បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា លោក ហ៊ុន សែន អាច​កាន់​អំណាច​ជាង​ ៣០​ឆ្នាំ ដោយសារ​ទង្វើ​ទុច្ចរិត

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​លើក​សរសើរ​ខ្លួនឯង​ថា ជា​មេដឹកនាំ​ប៉ិនប្រសប់ និង​មាន​បារមី​ខ្ពស់ ទើប​អាច​ដឹកនាំ​កម្ពុជា​រយៈពេល​ជាង​ ៣០ឆ្នាំ​។ មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា ការដឹកនាំ​រយៈពេល​យូរ​ឆ្នាំនេះ គឺ​ដោយសារ​លោក ហ៊ុន សែន ពូកែ​ខាង​ប្រើ​អំណាច​ផ្ដាច់ការ រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ និង​បំបិទ​សំឡេង​គណបក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​លើកឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ប៉ិនប្រសប់ ខាង​កម្ចាត់​ដៃគូ​ប្រកួត​ប្រជែង និង​បង្ក្រាប​អ្នក​រិះគន់​ដោយ​ខុសច្បាប់ ដើម្បី​ក្ដោបក្ដាប់​អំណាច។

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​ធ្លាប់​ត្រូវ​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​រិះគន់​រឿង​ព្រំដែន មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន អាច​កាន់​អំណាច​បាន​តាំងពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០ រហូត​មក​ដល់​សព្វថ្ងៃ ដោយសារតែ​ល្បិចកល​ទុច្ចរិត ការ​ប្រើ​អំណាច​ផ្ដាច់ការ និង​រដ្ឋប្រហារ​។ លោក​បញ្ជាក់​ថា លោក​មិន​ជឿ​លើ​រឿង​ថា លោក ហ៊ុន សែន មាន​បារមី​អ្វី​នោះ​ទេ ប៉ុន្តែ​ចំណុច​សំខាន់​គឺ​លោក ហ៊ុន សែន ហ៊ាន​ប្រើ​គ្រប់​ល្បិចកល ដើម្បី​កម្ចាត់​ដៃគូ​ប្រជែង ទាំង​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង៖ « គាត់​ឈ្នះ​ឆ្នោត​រហូត​មែន ប៉ុន្តែ​គាត់​ឈ្នះ​ឆ្នោត​ហ្នឹង​តាម​របៀប​ទុច្ចរិត តាម​បៀ​ប​លួច​សន្លឹកឆ្នោត តាម​របៀប​ផ្ដាច់ការ មិន​តាម​លក្ខណៈ​ប្រជាធិបតេយ្យ មិន​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទេ។ ដូច្នេះ​យើង​និយាយ​ឱ្យ​ខ្លី គាត់​ខ្លាំង​មែន ខ្លាំង​របៀប​ល្បិច​ខូច»។

ប្រតិកម្ម​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ដោយ​លើក​សរសើរ​ខ្លួនឯង​ថា លោក​ជា​មេដឹកនាំ​ដែល​មាន​ភាព​ប៉ិនប្រសប់ ស្របតាម​សុភាសិត​ខ្មែរ​ដែល​ថា «​ចេះ​ដប់​ មិន​ស្មើ​ប្រសប់​មួយ​»​។ ជាង​នេះ​ទៅ​ទៀត លោក​អួតអាង​ថា លោក​ជា​មនុស្ស​មាន​បារមី ទើប​អាច​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​បាន​រហូតដល់​ទៅជា​ង​ ៣០ឆ្នាំ ផ្ទុយ​ពី​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​គ្មាន​បារមី អាច​កាន់​តួនាទី​នាយករដ្ឋមន្ត្រី​បានតែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ៖ «គួរ​ជឿ​ខ្លះ​ទៅ បារមី​របស់​មនុស្ស​នោះ ស្រុក​ខ្មែរ​ប្រហែលជា​ស៊ី​នាយករដ្ឋមន្ត្រី​សម្បើម​ណាស់​។ ប៉ុន្តែ​និយាយ​យ៉ាង​ដូច្នេះ មិនមែន​ឱ្យ​គោរព​បារមី​ខ្ញុំ​នោះ​ទេ ក៏ប៉ុន្តែ​បើ​មនុស្ស​បើ​គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទេ វា​ក៏​មិន​អាច​រស់រាន​បាន​ដែរ​។ អាហ្នឹង​និយាយ​ឱ្យ​ពិត អាគម​ផ្សំ​អាយុ​។ រឿង​ពិត​វា​អ៊ីចឹង បារមី​មិន​ដល់ ក្រែង​អង្គុយ​វា​មិន​ជាប់​។ ខ្ញុំ​ចេះ​វា​មិន​គ្រប់​នោះ​ទេ ប៉ុន្តែ​ពាក្យ​ខ្មែរ​ថា "​អ្នកចេះ​ដប់ មិន​ស្មើ​អ្នក​ប្រសប់មួយ​" ទេ​។ ខ្ញុំ​មិនមែន​អ្នកចេះ​ទេ ក៏ប៉ុន្តែ​អាច​ស្ថិត​នៅ​ក្នុង​ផ្នែក​ជា​អ្នក​ប្រសប់»។

កងទ័ព​វៀតណាម​បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​១៩៨៥ រហូត​ដល់​ឆ្នាំ​១៩៩១​។ ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ត្រូវ​បាន​រៀបចំឡើង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) នៅ​ឆ្នាំ​១៩៩៣​។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាញ់​ឆ្នោត​នៅ​គ្រា​នោះ ក៏ប៉ុន្តែ​លោក ហ៊ុន សែន មិន​សុខចិត្ត ហើយ​គំរាម​បង្កើត​តំបន់​អបគមន៍​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​។ ក្រោយ​ការ​សម្របសម្រួល លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​១ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​តំណែង​នាយករដ្ឋមន្ត្រី​ទី​១​។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គណបក្ស​នេះ​បាន​បន្ត​ឈ្នះ​ឆ្នោត​រៀងរាល់​អាណត្តិ ប៉ុន្តែ​ជា​ការ​បោះឆ្នោត​ដែល​រង​ការ​រិះគន់​ថា មិន​សេរី មិន​យុត្តិធម៌ និង​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

ទោះជា​យ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​សំឡេង​គាំទ្រ​យ៉ាង​គំហុក​ក្នុង​ការ​បោះឆ្នោត​សភា ឆ្នាំ​២០១៣ និង​ជាពិសេស ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​គាំទ្រ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ពី​ពលរដ្ឋ​ជិត​ពាក់​កណ្ដាល​ប្រទេស​។ នៅ​ចុង​ឆ្នាំ​២០១៧ តុលាការ​កំពូល​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យក​អាសនៈ​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​របស់​បក្ស​នេះ ទៅ​ចែក​គ្នា​កាន់កាប់ ព្រមទាំង​បំបិទ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន​ ១១៨នាក់​ថែមទៀត​។ ជា​លទ្ធផល គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រមូល​យក​អាសនៈ​ទាំងស្រុង​ចំនួន​ ១២៥អាសនៈ មកកាន់​កាប់​តែម្នាក់​ឯង​ នៅ​ឆ្នាំ​២០១៨ ធ្វើ​ឱ្យ​កម្ពុជា​ប្រែ​ក្លាយ​ជា​របប​ឯកបក្ស ប្រាស​ចាក​រដ្ឋធម្មនុញ្ញ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក មើលឃើញ​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន រាប់​សិប​ឆ្នាំ​មកនេះ មិន​ដែល​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ​។ លោក​បន្ត​ថា លោក ហ៊ុន សែន តែង​ប្រើ​វិធី​បំបែកបំបាក់ និង​កម្ចាត់​ដៃគូ​ប្រកួត​ប្រជែង ព្រមទាំង​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ ក្នុង​ទិសដៅ​រក្សា​អំណាច​ឱ្យ​គង់វង្ស​។ លោក​បន្ថែម​ថា ការ​បន្ត​កាន់អំណាច​យូរ​តទៅមុខ​ទៀត មិនមែន​ជា​បច្ច័យ​ល្អ​សម្រាប់​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​បច្ចុប្បន្ន​លោក​បាន​ជាប់​ឈ្មោះ​ក្នុង​ចង្កោម​មេដឹកនាំ​ផ្ដាច់ការ​លើ​ពិភពលោក​រួច​ទៅ​ហើយ៖ «ការ​កាន់អំណាច​របស់​គាត់​ហ្នឹង គឺ​ពាក់ព័ន្ធ​ទៅលើ​ការ​បង្ក្រាប ការ​បំបែកបំបាក់​គូ​ប្រកួតប្រជែង ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ការ​បំបាត់​សំឡេង​វិទ្យុ​ឯករាជ្យ។ អ៊ីចឹង​នៅ​ពេល​ដែល​ការប្រព្រឹត្ត​អំពើ​អាក្រក់​កាន់តែ​ខ្លាំង គឺ​ធ្វើ​ឱ្យ​បារមី​ហ្នឹង កាន់តែ​សាបសូន្យ​ជាមិនខាន​នៅ​ពេល​ខាងមុខ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​លើកឡើង​ក្នុង​របាយការណ៍​កម្រាស់​ជាង ​៧០ទំព័រ ស្ដីពី​ការ​កាន់អំណាច​រយៈពេល ​៣០ឆ្នាំ​របស់​លោក ហ៊ុន សែន ថា លោក​គឺជា​មេដឹកនាំ​ដែល​កាន់អំណាច​បាន​យូរ​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា ការគាបសង្កត់ ការ​គៃបន្លំ​ការបោះឆ្នោត ការប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​វៀតណាម​។ យុទ្ធសាស្ត្រ​ចម្បង​ដែល​លោក ហ៊ុន សែន ចូលចិត្ត​ប្រើ គឺ​ការ​គំរាមកំហែង និង​ការប្រើប្រាស់​កម្លាំង ដែល​បង្កើត​ឱ្យ​មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា ការ​សម្លាប់​ក្រៅច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំខ្លួន​តាម​អំពើ​ចិត្ត ការរារាំង​សេរីភាព​ជួបជុំ និង​ការ​ប្រមូល​ផ្តុំ ព្រមទាំង​ការ​បង្កើត​បណ្ដាញ​ស៊ើបការណ៍ និង​រាយការណ៍​ពេញ​ប្រទេស ដើម្បី​បំភិតបំភ័យ និង​បំភ័ន្ត​សាធារណមតិ​។ ក្រោម​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន រយៈ​ពេល​ជាង​ ៣០ឆ្នាំ​មក​នេះ​​ មាន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង អ្នកសារព័ត៌មាន អ្នកការពារ​បរិស្ថាន និង​មេដឹកនាំ​សហជីព​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់ តែ​ឃាតក​ពិត និង​អ្នក​បញ្ជា​ពីក្រោយ​ខ្នង មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស​តាមច្បាប់​នោះ​ឡើយ។

ដោយឡែក នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​វិញ អង្គការ Human Rights Watch ពិនិត្យ​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​តុលាការ ​ដើម្បី​កម្ចាត់​សំណល់​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ នោះ​គឺ​ការ​លើក​យក​សំណុំរឿង​ពាក់ព័ន្ធ​នឹង​សកម្មជន​គណបក្សប្រឆាំង​ជាង ​១០០នាក់ ក្រោម​បទ​ចោទ ញុះញង់ និង​រួមគំនិត​ក្បត់ មក​ជំនុំជម្រះ ដោយ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​គ្រប់គ្រាន់។

ទន្ទឹម​នឹង​ការ​កម្ចាត់​គណបក្ស​ប្រឆាំង​នេះ លោក ហ៊ុន សែន ក៏​កំពុង​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​កូនប្រុស​ច្បង លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នង​តំណែង​ពី​លោក​ដែរ តាមរយៈ​ការ​ដំឡើង​តួនាទី​ជាន់ខ្ពស់​ជា​បន្តបន្ទាប់ ទាំង​នៅ​ក្នុង​ជួរ​គណបក្ស និង​ជួរ​កងទ័ព​។ លោក​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​រង់ចាំ​យ៉ាង​ហោចណាស់​ក៏ ១០ឆ្នាំ​ទៀត​ដែរ ព្រោះ​ពេល​នេះ​លោក​កំពុង​កាន់អំណាច​នៅ​ឡើយ។

ទោះជា​យ៉ាងណា លោក ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ​ថា នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ច្រើនរូប ហើយ​ក្នុងចំណោម​នោះ ក៏​រួមមាន​ឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន ម្នាក់​ផង​ដែរ​។ លោក​ថ្លែង​បែបនេះ ស្រប​ទៅ​តាម​ការ​ចុះផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​បរទេស​ដែល​បាន​ផ្សាយ​នៅ​ពេល​ថ្មីៗ​ នេះ​ថា លោក អូន ព័ន្ធមុនីរ័ត្ន គឺជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដ៏​មាន​សក្ដានុពល​របស់​គណបក្ស​កាន់អំណាច៖ «យើង​បណ្ដុះបណ្ដាល អូន ព័ន្ធមុនីរ័ត្ន តាំងពី​ធ្វើ​លេខា​ខ្ញុំ​ផ្ទាល់ រហូត​ដល់​ឡើង​ធ្វើ​ឧបនាយករដ្ឋមន្ត្រី ហើយ​ត្រូវ​ជំនួស​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​ប្រជុំ​អាស៊ាន តើ​នោះ​ជា​សារ​អ្វី​ទៅ​ ? សូម​ជម្រាប​ជូន​ឱ្យ​ច្បាស់​នូវ​ការរៀបចំ កុំ​មួយ​ថ្ងៃៗ ​ត្រៀម​តែ​ផ្ទេរ​អំណាច​ឱ្យ ហ៊ុន ម៉ា​ណែ​តៗ​ៗ​។ គណបក្ស​ប្រជាជន​ធនធានមនុស្ស​សម្បូរ​បែប ហើយ​បណ្ឌិត​មិន​តិច​នោះ​ទេ​។ អ្នកឯង​និយាយ​ត្រូវ ខ្ញុំ​ក៏​អូ​ខេ​ជាមួយ​អ្នកឯង ( អូន ព័ន្ធ​មុនីរ័ត្ន) ស្ថិត​ក្នុង​ចំណោម​មនុស្ស​នៃ​បេក្ខជន​មនុស្ស​ផ្សេងទៀត»។

ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ថា នេះ​គ្រាន់តែ​ជា​​​​​​​​​​​​​ការ​និយាយ​បង្វែរ​ដាន​ប៉ុណ្ណោះ​។ លោក​នៅតែ​ជឿ​ថា លោក ហ៊ុន សែន កំពុង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ព្រោះ​បុរស​ខ្លាំង​រូប​នេះ​មិន​ទុកចិត្ត​អ្នក​ក្រៅ​នោះ​ទេ ដោយសារ​គាត់​ធ្លាប់​មាន​ប្រវត្តិ​បាតដៃ​ប្រឡាក់​ឈាម៖ «លោក អូន ព័ន្ធមុនីរ័ត្ន ហ្នឹង គ្រាន់តែ​ជាម​ន្ត្រី​ស្មោះត្រង់ ស្មោះស្ម័គ្រ​បម្រើ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​តែ​ប៉ុណ្ណឹង​ឯង ប៉ុន្តែ​គាត់​មិន​អាច​ទៅជា​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​លោក ហ៊ុន សែន ទេ​។ គាត់​និយាយ​រឿង​ហ្នឹង គឺ​បង្វែរ​យើង​ឱ្យ​ទៅ​ឆ្ងាយ ភ្លេច​គិត​រឿង​លោក ហ៊ុន ម៉ាណែត។ តាមពិត លោក ហ៊ុន សែន កាន់អំណាច​ផ្ដាច់ការ បាតដៃ​គាត់​ប្រឡាក់​ឈាម ដូច្នេះ​គាត់​មិន​អាច​ទុកចិត្ត​អ្នកណា​ផ្សេង ក្រៅពី​កូន​របស់​គាត់​នោះ​ទេ»។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​យល់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​នឹង​អនុគ្រោះ​ដល់​ទង្វើ​អាក្រក់​របស់​លោក ហ៊ុន សែន កាលពីមុន ហើយ​ចាត់​ទុក​លោក​ជា​វីរបុរស ប្រសិន​បើ​លោក​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​លះបង់​ចោល​គំនិត​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល។ លោក​ថា លោក ហ៊ុន សែន អាច​រៀបចំ​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ ដើម្បី​ការពារ​ខ្លួន​ពី​ការ​កាត់ទោស ប្រសិនបើ​លោក​ខ្លាច​មាន​បញ្ហា​ពេល​ចូលនិវត្តន៍​។ ផ្ទុយទៅវិញ ប្រសិនបើ​លោក ហ៊ុន សែន បន្ត​ដឹកនាំ​ដូច​បច្ចុប្បន្ន​នេះ ហើយ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ទៀត នោះ​ប្រវត្តិសាស្ត្រ​នឹង​ចារឹក​ថា លោក​ជា​មេដឹកនាំ​ផ្ដាច់ការ​ត​វង្ស​ត្រកូល មិនមែន​ជា​វីរជន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។