ខួប ២៩ឆ្នាំ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គ្រោង​ធ្វើបាតុកម្ម និង​ដាក់​ញត្តិ​នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ពួក​គេ​រស់នៅ​ប្រឆាំង​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា

ដោយ សុជីវី
2020-10-22
Share

ពលរដ្ឋ​ខ្មែរ​នៅ​អូស្រ្តាលី (Australia) កូរ៉េ​ខាង​ត្បូង (South Korea) និង​ប្រទេស​មួយ​ចំនួន​ទៀត គ្រោង​ធ្វើ​បាតុកម្ម​ដាក់​ញត្តិ និង​ធ្វើការ​ជួបជុំ​សម្ដែង​មតិ​រម្លឹក​ខួប ២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ទីតាំង​បាតុកម្ម ដែល​ពួក​គេ​គ្រោង​ធ្វើ​គឺ​មុខ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ពួក​គេ​រស់​នៅ ដោយ​ចោទ​ប្រកាន់​ថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​យោធា​លើទឹក​ដី​កម្ពុជា ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។ ទាក់​ទឹង​នឹង​គម្រោង​ធ្វើ​បាតុកម្ម​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា បាតុករ​លំអៀង​ទៅ​រក​អាមេរិក​ជ្រុល។

ខ្មែរ​នៅ​ក្រៅ​ស្រុក​លើក​ឡើង​ស្រដៀងគ្នា​ថា ការ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​បារី​ស ២៣ តុលា មិន​បាន​ត្រឹមត្រូវ ធ្វើ​ឱ្យ​កម្ពុជា​ងាក​ទៅ​រក​ចិន​ខ្លាំង នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​នា​ពេល​ខាង​មុខ។

តំណាង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​លោក អ៊ិន ហេមរា ឱ្យ​អាស៊ី​សេរី​ដឹង​ថា ខ្មែរ​រស់នៅ​ប្រទេស​នេះ​នឹង​ទៅ​ជួបជុំគ្នា​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) ថ្ងៃ​ទី២៣ ខែ​តុលា ដែល​ជា​ថ្ងៃ​ខួប​លើក​២៩ នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ា​រី​ស​ដើម្បី​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន។ លោក អ៊ិន ហេមរា ឱ្យ​ដឹង​ទៀត​ថា ខ្លឹម​សារ​សំខាន់ៗ នៃ​ការ​ទាមទារ​គឺ​ប្រាប់​ទៅ​ប្រទេស​ចិន​ឱ្យ​គោរព​ឯករាជ្យ​ភាព​កម្ពុជា​និង​ត្រូវ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ត្បិត​ប្រទេស​ចិន​ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ៖ «សំខាន់​ជាង​នេះ​ទៅ​គឺ​ប្រទេសខ្មែរ​មិន​ចង់​មាន​វត្តមានយោធា​បរទេស​យើង​ដឹង​ស្រាប់ហើយ​ហាក់​ដូច​ជា​មាន​ព័ត៌មាន​ថា​មាន​យោធា​ចិន​អីចឹង។ យើង​ផ្ញើ​សារ​ថា ខ្មែរយើង​ជា​ប្រទេស​ឯករាជ្យ​ដែល​យើង​តាម​រដ្ឋធម្មនុញ្ញ​របស់​យើង»

ស្រដៀង​គ្នា​នេះ​ដែរ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង (South Korea) នឹង​ធ្វើ​បា​តុ​នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​នេះ​នៅ​ថ្ងៃ​ទី២៣ តុលា។ អនុប្រធាន​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណនី ឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ទាមទារ​នេះ​គឺ​ប្រាប់​ទៅ​ចិន​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​កម្ពុជា និង​មិន​ត្រូវ​កសាង​មូលដ្ឋាន​យោធា​លើទឹក​ដី​កម្ពុជា​ឡើយ។ លោក​ថា គោលបំណង​សំខាន់​មួយ​ទៀត គឺ​ស្នើ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​បង្រួបបង្រួម ដើម្បី​រួមគ្នា​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា៖ «សូម​បងប្អូន​ជួបជុំគ្នា​ម៉ោង ១១ព្រឹក ហើយ​ម៉ោង ១២ យើង​ចាប់​ផ្ដើម​សកម្មភាព​ដ្បិត​ថ្ងៃស្អែក​ថ្ងៃ​សុក គឺ​ជា​ថ្ងៃ​ធ្វើ​ការ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា បងប្អូន​លះបង់​មួយ​ថ្ងៃ​សុំ​ថៅកែ​ទៅ​មក​ចូលរួម​ទាំង​អស់​គ្នា»

បាតុករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន (Japan) វិញ​ក៏​នឹង​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមានយោធា​ចិន​នៅ​កម្ពុជា​ដែរ។ ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា មានប្រសាសន៍​ថា ក្រុម​បាតុករ​នឹង​ទៅ​ជួបជុំ​តវ៉ា​មុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ខាង​មុខ​នេះ​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​និង​ប្រឆាំង​ដាច់ខាត ចំពោះ​វត្តមាន​ចិន​នៅ​កម្ពុជា ដែល​គេ​សង្ស័យ​ថា​ ​កំពុង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​គ្រប​ដណ្ដប់​មក​លើ​ដែន​អធិបតេយ្យ​របស់​ខ្មែរ និង​យក​កម្ពុជា​ជា​ចំណាប់​ខ្មាំង​របស់​ខ្លួន។ លោក​ថា ជា​ពិសេស​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ភាព​លម្អៀង​ទៅ​រក​មហាអំណាច​ចិន​ដែល​នាំ​ហា​និ​ភ័យ​ដល់​សន្តិសុខ​តំបន់៖ «ចិន​បញ្ចូល​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។ អ៊ីចឹង​យើង​យក​ថ្ងៃ​ហ្នឹង​ទៅ​ប្រាប់​ពិភពលោក ជាពិសេស​ចិន​ហ្នឹង​តែម្ដង​គោរព​នូវ​អ្វី​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ហ្នឹង»

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ​និង​ជា​អ្នក​ធ្វើការ​ងារ​ជាមួយ​ពលករ​ចំណាក​ស្រុក​ប្រទេស​នេះ​លោក លី រតនរស្មី ឱ្យ​អាស៊ី​សេរី​ដឹង​ថា ដោយសារ​ថ្ងៃ​ទី២៣ ខែ​តុលា​ចំ​ថ្ងៃ​ធ្វើ​ការ​ដូច្នេះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ពលករ​នៅ​ប្រទេស​នេះ​ជួបជុំ​រម្លឹក​ខួប​ ២៩ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​នៅ​ថ្ងៃ​ទី១ ខែវិច្ឆិកា ដែល​ជា​ថ្ងៃឈប់​សម្រាក។ លោក​ឲ្យដឹង​ទៀត​ថា​ ​តាម​គម្រោង​មាន​ចូលរួម​ច្រើន​រយ​នាក់​ដើម្បី​ប្រាប់​ទៅ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​គោរព​កិច្ចព្រមព្រៀង​នេះ​ទើប​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ ​មាន​ការ​អភិវឌ្ឍ​ ​និង​ការ​គោរព​សិទ្ធិមនុស្ស ដែល​ឈាន​ទៅ​បញ្ចប់​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នេះ៖ «នៅ​ប្រទេស​កម្ពុជា​ក្ដី​សូម​ឱ្យ​នូវ​កិច្ចព្រមព្រៀង​២​៣​តុលា​ហ្នឹងហើយ​កុំ​ឱ្យ​ចេះតែ​នាំគ្នា​បំភ្លៃ​ហើយ​មានការ​ចង់​លុបចោល​កិច្ចព្រមព្រៀង​សន្តិភាព​២​៣​តុលា​ហ្នឹង»

ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ជា​ខួប ២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​សត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាគី​ខ្មែរ ៤ក្រុម កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ១៩៩១ ដោយ​មាន​តំណាង​មក​ពី ១៩ប្រទេស​ចូលរួម​ដើម្បី​បញ្ចប់​សង្រ្គាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ​លោក​ ​ម៉ែន​ ​ណា​ត​ ​ដែល​កំពុង​រស់នៅ​ប្រទេស​ន័រ​វេ​ស (Norway) ស្នើ​ទៅ​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ប្រទេស​នានា ធ្វើ​បាតុកម្ម​តាម​ប្រទេស​ពួក​គេ​រស់នៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួបជុំ​រម្លឹក​ខួប ២៩ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឱ្យ​ខ្មែរ​គ្រប់​ភាគី​អង្គុយតុ​ចរចា​គ្នា។ លោក​ក៏​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ងាក​មក​ជជែក​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ៖ «កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​ធ្វើ​ឱ្យ​ខ្មែរ​រួប​រួមគ្នា ខ្មែរ​គ្រប់​ភាគី​អាច​អង្គុយ​ជជែក​គ្នា​បាន។ កិច្ច​ព្រមព្រៀង​ហ្នឹង​មាន​លក្ខណ​ទូលំទូលាយ​ណាស់​ជា​លក្ខណ​អន្តរជាតិ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាំង​អស់​ចូល​រួម​ជា​សាក្សី​ចូល​រួម​ចុះ​ហត្ថលេខា»

ទាក់ទង​នឹង​បាតុកម្ម​ខ្មែរ​នៅ​បរទេស​នេះ​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​លោក​ ​ឈឹម​ ​ផល​វរុណ យល់​ថា ការ​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា​ងាក​ទៅ​រក​ចិន​ព្រោះ​ក្រុម​អ្នក​ទាមទារ​នៅ​ក្រៅ​ប្រទេស​ទាំង​នេះ​មាន​និន្នាការ​ងាក​ទៅ​សហរដ្ឋ​អាមេរិក​ជ្រុល។ នៅ​ពេល​ចោទសួរ​ទាក់ទង​ការ​ចោទ​ប្រកាន់​ពី​ករណី​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើទឹក​ដី​កម្ពុជា​អ្នក​នាំ​ពាក្យ​រូប​នេះ​ថា ការ​ចោទ​រឿង​មូលដ្ឋាន​យោធា​ចិន​នេះ គឺ​ជា​បេ​សកម្ម​វាយ​ប្រ​ហា​កម្ពុជា​ប៉ុណ្ណោះ៖ «ក្រសួង​ការពារ​ធ្លាប់​បំភ្លឺ​ហើយ​ត្រង់​ថា អ្នក​ខ្លះ​មាន​បេសកកម្ម​ក្នុង​ការ​វាយ​ប្រ​ហា​កម្ពុជា ទោះ​បី​បង្ហាញ​ការ​ពិត​នាំ​ទៅ​មើល​ការ​ពិត​ក៏​គេ​មិន​អាច​ជឿ​ដែរ ព្រោះ​ជា​បេសកកម្ម​វាយ​ប្រ​ហា​កម្ពុជា»

ផ្ទុយពី​ការ​អះអាង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ទៅ​កាន់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ថា រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​កំពុង​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ខុស​ច្បាប់​ជាមួយ​ចិន។ គណបក្ស​នេះ​បន្ត​ទៀត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន រំលោភ​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ខេត្ត​ព្រះសីហនុ ធ្វើ​ជា​មូលដ្ឋាន​យោធា​ចិន។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​សាងសង់​កំពង់​ផែ ព្រះលាន​យន្តហោះ និង​ឧទ្យាន​នៅ​ខេត្ត​កោះ​កុង ដែល​ការ​សង​សង់​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅ​នឹង​ការ​សាងសង់​ដូច​ប្រទេស​មួយ​ចំនួន​ដែល​ជំពាក់​បំណុល​ចិន​វ័ណ្ឌក។ គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ប្រទេស​ហត្ថលេខី​នៃ​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រួមគ្នា​ជាមួយ​ពល​រដ្ឋកម្ពុជា​ច្រាន​ចោល​វត្តមាន​មូលដ្ឋាន​យោធា​ចិន​លើ​ទឹក​ដី​កម្ពុជា និង​ស្នើ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​នៃ​បណ្ដា​ប្រទេស​ហត្ថលេខី​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ពង្រឹង​ការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ស្មារតី​នៃ​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។