ប្រធានគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ថ្កោលទោសការលបវាយប្រហារ អ្នកគាំទ្រម្នាក់ កញ្ញា អៀង ម៉ារីណា ហៅ ស្រីមាស របួសក្បាល កាលពីថ្ងៃទី១១ ឧសភា។ សង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរស្វែងរកជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន បើពុំនោះទេ ករណីហិង្សាជាបន្តបន្ទាប់បែបនេះ នឹងរងការរិះគន់ថា មានការរៀបចំឡើងជាប្រព័ន្ធ ដើម្បីធ្វើទុក្ខបុកម្នេញ សកម្មជនបក្សប្រឆាំង។
ប្រធានគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ចាត់ទុកការបន្តធ្វើបាប វាយប្រហារលើសមាជិក និងអ្នកគាំទ្របក្សប្រឆាំង នៅភ្នំពេញជាបន្តបន្ទាប់ ជាទង្វើបំបាក់ស្មារតីបក្សប្រឆាំង។ លោក ចោទថា របបក្រុងភ្នំពេញ ជាអ្នក បើកដៃឲ្យមានការវាយប្រហារលើអ្នកគាំទ្របក្សប្រឆាំង កញ្ញាស្រីមាស និងសកម្មជនបក្សប្រឆាំងផ្សេងទៀត ទើបមិនអាចស្វែងរកជនដៃដល់ឃើញ៖ « អត់មានអ្វីចម្លែកទេ ខ្ញុំយល់ឃើញថា នេះគឺជាការរៀបចំមួយ ដែលអាជ្ញាធរនៃរបបក្រុងភ្នំពេញ តែងតែធ្វើអំពើហិង្សាមកលើសកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ ដើម្បីបំបាក់ស្មារតី ដែលពួកគាត់ហ៊ាននិយាយ ហ៊ានសម្ដែងការពិត បញ្ហាកើតឡើងនៅក្នុងសង្គម»។
ជនមិនស្គាល់មុខ បានលបលួចវាយ យុវតី ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឈ្មោះ អៀង ម៉ារីណា ហៅក្រៅថា ស្រីមាស នៅល្ងាចថ្ងៃ ទី១១ ខែឧសភា ឲ្យរងរបួសក្បាល នៅម្ដុំផ្ទះជួលរបស់នាងម្ដុំផ្សារសំណង់១២ ខណ្ឌទួលគោក។
កញ្ញា ប្រាប់អាស៊ីសេរីថា នាងសង្ស័យការប៉ុនប៉ងធ្វើបាបរូបនាង ដោយសារ កញ្ញាហ៊ានចេញវីដេអូរិះគន់ ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមគណនីហ្វេសប៊ុក (facebook) របស់នាង ដែលមានឈ្មោះថា ណាណា ( Na Na)។ នាង ប្រាប់ថា នៅក្រោយពេលនាងបង្ហោះវីដេអូខ្លីៗ ទាំងនោះ តែងមានគណនីហ្វេសប៊ុកមួយចំនួន គឺមានទាំងជនស៊ីវិល ប៉ូលិស និងប៉េអិមផងគំរាមធ្វើបាបនាង ឬចាប់ខ្លួននាង។ កញ្ញា ឲ្យដឹងថា អ្នកដែលលួចវាយនាងនោះ ជាមនុស្សប្រុស ប៉ុន្តែមិនអាចមើលមុខឃើញទេ ដោយសារបុរសនោះ ពាក់មួកការពារសុវត្ថិភាព ហើយមានពាក់ម៉ាស់ថែមទៀត៖ « ដំបូងវាវាយខ្ញុំម៉ាដុំថ្មម៉ាប ខ្ញុំវិលមុខរកដួល ហើយវាយម៉ាដុំថ្មទៀត ហើយវាចង្អុលមុខខ្ញុំគំរាមអោយប្រយ័ត្នខ្លួន។ ខ្ញុំអត់ដឹងថា ពីណាគេឱ្យប្រាកដទេ។ ពេលហ្នុងខ្ញុំទៅផ្សាររកទិញម្ហូប។ ម្ដុំផ្ទះខ្ញុំហ្នឹង គឺស្ងាត់ខ្លាំងមិនថា ថ្ងៃមិនថាយប់»។
បើទោះរងរបួសក្បាល ប៉ុន្តែស្រីមាស ប្រាប់ថា មិនហ៊ានប្ដឹងទៅអាជ្ញាធរទេ ព្រោះនាងខ្លាចត្រូវអាជ្ញាធរចាប់ខ្លួន ដ្បិតនាងធ្លាប់ត្រូវអាជ្ញាធរឃាត់ខ្លួនសាកសួរម្ដងរួចហើយ កាលពីពេលថ្មីៗនេះ។ តែយ៉ាងណា កញ្ញានឹងមិនបញ្ឈប់ការបញ្ចេញមតិ តាមបណ្ដាញសង្គមហ្វេសប៊ុកទេ ដ្បិតនាងចង់បានអ្នកដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យពិតប្រាកដ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១២ ឧសភា។ តែ លោក ឆាយ គឹមខឿន ធ្លាប់លើកឡើងថា សំណុំរឿងវាយអតីតសកម្មជនបក្សប្រឆាំងកន្លងមក កំពុងស្ថិតក្នុងនីតិវិធីស្រាវជ្រាវរបស់សមត្ថកិច្ច និងមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់ តាមចាប់ជនដៃដល់ឲ្យបាន ដើម្បីឲ្យពលរដ្ឋទំនុកចិត្តលើការអនុវត្តន៍ច្បាប់ កុំឲ្យរងការរិះគន់ជាបន្តថា មានការរើសអើងនិន្នាការនយោបាយ និងការអនុវត្តន៍ច្បាប់មានស្តង់ដារ២ ជាដើម។
សកម្មជន និងអ្នកគាំទ្របក្សប្រឆាំងនៅរាជធានីភ្នំពេញចំនួន ១៦នាក់ហើយ ត្រូវជនមិនស្គាល់មុខលួចវាយអោយរងរបួស ភាគច្រើន គឺបែកក្បាល និងបាក់ដៃ។ ប៉ុន្តែ អាជ្ញាធរ មិនដែលរកឃើញ ជនដៃដល់ណាម្នាក់ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។