ពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​បារម្ភ​ខ្លាច​បាត់​បង់​ទឹក​ដី​បន្ទាប់​ពី​ទាហាន​ថៃ​សង់​រោង​លើ​ដី​តំបន់​ស

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​ ព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹក​ដី​មួយ​ចំនួន​នៅ​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ៃលិន​ ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ ដោយសារតែ​ទាហាន​ថៃ​ជា​ច្រើន​នាក់​បាន​ចូល​ទៅ​សង់​រោង​ស្នាក់​នៅ​លើ​ដី​ខ្មែរ​តំបន់​ព្រំដែន​ខេត្ត​ប៉ៃលិន​ម្ដង​ហើយ​ម្ដង​ទៀត។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​តំបន់​ព្រំដែន​ខេត្ត​ប៉ៃលិន​ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ និង​សំឡេង ឱ្យ​ដឹង​​នៅ​រសៀល​ថ្ងៃ​ទី២០ ឧសភា​ថា ផ្ទៃ​ដី​ទំហំ​ជាង ៣ពាន់​ម៉ែត្រ​ការ៉េ (៣.២០០) នៅ​តំបន់​ព្រំដែន​ក្នុង​ភូមិ​បរ​តាំង​ស៊ូ​ សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ប្រឈម​នឹង​ការ​បាត់បង់​ទឹក​ដី​ទៅ​ឱ្យ​ភាគី​ថៃ​នៅ​ពេល​ខាង​មុខ ពី​ព្រោះ​ទាហាន​ថៃ​ជា​ច្រើន​នាក់​បាន​ចូល​ទៅ​កាន់​កាប់​ដី​តំបន់​នោះ​ជា​បន្ត​បន្ទាប់។ លោក​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ២០១៩ ទាហាន​ថៃ​ចូល​មក​កាប់​ឆ្ការ​ព្រៃ​និង​​​បំផ្លាញ​ផល​ដំណាំ​របស់​ពលរដ្ឋ​​​នៅ​លើ​ដី​ដែល​មាន​បញ្ហា​ប្រមាណ ១សប្ដាហ៍​​ហើយ​ដកថយ​ទៅ​វិញ។ ក្រោយ​មក​ទៀត នៅ​ដើម​ខែ​ឧសភា​នេះ​ ទាហាន​ថៃ​ប្រមាណ ១០នាក់​បាន​ចូល​ទៅ​សង់​រោង​ស្នាក់​នៅ​ដោយ​មាន​ដាក់​ទង់ជាតិ​ថៃ​នៅ​​លើ​ដី​នោះ​ជា​ថ្មី​ទៀត ហើយ​ទើប​តែ​រុះរើ​​រោង​​នោះ​ចេញ​កាល​ពី​ថ្ងៃ​ទី១៨ ឧសភា។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ អះអាង​ថា តំបន់​ដែល​ទាហាន​ថៃ​ចូល​មក​ធ្វើ​រោង​ស្នាក់​នៅ​នោះ​ជា​ដី​តំបន់​ស។ អភិបាល​រង​ខេត្ត​ប៉ៃលិន លោក ធូ ភា ថ្លែង​នៅ​ក្នុង​​សន្និសីទ​សារ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២០ ឧសភា​ថា ទាហាន​ថៃ​បាន​យល់​ព្រម​​រុះរើ​រោង​ចេញ​ពី​ដី​តំបន់​​នោះ​អស់​​ហើយ បន្ទាប់​ពី​កម្ពុជា​បាន​យល់​ព្រម​កាយ​ដី​ធ្វើ​ផ្លូវ ដែល​ធ្លាក់​ចូល​​មាត់​អូរ​ព្រំដែន​ប្រទេស​ទាំង២ ចេញ​តាម​ការ​ស្នើ​សុំ​របស់​ភាគី​ថៃ៖ «ភាគី​ទាំង២ បាន​ឯកភាព​គ្នា​រួច​ហើយ​ ហើយ​​ក៏​បាន​ឯកភាព​គ្នា​អនុវត្ត​ភ្លាម​ៗ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។ នៅ​ពេល​ដែល​យើង​កាយ​ចប់​ភាគី​ថៃ​ក៏​គេ​បាន​រុះរើ​រោង​រួច​រាល់​ហើយ​ដែរ​។ អីចឹង​បញ្ហា​ដែល​យើង​វិវាទ​គ្នា​បន្តិច​បន្តួច​នៅ​​ទី​នោះ ​ត្រូវ​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​ហើយ ស្ថិត​ក្នុង​ស្ថាន​ភាព​ដដែល​ឡើង​វិញ​ នេះ​គឺ​ជា​កិច្ច​សហប្រតិបត្តិការ​ល្អ​មួយ​រវាង ខេត្ត​ចាន់​បូរី និង​ខេត្ត​ប៉ៃលិន​​​ »

ទាហាន​ថៃ​ប្រមាណ ១០នាក់​ចូល​ទៅ​សង់​រោង​ស្នាក់​នៅ ដាក់​ទង់​ជាតិ​ថៃ​នៅ​លើ​ដី​តំបន់​ស នៅ​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ៃលិន នៅ​ដើម​ខែ​ឧសភា ឆ្នាំ២០២០ ហើយ​ព្រមព្រៀង​រុះរើវិញ នៅ​ថ្ងៃ​ទី១៨ ឧសភា ក្រោយ​ជំនួប​ដោះស្រាយ​បញ្ហា​នេះ​រវាង​កងទ័ព​កម្ពុជា និង​ថៃ។
ទាហាន​ថៃ​ប្រមាណ ១០នាក់​ចូល​ទៅ​សង់​រោង​ស្នាក់​នៅ ដាក់​ទង់​ជាតិ​ថៃ​នៅ​លើ​ដី​តំបន់​ស នៅ​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ៃលិន នៅ​ដើម​ខែ​ឧសភា ឆ្នាំ២០២០ ហើយ​ព្រមព្រៀង​រុះរើវិញ នៅ​ថ្ងៃ​ទី១៨ ឧសភា ក្រោយ​ជំនួប​ដោះស្រាយ​បញ្ហា​នេះ​រវាង​កងទ័ព​កម្ពុជា និង​ថៃ។ (រូប៖ ហ្វេសប៊ុក)

ទោះ​ជា​យ៉ាង​ណា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ អ្នក​ស្រី​ វ៉ែន​ ដារ៉ា​ ថ្លែង​ថា ​ថ្វីត្បិត​តែ​ទាហាន​ថៃ​យល់​ព្រម​រើ​រោង​ចេញ​ពី​តំបន់​ព្រំដែន​នោះ​ក្ដី​ ក៏​ទាហាន​ថៃ​អាច​នឹង​វិល​ចូល​មក​កាន់​កាប់​ដី​នៅ​ភូមិ​បរ​តាំង​ស៊ូ​នោះ​​ជា​ថ្មី​ទៀត​ក្នុង​ពេល​ខាង​មុខ​ ប្រសិន​បើ​រដ្ឋាភិបាល​ខ្មែរ​មិន​​បាន​ដោះស្រាយ​ជា​មួយ​ភាគី​ថៃ​ឱ្យ​បាន​ច្បាស់​លាស់​នោះ៖ «ខ្ញុំ​គិត​ហើយ​ស្រេច​ថា ​បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ការងារ​ហ្នឹង ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត​ ខ្ញុំ​ត្រូវ​យក​ប្រជាជន​ដាក់​តាម​ព្រំដែន​ហ្នឹង​​ ធ្វើ​សាលា​រៀន​ធ្វើ​ថ្នល់​ឱ្យ​ជាប់​ព្រំដែន​ ឈប់​ឱ្យ​គេ​រំកិល​មក​បាន​ ព្រោះ​យើង​ចេះ​តែ​ដក​ទៅ​ គេ​ចេះ​តែ​ចូល​មក​​ ហើយ​អត់​មាន​ការ​តវ៉ា​អីចឹង​ យើង​ហ្នឹង​ខាត​រហូត​ ហើយ​អាជ្ញាធរ​ថែម​មិន​ការពារ​ខ្មែរ​​ដែល​ទៅ​ការពារ​ដី​ហ្នឹង​ បែរ​ទៅ​ដេញ​គាត់​ចេញ​ពី​ព្រំដែន​ប្រទល់​ចាប់​ដាក់​គុក​អីចឹង​ទៅ​ ហ្នឹង​កន្លង​មក​ ជា​ពិសេស​ដី​​លោក​សមាជិក​ក្រុមប្រឹក្សា​ខ្ញុំ​មួយ​ហ្នឹង​គឺ​គាត់​កាប់​ដី​គាត់​ត្រឹម​ព្រំ​សោះ​ហើយ​យក​ដី​គាត់​អស់​រលីង »

ឆ្លើយតប​រឿង​នេះ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គីម​ហុង ប្រាប់​អាស៊ី​សេរី​ថា ទីតាំង​ដែល​ទាហាន​ថៃ​បោះ​ជំរំ​ស្នាក់​នៅ​នោះ ពុំ​មែន​ជា​ការ​រំលោភ​បំពាន​​អធិបតេយ្យ​របស់​​កម្ពុជា​ទេ​ ពី​ព្រោះ​ជា​តំបន់​ដែល​ប្រទេស​ទាំង២ មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។​ លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា​​​​គ្រោង​ជួប​ភាគី​ថៃ​ពិភាក្សា​គ្នា​អំពី​បញ្ហា​ព្រំដែន​តំបន់​នោះ​ពេល​ឆាប់ៗ​ខាង​មុខ៖ «ចុះ​បើ​គេ​ដក​ចេញ​ហើយ​តើ​ព្រួយបារម្ភ​អី​ឥឡូវ​ហ្នឹង ? បើ​គេ​រើ​ចេញ​ពី​កន្លែង​បោះតង់​ហ្នឹង​អស់ហើយ​ ក៏​ប៉ុន្តែ​តង់​ហ្នឹង​មិន​មែន​សំណង់​អី​រឹងមាំ​នោះ​ទេ »

ទោះ​ជា​យ៉ាង​ណា ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កត់​សំគាល់​ថា នៅ​តំបន់​ព្រំដែន​កម្ពុជា​និង​ថៃ​ត្រូវ​បាន​ទាហាន​ថៃ​រំលោភ​ចូល​ក្នុង​អធិបតេយ្យ​កម្ពុជា​ស្ទើរ​គ្រប់​តំបន់​តាម​ក្រវាត់​ព្រំដែន​ប្រទេស​ទាំង២ ក៏​ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​តែងតែ​បិទបាំង​ព័ត៌មាន​ទាំង​នេះ ហើយ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​ពិនិត្យ​មើល​តំបន់ ដែល​មាន​ភាព​ចម្រូងចម្រាស​គ្នា​នោះ​ឡើយ​។​លោក​ថា ការ​ធ្វើ​បែប​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ទឹក​ដី៕

កងទ័ព​កម្ពុជា និង​ថៃ ជួប​គ្នា​ដោះស្រាយ​បញ្ហា​ទាហាន​ថៃ​ប្រមាណ ១០នាក់​ចូល​ទៅ​សង់​រោង​ស្នាក់​នៅ និង​លើក​ទង់​ជាតិ​ថៃ​នៅ​លើ​ដី​តំបន់​ស ព្រំដែន​ជាប់​ក្រុង​ប៉ៃលិន នៅ​ដើម​ខែ​ឧសភា ឆ្នាំ២០២០។
កងទ័ព​កម្ពុជា និង​ថៃ ជួប​គ្នា​ដោះស្រាយ​បញ្ហា​ទាហាន​ថៃ​ប្រមាណ ១០នាក់​ចូល​ទៅ​សង់​រោង​ស្នាក់​នៅ និង​លើក​ទង់​ជាតិ​ថៃ​នៅ​លើ​ដី​តំបន់​ស ព្រំដែន​ជាប់​ក្រុង​ប៉ៃលិន នៅ​ដើម​ខែ​ឧសភា ឆ្នាំ២០២០។ (រូប៖ ហ្វេសប៊ុក)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។