លោក កឹម សុខា ចង់​សន្ទនា​ ដោះស្រាយ​ជម្លោះ ​ដើម្បី​សាមគ្គីភាព​ជាតិ និង​ការពារ​ឯករាជ្យ​ជាតិ

ដោយ សេក បណ្ឌិត
2020-11-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុកលោក កឹម សុខា ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២០

មេ​បក្ស​ប្រឆាំង និង​មេ​បក្ស​កាន់​អំណាច បញ្ចេញ​សារ​នយោបាយ​ផ្សេងៗ គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ​លើក​ទី៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា។ មេ​បក្ស​ប្រឆាំង ​លោក កឹម សុខា​ ផ្ញើ​សារ​អំពាវនាវ​ឲ្យ​មាន​វប្បធម៌​សន្ទនា​ដោះ​ស្រាយ​ជម្លោះ​នយោបាយ ​ដើម្បី​មាន​សាមគ្គីភាព​ជាតិ និង​ការពារ​ឯករាជ្យ​ជាតិ​ពិត​ប្រាកដ។ ចំណែក​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច គឺ​លោក ហ៊ុន សែន បង្ហោះ​សារ​យ៉ាង​ខ្លី​ចូលរួម​អបអរ​សាទរ​ទិវា​ឯករាជ្យ​ជាតិ ដែល​ជា​ស្នា​ព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម សីហនុ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា ​ឆ្លៀត​ឱកាស​បង្ហោះ​សារ​ដ៏​វែង​មួយ ចំ​ថ្ងៃ​បុណ្យ​ឯក​រាជ្យ​ជាតិ​ថា ​សាមគ្គីភាព​ជាតិ ​នាំ​មក​នូវ​ឯករាជ្យ​ជាតិ​រឹងមាំ ប៉ុន្តែ​បែកបាក់​សាមគ្គី​ជាតិ នាំ​ឲ្យ​ប្រទេស​ជាតិ​ទន់ខ្សោយ ​ហើយ​នឹង​នាំ​ឲ្យ​បាត់បង់​ឯករាជ្យជាតិ។ លោក​ថា មិន​មែន​មាន​តែ​វត្ថុ​អត់​វិញ្ញាណ​ទេ ​ដែល​ប្រេះស្រាំ​ ឬ​បែក​បាក់ ​ហើយ​អាច​នាំ​ឲ្យ​អ្វី​ផ្សេង​ពី​ខាង​ក្រៅ ដូច​ជា​ទឹក​ជា​ដើម អាច​បញ្ជ្រាប​ចូល​បាន​នោះ ​សូម្បី​តែ​នៅ​ក្នុង​ក្រុម​គ្រួសារ ឬ​សង្គម​មនុស្ស ឬ​ប្រទេស​ជាតិ ​បើកាលណា​បែក​បាក់​សាមគ្គី​ភាព​ផ្ទៃក្នុង​ ក៏​ផ្តល់​ឱកាស​ឲ្យ​អ្នក​ខាង​ក្រៅ​ងាយ​ចូល​មក​ទាញ​យក​ផល​ប្រយោជន៍ ត្រួតត្រា និង បំផ្លិចបំផ្លាញ​យើង ជា​ពិសេស អាច​ធ្វើ​ឲ្យ​យើង​អាប់ឱន​កិត្តិយស កេរ្តិ៍​ឈ្មោះ​ទៀត​ផង។

លោក កឹម សុខា យល់​ឃើញ​ថា ដើម្បី​ការពារ​ឯករាជ្យ​ជាតិ លុះត្រា​តែ​រក្សា​សាមគ្គីភាព​ជាតិ​ឲ្យបាន​រឹងមាំ ​ហើយ​រក្សា​សាមគ្គីភាព​រឹងមាំ​បាន លុះ​ត្រា​តែ​កាត់​បន្ថយ​មហិច្ឆតា​ផ្ទាល់​ខ្លួន មិន​គុំកួន​សងសឹក ងាក​មក​រក​ការ​អត់ឱន​ឲ្យ​គ្នា ​ចាប់​យក​ការ​សន្ទនា បោះបង់​ចោល​ការ​ប្រមាថ និង​ឈប់​បង្ក​ជម្លោះ​មិន​លស់​ពេល។ មេ​បក្ស​ប្រឆាំង​ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រូប​នេះ ​សរសេរ​បន្ត​ទៀត​ថា ​បើ​សូម្បី​តែ​រក្សា​ភាព​អត់ធ្មត់​ស្ងប់ស្ងាត់ មិន​ឈ្លោះ​មិន​ឆ្លើយ ​មិន​ឆ្លង ក៏​ដាក់​កំហុស ​ការ​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ​ដូចជា​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​កូវីដ-១៩ និង​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ​ក៏​នៅ​តែ​ដាក់​កំហុស ​នោះ​មិន​អាច​កើត​មាន​សាមគ្គី​ភាព​ជាតិ​បាន​ទេ ហើយ​ក៏​មិន​អាច​មាន​ឈ្មោះ​ថា ជា​អ្នក​ទាមទារ​រក្សា​ការពារ «ឯករាជ្យ​ជាតិ» ពិត​ឡើយ។ ចុង​ក្រោយ លោក កឹម សុខា បួងសួង​ឲ្យ​កម្ពុជា​មាន​ ឯករាជ្យ​ជាតិ​ពិត និង​ឋិតថេរ​ជា​រៀង​រហូត។

ចំណែក​មេដឹកនាំ​របប​ក្រុងភ្នំពេញ ​លោក ​ហ៊ុន ​សែន ​ដែល​កំពុង​សម្ងំ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​ភូមិគ្រឹះ​របស់​លោក​ដើម្បី​បញ្ជាក់​ថា មាន​ជំងឺ​កូវីដ ​ឬ​អត់​នោះ ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​យ៉ាង​ខ្លី​ចូលរួម​អបអរ​សាទរ​ខួបលើកទី៦៧នៃទិវាបុណ្យឯករាជ្យ។ លោក ​ហ៊ុន ​សែន ថា ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជា​រាស្ត្រ​ខ្មែរ​របស់​ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ​នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ​ធ្វើការ​តស៊ូ​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា។

ឆ្លើយតប​ចំពោះ​សារ​របស់​លោក កឹម សុខា នោះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ ឥសាន ទទួល​ស្គាល់​ថា ដើម្បី​ការពារ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​នោះ ​គឺ​ទាល់​តែ​មាន​ការ​រួប រួម​សាមគ្គី​គ្នា​ធ្លុង​មួយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោក​អះអាង​ថា មាន​គ្រប់​លក្ខណៈ​សម្បត្តិ​អស់​ទៅ​ហើយ​ ដូច្នេះ​គ្មាន​ភាព​ចាំបាច់​ក្នុង​ការ​សន្ទនា​នយោបាយ​ឡើង​វិញ​ជាមួយ​គណបក្ស​ប្រឆាំង ដែល​លោក​ចាត់​ទុក​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ទេ៖ «យើង​រាល់​ថ្ងៃ​នេះ​មាន​ឯកភាព​ជាតិ មាន​ការ​ស្រុះស្រួល​ជាតិ​នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ ១៦លាន​នាក់ ដែល​សព្វថ្ងៃ​នេះ កំពុង​រស់​នៅ​ក្រោម​ដំបូល​សន្តិភាព​នៅ​លើ​ទឹក​ដី​ដែល​មាន​ក្រឡា​ផ្ទៃ ១៨១.០៣៥គីឡូ​ម៉ែត្រ​ការ៉េ​ ដូច្នេះ​វា​អត់​មាន​រកាំរកូស​អី​ទេ ក៏​ប៉ុន្តែ​ចំពោះ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ អង្គការ​ចាត់តាំង​នយោបាយ ដែល​ខុស​ច្បាប់ គឺ​អា​ហ្នឹង​មិន​អាច​ឲ្យ​រាជរដ្ឋាភិបាល​ទៅ​សហការ ឬ​មួយ​ទៅ​បង្រួបបង្រួម​បាន​ទេ»

ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ វាយ​តម្លៃ​ថា សម័យ​កាល​បច្ចុប្បន្ន​នេះ ប្រជាជាតិ​ខ្មែរ ជា​ពិសេស អ្នក​នយោបាយ​ខ្មែរ កំពុង​បែក​បាក់​ធ្ងន់ធ្ងរ ​ហើយ​របប​ឯក​បក្ស​របស់​លោក ហ៊ុន សែន កំពុង​ដឹក​នាំ​ប្រទេស​កម្ពុជា ឲ្យ​ស្ថិត​ក្រោម​ឥទ្ធិពល​បរទេស​ជា​បណ្ដើរ គឺ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក យង់ គិមអេង មាន​ប្រសាសន៍​ថា សាមគ្គីភាព​ជាតិ និង​ឯកភាព​ជាតិ ​ដោយ​គ្មាន​ជម្លោះ​នយោបាយ​រ៉ាំរ៉ៃ​ គឺ​ជា​ស្នូល​នៃ​ឯករាជ្យ​ភាព​ជាតិ និង​ធានា​នូវ​និរន្តរភាព​យូរអង្វែង។ លោក​ពន្យល់​ថា ការ​បែកបាក់​សាមគ្គីភាព​ជាតិ​នោះ ​គឺ​មើល​ទៅ​លើ​ជម្លោះ​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ដ៏ធំ។ទោះ​ជា​យ៉ាង​ណា លោ​ក​យល់​ថា ជា​រឿង​ល្អ​ដែល​អ្នក​នយោបាយ​គ្រប់​និន្នាការ​ចង់​ឲ្យ​មាន​សាមគ្គីភាព​ជាតិ ​និង​ឯករាជ្យ​ជាតិ ហើយ​លោក​រំពឹង​ថា អ្នក​នយោបាយ​ខ្មែរ​ទាំង​អស់ ​នឹង​វិល​ទៅ​សន្ទនា​នយោបាយ​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ផល​ប្រយោជន៍​និង​ប្រជា​ពលរដ្ឋ៖ «ត្រូវ​តែ​មាន​ឆន្ទៈ និង​ស្មារតី​ធ្វើ​ម៉េច​ឲ្យ​មាន​ឯកភាព​ជាតិ និង​សាមគ្គីភាព​ជាតិ ឲ្យ​យូរ​អង្វែង​តទៅ​ទៀត ហើយ​ការ​ខ្វែង​គំនិត​ខ្វែង​យោបល់​គ្នា​អី​នេះ គឺ​ត្រូវ​ចាត់​ទុក​ថា វា​គ្រាន់​តែ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ឆាក​នយោបាយ​ប្រជាធិបតេយ្យ ដូច្នេះ​យើង​អាច​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​គិតគូរ​ផល​ប្រយោជន៍​ជាតិ កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ធ្វើ​ឲ្យ​ប្រទេស​យើង​កាន់​តែ​រីក​ចំរើន​ទៅ​មុខ​វែង​ឆ្ងាយ និង​មាន​មុខ​មាន​មាត់​នៅ​លើ​ឆាក​អន្តរជាតិ»

នៅ​ក្នុង​ឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ក្រុងភ្នំពេញ ​មន្ត្រីរាជការ ​ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ​បាន​ជួបជុំគ្នា​នៅ​វិមានឯករាជ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​។ ក្នុង​ឱកាស​នេះ​ដែរ ព្រះមហាក្សត្រ​ពុំបាន​ចេញ​ព្រះរាជសារ​នយោបាយ​ និង​មិន​មាន​ព្រះរាជ​បន្ទូល​អ្វី​ជាមួយ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នោះ​ទេ​។ ព្រះអង្គ គ្រាន់តែ​បង្ហាញ​ព្រះរាជ​វត្តមាន​ចូល​អុជ​ភ្លើង​ជ័យ​នៅ​លើ​វិមាន​ឯករាជ្យ រួចហើយ​ព្រះអង្គ​យាង​ត្រឡប់​ទៅ​ព្រះ​បរម​រាជ​វាំង​វិញ។

កម្ពុជា​បាន​ទទួល​ឯករាជ្យ ជា​រដ្ឋ​អធិបតេយ្យ​បរិបូរណ៍ ពី​សាធារណរដ្ឋ​បារាំង កាលពី​ឆ្នាំ​១៩៥៣ ក្នុង​រាជ្យ​ព្រះបាទ នរោត្តម សីហនុ ក្រោយពេល​បារាំង​បាន​ដាក់​អាណានិគម​រយៈ​ពេល​ជាង ៩០ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ១៨៦៣ ដល់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣។

ស្ថាបនិក​ទាមទារ​ឯក​រាជ្យ​ជាតិ អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ កាល​នៅ​មាន​ព្រះជន្ម ធ្លាប់​មាន​ព្រះរាជ​បន្ទូល​ផ្ដាំផ្ញើ​ឱ្យ​ខ្មែរ​សាមគ្គី​គ្នា ដោយ​ព្រះអង្គ​ឈ្វេង​យល់​ថា ខ្មែរ​សាមគ្គី​គ្នា ប្រែ​ថា​ខ្លាំង៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល