ពលករ​នៅ​ថៃ កូរ៉េ និង​ជប៉ុន ទាមទារ​ឱ្យ​ដោះ​លែង​លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ

0:00 / 0:00

ក្រុម​ពលករ​ខ្មែរ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ទាមទារ​តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ ឱ្យ​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គ្មាន​លក្ខខណ្ឌ​។ ពួកគេ​ហៅ​សវនាការ​កាត់ទោស លោក កឹម សុខា ថា ជា​ការ​បង្កើត​បទល្មើស​ប្រឌិត លាប​ពណ៌ លោក កឹម សុខា ដោយ​គ្មាន​ការ​ខ្មាសអៀន។

ពលការិនី​ផ្នែក​ឃ្លាំង​ស្ដុក​ទំនិញ​ម្នាក់ ស្នាក់នៅ​ខេត្ត​សាមុតប្រាកាន (Samut Prakan) ប្រទេស​ថៃ និង​ជា​សកម្មជន​បក្ស​ប្រឆាំង កញ្ញា ដាំ ស្រីធាន ទាមទារ​របប​ក្រុងភ្នំពេញ បង្គាប់​តុលាការ​អាយ៉ង​របស់​ខ្លួន ឱ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។ ពល​ការិនី​រូប​នេះ មិន​ជឿ​ថា លោក កឹម សុខា ក្បត់ជាតិ​ឡើយ​។ កញ្ញា​ហៅ​ការចោទប្រកាន់​នេះ​ថា ជា​ល្បិចកល​របស់​លោក ហ៊ុន សែន ផ្ទាល់ ហើយ​បង្កើត​សវនាការ​ឆាកល្ខោន កាត់ទោស​លោក កឹម សុខា៖ «ខ្ញុំ​ទទួលយក​អត់​បាន​សោះ ដោយសារ​អ្វី លោក​ប្រធាន កឹម សុខា អត់​មាន​ទោស​អ្វី​សោះ​។ ការ​កាត់​ទោស​ហ្នឹង គឺជា​ការ​រៀបចំ​ទោសកំហុស ដើម្បី​ទម្លាក់កំហុស​ឱ្យ​លោក​ប្រធាន កឹម សុខា តែប៉ុណ្ណោះ​។ គួរតែ​ដោះលែង លោក​ប្រធាន កឹម សុខា ហើយ ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​ពួក​យើង​ហ្នឹង​រស់​ឡើង​សាជាថ្មី ហើយ​រៀបចំ​ប្រទេស​សាជាថ្មី»។

ពលករ​ម្នាក់ទៀត ធ្វើការ​រោងចក្រ​ផ្នែក​ឧស្សាហកម្ម នៅ​ខេត្ត​ស៊ូវុន ប្រទេស​កូរ៉េខាងត្បូង លោក សុខ រដ្ឋា អះអាង​ថា ២​ថ្ងៃ​មកនេះ ពលករ​នាំគ្នា​ជជែក​គ្នា​រឿង​សវនាការ លោក កឹម សុខា ហើយ​ពួកគេ​អស់​សំណើច​នឹង​របប​ក្រុងភ្នំពេញ ដែល​សម្ដែង​ល្ខោន​សវនាការ​មិន​សម​ទំនង ប្រឌិត​បទ​ចោទ​ដាក់​លោក កឹម សុខា ដោយ​គ្មាន​មនុស្ស​ជឿ​។ លោក​ថា ពលករ​នៅ​កូរ៉េខាងត្បូង ក៏​មាន​បំណង​ដូច​ពលរដ្ឋ​ទូទៅ​ដែរ គឺ​ចង់​ឱ្យ​តុលាការ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ មេ​បក្ស​ប្រឆាំង ស្ដារ​ប្រជាធិបតេយ្យ តាម​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ ដើម្បី​ភាព​រីកចម្រើន​របស់​ពលរដ្ឋ​ខ្មែរ៖ «អើយ​ ! បើ​តាម​រឿង​ហ្នឹង (​ ពលករ​នៅ​កូរ៉េ​ ) សឹងតែ​១០០ % ដែល​គេ​មិន​ជឿ​ទៅលើ​រឿង​អស់ហ្នឹង ព្រោះ យើង​មើល​ឃើញ​ទាំងអស់​គ្នា គាត់​អត់​បាន​ទៅ​កាត់​ដី​ឱ្យ​យួន គាត់​អត់​មានបាន​ទៅ ធ្វើបាប​ប្រជាពលរដ្ឋ គាត់​អត់​មានបាន​ទៅ​លក់​ព្រៃ ទៅ​កាប់​ព្រៃ លក់​ព្រៃ លក់​ឈើ អ្វី ក្បត់ជាតិ វា​អត់​មាន​។ អ៊ីចឹង វា​ឆ្លុះ​បញ្ជាក់​ឱ្យ​ឃើញ​ថា លោក កឹម សុខា គឺ​គាត់​បរិសុទ្ធ​១០០ %​ ហ្មង​។ អ៊ីចឹង វា​អត់​មាន​នរណា​ជឿ​ថា គាត់​មានទោស ដូច​អ្វី​ជា​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​។ វា​គ្រាន់តែ​ជា​រូបភាព​មួយ បាន​បញ្ជាក់​ថា បាន​កាត់ក្ដី​អ្វី​អ៊ីចឹង​ទៅ ព្រោះ​អ្វី​កន្លងមក​អត់​មានការ​ជំនុំជម្រះ​ទេ មានតែ​ការចោទប្រកាន់ ការ​អ្វី អ៊ីចឹង​ទៅ កន្លងមក»។

ពលរដ្ឋ​ខ្មែរ​ម្នាក់ទៀត ដែល​មិន​ជឿ​សវនាការ​កាត់ក្ដី លោក កឹម សុខា គឺជា​អ្នក​រស់នៅ​ប្រទេស​ជប៉ុន។ លោកស្រី ណិប បូរ៉ា ដែល​មាន​ស្វាមី​ជា​ជនជាតិ​ជប៉ុន និង​បាន​ទៅ​រស់នៅ​ប្រទេស​ជប៉ុន ក្នុង​គ្រួសារ​របស់​ស្វាមី​ខ្លួន និយាយ​ថា ពលករ និង​អ្នក​រស់នៅ​ប្រទេស​ជប៉ុន គ្មាន​នរណា​ជឿ​លើ​ការ​ប្រឌិត និង​តុលាការ​អាយ៉ង​នៃ​របប​ក្រុងភ្នំពេញ​ឡើយ។

លោកស្រី​ថា សារព័ត៌មាន​ភាសា​ជប៉ុន នៅ​ប្រទេស​ជប៉ុន ក៏​មាន​ចុះផ្សាយ​ពី​ការ​ប្រឌិត​បទល្មើស​ប្រឆាំង​លោក កឹម សុខា នេះ​ដែរ​។ ចំណែក​អ្នក​រស់នៅ​ប្រទេស​ជប៉ុន​វិញ គ្មាន​បាន​សរសើរ​តុលាការ ដែល​យក​លោក កឹម សុខា ជា​មនុស្ស​រងគ្រោះ​មក​កាត់ទោស​ឡើយ គឺ​មានតែ​ចំអក​ឱ្យ​លោក ហ៊ុន សែន​។ លោកស្រី​ជំរុញ​របប​ក្រុងភ្នំពេញ ឱ្យ​ដោះលែង លោក កឹម សុខា និង​ចរចា​គ្នា ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ (EBA) និង​សាមគ្គី​គ្នា ស្ដារ​ជីវភាព​ពលរដ្ឋ ឱ្យ​ប្រសើរ​ដូច​នៅ​ប្រទេស​ផ្សេង៖ «អត់​មាន​ធ្វើ​អ្វី​ខុសច្បាប់​ផង គាត់​មិនបាន​ធ្វើ​អ្វី​ផង ពិភពលោក ប្រជាជន​អ្នកណា​ក៏​ដឹង​ដែរ ហើយ​ប្រឌិត​ធ្វើជា​រឿង ឱ្យ​ទៅជា​ឡើង​តុលាការ កាត់ក្ដី កាត់​អ្វី ឯណា ពីរ បី​ថ្ងៃ​។ គ្មាន​ជា​សាធារណៈ​ទៀត​។ វា​ដូចជា ទ្រើស​ភ្នែក​ណាស់ ខ្មាស​គេ​ប្រទេសជិតខាង ។ វា​មិនគួរ​ណា ឱ្យ​កើតមាន​លើ​ប្រទេស​កម្ពុជា របស់​យើង​ណា»។

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង និង​ជប៉ុន ក៏​ទទូច​ដូច​ពលរដ្ឋ​ផ្សេងទៀត​ដែរ គឺ​ចង់​ឱ្យ​អ្នកនយោបាយ​បញ្ចប់​ជម្លោះ​គ្នា ហើយ​ចរចា​គ្នា​រក​វិធី​កសាង​ជាតិ ឱ្យ​ម្ចាស់​ឆ្នោត​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ មាន​ជីវភាព​ប្រសើរ ដូច​ប្រទេស​ក្បែរ​ខាង​។ ពួកគេ​ស្នើសុំ​ថា អ្នកនយោបាយ​ខ្មែរ​ល្មម​ឈប់​ឈ្លោះ​គ្នា​ទៅ ព្រោះ​ម្នាក់ៗ ចាស់​សក់ស្កូវ រៀងខ្លួន​អស់​ទៅ​ហើយ​។ ពលរដ្ឋ​ថា ការ​ឈ្លោះគ្នា​ដូច​សព្វថ្ងៃ​នេះ មិន​អាច​ធ្វើ​ឱ្យ​ពួកគាត់ រស់​នៅ​មាន​សេចក្ដី​សុខ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។