សកម្មជនគណបក្សសង្គ្រោះជាតិ និងក្រុមពលករចំណាកស្រុក អំពាវនាវឱ្យពលរដ្ឋខ្មែរក្រោកឈរឡើង ទាមទារសិទ្ធិសេរីភាព និងស្ដារប្រជាធិបតេយ្យដោយសន្តិវិធី ស្របពេលដែល លោក សម រង្ស៊ី ប្រកាសវិលចូលស្រុកវិញនៅពេលឆាប់ៗនេះ។ ក្រុមពលរដ្ឋមួយចំនួនប្រកាសជំហរថា នឹងបង្ហាញខ្លួនទទួលលោក សម រង្ស៊ី បើទោះបីជា របបក្រុងភ្នំពេញបញ្ចេញកងកម្លាំងប្រដាប់អាវុធ និងកងទ័ពជាតិ ជាច្រើនក្នុងន័យគំរាមកំហែងពួកគេក្ដី។
សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន ដែលកំពុងភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ទទូចឱ្យពលរដ្ឋមន្ត្រីរាជការ និងកម្មករកម្មការិនី សាមគ្គីគ្នារកដំណោះស្រាយនយោបាយជាវិជ្ជមាន ដើម្បីស្រោចស្រង់ប្រជាធិបតេយ្យ និងប្រព័ន្ធសេដ្ឋកិច្ចជាតិ។ ពួកគេព្រួយបារម្ភថា ប្រសិនបើពលរដ្ឋខ្មែរមិនក្រោកឈរឡើង ប្រឆាំងការដឹកនាំបែបផ្ដាច់ការ របស់លោក ហ៊ុន សែនទេ ប្រជាជាតិទាំងមូលនឹងប្រឈមហានិភ័យខ្ពស់ ដោយសារតែរឿងអយុត្តិធម៌សង្គម អំពើពុករលួយជាប្រព័ន្ធ ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ និងការបាត់បង់ធនធានធម្មជាតិជាដើម។
សកម្មជនគណបក្សសង្គ្រោះជាតិកំពុងភៀសខ្លួននៅកន្លែងសុវត្ថិភាព ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឱ្យដឹងនៅថ្ងៃទី៧ តុលា ថា ហេតុផលចម្បងដែលលោកស្រីចង់ឱ្យពលរដ្ឋខ្មែរក្រោកឈរ គឺដោយសារប្រទេសកម្ពុជាកំពុងឋិតក្នុងកណ្ដាប់ដៃ របស់លោក ហ៊ុន សែន ដែលចង់ធ្វើអ្វីៗ តាមតែអំពើចិត្តមិនក្រែងចិត្តពលរដ្ឋ។ លោកស្រីថា របបក្រុងភ្នំពេញ បានរំលាយគណបក្សសង្គ្រោះជាតិ និងយកអាសនៈ ក្រុមប្រឹក្សាឃុំ/សង្កាត់បក្សប្រឆាំងនៅទូទាំងប្រទេសយកមកគ្រប់គ្រង ដើម្បីបន្តមហិច្ឆតាក្រាញអំណាច មើលងាយឆន្ទៈរាស្ត្រ និងប្រព័ន្ធច្បាប់នៅកម្ពុជា៖ «ការអំពាវនាវដោយសារការមើលឃើញ ដើម្បីឱ្យមានការបោះឆ្នោតឡើងវិញ ដើម្បីសង្គ្រោះប្រជាធិបតេយ្យ សេរីភាព និងមានយុត្តិធម៌ និងការផ្លាស់ប្ដូរ។ មានការប្រឈមច្រើនបញ្ហា ដូចជា ការបោះឆ្នោតមិនត្រឹមត្រូវ និងការបាត់បង់កៅអី របស់គណបក្សសង្គ្រោះជាតិ»។
ពលករចំណាកស្រុកធ្វើការនៅប្រទេសថៃ លោក ដឺន វិណាល ថ្លែងថា រូបលោក និងពលករចំណាកស្រុករាប់ពាន់នាក់ទៀត បានត្រៀមខ្លួនរួចហើយថា នឹងធ្វើដំណើរទៅស្រុកកំណើតវិញ ដើម្បីទទួលលោក សម រង្ស៊ី។ លោកថា នេះជាជម្រើសចុងក្រោយ ដែលកូនខ្មែរគ្រប់រូបត្រូវក្រោកឈរឡើង បង្ហាញភាពក្លាហាន ដណ្ដើមប្រជាធិបតេយ្យមកវិញ។ លោកមើលឃើញថា ប្រព័ន្ធដឹកនាំ សព្វថ្ងៃមានចំណុចអវិជ្ជមានជាច្រើនធ្វើឱ្យប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចធំធេង អយុត្តិធម៌សង្គម ដែលជាហេតុធ្វើឱ្យប្រជាជនខ្មែរភាគច្រើន ធ្វើចំណាកស្រុកដើម្បីក្រពះ និងដោះបំណុលគេជាដើម៖ «អំពាវនាវ គោលជំហរ និងឆន្ទៈរបស់ខ្ញុំជាពលករមួយរូប ខ្ញុំក៏បានត្រៀម កម្លាំងពលកររាប់រយ រាប់ពាន់ និងរាប់ម៉ឺននាក់ រួចរាល់ហើយ ដើម្បីអមដំណើរលោកប្រធាន ចូលប្រទេសកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ។ ពលករ និងពលការិនី ទាំងក្នុងនិងក្រៅប្រទេស ក្រោកឈរឡើង ដើម្បីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ជាពិសេសចង់មានការផ្លាស់ប្ដូរ»។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក ម៉ៅ វិបុល អំពាវនាវឱ្យពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករកម្មការិនី ត្រូវរួមគ្នាស្ដារប្រជាធិបតេយ្យ ដើម្បីអនាគតកូនចៅខ្មែរជំនាន់ក្រោយៗទៀត។ លោកសង្ឃឹមថា ពលរដ្ឋខ្មែរនឹងចូលរួមទាមទារប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ពីលោក ហ៊ុន សែនមកវិញ ដោយត្រូវងើបឈរទាំងអស់គ្នា អំឡុងពេល លោកសម រង្ស៊ី វិលចូលស្រុក៖ «បើនិយាយពីបូរណភាពទឹកដី ត្រូវបាត់បង់ដោយយួនយក បើនិយាយពីសិទ្ធិសេរីភាពត្រូវលោក ហ៊ុន សែន បំផ្លាញ និងបំភិតបំភ័យពលរដ្ឋ។ បើនិយាយពីធនធានធម្មជាតិត្រូវបាត់បង់ ទៅលើក្រុមហ៊ុន ចិន និង យួន និងក្រុមហ៊ុនខិលខូចជាដើម ហើយបញ្ហាជីវភាពពលរដ្ឋសព្វថ្ងៃកាន់តែធ្លាក់ដុនដាប»។
ពលរដ្ឋម្នាក់រស់នៅក្រុងសៀមរាប លោក វិន ភារុន ប្រាប់អាស៊ីសេរីថា ក្រុមពលរដ្ឋមួយចំនួនរស់នៅខេត្តសៀមរាបបានត្រៀមខ្លួនរួចហើយ ដើម្បីទៅទទួលលោក សម រង្ស៊ី ក្នុងបំណងផ្លាស់ប្ដូរជាវិជ្ជមាន ស្ដារសេដ្ឋកិច្ចជាតិ។ លោកថា ការដឹកនាំបច្ចុប្បន្ន ពុករលួយដល់ឆ្អឹង បាត់បង់ព្រៃឈើ និងរ៉ែ ជាពិសេសត្រីក្នុងបឹងទន្លេសាបកាន់តែថយចុះខ្លាំង គ្មានការគ្រប់គ្រងច្បាស់លាស់។ លើសពីនេះ លោកថា ជនអន្តោប្រវេសន៍ខុសច្បាប់កាន់តែកើនឡើង ធ្វើឱ្យពលរដ្ឋដេកភ័យពីជោគវាសនាប្រទេសជាតិរបស់ខ្លួន៖ «អភិវឌ្ឍន៍ការពារព្រៃឡង់ អស់ព្រៃឡង់ ការពារទន្លេអស់ទន្លេ ការពារដីអស់ដីប្រជាជន។ នេះហើយ គេថា អភិវឌ្ឍន៍។ មានតែពួកមន្ត្រីគណបក្សប្រជាជន Hotel ( សណ្ឋាគារ ) ៥ ទៅ ៦ Hotel ( សណ្ឋាគារ ) ដល់ពេលប្រជាជនក្រគ្រប់គ្នា។ ខ្ញុំជាប្រជាជនខ្ញុំត្រូវការផ្លាស់ប្ដូរ ដើម្បីជាតិរីកចម្រើន»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខៀន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៦ តុលាថា អាជ្ញាធរបានហាមពលរដ្ឋ ធ្វើសកម្មភាពណាមួយ ប្រឆាំងការអនុវត្តច្បាប់របស់សមត្ថកិច្ចនោះទេ។ លោកបញ្ជាក់ថា នគរបាលបានពង្រាយគ្រប់ច្រកព្រំដែនកម្ពុជា/ថៃទាំងអស់ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជាពិសេស ត្រៀមកម្លាំងទប់ទល់ ហាមមិនឱ្យបង្កចលាចល៖ «យើងត្រូវតែពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់តាមតំបន់ព្រំដែន។ ទី២ ដោយសារ ក្រុមប្រធាន ( លោក សម រង្ស៊ី ) ប្រកាសនាំកម្លាំងចូលមក ដើម្បីរំលំរដ្ឋាភិបាល។ អ៊ីចឹងយើងត្រូវត្រៀមកម្លាំងទប់ស្កាត់ កុំឱ្យក្រុមមនុស្សបង្កចលាចលក្នុងប្រទេសបាន»។
ស្របពេលកាលកំណត់វិលចូលស្រុករបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកាន់តែខិតជិតមកដល់ របបក្រុងភ្នំពេញបានពង្រាយកម្លាំងទ័ពកាន់តែច្រើន នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ជាពិសេសនៅច្រកប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ទីដែលគណបក្សសង្គ្រោះជាតិជ្រើសរើសយកជាកន្លែងឆ្លងចូលមកកម្ពុជា។ ក្រុមមេទ័ពស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន បានអះអាងថា កម្លាំងទាំងអស់នេះត្រូវបានពង្រាយដើម្បីចាំកម្ទេចប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ ដែលគ្រោងវិលត្រឡប់មកកម្ពុជាជាមួយថ្នាក់ដឹកនាំបក្សប្រឆាំង នៅថ្ងៃទី៩ វិច្ឆិកា។
ទោះជាយ៉ាងណា មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង ករុណា ពន្យល់ថា គម្រោងរបស់ពលរដ្ឋដែលចង់ទៅទទួលលោកសម រង្ស៊ី ដោយសន្តិវិធីនោះ ពុំមែនជារឿងខុសច្បាប់ទេ។ លោកបន្ថែមថា ពលរដ្ឋមានសិទ្ធិពេញលេញ ក្នុងការគាំទ្រនយោបាយបក្សណាមួយដែលពួកគេពេញចិត្ត ដែលការពារដោយរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។