សកម្មជនគណបក្សសង្គ្រោះជាតិភៀសខ្លួននៅក្រៅប្រទេសប្រតិកម្មនឹងការលើករបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលចោទប្រកាន់ក្រុមបក្សខ្លួនថា ជាក្រុមក្បត់ជាតិគឺជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា នៅកម្ពុជាពុំមានពលរដ្ឋណាមានសកម្មភាពជាជនក្បត់ជាតិនៅឡើយទេ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ម៉ៅ វិបុល ថ្លែងថា ពួកលោកជាក្រុមអ្នករងគ្រោះនយោបាយពុំមែនជាអ្នកក្បត់ជាតិនោះទេ ហើយមូលហេតុដែលពួកលោកខាំស្មៅតស៊ូនៅក្រៅប្រទេសនេះ ពីព្រោះចង់ស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ៖ «ចៅហ្វាយខេត្តមន្ត្រីឯករាជមិនមែនជាមន្ត្រីគណបក្សនយោបាយទេ ហើយគាត់និយាយការពារតែបក្សប្រជាជន មន្ត្រីទាំងនោះស៊ីប្រាក់ខែពលរដ្ឋដែលបានបង់ពន្ធជូនរដ្ឋ តែមិនបម្រើពលរដ្ឋទៅបម្រើលោក ហ៊ុន សែន ទៅវិញដែលធ្វើឱ្យប្រទេសអាប់អន់កិត្តិយស។ អីចឹងចោទពួកយើងខ្ញុំជាឧទ្ទាមក្រៅច្បាប់ គឺខុសទាំងស្រុងតែម្ដង ខ្ញុំអត់ទទួលបានទេ ។ពួកយើងខ្ញុំមានច្បាប់ទម្លាប់ទាំងអស់ តែលោកហ៊ុន សែន បានបំផ្លាញ ឥឡូវហ្នឹងលោក ហ៊ុន សែន ខុសច្បាប់កាន់តែធ្ងន់ធ្ងរ ជាពិសេសមន្ត្រីដែលស៊ីប្រាក់ខែរាស្ត្រទៅបំផ្លាញរាស្ត្រទៅវិញ » ។
ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យដែលភៀសខ្លួននយោបាយនៅក្រៅប្រទេសម្នាក់ទៀត លោក ឃ្លាំង ប៊ុនឡាយ មានប្រសាសន៍ថា ពួកលោកភៀសខ្លួនដោយសាររដ្ឋាភិបាលក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ហើយប្រមូលយកសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សលោកជាង៥ពាន់អាសន្ន(៥.០០៧)ដែលប្រជាពលរដ្ឋបោះជូនយកទៅហែកចែកគ្នាគ្រប់គ្រង។ លោកយល់ថា ការធ្វើបែបនេះជាទង្វើខុសច្បាប់ ដូច្នេះបានជាលោកសម្រេចចិត្តភៀសខ្លួន ដើម្បីចូលរួមជាមួយអ្នកស្នេហាជាតិដទៃទៀត ទាមទារយកអំណាចទាំងនោះប្រគល់ជូនម្ចាស់ឆ្នោតវិញ៖ «មន្ត្រីគណបក្សប្រជាជនកាលណាគេចង់បានឡើងតំណែង ឬបានមុខមាត់គេតែងតែធ្វើការវាយប្រហារ ឬក៏កម្ទេចគណបក្សប្រឆាំង ហើយគេនិយាយបំពងសំឡេងទៅឱ្យលោកហ៊ុន សែន ឮ ដើម្បីគេហ្នឹងទទួលបានតំណែងបន្ថែមទៀត។ តែផ្ទុយទៅវិញគឺពួកមន្ត្រីគណបក្សដែលដឹកនាំប្រទេសហ្នឹងឯងអ្នកដែលបំផ្លាញជាតិ ដូចជាកាប់បំផ្លាញព្រៃ និងកាត់ដីឱ្យជនជាតិវៀតណាម៤០ហិកតារនៅខេត្តកំពង់ឆ្នាំង » ។
ប្រតិកម្មរបស់សកម្មជនគណបក្សប្រឆាំងនេះបន្ទាប់ពីអាជ្ញាធរខេត្តបន្ទាយមានជ័យអះអាងថា អាជ្ញាធរនៅក្នុងខេត្តនេះបំពេញការងារសម្រេចបានយ៉ាងធំធេងជួយដល់ប្រទេសជាតិ ជាពិសេសទប់ស្កាត់ក្រុមប្រឆាំងជោគជ័យកាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៤មិថុនា ចាត់ទុកក្រុមសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេសថា ជាក្រុមក្បត់ជាតិដដែល។លោកបញ្ជាក់ថា ភាពជោគជ័យនេះ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ ទើបកងកម្លាំងប្រដាប់អាវុធក្នុងខេត្តរបស់លោកទប់ស្កាត់ក្រុមក្បត់ជាតិទាំងនោះមិនឱ្យចូលមកកម្ពុជាបានសម្រេច៖ «ដូចខ្ញុំបញ្ជាក់ជូនពីខាងដើមអីចឹងដោយសារមានសន្តិភាពជួរមុខ ដែលពួកក្រុមក្បត់គ្រោងថាយកខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែតហ្នឹងចូលមកក្នុងប្រទេសកម្ពុជា ប៉ុន្តែទៅអត់រួចទេដោយសារយើងធ្វើការសហការមានន័យថាមានការដឹកនាំចង្អុលបង្ហាញពីប្រមុខរដ្ឋាភិបាល មានសម្ដេច ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ទាំងអស់ បានធ្វើឱ្យក្រុមការងារនៅខេត្តរបស់យើងពង្រឹងបានហើយទប់ស្កាត់បានទាំងអស់មិនមានបញ្ហាអីទាំងហើយធ្វើឱ្យពួកវាចូលមកអត់កើត »។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា កត់សំគាល់ថា លោកមើលមិនឃើញពលរដ្ឋណាម្នាក់ជាជនក្បត់ជាតិនៅកម្ពុជានោះទេ។លោកបញ្ជាក់ថាករណីអាជ្ញាធរដាក់កងកម្លាំងទប់ស្កាត់នៅតាមព្រំដែនជាប់ប្រទេសថៃកាលពីឆ្នាំ២០១៩ នោះ គឺជារឿងជម្លោះគណបក្សនយោបាយ ពុំមែនជាក្រុមក្បត់ជាតិឡើយ៖ «ខ្ញុំគិតថាបញ្ហាដែលយើងប្រើកម្លាំងដើម្បីបំបិទមាត់ ឬបំបិទការតស៊ូការទាមទាររបស់ក្រុមណាមួយនោះ គួរតែបញ្ឈប់ការប្រើសកម្មភាពបែបនេះទៅ ហើយយើងងាកមកស្វែងរកការដោះស្រាយគ្នាតាមមធ្យោបាយចរចាដោយសន្តិវិធីឬក៏ ធ្វើយ៉ាងម៉េចឱ្យប្រទេសមានការឯកភាពជាតិ ដើម្បីឈានទៅដោះស្រាយបញ្ហាជាតិធំៗស្វែងរកសន្តិភាពជូនពលរដ្ឋ » ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មានផែនការវិលចូលស្រុកវិញ តាមច្រកព្រំដែនកម្ពុជានិងថៃ ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជា ក៏ប៉ុន្តែត្រូវបានរបបលោក ហ៊ុន សែន កងកម្លាំងទប់ស្កាត់នៅតាមព្រំដែនធ្វើឱ្យមិនអាចចូលទៅដល់កម្ពុជាតាមការគ្រោងទុក។នៅក្នុងយុទ្ធនាការបង្ក្រាបគណបក្សប្រឆាំងនេះអាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជិត ១០០នាក់ដាក់ពន្ធនាគារ ដោយប្រកាន់ថា ជាក្រុមក្បត់ជាតិ។ ពួកគេត្រូវបានដោះលែងវិញនៅចុងឆ្នាំដដែលនោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរលើកលែងទោសដល់ពួកគាត់។
ទោះជាយ៉ាងណាមន្ត្រីអង្គការជាតិនិងអន្តរជាតិនានាបានថ្កោលទោស នឹងការចាប់ខ្លួននេះ ថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើសកម្មជនគណបក្សប្រឆាំង និងបានអំពាវនាវឱ្យលោក ហ៊ុន សែន បញ្ឈប់ការចាប់ពួកគេដាក់គុកតាមអំពើចិត្តបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។