ខួប ៣ឆ្នាំ​​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ មន្ត្រី​គណបក្ស​នេះ​នៅតែ​ទាមទារ​ដំណើរ​ការ​ឡើង​វិញ

ដោយ ទីន ហ្សាការីយ៉ា
2020-11-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។
ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។
រូប៖ ឯកសារ RFA

ក្នុង​ឱកាស​ខួប​ ៣​ឆ្នាំ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​គណបក្សប្រឆាំង​នេះ​ចាត់ទុកថា​ ​ជា​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​និង​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​កណ្ដាប់ដៃ​របស់​ជន​ផ្ដាច់ការ​ទាំងស្រុង។ គណបក្ស​នេះ​នៅ​តែ​ទាមទារ​ឱ្យ​មាន​ការ​បើកផ្លូវ​ឱ្យ​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ ​ប៉ុន្តែ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា មិន​អាច​ទៅ​រួច​ទេ ប៉ុន្តែ​បើ​មន្ត្រី​គណបក្ស​នេះ​ចង់​ធ្វើ​នយោបាយ​អាច​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​នយោបាយ​ឡើង​វិញ​បាន។

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ៣ឆ្នាំ​កន្លង​ទៅ​នេះ របប​លោក ហ៊ុន សែន បាន​ប្រើប្រាស់​អំណាច​ផ្ដាច់មុខ​គ្មាន​ដែន​កំណត់​ ​ធ្វើការ​គាប់​សង្កត់​ ​បិទ​សិទ្ធិ​សេរីភាព​ ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ​និង​បង្ក្រាប​កាន់តែ​ខ្លាំង​លើ​ព្រះសង្ឃ​ ​សកម្មជន​នយោបាយ​ ​សិទ្ធិមនុស្ស​ ​បរិស្ថាន​ ​អ្នក​សារ​ព័ត៌មាន​ ​ជា​ដើម។ សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ក្នុង​ខួប ៣ឆ្នាំ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​លើក​ឡើង​ទៀត​ថា របប​លោក ហ៊ុន សែន ធ្វើ​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ជាបន្តបន្ទាប់​ ​ជាពិសេស គឺ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ EBA ២០ភាគ​រយ​ការ​បាត់បង់​អព្យាក្រឹត​ភាព​ ​និង​បូ​រ​ភាព​ទឹកដី​ជា​ដើម។

ក្នុង​ថ្ងៃ​ខួប ៣ឆ្នាំ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ ក្រុម​យុវជន​ដែល​ជា​សកម្មជន​គណបក្ស​នេះ​មួយ​ចំនួន បាន​នាំគ្នា​ទៅ​ជួបជុំ​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​ប៉ុន្តែ​ ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​មានជ័យ​រារាំង។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សង្គ្រោះ​ជាតិ​ ​លោក​ ​គង់​ ​ម៉ា​ស់​ ឱ្យ​អាស៊ី​សេរី​ដឹង​ថា សមត្ថ​ក​កិច្ច​ចម្រុះ​ប្រមាណ​ ៦​០​នាក់​ដាក់​កម្លាំង​យាម​និង​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៅ​មុខ​ទីស្នាក់ការ​គណបក្ស។ លោក​ថា គ្រាន់​តែ​ក្រុម​លោក​អង្គុយ​ផឹក​កាហ្វេ​នៅ​ទីនោះ​ក៏​ត្រូវ​សមត្ថកិច្ច​តាមដាន ហើយ​ក៏​សន្តិសុខ​ខណ្ឌ​បាន​ជិះ​ម៉ូតូ​តាម​បម្រុង​នឹង​ចាប់​ខ្លួន​យុវជន​ក្រុម​លោក​ម្នាក់ តែ​មិន​បាន​សម្រេច ដោយសារ​យុវជន​នោះ​រត់​ចូល​ក្នុង​ផ្ទះ​ពលរដ្ឋ៖ «បង្ហាញ​ឱ្យ​កាន់​ច្បាស់​ថា​ ​ការ​រំលាយ​នេះ​ដោយសារ​ពួក​គាត់​ទាំង​បង្ខំ​រំលាយ​នេះ​គិត​ថា សង្គ្រោះ​ជាតិ​អត់​រលាយ​ទេ​បើ​សិន​គាត់​គិត​សង្គ្រោះ​ជាតិ​រលាយ ហើយ​ក៏​អត់​មាន​បារម្ភ​ដល់​ថ្នាក់​ដាក់​កម្លាំង​ចម្រុះ​រាប់​សិប​នៅ​មុខ​ទីស្នាក់ការ​ទេ»

តុលាការ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​បំណង​របស់​លោក ហ៊ុន សែន ដោយ​ចោទ​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​គឺ​ ​លោក កឹម សុខា ថា ក្បត់​ជាតិ។ តុលាការ​កំពូល ក៏​បាន​ហាម​ឃាត់​សិទ្ធិ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ចំនួន ១១៨នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​លោក សុខ ឥសាន ថ្លែង​ដដែលៗ ថា គណបក្ស​មិន​អាច​រស់​ឡើងវិញ​ទេ​ ​ព្រោះ​គណបក្ស​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ។ លោក​ថា បើ​មន្រ្តី​គណបក្ស​នេះ​ចង់​ធ្វើនយោបាយ​ត្រូវតែ​ដាក់​សុំ​សិទ្ធិ​ធ្វើនយោបាយ​ ​។​ ​លោក​អះអាង​ទៀត​ថា​ ​ក្រោយ​រំលាយ​គណបក្ស​នេះ​គ្មាន​វិបត្តិ​នយោបាយ​ឡើយ៖ «បើ​ចង់​រស់​បាន​មាន​តែ​តាម​រយៈ​អតីត​មន្ត្រី​ក្នុង​ចំណោម ១១៨នាក់ ដែល​បាត់បង់​នីតិសម្បទា​ធ្វើ​នយោបាយ គឺ​សាមី​ខ្លួន​ម្នាក់ៗ ដាក់​ពាក្យ​តាម​នីតិវិធី​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ព្រះ​រាជក្រឹត្យ​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ។ ដូច្នេះ​បាត់​នៅ​ក្នុង​នៅ​ក្នុង​ដៃ​របស់​លោក​អ្នក»

ទោះ​យ៉ាង​ណា​សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​ឲ្យ​តម្លៃ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង និង​មិន​ទទួល​ស្គាល់​ដីកា​រំលាយ​គណបក្ស​ប្រឆាំង​របស់​តុលាការ​របប​ក្រុងភ្នំពេញ​ ​ក្រៅពី​នេះ​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌ​ជា​បន្ត​បន្ទាប់​លើ​របប​ក្រុងភ្នំពេញ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ថ្លែង​តាម​ហ្វេសប៊ុក​របស់​លោក​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ព្រោះ​​លោក ហ៊ុន សែន ដឹង​ថា​ គាត់​​នឹង​ចាញ់​ការបោះ​ឆ្នោត ​ឆ្នាំ២០១៨។ ទោះ​យ៉ាង​ណា​លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​រំលាយ​គណបក្ស​នេះ គឺ​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ លោក​នៅ​តែ​ទាមទារ​ឱ្យ​មាន​ការ​បើកផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ឡើងវិញ​ ​ផ្ដល់​តំណែង និង​ប្រាក់ខែ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ទាំង ៥០០៧នាក់។ លោក សម រង្ស៊ី ក៏​អះអាង​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​អាមេរិក​លោក​លោក​ ចូ ​បៃ​ដិ​ន​ (Jo​e​ ​Bide​n)​ នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺង​មាត់​បង្ខំ​ឱ្យ​របប​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោលការ​ចោទ​លើ​លោក​ កឹ​ម​ ​សុខា​ ​ពីព្រោះ​របប​លោក​ ​ហ៊ុន សែន ចោទ​ប្រកាន់​ថា លោក កឹម សុខា បាន​ចូល​ដៃ​ជាមួយ​សហរដ្ឋអាមេរិក​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នោះ គឺ​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក៖ «លេស​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​លើ​ក្រដាស​នេះ​ គឺ​ចោទប្រកាន់​ថា លោក កឹម សុខា បាន​ក្បត់ជាតិ​លោក កឹម សុខា បាន​ចូល​ដៃ​ជាមួយ​សហរដ្ឋអាមេរិក​ ដើម្បី​ផ្ដួល​រំលំ​របប​គាត់​។​ ​ការចោទប្រកាន់​នេះ​ គឺ​គ្មាន​អ្នក​ជឿ​ទាល់តែសោះ​ ព្រោះ​លោក​ កឹ​ម​ ​សុខា​ ​ជា​អ្នក​ប្រជាធិបតេយ្យ​ ​ជា​មនុស្ស​អហិង្សា​ ដែល​ប្រើ​តែ​វិធី​អហិង្សា​ ដើម្បី​សម្រេច​គោលដៅ​របស់​គាត់​ និង​គោលដៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ»

អ្នកវិភាគ​នយោបាយ​ជើងចាស់​លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ​ ​ផ្ដល់​បទ​សម្ភាស​ក្នុង​កម្មវិធី​ផ្សាយ​អាស៊ី​សេរី​ថា​ ​ទោះ​គណបក្ស​ស​រង្គោះ​ជាតិ​ត្រូវ​តុលាការ​រំលាយ​ក្ដី​ ប៉ុន្តែ​លោក​សង្កេតឃើញ​ថា ទឹកចិត្ត​គាំទ្រ​របស់​ពលរដ្ឋ​លើ​គណបក្ស​នេះ​នៅតែ​មាន​ដដែល។ លោក​បន្ត​ទៀត​ថា ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​ឱ្យ​គ្មាន​សំឡេង​ប្រឆាំង​នៅ​ក្នុង​សភា បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រត់​ទៅ​ពឹង​ពាក់​ ​និង​បម្រើ​ផលប្រយោជន៍​ចិន​កាន់តែ​ខ្លាំង​ទៅៗ។ លោក ព្រួយ​បារម្ភ​ថា នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​ ​បាត់បង់​ឯករាជ្យ​ ​អព្យាក្រឹត​ភាព​ ​និង​បូ​រ​ភាព​ទឹកដី​នៅ​ពេល​ខាងមុខ៖ «ការ​រំលាយ​ណឹង​ជា​កត្តា​មួយ​អត់មាន​ពីណា​ទប់​មាន​អំណាច​នយោបាយ​ខ្លះ​ដែរ បើ​សិន​ជា​ក្នុង​សភា​បើក​បញ្ហា​ហ្នឹង​ក្នុង​សភា​ជជែក​គ្នា​ទៅ​តាំងពី​រឿង​ធ្វើ​ព្រំដែន​ជាមួយ​វៀតណាម​ក៏​អ៊ីចឹង​ដែរ គណបក្ស​ណា​ដែល​ចេញមុខ​តតាំង​អត់»

លោក​ សម រង្ស៊ី អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ធ្វើសកម្មភាព​មមាញឹក​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​គោលបំណង​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ដូចគ្នា​ជួយ​គាំទ្រ​ការ​តស៊ូ​របស់​អ្នក​ប្រជាធិបតេយ្យ​កម្ពុជា។ លោក​រំពឹង​ថា ព្រឹត្តិការណ៍​ពិភពលោក​ជាពិសេស​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​នឹង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា​តាម​បែប​ទ​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី ដូច​ដែល​ពលរដ្ឋ​ខ្មែរ​រង់ចាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល