មេដឹកនាំ​ពលករ​នៅ​ក្រៅ​ប្រទេស​អំពាវនាវ​កង​កម្លាំង​ល្បាត​តាម​ព្រំដែន​កម្ពុជា​ថៃ កុំ​បង្ក្រាប​ពលករ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា

0:00 / 0:00

ក្រុម​មេដឹកនាំ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ កំពុង​ល្បាត​នៅ​តាម​ព្រំដែន កម្ពុជា ថៃ កុំ​វាយ​បង្ក្រាប ឬ​បាញ់​ប្រហារ​ពលករ​ខ្មែរ នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា។ ពួកគេ អះអាង​ថា ពលករ​ខ្មែរ ​ទាំង​​អស់​ អម​ដំណើរ ​លោក សម រង្ស៊ី វិល​​ទៅ​ប្រទេស​កម្ពុជា ដើម្បី​​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​​ដើម្បី​ទាមទារ​ផល​ប្រយោជន៍​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ។

ក្រុម​មេដឹកនាំ និង​ពលករ​ខ្មែរ ចំណាយ​ស្រុក ទទូច​សុំ​ឲ្យ​កង​កម្លាំង​ ក្រោម​បង្គាប់​​មេ​បញ្ជាការ​ ដែល​មាន​និន្នាការ​គាំទ្រ​​របប​ក្រុង​ភ្នំពេញ កុំ​វាយ​បង្ក្រាប​ ធ្វើ​បាប​ពលករ​ខ្មែរ ព្រោះ​ពួកគាត់មាន​​ឈាមជ័រជាខ្មែរ​ដូច​គ្នា ហើយ​គោល​បំណង​ដូច​គ្នា គឺ​ដើម្បី​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ និង​ធ្វើ​ឲ្យ​គ្រួសារ​កង​កម្លាំង​មាន​ជីវភាព​ធូរធារ។

មេដឹកនាំ​ពលករ​នៅ​ប្រទេស​ជប៉ុន និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន លោក ហៃ វណ្ណា ប្រាប់​ថា លោក​នឹង​ដឹកនាំ​ពលករ​ខ្មែរ​ពី​ប្រទេស​ជប៉ុន​ ទៅ​ចូល​រួម​ជាមួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ហើយ​ដើរ​ចូល​ប្រទេស​កម្ពុជា​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ លោក អះអាង​ថា ការ​ចូល​ទៅ​មាតុ​ប្រទេស​វិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​លើក​ស្ទួយ​ជីវភាព​គ្រួសារ​កងទ័ព បំបាត់​អំពើ​ពុក​រលួយ​បក្ខ​ពួក​និយម ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាដើម។ មេ​ដឹក​នាំ​ពលករ​រូប​នេះ អំពាវនាវ​ឲ្យ​កម្លាំង ដែល​កំពុង​យាម​ល្បាត​តាម​ព្រំដែន​ ជួយ​ការពារ​ពលករ​ និង​ពលរដ្ឋ​ខ្មែរ ប្រសិន​បើ​មាន​កង​កម្លាំង​បរទេស​បង្កប់​ខ្លួន ចាំ​វាយ​ប្រហារ ឬ​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​កង​ទ័ព​ខ្មែរ ដែល​កំពុង​តែ​ត្រូវ​បាន​​ ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​មក​ល្បាត​តាម​ព្រំដែន​ខ្មែរ​ថៃ ខ្ញុំ​គិត​ថា ប្រសិន​បើ​គាត់​ជា​ខ្មែរ​ពិត​ប្រាកដ គាត់​អត់​មាន​ស្ដាប់​បញ្ជា​ លោក ហ៊ុន សែន​ ទេ គាត់​មិន​ត្រូវ​លើក​ចុង​កាណុង វាយ​ប្រហារ​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​​​ទេ​ គឺ​គាត់​គួរ​តែ​ត្រៀម​ខ្លួន​ជួយ​ថែរក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ​ ដែល​គាត់​ព្រម​ចាក​ចេញ​ពី​ប្រទេស​ថៃ ចូល​ប្រទេស​កម្ពុជា។ មួយ​វិញ​ទៀត គឺ​ខ្ញុំ​ស្នើ​ដល់​កង​ទ័ព​មេត្តា​ធ្វើ​យ៉ាង​ណា រក្សា​សុខ​សន្តិភាព ដល់​ថ្នាក់​ដឹក​នាំ​គណបក្ស​​សង្គ្រោះ​ជាតិ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ ដែល​អម​ដំណើរ។ ប្រសិន​បើ​មាន​កង​ទ័ព​យួន ឬ​ក៏​កង​ទ័ព​ចិន ដែល​លោក ហ៊ុន សែន បាន​បញ្ជ្រាប​​ចូល​មក​ក្នុង​ព្រំ​ដែន​កម្ពុជា ថៃ ហ្នឹង គឺ​សុំ​ឲ្យ​កង​ទ័ព​ធ្វើ​អន្តរាគមន៍ មិន​មែន​មក​បាញ់​ប្រជាពលរដ្ឋ​ទេ គឺ​បាញ់​លើ​អា​កងទ័ព ដែល​ លោក​ ហ៊ុន សែន បញ្ជា​មក»

ការ​អំពាវនាវ​នេះ ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ បាន​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ គ្រប់​កន្លែង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ ទាំង​តាម​ច្រក​ទ្វារ​អន្តរជាតិ និង​តាម​គុម្ពោត​​ព្រៃ។ ការ​ដាក់​ពង្រាយ​កម្លាំង​បែប​នេះ ក៏​ធ្វើ​ឲ្យ​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​អំពាវនាវ​ឲ្យ​​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​ព្រំដែន កុំ​វាយ​បង្ក្រាប ឬ​បាញ់​ប្រហារ​ តែ​ត្រូវ​បែរ​មក​​ចូលរួម​ និង​ជួយ​​​ក្រុម​ពលករ​វិញ។

ចំណែកពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជា​ប្រធាន​ក្រុម​ព័ត៌មាន​នៃ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក មាស ពិសាល ថ្លែង​ថា ការ​សម្ញែង​កង​កម្លាំង​បំភ័យ​ពលករ​តាម​ព្រំដែន មិន​អាច​ធ្វើ​ឲ្យ​ពួកគាត់​តក់​ស្លុត​ ឬ​រួញរា​ក្នុង​ការ​វិល​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​នោះ​ទេ។ ប៉ុន្តែ​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ពលករ​រូប​នេះ អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ កុំ​បាញ់​ប្រហារ​ ឬ​បង្ក្រាប​ពលរដ្ឋ​ខ្មែរ ព្រោះ​ពលករ​ទាំង​​នោះ​មាន​បំណង​អម​លោក សម រង្ស៊ី ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ជួយ​ធ្វើ​ឲ្យ​ជីវភាព​កង​កម្លាំង​មាន​ភាព​ប្រសើរ​ទៅ​វិញ​ទេ៖ « ខ្ញុំ​អំពាវនាវ​ដល់​បង​ប្អូន​កង​ទ័ព​ទាំង​អស់ កុំ​ប្រើ​អាវុធ​​បាញ់​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​មាន​ឈាម​ជ័រ​ ដូច​គ្នា ដែល​មិន​មាន​អ្វី មិន​មាន​អាវុធ នៅ​ក្នុង​ដៃ ដែល​គាត់​គ្រាន់​តែ ដើរ​កាត់​ព្រំដែន ដើម្បី​ទៅ​ប្រទេស​កម្ពុជា ក្នុង​ន័យ​​បង្ហាញ​ពី​ការ​ទាមទារ ការ​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​ ការ​គោរព​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ការ​ចង់​បាន​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​រស់​ឡើងវិញ បោះ​ឆ្នោត​ប្រកួត​ប្រជែង​​ស្មើមុខ​ស្មើ​មាត់។ ខ្ញុំ​ក៏​អំពាវនាវ​ដល់​សម្ដេច​ហ៊ុន សែន ដែរ សុំ​ឲ្យ​គិត​ឡើង ប្រជាពលរដ្ឋ គឺ​ជា​ម្ចាស់​ប្រទេស​ដែរ។ អ៊ីចឹង បើ​ស្រលាញ់​ប្រទេស​មែន ស្រលាញ់​ពលរដ្ឋ​មែន គួរ​តែ​ដាក់​បញ្ជា​ស្រែក​ពី​ចម្ងាយ​ទៅ​ថា កុំ​ឲ្យ​កង​ទ័ព​ប្រើ​កម្លាំង​បាយ កុំ​ឲ្យ​ប្រើ​អាវុធ រះ​ទៅ​លើ​ប្រជាពលរដ្ឋ ឬ​សូម្បី​ហិង្សា​តិច​តួច​ ស្ដួចស្ដើង​ណា​មួយ ក៏​មិន​គួរ​ឲ្យ​កើត​មាន​ដែរ»

គម្រោង​វិល​ត្រលប់​របស់​លោក សម រង្ស៊ី តាម​ច្រក​ព្រំដែន​ប្រទេស​ថៃ មិន​ទាន់​មាន​ការ​ប្រែ​ប្រួលនៅ​ឡើយ ព្រោះ​គណបក្ស​ប្រឆាំង កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ស្នើសុំ​ឲ្យ​ពលករ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដើរ​ឆ្លង​តាម​ព្រំដែន​ថៃ ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ គិត​ត្រឹម​ថ្ងៃ​ទី៣១ តុលា នៅ​សល់ ១០ថ្ងៃ​ទៀត គឺដល់​ថ្ងៃ​កំណត់​ហើយ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ អះអាង​ថា នឹង​មាន​ពលករ​ច្រើន​​​នាក់ ដែល​នឹក​ស្មាន​មិន​ដល់ វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

មន្រ្តី​សន្តិសុខ​ថៃ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​នឹងមិន​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង តាម​ការ​ស្នើសុំ​របស់​ភាគី​កម្ពុជា​នោះ​ឡើយ។ មន្រ្តី​ដដែល​រូប​នេះ​បញ្ជាក់​ប្រាប់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​គ្មាន​សិទ្ធិ​អនុញ្ញាត​និយាយ​រឿង​នេះ​ជា​សាធារណៈ​ថា អាជ្ញាធរ​ថៃ​ពិត​ជា​ទទួល​បាន​ដីកា​ចាប់​ខ្លួន មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៨នាក់​ពិត​មែន ក្នុង​នោះ​រួមមាន​លោក សម រង្ស៊ី និង​អ្នកស្រី មូរ សុខ​ហួរ ផង។

ប្រភពបាន​បន្ថែម​ថា​ ភាគី​កម្ពុជា​បាន​ជូន​ដំណឹង​ដល់​ភាគី​ថៃ ឲ្យ​ជួយ​ចាប់​ខ្លួន​ពួក​គាត់​ទាំង​នោះ ពេល​មក​ដល់​ប្រទេស​ថៃ ប្រសិនបើ​ពួក​គាត់​មាន​បំណង​​ឆ្លង​កាត់​ប្រទេស​ថៃ ចូល​ប្រទេស​កម្ពុជា។ ប៉ុន្តែ ភាគី​ថៃ​មិន​ចង់​ប្រឡាក់ប្រឡូស​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់កម្ពុជា​នោះ​ទេ។ ភាគី​ថៃ​ ​គ្រាន់តែ​ដាក់ឈ្មោះ​អ្នក​ទាំង​នោះ ក្នុង​បញ្ជី​ខ្មៅ​ប៉ុណ្ណោះ។​

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈ​រស្មី ប្រាប់​ថា មក​ដល់​ពេល​នេះ មាន​កម្មករ​ច្រើន​សែន​នាក់​ហើយ ស្ម័គ្រ​ចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី។ លោក​ថា តួលេខ​​ពលករ ​​ដែល​ត្រូវ​អម​ដំណើរ​ លោក សម រង្ស៊ី នឹង​ត្រូវ​ប្រកាស​​នៅ​​កំឡុង​ថ្ងៃ​ទី ៥ ឬ ៦ ខែ​វិច្ឆិកា។ ទោះ​យ៉ាង​ណា ប្រធាន​ក្រុម​ការងារ​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ឲ្យ​កង​កម្លាំង​​ល្បាត​តាម​ព្រំដែន និង​កង​កម្លាំង តាម​បណ្ដា​ខេត្ត​ កុំ​វាយ​បង្ក្រាប​ពលករ​ និង​ពលរដ្ឋ​ខ្មែរ។ លោក​ថា ពលករ​បាន​ទ្រាំ​ធ្វើ​ការ​យ៉ាង​លំបាក ចាក​ចោល​ផ្ទះ​សម្បែង លះបង់​គ្រួសារ ចាកចោល​ស្រុក​កំណើត ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ និង​បង់​ពន្ធ​ចូល​រដ្ឋ​ ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ដូច្នេះ​កង​កម្លាំង​ប្រដាប់​អាវុធ មិន​ត្រូវ​ធ្វើ​បាប​ពួកគេ​ទេ។ លោក លី រតនៈ​រស្មី អំពាវនាវ​​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ រួម​ដៃ​ជាមួយ​ពលករ និង​ពលរដ្ឋ​ក្នុង​ប្រទេស ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាមួយ​គ្នា​វិញ៖ « និយាយ​រួម​ទៅ នៅ​ក្នុង​ប្រទេស​កម្ពុជា បង​ប្អូន​យើង ជន​រួម​ជាតិ ទាំងអស់​ យើង​ដឹង​ហើយ​ថា សព្វ​ថ្ងៃ​នេះ គ្រប់គ្រង​ដោយ​របប​ផ្ដាច់​ការ​តិរច្ឆាន​ខ្លាំង​ណាស់ ហើយ​នៅ​ក្នុង​ពេល​នេះ មិន​ថា ប្រជាពលរដ្ឋ មិន​ថា មន្ត្រី​រាជការ​មួយ​ចំនួន​ធំ ដែល​រង​ទុក្ខ ដែល​រង​គ្រោះ​ នៅ​ក្នុង​របប​ផ្ដាច់​ការ​ហ្នឹង។ អ៊ីចឹង បើ​សិន​ជា​បងប្អូន ជន​រួម​ជាតិ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ដែល​យើង​ស្រលាញ់ យើង​ចង់​បាន​គោរព​សិទ្ធិ​មនុស្ស ហើយ​មិន​លំបាក​ធ្វើការ​ក្នុង​របប​នេះ​ទេ យើង​ជួយ​គ្នា ដើម្បី​រំដោះ​បងប្អូន​ជន​រួម​ជាតិ ចេញ​ពី​របប​ផ្ដាច់ការ​ហ្នឹង»

ក្រៅ​ពី​ពលករ គណបក្ស​ប្រឆាំង​អះអាង​ថា នៅ​មាន​ពលរដ្ឋ​ខ្មែរ​ស់​នៅ​ប្រទេស​លោក​សេរី និង​សមាជិក​បក្ស​ប្រឆាំង​ច្រើន​នាក់​ទៀត នឹង​អម​ដំណើរ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ខណៈ​សមាជិក​សភា​អឺរ៉ុប និង​ក្រុម​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ជា​ជន​បរទេស​ខ្លះ​ទៀត ក៏​នឹង​អម​ដំណើរ ឃ្លាំមើល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ដែរ។ លើស​ពី​នេះ បក្ស​ប្រឆាំង​ អះអាង​ថា ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ប្រទេស​ ក៏​នឹង​ចេញ​មក​ទទួល​ លោក សម រង្ស៊ី ដែរ។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន លើក​ឡើង​ថា ​ការ​អំពាវនាវ​​ឲ្យ​​កង​កម្លាំង​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ គ្មាន​ឥទ្ធិពល​ឡើយ។​

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី៣១ ខែ​តុលា ដោយសារ​ទូរស័ព្ទ​រោទ៍ គ្មាន​អ្នក​ទទួល។ តែ​លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ថា ការ​វិល​ត្រឡប់​របស់​ពលករ អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា ជា​ការធ្វើរដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ នឹង​បញ្ជា​ឲ្យ​បង្ក្រាប​ភ្លាមៗ ឬ​​ឈាន​ដល់​ការ​កម្ទេចតែម្តង៖ « ចំពោះ​ជំហរ​រដ្ឋាភិបាល គឺ​យើង​ចាប់​ រង្ស៊ី ហើយ​បើ​មាន​សកម្មភាព​ណា​មួយ​ដែល​ផុលផុស ដែល​ចាត់​ទុក​ថា ជា​សកម្មភាព​ធ្វើ​រដ្ឋប្រហារ យើង​នឹង​កម្ទេច ឬ​ក៏​បង្ក្រាប»

ទោះ​យ៉ាង​ណា មេ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិ​ភាគ​ទី៤ និង​ទី៥ លោក ខេង សុមេធ បាន​ដាក់​បញ្ជា​ កាល​ពី​ថ្ងៃ​ទី៣០ តុលា ​​ឲ្យ​នគរបាល​អន្តរាគមន៍ និង​នគរបាល​ការពារ​ព្រំដែន​ទាំង​អស់ ត្រូវតែ​កម្ចាត់​ក្រុម​ថ្នាក់​ដឹក​នាំ​​គណ​​បក្ស​សង្គ្រោះ​ជាតិ​ ដែល​គ្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ពេល​ខាង​មុខ​ឱ្យ​ទៅ​ជា​ផេះ។ លោក​ប្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​ថា ការ​វិល​ចូល​ស្រុក​របស់​ក្រុម​លោក សម រង្ស៊ី គឺ​ក្រុម​ ដែល​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​​ដឹក​នាំ​សព្វ​ថ្ងៃ៖ «ត្រៀម​កម្លាំង​ចាប់​អន្តរាគមន៍។ ដូច្នេះ​កិច្ចការ​ងារ​អន្តរាគមន៍​ គឺ​ ខ្ញុំ​អនុវត្ត​ទៅ​តាម​ទីតាំង និង​បទ​បញ្ជា​ថ្នាក់​លើ ដែល​បាន​ចង្អុល​ទិស​ដៅ ហើយ​ខ្ញុំ​នឹង​អនុវត្ត​បញ្ជា។ ចំពោះ​ការ​វិល​ត្រលប់​របស់​ទណ្ឌិត សម រង្ស៊ី អង្គភាព​អន្តរាគមន៍​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​រង​ចាំ​បទ​បញ្ជា ដូច្នេះ​រៀង​រាល់​ ពេល​វេលា មិន​ ថា​យប់ ​ មិន​ថា​ថ្ងៃ មិន​ថា​ពេល​ណា អង្គភាព​អន្តរាគមន៍ ត្រូវ​តែ​មាន​កម្លាំង​ដាច់​ខាត​ចេញ​ទៅ​បំពេញ​ភារកិច្ច​ជូន​ រាជរដ្ឋាភិបាល ជា​ពិសេស​អគ្គ​ស្នងការ​នគរបាល​ជាតិ»

ប៉ុន្តែ​ លោក សម រង្ស៊ី និង​ក្រុម​​មេដឹកនាំ​ពលករ ហៅ​ការ​លើក​ឡើង​របស់​​​​ក្រុម​មេ​យោធា​ នៃ​របប​ក្រុង​ភ្នំពេញ ​​ថា​​ជា​​​លេស​ប្រឌិត​​ ធ្វើ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ពលរដ្ឋ​យល់​ច្រឡំ។ លោក សម រង្ស៊ី និង​ក្រុម​មេ​ដឹក​នាំ​ពលករ​អះអាង​ថា ពួកគេ​មាន​បំណង​ចង់​ចូល​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ធ្វើ​យ៉ាង​ណា ដើម្បី​​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​សម្ពាធ​ផ្សេងៗ ពី​អន្តរជាតិ។

ក្នុង​ខិត្តប័ណ្ណ របស់ លោក សម រង្ស៊ី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ទី៨ តុលា លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)សរសេរ​ថា ការ​ធ្វើ​មាតុភូមិ​និវត្តន៍ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ លោក សម រង្ស៊ី អះអាង​ថា មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​រក្សា​តំណែង និង​ឡើង​បុណ្យ​សក្ដិ សម្រាប់​​អ្នក​ស្នេហា​ជាតិ បាន​ឡើង​ប្រាក់​បៀវត្សរ៍ ដល់​កម្រិត​សមរម្យ អាច​ចិញ្ចឹម​គ្រួសារ​បាន​យ៉ាង​ថ្លៃថ្នូរ។ បំបាត់​ទម្លាប់​ឡើង​បុណ្យ​សក្ដិ តាម​រយៈ​អំពើ​ពុក​រលួយ បក្ខ​ពួក​និយម​ និង​គ្រួសារ​និយម ដើម្បី​ធានា​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ក្នុង​សង្គម។

រីឯ​ក្រុម​អ្នក​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក វិញ បាន​ព្រមាន​របប​ក្រុង​ភ្នំពេញ​ថា​ របប​នេះ នឹង​ជួប​សម្ពាធ​​ធ្ងន់ធ្ងរ ប្រសិន​បើ​ហ៊ាន​វាយ​បង្ក្រាប ចាប់​ដាក់​ពន្ធនាគារ​ ឬ​បាញ់​សម្លាប់​អ្នក​និយម​ប្រជាធិបតេយ្យ​ណា​ម្នាក់ ក្នុង​ដំណើរ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។