ពលរដ្ឋ​បួងសួង​ទេវតា​ឆ្នាំ​ថ្មី​ឲ្យ​អ្នក​នយោបាយ​វិល​រក​តុ​ចរចា ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ជាតិ

0:00 / 0:00

វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ពឹង​ទេវតា ដើម្បី​ឲ្យ​ជួយ​បន្ទន់​ចិត្ត អ្នក​នយោបាយ​ខ្មែរ​ឲ្យ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ។ អ្នក​វិភាគ​យល់​ថា ការ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រត់​ទៅ​ពឹង​ទេវតា​បែប​នេះ ព្រោះ​ពលរដ្ឋ​ធុញ​ទ្រាន់​នឹង​រឿង​ដដែល​នៃ​វិបត្តិ​នេះ។

ពលរដ្ឋ​រំពឹង​ថា ការ​បួងសួង​របស់​ពួក​គេ ដែល​ទូល​ថ្វាយ​ទៅ​ទេវតា​ឆ្នាំ​ថ្មី​បុត្រី​កបិល​មហាព្រហ្ម អាច​ធ្វើ​ឲ្យ​ព្រះនាង​គោរាគៈ​ទេវី​នឹង​អន្ទង​ចិត្ត​អ្នក​នយោបាយ​ទាំង​អស់​ឲ្យ​​​ចាប់​ដៃ​គ្នា​កសាង​ប្រទេស​ជាតិ និង​ឈប់​ចោទ​ប្រកាន់​គ្នា​ថា ក្បត់​ជាតិ​ទៀត។

ពលរដ្ឋ​រស់​នៅ​ខេត្ត​កំពង់ស្ពឺ​ម្នាក់​លោក ជិន ទេវីន ប្រាប់​ថា លោក​បាន​អុជ​ធូប​សំពះ​ទេវតា​ឆ្នាំថ្មី​ជួយ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ បោះបង់​ចោល​ចិត្ត​លោភលន់ ដែល​គិត​បក្ស និង​ក្រុម​ខ្លួន​ជា​ធំ។ លោក​ថា នៅ​ក្នុង​សង្គម​មួយ​បើ​អ្នក​នយោបាយ​ឈ្លោះ​ទាស់ទែង​គ្នា​រហួត​ហើយ​ចោទ​គ្នា​ថា​ក្បត់​ជាតិ​ទៅ​វិញ​ទៅ​មក​នោះ គឺ​ប្រទេស​ជាតិ​មិន​អាច​អភិវឌ្ឍន៍​ដូច​ប្រទេស​ជិត​ខាង​ឡើយ៖ «ខ្ញុំ​បាន​អុជ​ធូប​នៅ​ផ្ទះ​អត់​បាន​ទៅ​វត្ត​ទេ​គ្រាន់​ថា រំលឹក​ដល់​ទេវតា​ឆ្នាំ​ថ្មី​ក៏​ដូច​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​ប្រទេស​យើង​ហ្នឹង ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​យើង​គាត់​បាន​លើក​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ជា​ធំ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​យើង »

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ខេត្ត​ស្វាយរៀង លោកស្រី យស សុភណ្ឌ ក៏​ចង់​ឃើញ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​វិល​រក​តុ​ចរចា​វិញ​ដែរ។ ពលរដ្ឋ​រូប​នេះ​យល់​ថា ករណី​នេះ​មិន​ចាំបាច់​រំខាន​ទេវតា​ក៏​បាន​ដែរ ព្រះមហាក្សត្រ​ទ្រង់​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ស្រប​តាម​ច្បាប់​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ៖ «ព្រះអង្គ​លោក​ឈរ​ជា​ជំហរ​យ៉ាង​រឹង ដើម្បី​សម្រុះសម្រួល​ដល់​គណបក្ស​ទាំង​ពីរ​ហ្នឹង​ចេះ​ចរចា​គ្នា ដើម្បី​រក​ដំណោះ​ស្រាយ​មួយ​ដ៏​សម្រាប់​ឲ្យ​ប្រទេស​ជាតិ​យើង​រីកចម្រើន យើង​មិន​គួរ​ណា​យក​រឿង​ផ្ទាល់​ខ្លួន​មក​ដាក់ មក​សិទ្ធិ​អំណាច​របស់​យើង​ម្នាក់ៗ មក​ដាក់​ខ្លួន​ទេ ដល់​តែ​អត់​ឱន​ឲ្យ​ទើប​ប្រទេស​ជាតិ​យើង​មាន​សេចក្ដី​សុខ»

វិបត្តិនយោបាយ​ដែល​បន្ត​អួស​បន្លាយ​បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចោទ​គ្នា​ទៅ​វិញ​មក​រហូត​រំលាយ​គណបក្ស​ប្រឆាំង បើ​ទោះ​ជា​សព្វថ្ងៃ​មេ​បក្ស​ប្រឆាំង គឺ​លោក កឹម​ សុខា មិន​ជាប់​ពន្ធនាគារ​ក្ដី ប៉ុន្តែ​នៅ​តែ​រង​បទ​ចោទ និង​ត្រូវ​បាត់​បង់​សិទ្ធិ​សេរី​យ៉ាង​ធ្ងន់ធ្ងរ ជា​ពិសេស គឺ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ រីឯ​លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​មិន​ឲ្យ​លោក​អាច​វិល​ចូល​ស្រុក​វិញ​បាន។

មេធាវី​លោក កឹម សុខា ម្នាក់​គឺ​លោក ផែង ហេង បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ក្នុង ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ថា ដោយ​ឆ្លៀត​ឱកាស​សូម​បួងសួង​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​លុប​ចោល​នូវ​នយោបាយ​ព្យាបាទ​គ្នា ចូរ​ចាប់​យក​ព្រះធម៌ មាន​ព្រហ្ម​វិហារធម៌​រវាង​គ្នា និង​គ្នា ចាប់​ដៃ​គ្នា​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ដើម្បី​ប្រជារាស្ត្រ​ខ្មែរ និង​អភិវឌ្ឍ​ប្រទេស​ទាំង​អស់​គ្នា​ចីរកាល​ត​រៀង​ទៅ។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់​ថា ពលរដ្ឋ​ខ្មែរ​កំពុង​ធុញ​ទ្រាន់​នឹង​វិបត្តិ​នយោបាយ ដែល​បង្ក​ឡើង​ដោយ​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា អ្នក​នយោបាយ ជា​ពិសេស គឺ​គណបក្ស​កាន់​អំណាច​គួរ​ស្ដាប់​ការ​បារម្ភ និង​តម្រូវ​ការ​របស់​ពលរដ្ឋ ដែល​ចង់​ឃើញ​ជម្លោះ​នយោបាយ​នេះ​ដើរ​ដល់​ទី​បញ្ចប់៖ «វិបត្តិ​នយោបាយ​នឹង​បាន​ដោះ​ស្រាយ​គ្នា​ឆាប់ ផ្សះផ្សា​គ្នា​ឆាប់ បញ្ហា​ផ្សេងៗ ទៀត នឹង​អាច​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​យក​ជ័យ​ជូន​ជាតិ​បាន​ទេ មែនទែន​ទៅ​ប្រជា​ពលរដ្ឋ​គាត់​យល់​អំពី​បញ្ហា​នយោបាយ​ហ្នឹង​ជ្រៅជ្រះ​រហូត​ដឹង​ថា អ្វីៗ ដែល​អ្នក​នយោបាយ​បន្ត​ឈ្លោះ​គ្នា​ហ្នឹង គឺ​ជា​គ្រោះ​អាសន្ន​សម្រាប់​ជាតិ​កម្ពុជា»

បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំជូត មាន​រយៈ​ពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៥ ខែ​មេសា គ.ស ២០២០។ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ជូត​នេះ​ទ្រង់​ព្រះនាម​ថា គោរាគៈទេវី ។ តាម​ទំនៀមទម្លាប់​ខ្មែរ​ពលរដ្ឋ​តែង​រៀបចំ​ផ្ទះ​សម្បែង គ្រឿង​សក្ការ​បូជា​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​បួងសួង​សុំ​សេចក្ដី​សុខ​តាម​បំណង​ប្រាថ្នា​របស់​ពួក​គេ​រៀងៗ ខ្លួន។ ឆ្នាំ​ថ្មី​ពលរដ្ឋ​ប្រុស​ស្រី​តែង​មាន​ជំនឿ​ថា នឹង​បាន​ចាក​ផុត​ពី​ឧបទ្រព​ចង្រៃ​និង​ភាព​សៅហ្មង​ទាំង​ឡាយ​ទាំង​ពួង ដែល​មាន​កាល​ពី​ឆ្នាំ​ចាស់​ដោយ​ផ្លាស់​ចូល​នូវ​សិរី​សួស្ដី​ថ្មី ជោគជតា​រាសី​ថ្មី ដែល​នឹង​​បាន​មក​ពី​ការ​​ប្រទាន​ពរ​នៃ​​ទេវតា​ឆ្នាំ​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។