សកម្មជនគណបក្សប្រឆាំងជាច្រើននាក់នៅតែបន្តភៀសខ្លួននយោបាយទៅប្រទេសថៃ ដើម្បីរួមគ្នាទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញស្ដារប្រជាធិបតេយ្យឡើងវិញ។ សកម្មជនទាំងនោះរំពឹងថា កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋនឹងអាចបញ្ចប់វិបត្តិនយោបាយនៅកម្ពុជានៅពេលខាងមុខ។
សកម្មជនបក្សប្រឆាំងរត់ភៀសខ្លួននៅក្រៅប្រទេសមិនពេញចិត្តនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលចេះតែធ្វើបាប ចាប់ចង និងដាក់ទោសទណ្ឌប្រជាពលរដ្ឋស្លូតត្រង់តាមទំនើងចិត្តដូចសព្វថ្ងៃនោះឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក ម៉ៅ វិបុល ថ្លែងនៅថ្ងៃទី២៣ មករាថា លោកបានរត់ភៀសខ្លួនទៅដល់ប្រទេសថៃជាង ២ឆ្នាំហើយ ដើម្បីបន្តជីវភាពនយោបាយជាមួយថ្នាក់ដឹកនាំគណបក្សនេះ និងទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញស្ដារប្រជាធិបតេយ្យឡើងវិញ។ លោកអះអាងទៀតថា មិនពេញចិត្តនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានរំលាយគណបក្សសង្គ្រោះជាតិ ហើយប្លន់យកអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥ពាន់អាសនៈ ដែលប្រជាពលរដ្ឋបោះឆ្នោតជូនទៅបែងចែកគ្នាតាមអំពើចិត្តនោះឡើយ។ មន្ត្រីបក្សប្រឆាំងរូបនេះបន្ថែមទៀតថា ពួកលោកនឹងប្រមូលប្រជាពលរដ្ឋទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងនៅពេលខាងមុខ ប្រសិនបើអតីតកម្មាភិបាលខ្មែរក្រហមរូបនេះនៅតែចាប់ចងនិងវាយដំប្រជាពលរដ្ឋស្លូតត្រង់តាមទំនើងចិត្តដូចសព្វថ្ងៃនោះ៖ «ព្រោះមិនមែនភៀសខ្លួនដើម្បីបានទៅប្រទេសទី៣ ចង់យកសេចក្ដីសុខខ្លួនទេ គឺមកដើម្បីតស៊ូមតិ កៀរគរប្រទេសដទៃ ដែលមានពលរដ្ឋខ្មែររស់នៅចូលរួម ដើម្បីឱ្យអន្តរជាតិបានដឹងថាពលរដ្ឋកម្ពុជាត្រូវការសិទ្ធិសេរីភាព ហើយលោក ហ៊ុន សែន រំលោភច្បាប់អន្តរជាតិនិងច្បាប់ជាតិ។ពិសេសសកម្មជននៅតាមមូលដ្ឋាននៅតែរឹងមាំ ហើយរង់ចាំតែពេលវេលាលោក សម រង្ស៊ី និងលោក កឹម សុខា ជួបជុំគ្នានៅកម្ពុជាវិញនៅពេលខាងមុខ » ។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យលោក ឃ្លាំង ប៊ុនឡាយ វិញ មានប្រសាសន៍ថា នៅខេត្តរបស់លោកមានសកម្មជននយោបាយជាង ១០នាក់ហើយ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ។ លោកបញ្ជាក់ថា ពួកលោកនៅក្រៅប្រទេសបានជួបប្រជុំគ្នាសម្ដែងមតិស្ទើររាល់ថ្ងៃ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យងាកមកស្ដារប្រជាធិបតេយ្យឡើងវិញ៖ «ពួកយើងខ្ញុំរត់ភៀសខ្លួនមកនៅកន្លែងនេះមិនមែនមានន័យថា ពួកខ្ញុំមានបំណងចង់ទៅរស់នៅប្រទេសទី៣ចោលស្រុកកំណើតរបស់ខ្ញុំទេ គឺពួកយើងជាអ្នកស្រលាញ់ជាតិជាអ្នកស្នេហាជាតិចង់ជួយជាតិយើង។អីចឹងយើងរត់មកនៅទីនេះគ្រាន់តែមួយរយៈខ្លី ដើម្បីគេចចេញពីចាប់ចងរបស់រដ្ឋាភិបាលទេ ប៉ុន្តែថ្ងៃណាមួយដែលយើងមានឱកាសត្រឡប់ទៅវិញយើងនឹងទៅស្រុកកំណើតរបស់យើងវិញ រួមគ្នាដើម្បីដឹកនាំ គណបក្សសង្គ្រោះជាតិចូលប្រឡូកការបោះឆ្នោតដើម្បីយកឈ្នះគណបក្សប្រជាជនដើម្បីបានដឹកនាំប្រទេស ឱ្យបានរីកចំរើនដូចប្រទេសជិតខាង » ។
លោកបន្ថែមថា សកម្មជននៅក្រៅប្រទេសកំពុងតែរកផ្លូវចូលទៅស្រុកវិញ ដើម្បីរួមគ្នាទាមទារឱ្យលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យមានសេរីភាពពេញលេញ ទាមទារឱ្យប្រគល់តំណែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងជូនពលរដ្ឋវិញ និងទាមទារគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីប្រកួតប្រជែងការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា សព្វថ្ងៃនៅកម្ពុជាមានប្រជាធិបតេយ្យពេញលេញ ហើយប្រជាពលរដ្ឋមានសិទ្ធិដើរហើរនិងប្រកបមុខរបររកស៊ីដោយសេរី។លោកបន្ថែមថា រដ្ឋាភិបាលមិនបានធ្វើទុក្ខបុកម្នេញក្រុមសកម្មជនគណបក្សប្រឆាំងនោះឡើយ។លោកបញ្ជាក់ថា អ្នកដែលរត់ភៀសខ្លួនទាំងនោះទៅវិញទេ ដែលភ័យខ្លាចដោយខ្លួនឯង ហើយនាំគ្នារត់ទៅក្រៅប្រទេស ដើម្បីបានសិទ្ធជ្រកកោនទៅប្រទេសទី៣៖ «បើអត់មានខ្លួនទេ រឿងអីមានត្រូវខ្លាចបើគេរស់នៅ១៦លាននាក់ គេកំពុងតែសប្បាយរីករាយ ចុះមានអ្នកណាភ័យខ្លាច។ចុះភ័យខ្លាចតែយើងម្នាក់ពីរហ្នឹង ខ្លាចលោកវាមិនមែនអីចឹង ខ្លាចចង់ទៅប្រទេសទី៣ដឹងបានភ័យខ្លាច ដើម្បីយកឈ្មោះទៅនៅអាមេរិកនៅបារាំងអីចឹង » ។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា ថ្លែងថា នៅកម្ពុជាមិនទាន់មានប្រជាធិបតេយ្យពេញលេញនៅឡើយទេ ពីព្រោះអាជ្ញាធរនៅតែតាមដានរឹតត្បិតសិទ្ធិសេរីភាពការជួបជុំគ្នារបស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ជាពិសេសសកម្មជនគណបក្សប្រឆាំងនៅតែមិនអាចជួបប្រជុំសម្ដែងមតិរឿងនយោបាយបាននៅឡើយ។លោកបញ្ជាក់ថាការសម្រេចចិត្តភៀសខ្លួនដើម្បីបន្តជីវភាពនយោបាយនៅក្រៅប្រទេសនោះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របច្បាប់ ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ៖ «ដូច្នេះផ្ទុយទៅវិញអ្នកដែលគំរាមកំហែង អ្នកដែលធ្វើទុក្ខបុកម្នេញទៅលើអ្នកដែលប្រើប្រាស់សិទ្ធិចូលរួមចំណែកក្នុងនយោបាយទេ ដែលខុសច្បាប់។ពីព្រោះរដ្ឋធម្មនុញ្ញមានការលើកកម្ពស់សិទ្ធិនយោបាយ ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិចូលរួមចំណែកក្នុងសកម្មភាព ដូច្នេះបើពលរដ្ឋប្រើប្រាស់សិទ្ធិហ្នឹងស្របទៅនឹងច្បាប់ ហើយអ្នកដែលទៅរារាំងគេមិនឱ្យអនុវត្តសិទ្ធិរបស់គេវាខុសច្បាប់ហើយ » ។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះនៅតែបន្តទទូចដល់រដ្ឋាភិបាលឱ្យឈប់យាយីសកម្មជនគណបក្សប្រឆាំងបន្តទៀត ហើយងាកមកដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
សកម្មជនគណបក្សប្រឆាំងចាប់ផ្ដើមរត់ភៀសខ្លួនទៅប្រទេសថៃនៅពេលដែលតុលាការក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧ និងយុទ្ធនាការបង្ក្រាបក្រុមអ្នកគាំទ្របក្សប្រឆាំងដែលដាក់ចេញដោយលោក ហ៊ុន សែន ។លោក ម៉ៅ វិបុលឱ្យដឹងថា មកទល់ពេលនេះ មានសកម្មជនក្នុងស្រុករត់ភៀសខ្លួននៅប្រទេសថៃ ជាង១០០នាក់ហើយ ដើម្បីប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។