"លោក ហ៊ុន សែន​ មិនអាច​ប្រើប្រាស់​អ្នកគាំទ្រ​ពេល​ប្រជុំ​នៅ​អាមេរិក​បិទបាំង​ទង្វើ​របស់​ខ្លួន​ឡើយ"

ដោយ ទីន ហ្សាការីយ៉ា
2022.05.05
Share on WhatsApp
Share on WhatsApp
"លោក ហ៊ុន សែន​ មិនអាច​ប្រើប្រាស់​អ្នកគាំទ្រ​ពេល​ប្រជុំ​នៅ​អាមេរិក​បិទបាំង​ទង្វើ​របស់​ខ្លួន​ឡើយ" លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ពលរដ្ឋ​ពីរ​ក្រុម​នឹង​ជួបជុំគ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ក្នុង​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មក​ចូលរួម​កិច្ច កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក នៅ​ថ្ងៃទី​១២ ថ្ងៃទី​១៣ ឧសភា​នេះ​។ ពលរដ្ឋ​ទាំង​ពីរ​ក្រុម​នេះ​គឺ​ក្រុម​ម្ខាង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​។ រីឯ​ក្រុម​មួយទៀត ជា​ក្រុម​ស្វាគមន៍​លោក ហ៊ុន សែន មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ។

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ទោះជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខិតខំ​កៀរគរ​មនុស្ស​ឲ្យ​មក​រង់ចាំ​ទទួល​ស្វាគមន៍​លោក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បែប​ណា​ក្ដី ក៏​មិនអាច​បិទបាំង​អំពើ​រំលោភសិទ្ធិ​មនុស្ស ការ​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ និង​ការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ដែរ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា គណបក្ស​ប្រឆាំង និង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​បង្ហាញ​កម្លាំង​គាំទ្រ​រៀងៗ​ខ្លួន ក្នុង​ពេល​សហរដ្ឋអាមេរិក​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក នៅ​ពេល​ខាងមុខនេះ​។ លោក​បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា កម្លាំង​ដែល​នឹង​ប្រមូល​ផ្តុំគ្នា​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន ជា​ក្រុម​ប្រជាពលរដ្ឋ​ឈឺចាប់​និង​ចង់​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​វិញ​។ ប៉ុន្តែ​សំរាប់​លោ ហ៊ុន សែន វិញ ទោះជា​ខិតខំ​ប្រមូល​មនុស្ស ឲ្យ​មក​ទទួល​លោក​ច្រើន​កុះករ​យ៉ាងណាក្ដី ក៏​មិនអាច​បិទបាំង​ការពិត ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​ដែរ​៖ «ស្ថានភាព​កើតមាន​នៅ​កម្ពុជា ថៃ ឡាវ ភូមា​នេះ ជា​ស្ថានភាព​កើតឡើង​ពិតប្រាកដ​មួយ ដែល​មាន​ទាំង​របាយការណ៍​របស់​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​នានា​។ ដូច្នេះ ការ​បាតុកម្ម​ប្រឆាំង​បាតុកម្ម​នេះ គ្មាន​ប្រសិទ្ធភាព​អ្វី​ឬ​បង្ហាញថា​ប្រទេស​នៅក្នុង​តំបន់​គោរព​សិទ្ធិមនុស្ស​នោះ​ទេ»

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង បាន​រៀបចំ​កម្លាំង​រៀងៗ​ខ្លួន ក្នុង​ពេល​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក បាន​ខិត​ជិត​មក​ដល់​នេះ​។ លោក ហ៊ុន សែន បាន​ប្រកាស​អួតអាង កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ឲ្យ​តែ​លោក​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៅ​ទទួល​ស្វាគមន៍​លោក​។ សំរាប់​ផែនការ ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន អាមេរិក​នេះ​វិញ លោក​អះអាង​ថា នឹង​មាន​ពលរដ្ឋ​ខ្មែរ​ជាង​១​ពាន់​នាក់ នឹង​រង់ចាំ​ទទួល​ស្វាគមន៍​លោក​៖ «ល្ងាច​ថ្ងៃទី​១០ ខ្ញុំ​ទៅដល់ ថ្ងៃទី​១០-១១ ខ្ញុំ​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ យើង​នៅ​ទីនោះ ដែល​អាច​នឹង​មានការ​ជួបជុំ​ប្រមាណ​ជាង ១​ពាន​នាក់ ព្រោះ​កន្លែង​ដាក់​មានតែ​ប៉ុណ្ណឹង ត្រលប់​មកវិញ​ថ្ងៃទី​១៥ មកដល់​ខ្មែរ​វិញ»

អ្នកជំនាញ​ច្បាប់​និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ កញ្ញា សេង ធារី ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ផង​នោះ លើកឡើង​ថា កញ្ញា​មិន​ជឿ​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​មក​ទទួល​លោក​ដោយ​ស្ម័គ្រចិត្ត គោរព​លោក ហ៊ុន សែន​នោះ​ឡើយ ដោយសារតែ​របប​របស់​លោក​បាន​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ដូច​សព្វថ្ងៃ​នេះ​។ កញ្ញា​បញ្ជាក់​ថា មាន​ខ្មែរ​អាមេរិកកាំង​មួយចំនួន​ដែល​មក​ទទួល​លោក ហ៊ុន សែន នេះ គឺជា​ក្រុម​ពលរដ្ឋ​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​លោក ហ៊ុន សែន តែប៉ុណ្ណោះ​៖ «ខ្ញុំ​ស្គាល់​ខ្មែរ​អាមេរិកកាំង ខ្ញុំ​ដឹង​ថា សកម្មជន​គណបក្សប្រឆាំង​ជា​អ្នកស្ម័គ្រចិត្ត ចាយ​លុយ​ខ្លួនឯង​។​ រី​ក្រុម​លោក ហ៊ុន សែន​វិញ ឃើញថា​មាន​រូបភាព​ច្រើនតែ​រូបភាព​នេះ គឺ​មាន​ការ​កៀរគរ​ឲ្យ​លុយកាក់ ចំណាយ​សព្វបែបយ៉ាង​ដើម្បី​ឲ្យ​មាន​មនុស្ស​ច្រើន​ទៅ​ទទួល​លោក ហ៊ុន សែន នេះ​ដែរ»

ទោះបីជា​លោក ហ៊ុន សែន ហាក់​ចង់​បង្ហាញ​ប្រជាប្រិយភាព​របស់​លោក តាមរយៈ​មាន​អ្នក​ទទួល​ស្វាគមន៍​លោក​ច្រើន ក្នុង​ពេល​លោក​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​បែបនេះ​ក្ដី តែ​ក្រុម​អ្នកវិភាគ​អះអាង​ថា ពុំ​មែន​មានន័យថា លោក ហ៊ុន សែន ជា​មេដឹកនាំ​មាន​ប្រជាប្រិយភាព និង​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់​ពិតប្រាកដ​នោះ​ទេ​។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ក៏​មិនអាច​បន្លំ​ភ្នែក​មហាជន និង​សហគមន៍​អន្តរជាតិ​ថា លោក​ជា​មេដឹកនាំ​ដែល​មាន​គុណធម៌ និង​បើក​លំហ​សិទ្ធិ​សេរី​ជូន​ប្រជាពលរដ្ឋ​ដូចដែល​របប​របស់​លោក​នៅ​បន្ទរ​តាម​គ្នា​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​មាន​សន្តិភាព​នោះ​ឡើយ។

គិត​ចាប់តាំងពី​ឆ្នាំ​២០១៧​មក របប​លោក ហ៊ុន សែន បាន​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​សព្វបែបយ៉ាង ទោះជា​សិទ្ធិ​នេះ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ក៏ដោយ​។ ក្រៅ​ពីនេះ​ទៀត​រដ្ឋាភិបាល​របស់​លោក បាន​បង្ក្រាប​សកម្មជន​សង្គម សកម្មជន​គណបក្សប្រឆាំង​និង​ថែមទាំង​ចាប់​ក្រុម​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​ឥត​ស្រាកស្រាន្ត​ឡើយ។

កាល​ពី​ដើម​ឆ្នាំ​២០២២ ក្រោយពី​លោក ហ៊ុន សែន បាន​ធ្វើជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ភ្លាម​លោក ទៅ​ចាប់ដៃ​ជាមួយ​មេដឹកនាំ​យោធា​ភូមា លោក ម៊ីន អ៊ុងលាំង (Min Aung Hlaing) ភ្លាម។ លោក​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ជា​លើកដំបូង​នេះ ទទួល​រង​ការរិះគន់​ជាច្រើន​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) ធ្លាប់​លើកឡើង​ថា ថា ការ​សម្រេចចិត្ត​ដោយ​ឯកតោភាគី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឋានៈ​ប្រធាន​ប្តូរ​វេន​អាស៊ាន​ទៅ​ជួប​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែល​ជា​មេដឹកនាំ​យោធា​ផ្ដាច់ការ​កាលពីដើម​ខែមករា​នោះ គឺជា​ការប្រមាថ​មើលងាយ ពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ។

ប្រធាន​កិច្ចការ​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សហរដ្ឋអាមេរិក អ្នកស្រី ធិត គីមហ៊ុន មាន​ប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ធ្វើបាតុកម្ម​រួមគ្នា​ជាមួយ​ពលរដ្ឋ​ភូមា (Burma) ឡាវ​(Lao) និង​ថៃ​(Thailand) ដែល​នឹង​មាន​អ្នកចូលរួម​ប្រមាណ ១​ពាន់​នាក់ នៅ​ថ្ងៃទី​១២​ឧសភា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​។ អ្នកស្រី​អះអាង​ថា ការ​ធ្វើ​បាតុកម្ម​នេះ ដើម្បី​ឲ្យ​កិច្ចប្រជុំ​ពិសេស​នេះ លើក​របៀបវារៈ​ស្ដីពី សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​” មក​ជជែក​។ អ្នកស្រី​បន្ថែម​ថា ពលរដ្ឋ​ប្រទេស​នៅក្នុង​អាស៊ាន ដែល​ប្រមូលគ្នា​ធ្វើបាតុកម្ម​នេះ គឺ​មក​ចូលរួម​ដោយ​ស្ម័គ្រចិត្ត និង​មកពី​បណ្ដា​រដ្ឋ​ផ្សេងៗ​គ្នា​៖ «យើង​កំពុងតែ​ដំណើរ​ការ​ល្អ យើង​បាន​ជួបជុំ​ជាមួយ​ជនជាតិ​ភូមា ដែល​យើង​នឹង​ជួបជុំគ្នា​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃទី​១២​នេះ»

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) អញ្ជើញ​លោក ហ៊ុន សែន ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែ​ឧសភា​។ កិច្ចប្រជុំ​នេះ​គឺ​ចំ​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​អាស៊ាន​អាមេរិក​ដែរ។

លោក បណ្ឌិត សេង សារី បន្ថែម​ថា ពលរដ្ឋ​ទាំង​ពី​ក្រុម ម្ខាង​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន និង​ម្ខាង​ទៀត​ទទួល​ស្វាគមន៍​លោក ហ៊ុន សែន​នោះ នឹង​មាន​ឥទ្ធិពល​អ្វី​លើ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន អាមេរិក​ឡើយ ប៉ុន្តែ​សហរដ្ឋអាមេរិក​មាន​គោលនយោបាយ​ការបរទេស​ជាក់លាក់ និង​មាន​ភ្នាក់ងារ​របស់​ខ្លួន​ច្បាស់លាស់ ដែល​ធ្វើការ​វាយតម្លៃ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និង​នៅ​ប្រទេស​តំបន់​អាស៊ាន​ទាំងមូល​៖ «អាមេរិក​មិន​ពឹង​លើ​រូបភាព​មួយចំនួន​ដែល​គេ​កសាង​ឡើង​តាម​រូបភាព​នយោបាយ​ទេ ជាទូទៅ​អាមេរិក​ពឹង​លើ​របាយការណ៍​ស្រាវជ្រាវ និង​របាយការណ៍​អ្នកជំនាញ​ពិតប្រាកដ»

ក្រុម​អ្នកវិភាគ​ព្យាករណ៍​ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន អាមេរិក​នេះ នឹង​លើក​យក​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិតេយ្យ និង​បញ្ហា​ឯករាជ្យភាព​របស់​ប្រធាន​អាស៊ាន​យក​មក​ជជែក ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​បំផ្លាញ​ប្រជាធិបតេយ្យ​ដូចជា​កម្ពុជា និង​មីយ៉ាន់ម៉ា​ជាដើម ឲ្យ​វិល​មក​ដើរ​លើ​មក​គន្លង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​វិញ​។ ម្យ៉ាងវិញ​ទៀត ទោះ​ជា​លោក ហ៊ុន សែន ខិតខំ​ប្រមូល​មនុស្ស​ឲ្យ​មក​ទទួល​ស្វាគមន៍​លោក​ច្រើន​កុះករ​យ៉ាងណាក្ដី ដរាបណា​លោក​ហ៊ុន សែន មិន​កែប្រែ​ឥរា​យ​បថ​ដឹកនាំ​ឲ្យ​ល្អ​វិញ​ទេ​នោះ លោក​ក៏​មិនអាច​ស្ដារ​ប្រជាប្រិយភាព​នៅក្នុង​តំបន់ និង​អន្តរជាតិ​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
បក្សភ្លើងទៀន​រំឭក​ខួប​២៧​ឆ្នាំ និង​កំណត់​ទិសដៅ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ២០២៣
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។