទី​មុខ តំណែង​របស់​គាត់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​យ៉ាង មិន​ឲ្យ​ពួក​គេ​អនុវត្ត​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញ​មតិ​បាន​ទេ។ ពួក​គេ​បន្ត​ថា ការ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​រក្សា​កម្លាំង​សម្រាប់​ចូលរួម​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា លោក សម រង្ស៊ី នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​វិល ចូល​កម្ពុជា​ដដែល ជាពិសេស លោក សម រង្ស៊ី នឹង​ប្រថុយ​ចូល​កម្ពុជា​នៅ​ពេល​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​ជាង​សព្វ​ថ្ងៃ។ ទន្ទឹម​គ្នា​នេះ លោក​មើល​ឃើញ​ថា សកម្មជន និង​ពលករ នៅ​តែ​មាន​ទឹក​ចិត្ត ពុះ​កញ្ជ្រោល​ចង់​ឃើញ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី៖ «ចលនា​នេះ ក៏​មាន​ឥទ្ធិពល​ខ្លះ​ដែរ​ទៅ​លើ​របប​ក្រុង​ភ្នំពេញ  ខណៈ​ពេល​ដែល​លោក សម រង្ស៊ី ក្នុង​ពេល​ស្ថានភាព​នយោបាយ​ប្រែប្រួល​ប្រសើរ​ណា​មួយ គឺ​គាត់​អាច​ប្រថុយ​ចូល​ប្រទេស​កម្ពុជា»

ថ្វី​ដ្បិត​ លោក​ សម​ រង្ស៊ី​ មិនទាន់​សម្រេច​ផែនការ​វិល​ប្រទេស​កម្ពុជា​វិញ ​នៅ​ថ្ងៃទី៩​ ខែ​វិច្ឆិកា​ក្តី​ ប៉ុន្តែ​ លោក​ សម​ រង្ស៊ី​ នៅតែ​ប្រកាស​ជា​បន្តបន្ទាប់​ថា​ លោក​នៅតែ​រក្សា​ជំហរ​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ឲ្យបាន​ក្នុង​ពេល​ដី​ខ្លី​ខាង​មុ​នេះ​ និង​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​តាំង​ចិត្ត​ឲ្យ​ខ្ពស់​ចូលរួម​ផ្លាស់​ប្តូរ​ជាមួយ​លោក។ លោក​ សម​ រង្ស៊ី​ ប្រកាស​ថា​ ថ្ងៃ​ទី៩ វិច្ឆិកា​ គ្រាន់តែ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ប៉ុណ្ណោះ​ ហើយ​ផែនការ​នេះ​ទទួល​បាន​ជោគជ័យ ៧០ភាគ​រយ​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល