សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច

ដោយ ខាន់ លក្ខិណា
2024.06.15
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​មួយចំនួន អះអាង​ថា ពួកគេ​បារម្ភ​អំពី​​​សុវត្ថិភាព បន្ទាប់​ពី​ពួកគេ​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​តាម​ការ​​អូសទាញ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សារ​សំឡេង​បែក​ធ្លាយ​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​របស់​លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​និង​ក្រុម​អតីត​​សកម្មជន​បក្ស​ប្រឆាំង ដែល​លោក​ទិញ​ទឹក​ចិត្ត​បាន​ត្រូវ​ចុះ​ទៅ​មូលដ្ឋាន ដើម្បី​វាយ​កម្ទេច​កម្លាំង​គណបក្ស​ប្រឆាំង កុំ​ឱ្យ​នៅ​ទើស​មុខ​ទើស​មាត់​លោក​ត​ទៅ​ទៀត។

មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​លើក​ឡើង​ថា ពួកគេ​រង​សម្ពាធ ការ​បង្ខិត​បង្ខំ ​និង​គំរាមកំហែង​ពី​ក្រុម​មនុស្ស​របស់​លោក ហ៊ុន សែន ដែល​បាន​ចុះ​ទៅ​អូស​ទាញ​ពួកគេ​ដល់​ផ្ទះ ដើម្បី​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ប្រាប់​​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៥ ខែ​មិថុនា ថា ក្រោយ​ពី​មាន​បញ្ជា​របស់​លោក ហ៊ុន សែន ទាំង​អាជ្ញាធរ​ និង​ក្រុម​មនុស្ស​របស់​លោក បាន​ចុះ​ធ្វើ​ការងារ​នេះ​យ៉ាង​សកម្ម។

លោក​ថា រូប​លោក និង​អ្នក​ផ្សេង​ទៀត​បារម្ភ​អំពី​សុវត្ថិភាព ដោយសារ​តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​បន្ត​ធ្វើ​ទុក​បុកម្នេញ បំបាក់​ស្មារតី និង​យាយី​លើ​ពួកគាត់​ឥត​ស្រាកស្រាន្ត។

តាមរយៈ​សារ​សំឡេង​ដែល​គេ​សង្ស័យ​ថា ជា​សម្លេង​របស់​លោក ហ៊ុន សែន ជាង ១០នាទី បាន​ផ្ញើ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​រាជធានី-ខេត្ត ឱ្យ​ធ្វើការ​សហការ​ជាមួយ​ក្រុម​ការងារ​ថ្មី​មួយ ដែល​មាន​ជំនាញ​ខាង​បំផ្លាញ​កម្លាំង​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ដើម្បី​កុំ​ឱ្យ​ពួកគេ​មាន​លទ្ធភាព​កសាង​កម្លាំង​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់ឆ្នាំ២០២៧។ ការ​បំផ្លាញ​នេះ ដោយ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រុម​មនុស្ស​របស់​លោក ត្រូវ​អូសទាញ​កម្លាំង​គណបក្ស​ប្រឆាំង​នោះ ដើម្បី​យក​មក​គ្រប់គ្រង​និង​ប្រើ​ប្រាស់​តាម​រយៈការ​ផ្តល់​តំណែង​តួនាទី​ដល់​ពួកគេ។

ជុំវិញ​រឿង​នេះ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន​លោក លី សុធារ៉ាយុត្តិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៥ ខែមិថុនា ថា ក្រោយ​ពី​មាន​សារ​សំឡេង​របស់​ប្រធាន​​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​មាន​សកម្មជន​មួយ​ចំនួន បាន​ចាក​ចេញ​ពី​គណបក្ស​​ភ្លើង​ទៀន​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច។

លោក​ស្នើ​ទៅ​គណបក្ស​កាន់​អំណាច​ទម្លាក់​ចោល​នូវ​វប្បធម៌​ប្រឆាំង និង​បំផ្លាញ​ ដៃគូ​ប្រកួត​ប្រជែង ហើយ​ងាក​មក​អនុវត្ត​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​វិញ។

លោក លី សុធារ៉ាយុត្តិ៖ «ការ​ចូលរួម​ឬ ការ​ចាក​ចេញ​ពី​គណបក្ស​នយោបាយ​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត ចេញ​ពី​ចិត្ត ចេញ​ពី​បេះដូង ប៉ុន្តែ​វា​ចម្លែក​វា​គួរ​ផ្សំ​នឹង​ការ​លេច​ចេញ​របស់​អ្នក​នយោបាយ​ភ្លាមៗ ​ហ្នឹង»

ចំណែក​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន លើក​ឡើង​ថា សារ​សំឡេង​ របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​សកម្មជន​នយោបាយ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ។ លោក​ស្នើ​ទៅ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច បញ្ឈប់​ការ​ប្រើប្រាស់​សារ​បំភិតបំភ័យ គំរាមកំហែង និង​ពាក្យ​អសុរោះ​ទៅ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម ហើយ​ងាក​មក​ប្រកួត​ប្រជែក​ស្មើ​មុខ​គ្នា ដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌។

លោក រ៉ុង ឈុន៖ «ក្នុង​នាម​អ្នក​នយោបាយ​ខ្មែរ​ដូច​គ្នា គួរ​តែ​យើង​ធ្វើ​នយោបាយ​ប្រកបដោយ​សីលធម៌​ខ្ពស់ ជៀសវាង​ការ​ប្រើ​សារ​ឱ្យ​ប៉ះពាល់​អារម្មណ៍​ទៅ​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ សកម្មជន​នយោបាយ។ បើ​ស្ថានភាព​មិន​ធ្វើ​ការ​កែ​លម្អ​ទេ ធ្វើ​ឱ្យ​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០២៧ និងឆ្នាំ២០២៨ យើង​ចាត់ទុក​ថា ដំណើរ​ការ​បោះឆ្នោត​នោះ មិន​សេរី មិន​ត្រឹម​ត្រូវ​នោះ​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ទេ នៅថ្ងៃទី១៥ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​​អ្នក​ទទួល។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​លើក​ឡើង​ថា ការ​ប្រើ​មន្ត្រី​និង​ក្រុម​អតីត​បក្ស​​ប្រឆាំង​ ទៅ​អូសទាញ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ដោយសារ​លោក ហ៊ុន សែន មិន​ទុក​ចិត្ត​លើ​សមត្ថភាព​កូន​ប្រុស​របស់​លោក​ គឺ​លោក ហ៊ុន ម៉ាណែត ថា អាច​នឹង​យក​ឈ្នះ​គណបក្ស​ប្រឆាំង នៅ​ពេល​បោះឆ្នោត​ឆ្នាំ២០២៧ និង២០២៨ ខាង​មុខ។

ពួកគេ​ចាត់​ទុក​សារ​សំឡេង​លោក ហ៊ុន សែន នេះ គឺ​ជា​ភស្តុតាង​បញ្ជាក់​ថា ការ​បោះឆ្នោត​ខាង​មុខ មិន​សេរី និង​យុត្តិធម៌ ខណៈ​ការ​ដឹក​នាំ​របស់​​លោក និង​កូនប្រុស​គឺ​លោក ហ៊ុន ម៉ាណែត ពោរ​ពេញ​ដោយ​អំពើ​ពុករលួយ អយុត្តិធម៌​សង្គម រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​អសន្តិសុខសង្គមជា​ដើម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។