ប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដើម្បីទប់ស្កាត់ក្រុមគណបក្សប្រឆាំងដែលគាំទ្រលោក សម រង្ស៊ី មិនឱ្យធ្វើសកម្មភាពនយោបាយនៅតាមព្រំដែនកម្ពុជា-ថៃ។ មន្ត្រីគណបក្សប្រឆាំងមួយចំនួនដែលភៀសខ្លួននៅក្រៅប្រទេសអះអាងថា ថ្វីត្បិតតែអាជ្ញាធរខ្មែរតាមធ្វើទុក្ខបុកម្នេញមិនឈប់ឈរយ៉ាងនេះក្ដីក៏ពួកគាត់នៅតែប្រកាន់ជំហរត្រៀមរង់ចាំទទួលលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សប្រឆាំងវិលចូលស្រុកវិញដដែល។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញដែលភៀសខ្លួននៅប្រទេសថៃ លោក ឃឹន រឿន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៨ វិច្ឆិកាថា ពួកលោកដែលភៀសខ្លួននៅក្រៅប្រទេសត្រៀមវិលត្រឡប់ទៅមាតុប្រទេសនៅពេលដ៏ខ្លីខាងមុខ ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ។លោកបន្តថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកំពុងតែធ្វើការងារការទូតជាមួយប្រទេសអាស៊ាន ដើម្បីសុំឱ្យជួយអន្តរាគមន៍បើកផ្លូវឱ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សនេះបានវិលស្រុកវិញនៅពេលខាងមុខ៖ «ខ្ញុំតាំងចិត្តហើយថា ទោះបីជាកាលទេសបែបណាក៏ដោយ ក៏ខ្ញុំនៅជាមួយលោកប្រធាន សម រង្ស៊ី និងថ្នាក់ដឹកគណបក្សដែរ ព្រោះប្រទេសយើងត្រូវការយើងទាំងអស់គ្នា ហើយបើយើងមិនក្រោកឈរទេជនជាតិយួន និងជនជាតិចិន ដាក់អនាគម ឬយកដីខ្មែរតែម្ដង។ព្រោះកន្លងមកនេះសភាអនុម័ត ច្បាប់សន្ធិសញ្ញាបន្ថែម អ៊ីចឹងយើងប្រគល់ដីឱ្យគេដោយស្វ័យប្រវត្តិ តាមរយៈមេដឹកនាំសព្វថ្ងៃ » ។
លោកបន្ថែមថា ថ្វីត្បិតតែប៉ូលិសខេត្តបាត់ដំបងបន្តរឹតចំណងមិត្តភាពជាមួយភាគីថ្ងៃយ៉ាងនេះក្ដី ក៏មិនអាចទប់ស្កាត់សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេស និងនៅក្នុងស្រុកឱ្យឈប់ធ្វើសកម្មភាពនយោបាយបានដែរ ល្គឹកណារបបលោក ហ៊ុន សែន មិនព្រមដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជានោះ។
ស្រដៀងគ្នានេះ ប្រធានគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ម៉ៅ វិបុល មានប្រសាសន៍ថា លោកនិងសកម្មជនដទៃទៀតរាប់រយនាក់នៅប្រទេសថៃនៅតែបន្តដំណើរជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំងរហូតដល់ទីបញ្ចប់ ដោយមិនខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញនោះឡើយ។លោកបញ្ជាក់ថា របបក្រុងភ្នំពេញកំពុងតែភ័យស្លន់ស្លោខ្លាចអ្នកគាំទ្របក្សប្រឆាំងប្រមូលផ្ដុំគ្នាទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញសាជាថ្មី ធ្វើឱ្យពិបាកទប់ទល់ទើបបានជារបបនេះបន្តតាមធ្វើទុក្ខបុកម្នេញមន្ត្រីគណបក្សប្រឆាំងបែបនេះ៖ «លោក ហ៊ុន សែន ពិតជាមិនយកទោសពៃរ៍ក៏ពិតមែន ក៏ប៉ុន្តែនៅក្នុងការចោទប្រកាន់របស់តុលាការដដែល។ អីចឹងខ្ញុំមានតែប្រឹងតស៊ូបន្តទៀត ព្រោះខ្ញុំចង់បានអ្វីដែលយុត្តិធម៌ និងមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ អីចឹងពួកខ្ញុំនៅតែតស៊ូ ដើម្បីផ្លាស់ប្ដូររបបដែលនិយាយតែមាត់តាមតែបុគ្គលម្នាក់ អីចឹងខ្ញុំត្រូវតែតស៊ូ ដើម្បីផ្លាស់ប្ដូរដើម្បីឱ្យប្រទេសមាននីតិរដ្ឋពិតប្រាកដ » ។
ប្រតិកម្មរបស់មន្ត្រីគណបក្សសង្គ្រោះជាតិនេះ បន្ទាប់ពីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាប់ផ្ដើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តស្រះកែវរបស់ថៃជាថ្មីទៀត។ ស្នងការនគរបាលខេត្តបាត់ដំបងលោក អ៊ុច សុខុន បានដឹកនាំមន្ត្រីក្រោមឱវាទជាច្រើននាក់ ជួបពិភាក្សាជាមួយអាជ្ញាធរខេត្តស្រះកែវ (Srakao) ប្រទេសថៃ ដើម្បីពង្រឹងសាមគ្គីភាពនៅតាមព្រំដែនកម្ពុជាថៃនៅព្រឹកថ្ងៃទី១៨ វិច្ឆិកា។ ក្នុងជំនួបនោះលោក អ៊ុច សុខុន បានអរគុណដល់ភាគីថៃ ដែលបានទប់ស្កាត់ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី និងថ្នាក់ដឹកនាំគណបក្សប្រឆាំងបានសម្រេចដោយមិនឱ្យពួកគេវិលចូលកម្ពុជាបានកាលពីថ្ងៃទី៩ វិច្ឆិកាកន្លងទៅ។ គេហទំព័រស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះផ្សាយនៅថ្ងៃទី១៨ វិច្ឆិកាថា លោកស្នងការរូបនេះនៅតែបន្តស្នើសុំឱ្យអាជ្ញាធរថៃសហការណ៍ទប់ស្កាត់សកម្មភាពល្មើសច្បាប់ ជាពិសេសទប់ស្កាត់ថ្នាក់ដឹកនាំគណបក្សប្រឆាំងកុំឱ្យពួកគេយកទឹកដីថៃ ប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងដើម្បីរក្សាសន្តិសុខនៅតាមព្រំដែនខេត្តបាត់ដំបង និងខេត្តស្រះកែវបន្តទៀត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត យល់ថា មូលហេតុដែលប៉ូលិសខេត្តបាត់ដំបងបន្តសហការជាមួយភាគីថៃនេះ ដោយសារតែថ្មីៗ នេះ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសតាមចាប់ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន ១៨នាក់ ប្រសិនបើពួកគេវិលចូលមកកម្ពុជាវិញនោះ។ ទោះជាយ៉ាងណាលោក អំ សំអាត បញ្ជាក់ថា នេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើគូភាគី ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល៖ «បាទ ! ទោះបីជាមួយរយៈក្រោយថ្ងៃទី៩ វិច្ឆិកាមានការបន្ធូរបន្ថយស្ថានភាពមួយចំនួនក៏ដោយក៏បញ្ហាការបារម្ភនៅមាន។ អ៊ីចឹងយើងចង់បានធ្វើយ៉ាងណាបន្ធូរបន្ថយការតានតឹងផ្នែកនយោបាយហ្នឹងទៅ ដើម្បីឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិជាមូលដ្ឋាន ហើយអ្នកនយោបាយធ្វើយ៉ាងណាកុំយកពលរដ្ឋធ្វើជាឧបករណ៍ទៅឱ្យរង់គ្រោះជំនួសខ្លួនជាការល្អ » ។
សកម្មជនគណបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃអះអាងថា ពួកគេនៅតែមានកម្លាំងច្រើនអាចទៅចូលរួមអមដំណើរថ្នាក់ដឹកគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញបានគ្រប់ពេល។ ពួកគេសង្ឃឹមថា នៅពេលដ៏ខ្លីខាងមុខនេះ លោក សម រង្ស៊ី នឹងអាចរកផ្លូវចូលទៅដល់មាតុប្រទេស បានដោយងាយស្រួល ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។